“ពង្រឹងការតភ្ជាប់និងភាពធន់​របស់​អាស៊ាន​” - ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ សម្រេចបាន​​ជោគជ័យ​

(VOVWORLD) - ឆ្នាំ២០២៤នេះ បណ្តាប្រទេសបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ឡាវក្នុងនាមជាប្រធានអាស៊ាន។ ឡាវ កាន់តំណែងជាប្រធានអាស៊ានក្នុងអំឡុងពេលដ៏សំខាន់នៃដំណើរការកសាងសហគមន៍ ជាមួយនឹងការដែលអាស៊ានអនុវត្តន៍ជាក់ស្តែងនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ អាចនិយាយបានថា រហូតមកដល់ពេលនេះ ប្រធានអាស៊ានបាននិងកំពុងអនុវត្តយ៉ាងល្អប្រសើរនូវរបៀបវារៈដែលបានកំណត់ ដោយប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ជាពិសេសការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ (AMM ៥៧) សន្និសីទកំពូលអាស៊ានលើកទី៤៤ និងទី៤៥ រួមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។

ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងពិភពលោកកាន់តែស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន ជាមួយនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សដែលមិនធ្លាប់មានពីមុនមក បើទោះបីជាប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រទេសឡាវបានខិតខំប្រឹងប្រែងនិងមានការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅរួមរបស់អាស៊ាន ក៏ដូចជាបន្តរក្សាតួនាទីមជ្ឈភាព និងឯកភាពរបស់អាស៊ាន នៅក្នុងយន្តការដឹកនាំដោយអាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីកសាងទំនាក់ទំនងនិងសហគមន៍អាស៊ានដែលមានការតភ្ជាប់និងភាពធន់ ដូចនឹងប្រធានបទនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ។ លទ្ធផលដែលសម្រេចបានក្នុងឆ្នាំនេះ មិនត្រឹមតែបញ្ជាក់ពីតួនាទីនិងឋានៈរបស់ប្រទេសឡាវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាននាពេលអនាគតទៀតផង។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានឲ្យដឹងថា៖ “ឡាវជានិច្ចកាលអនុវត្តគោលនយោបាយការទូតប្រកបដោយសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន និងកិច្ចសហប្រតិបត្តិការ។ អាស៊ានគឺជាផ្នែកមួយមិនអាចខ្វះបាននៃគោលនយោបាយការបរទេសរបស់ឡាវ។ ចាប់តាំងពីពេលចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៧មក ឡាវបានព្យាយាមបន្តរួមចំណែកដល់សាមគ្គីភាពក្នុងអាស៊ាន រវាងអាស៊ាន និងជាមួយប្រទេសដទៃទៀត ដោយខិតខំអនុវត្តន៍ប្រកបដោយទំនួលខុសត្រូវដើម្បីសហគមន៍អាស៊ាន”។

“ពង្រឹងការតភ្ជាប់និងភាពធន់​របស់​អាស៊ាន​” - ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ សម្រេចបាន​​ជោគជ័យ​ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ។ រូបថត៖ TTXVN

ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ២០២៤ ឡាវបានកំណត់អាទិភាពចំនួន៩ ក្នុងនោះមានវិស័យអាទិភាពចំនួន៤ ផ្តោតលើការពង្រឹងការតភ្ជាប់របស់អាស៊ាន និងអាទិភាពចំនួន ៥ ផ្តោតលើភាពធន់របស់អាស៊ាន។ អាទិភាពស្តីពីការពង្រឹងការតភ្ជាប់របស់អាស៊ានរួមមាន សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការកសាងអនាគតដ៏ទូលំទូលាយនិងនិរន្តរភាព បរិវត្តកម្ម ឌីជីថល វប្បធម៌និងសិល្បៈ; អាទិភាពចំនួន ៥ ស្តីពីភាពធន់របស់អាស៊ានរួមមាន ការកសាងយុទ្ធសាស្ត្រអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ការរក្សាមជ្ឈភាពរបស់អាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្ត្រី-កុមារ និងសុខាភិបាល។ អញ្ជើញថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីឡាវ ប្រធានអាស៊ានឆ្នាំ២០២៤ លោក Sonexay Siphandone បានឲ្យដឹងថា៖ “ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ យើងបានអនុម័តលើឯកសារកិច្ចសហប្រតិបត្តិការជាង ៩០ ដែលជាឯកសារសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងរវាងអាស៊ានជាមួយដៃគូ។ ខ្ញុំសង្ឃឹមថា លទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំជាន់ខ្ពស់ និងឯកសារដែលបានចុះហត្ថលេខា នឹងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកពង្រឹងការតភ្ជាប់និងភាពធន់របស់អាស៊ាន ក៏ដូចជាការពារ ជំរុញសន្តិភាព ស្ថេរភាព និង វិបុលភាពក្នុងតំបន់និងលើពិភពលោក” ។

“ពង្រឹងការតភ្ជាប់និងភាពធន់​របស់​អាស៊ាន​” - ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ សម្រេចបាន​​ជោគជ័យ​ - ảnh 2នាយករដ្ឋមន្ត្រីឡាវ ប្រធានអាស៊ានឆ្នាំ២០២៤ លោក Sonexay Siphandone ។ រូបថត៖ TTXVN

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ និងសន្និសីទពាក់ព័ន្ធបានទទួលជោគជ័យ ដោយបិទបញ្ចប់ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤របស់ឡាវ។  ជោគជ័យនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ បានជួយលើកកំពស់តួនាទីរបស់ប្រទេសឡាវក្នុងវេទិកាតំបន់និងអន្តរជាតិ បង្កើតឱកាសដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ផ្សព្វផ្សាយអំពីទំនៀមទម្លាប់និងប្រពៃណីដ៏ល្អប្រសើររបស់ឡាវ។ នៅក្នុងសន្និសីទនេះដែរ ប្រទេសឡាវបានផ្ទេរតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ដល់ប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥តទៅ។ នៅក្នុងសុន្ទរកថា ពេលទទួលតំណែងជាប្រធានអាស៊ានរបស់ខ្លួនក្នុងឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការនូវប្រធានបទនៃឆ្នាំអាស៊ាន ២០២៥ គឺ “បរិយាប័ន្ន និងនិរន្តរភាព” ដោយបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់វិបុលភាពរួម និងមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ៖ “ឆ្នាំ២០២៥ នឹងក្លាយជាជំពូកដ៏សំខាន់មួយសម្រាប់អាស៊ាន ដែលសម្បូរទៅដោយអត្ថន័យនិងការសន្យា ដោយរំលឹកខួបលើកទី ១០ នៃការបង្កើតសហគមន៍អាស៊ាន។ នៅពេលដែលយើងរួមគ្នាឈានទៅមុខ រាល់សកម្មភាព និងការសម្រេចចិត្តរបស់យើងគឺគោរពតាមគោលការណ៍កុងសង់ស៊ីស។ យើងនឹងរួមគ្នាអះអាងសារជាថ្មីពីការសន្យាក្នុងការកសាងស្ថាបត្យកម្មតំបន់ប្រកបដោយបើកចំហ ទូលំទូលាយ និងផ្អែកលើច្បាប់។ អាស៊ាននឹងមិនស្ទាក់ស្ទើរក្នុងការការពារអាស៊ីអាគ្នេយ៍ជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព”។

“ពង្រឹងការតភ្ជាប់និងភាពធន់​របស់​អាស៊ាន​” - ឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ របស់ឡាវ សម្រេចបាន​​ជោគជ័យ​ - ảnh 3នាយករដ្ឋមន្ត្រីឡាវ ប្រធានអាស៊ានឆ្នាំ២០២៤ លោក Sonexay Siphandone បានផ្ទេរតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២៥ ដល់ប្រទេសម៉ាឡេស៊ី  ។ រូបថត៖ TTXVN

ឆ្នាំ ២០២៥ បានចាប់ផ្តើមដំណើរថ្មីរបស់អាស៊ានជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ានដល់ឆ្នាំ ២០៤៥ បន្តមរតកនិងពង្រីកសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការអស់រយៈពេលជិត ៦០ ឆ្នាំ ពង្រឹងទំនាក់ទំនងផ្ទៃក្នុង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូខាងក្រៅ បន្តខិតខំដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួម។ សង្ឃឹមថា ការបោះជំហានរបស់អាស៊ាននាថ្ងៃនេះ នឹងត្រូវបានបន្តទៅថ្ងៃអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ