"Amazing Thailand: Your Stories Never End - កាន់តែយល់ច្បាស់ កាន់តែស្រលាញ់" លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ថៃ

(VOVWORLD) - ព្រឹត្តិការណ៍វប្បធម៌ "Amazing Thailand: Your Stories Never End - កាន់តែយល់ច្បាស់ កាន់តែស្រលាញ់" ដែលរៀបចំឡើងដោយស្ថានទូតថៃប្រចាំនៅវៀតណាម សហការជាមួយអគ្គនាយកដ្ឋានទេសចរណ៍ថៃ បានប្រព្រឹត្តទៅនៅប៉ុន្មានដ្ថៃចុងខែកញ្ញានៅទីក្រុងហាណូយ និងខេត្ត Hung Yen បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរចំពោះប្រជាជនវៀតណាម។

ក្រៅពីការសម្តែងសិល្បៈប្រពៃណីនិងម្ហូបអាហារថៃ ភ្ញៀវទេសចរណ៍ក៏អាចទទួលបទពិសោធន៍នៃការធ្វើសិប្បកម្មប្រពៃណីថៃ និងរួមគ្នាបរិច្ចាគជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គីនាពេលថ្មីៗនេះផងដែរ។

  លោកស្រី Urawadee Sriphirom ឯកអគ្គរដ្ឋទូតថៃប្រចាំនៅទីក្រុងហាណូយ និងតំណាងស្ថានទូតនានានៅទីក្រុងហាណូយបានចូលរួមពិធីនេះ។

ប្រិយមិត្តកំពុងស្តាប់សម្លេងនៃការសម្តែងរបាំពីភូមិភាគទាំង ៤ ដែលសំដែងដោយនាដការិនី មកពីខេត្តឈៀងម៉ៃ ប្រទេសថៃ។ នារីស្អាតៗ មកពីភូមិភាគឦសាននៃប្រទេសថៃ ស្លៀកពាក់ រ៉ូបវែងប្រពៃណីចម្រុះពណ៌បានសម្តែងយ៉ាងរំភើបនៅលើឆាកសម្តែងនៃសារមន្ទីរស្ត្រីវៀតណាម ដែលផ្ទៃខាងក្រោយគឺពាក្យថា "Amazing Thailand: Your Stories Never End - ប្រទេសថៃ កាន់តែយល់ច្បាស់ កាន់តែស្រឡាញ់” ។ និយាយអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ លោកស្រី Urawadee Sriphihiromya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “យើងជ្រើសរើសពាក្យថា “ប្រទេសថៃ កាន់តែយល់ច្បាស់ កាន់តែស្រលាញ់”ព្រោះនៅពេលមកដល់ប្រទេសថៃម្តងៗ អ្នកនឹងមានភាពសប្បាយរីករាយ មានការចាប់អារម្មណ៍ជាច្រើន និងបានពិសារសាកល្បងមុខម្ហូបប្លែកៗ ហើយគ្រប់គ្នានឹងមានអារម្មណ៍ផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ ដំបូងបង្អស់គឺរៃអង្គាសថវិកាសម្រាប់ជួយឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះនិងទឹកជំនន់នៅប្រទេសវៀតណាម។ នេះគឺជាឱកាសដ៏ល្អមួយ។ យើងរៀបចំព្រឹត្តិការណ៍នេះដោយឥតគិតថ្លៃសម្រាប់ប្រជាជនមកចូលរួម ក៏ដូចជាឧទ្ទេសនាមអង្គភាពអាជីវកម្មមករៃអង្គាសថវិកាសម្រាប់ជួយឧបត្ថម្ភជនរងគ្រោះ”។

ក្រៅពីការសម្តែងរបាំប្រពៃណីថៃ និងការសម្តែងរបស់វង់ភ្លេងស៊ីមហ្វូនី  Yala ភ្ញៀវទេសចរណ៍ក៏មានឱកាសទទួលបទពិសោធន៍ធ្វើសិប្បកម្មប្រពៃណីរបស់ភូមិភាគឦសាននៃប្រទេសថៃ - Tung Yai Maeng Mum ដែលជាផលិតផលតុបតែងមានន័យជា "វត្ថុស័ក្តិសិទ្ធិ" ដើម្បីបណ្តេញរឿងអាក្រក់;  គយគន់ការសំដែង Muay Thai និងរីករាយជាមួយមុខម្ហូបពិសេស ក៏ដូចជាជជែកផ្ទាល់ជាមួយមិត្តភក្តិថៃផងដែរ។

 “ខ្ញុំបានទៅប្រទេសថៃម្តងហើយ ប៉ុន្តែខ្ញុំគ្រាន់តែមានបទពិសោធន៍នៃការហូបចុក របាំនិងចម្រៀងតាមដំណើរកម្សាន្តប៉ុណ្ណោះ មិនមែនជាបទពិសោធន៍ជាក់ស្តែងបែបនេះទេ។ ខ្ញុំមានអារម្មណ៍ថា ប្រជាជនថៃមានភាពរួសរាយរាក់ទាក់ និងស្លូតបូតណាស់ ពួកគេមានឆន្ទៈចែករំលែកវប្បធម៌របស់ប្រទេសខ្លួនឱ្យគ្រប់គ្នាបានស្គាល់”។

  ការសម្តែថសិល្បៈនៅក្នុងកម្មវិធី។

ដោយមានគោលបំណងចង់ផ្សព្វផ្សាយយ៉ាងបានទូលំទូលាយដើម្បីឱ្យប្រជាជនវៀតណាមយល់កាន់តែច្បាស់អំពីវប្បធម៌ ម្ហូបអាហារ ពិធីបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ថៃ សកម្មភាពដែលបានជ្រើសរើសក្នុងក្របខ័ណ្ឌនៃកម្មវិធីបានបង្ហាញយ៉ាងច្បាស់អំពីលក្ខណៈវិសេសវិសាលនៃតំបន់ភូមិភាគនីមួយៗ។ លើសពីនេះ ភាពយន្តក៏ជាខ្លឹមសារមួយដែលត្រូវបានជ្រើសរើស ដើម្បីជួយសាធារណជនវៀតណាមមានទស្សនវិស័យចម្រុះអំពីជីវភាពសង្គមរបស់ថៃ។ ខ្សែភាពយន្តថៃ “ចៅយាយ” ឬ “How to Make Millions before Grandma Dies” ត្រូវបានជាក់បញ្ចាំងដោយឥតគិតថ្លៃនៅរដ្ឋធានីហាណូយ ដោយទាក់ទាញយុវជនមួយចំនួនធំឱ្យមកទស្សនា ហើយបានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនអំពីមនោសញ្ចេតនាក្នុងក្រុមគ្រួសារ។ លោកស្រី Eurblarp Sriphihiromya តំណាងអគ្គនាយកដ្ឋានទេសចរណ៍ថៃបានឲ្យដឹងថា៖ “វៀតណាមជាប្រទេសជិតខាង និងជាទីផ្សារទេសចរណ៍ដ៏សំខាន់ និងមានគុណភាពសម្រាប់ប្រទេសថៃ។ យើងខ្ញុំចង់ឧទ្ទេសនាម "ប្រការទាំង ៥ ដែលអ្នកគួរតែធ្វើនៅប្រទេសថៃ- 5 things you must do in ThaiLand” ។ នៅពេលនេះ នៅប្រទេសថៃនិងវៀតណាម កំពុងរងផលប៉ះពាល់ដោយព្យុះ និងទឹកជំនន់។ តាមរយៈការរៀបចំប្រឹត្តិការណ៍នេះ យើងក៏ចង់ជួយឧបត្ថម្ភជនរងគ្រោះ ដោយបង្ហាញពីប្រពៃណីគាំទ្រគ្នាទៅវិញទៅមក ដែលផ្តើមចេញពីទំនាក់ទំនងដ៏យូរអង្វែងរវាងវៀតណាម និងថៃ តាមរយៈសកម្មភាពទេសចរណ៍” ។

  ការសំដែង Muay Thai នៅក្នុងកម្មវិធី។

កម្មវិធី "Amazing Thailand: Your Stories Never End - ប្រទេសថៃកាន់តែយល់ច្បាស់ កាន់តែស្រលាញ់" ក៏ត្រូវបានរៀបចំឡើងជាលើកដំបូងនៅខេត្ត Hung Yen ជាខេត្តជិតខាងទីក្រុងហាណូយ ហើយក៏រងផលប៉ះពាល់យ៉ាងខ្លាំងដោយព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។ នេះក៏ជាខេត្តដែលមានធុរកិច្ចថៃច្រើនធ្វើអាជីវកម្មវិនិយោគនិងចង់មកបណ្តាក់ទុនផងដែរ។ នៅទីនេះ លោក Tran Quoc Toan លេខារងនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Hung Yen បានឲ្យដឹងថា៖ “ខេត្ត Hung Yen ប្តេជ្ញាបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ធុរកិច្ចថៃក្នុងការវិនិយោគលើផលិតកម្មនិងធ្វើអាជីវកម្ម; ទន្ទឹមនឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃដើម្បីរៀបចំសកម្មភាពផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍វប្បធម៌សង្គម”។

តាមរយៈព្រឹត្តិការណ៍វប្បធម៌ "Amazing Thailand: Your Stories Never End - ប្រទេសថៃកាន់តែយល់ កាន់តែស្រលាញ់" ស្ថានទូតថៃប្រចាំនៅវៀតណាមបានអំពាវនាវដល់សហគមន៍និងធុរកិច្ចថៃដែលកំពុងធ្វើអាជីវកម្មនៅវៀតណាម រួមដៃគ្នាបរិច្ចាគ អំណោយចំនួន ៣០០កញ្ចប់ សម្រាប់ឧបត្ថម្ភជនរងគ្រោះដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាងហ្គី។ លោកស្រី Urawadee Sriphihiromya ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅវៀតណាម បានឲ្យដឹងថា ថវិការទាំងអស់ដែលរៃអង្គាសបាន នឹងត្រូវបានប្រើប្រាស់សម្រាប់ឧបត្ថម្ភជនរងគ្រោះដោយព្យុះទីហ្វុងយ៉ាហ្គី នៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ