កាសែតម៉ាឡេស៊ី៖ U២៣ វៀតណាមពិបាកយកឈ្នះជាង U២៣ ឥណ្ឌូនេស៊ី
(VOVWORLD) - កាសែត Utusan បានចាត់ទុកថា ក្រុមបាល់ទាត់ម៉ាឡេស៊ីបានជ្រើសរើសផ្លូវលំបាកជាង នៅពេលប្រកួតជាមួយក្រុមវៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី៣១។
រូបថត៖ Hoang Linh |
"ម៉ាឡេស៊ីបានជ្រើសរើសផ្លូវលំបាក" គឺជាចំណងជើងរបស់កាសែត Utusan បន្ទាប់ពីក្រុមបាល់ទាត់នៃគ្រូបង្វឹក Brad Maloney ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងពូល B ក្រោយលទ្ធផលស្មើជាមួយកម្ពុជា ២-២ នារសៀលថ្ងៃទី១៦ ខែឧសភា។ អត្ថបទនេះបានសង្កត់ធ្ងន់ថា៖ ប្រសិនបើយកឈ្នះលើក្រុមកម្ពុជា ម៉ាឡេស៊ីប្រាកដជាឈរលើកំពូលតារាង ហើយជួបក្រុមឥណ្ឌូនេស៊ី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អត្ថបទបានសរសេរថា គ្រាប់បាល់តាមស្មើ ២-២ របស់ Hadi Fayyadh បានបញ្ឆេះការតាំងចិត្តរបស់កីឡាករម៉ាឡេស៊ី ប៉ុន្តែមិនអាចរកបានគ្រាប់បាល់ឈ្នះលើក្រុម U២៣កម្ពុជាឡើយ។
ក្នុងពេលជាមួយគ្នានោះ កាសែត Bharian ក៏បានចាត់ទុកថា ជួបជាមួយក្រុម វៀតណាម ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងប្រព្រឹត្តិទៅនាយប់ថ្ងៃទី១៩ ខែឧសភា នៅកីឡដ្ឋាន Phu Tho ខេត្ត Phu Tho គឺជាការលំបាកសម្រាប់ក្រុម ម៉ាឡេស៊ី។ ក្នុងអត្ថបទមួយផ្សេងទៀត អ្នកនិពន្ធបានចាត់ទុកថា ក្រុមម៉ាឡេស៊ីបានខកខានឱកាសល្អ ដើម្បីយកឈ្នះជើងឯកស៊ីហ្គេមលើកនេះ។ ប៉ុន្តែ ទោះបីជួបការលំបាកយ៉ាងណាក៏ដោយ ឱកាសសម្រាប់គ្រូបង្វឹក Maloney និងកូនក្រុម ដើម្បីបង្កើតការភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមវៀតណាម ឈានដល់វគ្គផ្តាច់ព្រ័ត្រ មិនមែនជាប្រការដែលមិនអាចកើតមានឡើងនោះទេ។
ជំនួបចុងក្រោយនៃក្រុមវៀតណាមនិងម៉ាឡេស៊ីក្រោយវគ្គចែកពូលស៊ីហ្គេម គឺវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០៩ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ គ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែបម្រើ Mai Xuan Hop ធ្វើឲ្យវៀតណាមចាញ់ ០-១ ខណៈពេលដែលម៉ាឡេស៊ីយកឈ្នះស៊ីហ្គេមជាលើកដំបូង។ វៀតណាមក៏បានជួបម៉ាឡេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃស៊ីហ្គេមលើកទី ២២ និង ២៣ ហើយយកឈ្នះទាំងពីរលើក ដោយលទ្ធផល ៤-៣ និង ២-១ រៀងៗខ្លួន៕