ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ

(VOVWORLD) - ជំនួបឆ្នាំនេះត្រូវបានស្ថានទូតឡាវរៀបចំឡើងយ៉ាងមហោឡារឹកដោយមានការចូលរួមរបស់អតីតយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមប្រមាណ ១០០នាក់ រួមជាមួយនិស្សិតឡាវចំនួន៣០នាក់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង ហាណូយ។
ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV)


នាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីមកដល់ម្ដងៗ ស្ថានទូតឡាវប្រចាំវៀតណាម តែងតែរៀបចំការជួបមុខជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការនៅឡាវ ដើម្បីសម្ដែងនូវការដឹងគុណចំពោះការពលីសាច់ស្រស់ឈាមស្រស់ក៏ដូចជាការរួមវិភាគទានដ៏ធំធេងរបស់អតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាម ចំពោះប្រទេសឡាវ។ នេះក៏ជាឱកាសដើម្បីឲ្យពួកគេរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងដំណាក់កាលតស៊ូដណ្ដើមឯករាជ្យជាតិផងដែរ។

        ជំនួបឆ្នាំនេះត្រូវបានស្ថានទូតឡាវរៀបចំឡើងយ៉ាងមហោឡារឹកដោយមានការចូលរួមរបស់អតីតយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមប្រមាណ១០០នាក់ រួមជាមួយនិស្សិតឡាវចំនួន៣០នាក់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុងហាណូយ។ ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម Thongsavan Phomvihan បានរំលឹកឡើងវិញនូវគុណូបការៈដ៏ធំធេងរបស់អតីតយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ដែលបានរួមវិភាគទានសំរាប់ទំនាក់ទំនងដ៏កម្រមានរវាងឡាវនិងវៀតណាមនាពេលកន្លងទៅយ៉ាងដូច្នេះថា៖

        “ទំនាក់ទំនងឡាវ-វៀតណាម ជាទំនាក់ទំនងប្រពៃណីពិសេស ហើយកម្រមានក្នុងទំនាក់ទំនងរវាងបណ្ដាប្រទេសលើពិភពលោក។ ទំនាក់ទំនងនេះត្រូវបានកសាងឡើងដោយសាច់ស្រស់ឈាមស្រស់របស់យុទ្ធជន អ្នកបដិវត្តន៍និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះត្រូវបានជីដូនជីតាយើង កសាងឡើងដោយស្មារតីស្មោះសរ ហើយក្លាយទៅជាបេតិកភណ្ឌដ៏ថ្លៃថ្លាដើម្បីជំនាន់ក្រោយៗរក្សានិងពង្រីក”។

ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ - ảnh 2ឯកអគ្គរដ្ឋទូតឡាវប្រចាំវៀតណាម Thongsavan Phomvihan  

        លោក Ha Minh Tan ប្រធានគណៈកម្មការទាក់ទងក្រុមទីប្រឹក្សាយោធាលេខ១០០ជាកម្មាភិបាលមួយរូបដែលត្រូវបានបញ្ជូនទៅបំពេញបេសកកម្មនៅឡាវចាប់ពីឆ្នាំ១៩៥៤។ គ្រឿងឥស្សៈរិយយសនិងមេដាយចំនួន៤ជួរពាក់នៅលើទ្រូងលោកបានបង្ហាញនូវការរួមវិភាគទានសំរាប់ខឿនឯករាជ្យនៃប្រជាជាតិទាំងពីរ។ លោក Ha Minh Tan ចែករំលែកអំពីអនុស្សាវរីយ៍ក្នុងរយៈពេលបំពេញភារកិច្ចនៅឡាវយ៉ាងដូច្នេះថា៖

        “ក្នុងរយៈពេល៣៨ឆ្នាំស្នាក់នៅឡាវ ខ្ញុំមានកិត្តិយសជួបសន្ទនានិងធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវទាំងអស់ តាំងពីលោក Cayson Phomvihan ដល់លោក Khamtay Siphadon។ ក្នុងអំឡុងពេលនោះ ក្រៅពីជួយឧបត្ថម្ភប្រទេសមិត្តអំពីការងារនយោបាយ សតិអារម្មណ៍និងកសាងរបៀបប្រយុទ្ធនោះ គឺខ្ញុំក៏ជួយក្នុងការចងក្រងសៀវភៅប្រវត្តិសាស្ត្រ និងនិពន្ធសៀវភៅស្ដីពីអគ្គមគ្គុទេសឡាវទៀតផង។ ខ្ញុំត្រូវបានថ្នាក់ដឹកនាំឡាវប្រគល់ជូនមេដាយនិងគ្រឿងឥស្សៈរិយយសជាច្រើនណាស់”។

ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវ - ảnh 3 លោក Nguyen Khanh Luyen

        ក្នុងពេលនេះ នៅជ្រុងមួយក្នុងសាលប្រជុំ លោក Nguyen Khanh Luyen កំពុងនឹករលឹកដោយស្ងៀមស្ងាត់ដល់បណ្ដាសមមិត្តដែលបានពលីជីវិត។ លោករៀបរាប់អំពីរាល់ការបាត់បង់ដែលលោកនិងក្រុមសមមិត្តត្រូវទទួលរងនៅពេលជាយុទ្ធជនស្ម័គ្រចិត្តនៅឡាវថា៖

        “នាឆ្នាំ១៩៦៤ ខ្ញុំទៅកាន់ឡាវដើម្បីចូលរួមយុទ្ធនាការរំដោះវាលពាងថ្ម ជាមួយវរសេនីយ៍ឯក Dueon និង Kongle ក្រោយនោះ ខ្ញុំវិលមក Xamneua ចូលរួមអង្គភាពកាំភ្លើងធំលេខ៣៧ ដែលមានភារកិច្ចការពារសុវត្ថិភាពសំរាប់មជ្ឈឹមឡាវ។ នៅ Xamneua មានគុហាធំមួយ។ មជ្ឈឹមឡាវសុទ្ធតែស្នាក់នៅក្នុងគុហារនោះ ហើយយើងខ្ញុំការពារនៅខាងក្រៅ។ ការប្រយុទ្ធដ៏កាចសាហាវនាចុងឆ្នាំ១៩៦៧ បានបណ្ដាលឲ្យអង្គភាពខ្ញុំរងការបាត់បង់យ៉ាងធ្ងន់ធ្ងរ ដោយយុទ្ធជនចំនួន២០នាក់បានពលីជីវិតដើម្បីការពារសុវត្ថិភាពសំរាប់មជ្ឈឹមឡាវ”។

        ក្រោយពីបានផ្ទៀងស្ដាប់រឿងរ៉ាវនិងអនុស្សាវរីយ៍របស់បណ្ដាអតីតយុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម Vilaysak Phandanuvong និង Uongiang ជានិស្សិតពីរនាក់នៃវិទ្យាស្ថានការទូតវៀតណាម បានយល់ដឹងបន្ថែមអំពីការរួមវិភាគទាននិងពលីកម្មដ៏ធំធេងរបស់ជំនាន់មុនៗ ដើម្បីដណ្ដើមបានខឿនឯករាជ្យនាសព្វថ្ងៃ៖

        “ខ្ញុំសប្បាយយ៉ាងក្រៃលែងនាពេលចូលរួមជំនួបនេះ។ ខ្ញុំចង់សំដែងការដឹងគុណដ៏ជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងនិងពលីកម្មខ្ពង់ខ្ពស់របស់យុទ្ធជនស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមនៅឡាវ ចំពោះបុព្វហេតុរំដោះប្រទេសជាតិខ្ញុំ”។

        “តាមរយៈជំនួបនេះ ខ្ញុំផ្ទាល់ខ្លួននឹងឧស្សាហ៍ព្យាយាមហាត់ពត់លត់ដំ សិក្សារៀនសូត្រឲ្យបានល្អ ដើម្បីក្លាយទៅជាមនុស្សល្អ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម-ឡាវ”។

        ក្នុងបរិយាកាសកក់ក្ដៅ មនុស្សគ្រប់រូបក្នុងសាលប្រជុំសុទ្ធតែចូលរួមរាំរបាំ “Lam Vong”។ របាំនេះដូចជាម្ហូបអាហារខាងស្មារតីរបស់អតីតយុទ្ធជនស្ម័គ្រចិត្ត អ្នកជំនាញការវៀតណាមនៅឡាវនិយាយរួមនិងជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ឡាវនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ