ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបូរីកំពុងអភិវឌ្ឍន៍កាន់តែទូលំទូលាយ

(VOVWORLD) - ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបូរីកំពុងអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងឈានដល់កម្ពស់ថ្មីមួយ ដែលនាំមកនូវផលប្រយោជន៍ដ៏ធំធេង មិនត្រឹមតែសម្រាប់ប្រជាជនទាំងពីរប្រទេសប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ទាំងមូលទៀតផង។ ការអត្ថាធិប្បាយនេះធ្វើឡើងដោយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកជំនាញខាងគោលនយោបាយសាធារណៈនិងកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រធានវិទ្យាស្ថានស្រាវជ្រាវទស្សនៈវិស័យអាស៊ី ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់សិង្ហបុរីនិងប្រ៊ុយណេចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែកុម្ភៈ។
ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបូរីកំពុងអភិវឌ្ឍន៍កាន់តែទូលំទូលាយ - ảnh 1លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អ្នកជំនាញខាងគោលនយោបាយសាធារណៈនិងកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រធានវិទ្យាស្ថានស្រាវជ្រាវទស្សនៈវិស័យអាស៊ី។

វាយតម្លៃអំពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានវិភាគថា គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមប្រកបដោយភាពម្ចាស់ការ ជាពិសេសគឺការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង និងសមាជិកអាស៊ានដទៃទៀត។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសិង្ហបុរី។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីឡើងដល់កម្ពស់ថ្មី។

“បច្ចុប្បន្ននេះ សិង្ហបុរីគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនជួរមុខ របស់វៀតណាម ដូច្នេះហើយដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងថែមទៀតទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ វិស័យសំខាន់មួយទៀតគឺទេសចរណ៍។ យើងអាចមើលឃើញថា ចំនួនភ្ញៀវទេសចរសិង្ហបុរីទៅកាន់ប្រទេសវៀតណាម ហើយផ្ទុយទៅវិញកាន់តែកើនឡើង រួមជាមួយនឹងការកើនឡើងនៃការផ្លាស់ប្តូរផ្នែកអប់រំនិងវប្បធម៌រវាងប្រទេសទាំងពីរ។ ក្នុងកិច្ចសហប្រតិបត្តិការតំបន់ មានផលប្រយោជន៍រួមជាច្រើនរវាងវៀតណាមនិងសិង្ហបុរី។ ជាមួយនឹងតួនាទី និងឋានៈយុទ្ធសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក វៀតណាមកំពុងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់សិង្ហបុរី”។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានឲ្យដឹងថា សិង្ហបុរីជាប្រទេសកោះតូចខណៈវៀតណាមជាមហាអំណាចកម្រិតមធ្យម។ ទោះបីជាវៀតណាមមិនអះអាងថា ខ្លួនជាមហាអំណាចកម្រិតមធ្យមក៏ដោយ ប៉ុន្តែជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន អាចចាត់ទុកវៀតណាមជាមហាអំណាចកម្រិតមធ្យមមួយដែលទទួលបានការយកចិត្តទុកដាក់ពីមហាអំណាចជាច្រើន។ សម្រាប់សឹង្ហបុរីវិញ ថ្វីត្បិតតែជាប្រទេសកោះតូចមួយក៏ដោយ ប៉ុន្តែដោយមានគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន សិង្ហបុរីតែងតែបង្ហាញភាពសកម្មក្នុងការជំរុញសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ដើម្បីធានាថាប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ។ វៀតណាមក៏ចែករំលែកទស្សនៈអំពីរបៀបពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងរបៀបអនុវត្តន៍ច្បាប់អន្តរជាតិដើម្បីដោះស្រាយជម្លោះផងដែរ។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរបាននិងកំពុងគាំទ្រយ៉ាងសកម្មចំពោះស្តង់ដារទាំងនេះ។

“ក្នុងបរិបទដែលអាស៊ី-ប៉ាស៊ីហ្វិកក្លាយជាចំណុចកណ្ដាលក្នុងការយកចិត្តទុកដាក់របស់មហាអំណាចទាំងអស់ គ្មានប្រទេសណាមួយក្នុងតំបន់ចង់ឲ្យអាមេរិកនិងចិនប្រឈមមុខដាក់គ្នាឡើយ។ សឹង្ហបុរីនិងវៀតណាម សុទ្ធតែប្រកាន់យ៉ាងខ្ជាប់នូវជំហរមិនជ្រើសរើសភាគី ហើយមានបំណងចង់ឲ្យសហរដ្ឋអាមេរិក និងចិនមានការប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ និងស្ថិរភាព។ នេះជាសារសំខាន់ដែលទាំងសិង្ហបុរីនិងវៀតណាមចង់បង្ហាញ”។

វាយតម្លៃអំពីឱកាសសហប្រតិបត្តិការថ្មី ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរវាងវៀតណាមនិងសិង្ហបុរី លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានចាត់ទុកថា៖

“វិស័យមួយដែលប្រទេសទាំងពីរត្រូវសហប្រតិបត្តិការគ្នាគឺសន្តិសុខនាវាចរណ៍ ពោលគឺកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវការថែរក្សាសណ្តាប់ធ្នាប់នាវាចរណ៍ប្រកបដោយស្ថិរភាពនិងផ្អែកលើច្បាប់។ សិង្ហបុរីមានការស្រាវជ្រាវជាច្រើនក្នុងវិស័យនាវាចរណ៍ បច្ចេកវិទ្យា និងធនធានមនុស្ស ក៏ដូចជាអ្នកជំនាញផងដែរ។ អាស្រ័យហេតុនេះ ខ្ញុំគិតថា កិច្ចសហប្រតិបត្តិការនាវាចរណ៍ គឺជា
វិស័យដែលប្រទេសទាំងពីរអាចបង្កើនការពិភាក្សាយ៉ាងជ្រាលជ្រៅហើយពង្រឹងបន្ថែមទៀត។ ឧទាហរណ៍មួយទៀត គឺវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងរវាងវៀតណាមនិងសិង្ហបុរី។ ក្នុងឆ្នាំ ២០១៨ (ក្នុងនាមជាប្រធានអាស៊ាន) សិង្ហបុរីបានជំរុញការបង្កើតបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន ដោយដើរទន្ទឹមនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ សិង្ហបុរីមានបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងសន្តិសុខតាមអ៊ីនធឺណិតដ៏ជឿនលឿនជាង។ ខណៈដែលវៀតណាមក៏មានប្រៀបខ្លាំងជាច្រើន ដូចជាការដែលវៀតណាមកំពុងផ្លាស់ប្ដូរឌីជីថលយ៉ាងឆាប់រហ័ស។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ ដូច្នេះខ្ញុំគិតថា នេះជាវិស័យសហប្រតិបត្តិការដ៏មានសក្ដានុពុល”។

លើសពីនេះ វៀតណាមក៏មានប្រៀបខ្លាំងជាច្រើនដូចជាស្ថិរភាពនយោបាយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ភស្តុភារ កំពង់ផែសមុទ្រ និងថ្លៃដើមផលិតកម្មនៅវៀតណាមក៏មានការប្រកួតប្រជែងខ្លាំងផងដែរ។ ផ្នែកសំខាន់មួយទៀតដែលយើងអាចមើលឃើញយ៉ាងច្បាស់គឺការប្រសព្វគ្នានៃ
ទស្សនៈ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រក្នុងកិច្ចការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ