យុវវ័យអាស៊ានរួបរួមគ្នា “ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា”

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ កំពុងរីកសាយភាយនៅតាមខេត្តភាគខាងជើងនៃប្រទេសវៀតណាម។ ទន្ទឹមនឹងការប្រកួតកីឡា ព្រឹត្តិការណ៍ជួបប្រាស្រ័យវប្បធម៌ដ៏វិសេសវិសាលជាច្រើនក៏ត្រូវបានប្រារព្ធឡើង ក្នុងនោះមានមហោស្រពយុវជនអាស៊ីអាគ្នេយ៍ដែលទើបតែបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយផងដែរ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែដើម្បីគាំទ្រចំពោះមហោស្រពកីឡាក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់យុវជន និងនិស្សិតមកពីប្រទេសនានា ជួបប្រាស្រ័យទាក់ទងគ្នា និងរួបរួមគ្នា "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា" ទៀតផង។
យុវវ័យអាស៊ានរួបរួមគ្នា “ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា” - ảnh 1យុវជននិងនិស្សិតយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលរួមមហោស្រពយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ២០២២នៅតំបន់ដើរថ្មើជើងជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ។ (រូបថត៖ Vietnam+)

ក្នុងអាកាសធាតុដ៏ត្រជាក់ស្រួលបន្ទាប់ពីភ្លៀងធ្លាក់នាដើមរដូវក្តៅ រដ្ឋធានីហាណូយបានស្វាគមន៍ដោយក្ដីសោមនស្សរីករាយ គណៈប្រតិភូយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ អ្នកស្ម័គ្រចិត្តស៊ីហ្គេមលើកទី ៣១ និងយុវជន និស្សិតរដ្ឋធានីយ៉ាងច្រើនកុះករមកចូលរួមពិធីបុណ្យនេះ។ តំបន់ដើរថ្មើរជើងជុំវិញបឹង Hoan Kiem ត្រូវបានបែងចែកជាតំបន់ជាច្រើនដែលមានសកម្មភាពទាក់ទាញដូចជា៖ ការសម្តែងសិល្បៈតាមដងផ្លូវ ការតាំងពិពណ៌គំនូរ “សេចក្តីប្រាថ្នាអាស៊ីអាគ្នេយ៍” ឬតំបន់តាំងពិព័រណ៍ផ្កាជាតិ - សំលៀកបំពាក់ជាតិ និងឧទ្ទេសនាមអំពីវប្បធម៌ ម្ហូបអាហារនៃប្រទេសនីមួយៗ។ មិនត្រឹមតែយុវវ័យប៉ុណ្ណោះទេ ប៉ុន្តែប្រជាជនរដ្ឋធានីផងនិងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ ក៏ចាប់អារម្មណ៍ចំពោះក្រមារបស់កម្ពុជា ស្វែងយល់អំពីក្រណាត់ Batik របស់ ឥណ្ឌូណេស៊ី សាកភ្លក់រសជាតិអំបុកហាណូយ រួមជាមួយបៀរឡាវ ឬរីករាយជាមួយបង្អែមស្វាយថៃដ៏ផ្អែមឆ្ងាញ់ពិសារ ជាដើម។ អ្នកស្រី Chanidabha Yuktadatta លេខាទីមួយនៃស្ថានទូតថៃប្រចាំវៀតណាម តំណាងយុវជនថៃដែលចូលរួមក្នុងមហោស្រពនេះបានឲ្យដឹងថា៖

“ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពយុវជនអាស៊ាន ព្រោះថាយូរណាស់មកហើយដែលខ្ញុំបានឃើញព្រឹត្តិការណ៍ដ៏ធំបែបនេះត្រូវបានប្រារព្ធឡើងបន្ទាប់ពីការរក្សាគម្លាតសង្គមអស់រយៈពេលវែងដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយខ្ញុំមានឱកាសជួបជុំជាមួយយុវជនវៀតណាមជាច្រើនដែលពោរពេញដោយភាពក្លៀវក្លា និងកម្លាំងរស់។ ប្រការនេះបង្ហាញថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ប្រកបដោយជោគជ័យ ហើយជាគោលដៅសុវត្ថិភាពសម្រាប់មិត្តភក្តិអន្តរជាតិផងដែរ”។

មហោស្រពយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ ត្រូវបានសម្ព័ន្ធយុវជនទីក្រុងហាណូយរៀបចំឡើង ដើម្បីឆ្ពោះទៅកាន់ស៊ីហ្គេមមួយប្រកបដោយសុវត្ថិភាព បន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រសើរជាច្រើន ផ្សព្វផ្សាយរូបភាពនៃទឹកដី និងមនុស្សវៀតណាមទៅកាន់មិត្តភក្តិក្នុងតំបន់ និងអន្តរជាតិ ជាពិសេសគឺតភ្ជាប់ ពង្រីកទំនាក់ទំនងរវាងយុវជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ក្រៅពីសកម្ម
ភាពនៅជុំវិញបឹង Hoan Kiem គណៈប្រតិភូយុវជននៃប្រទេសទាំង ១១ ក៏បានចូលរួមដំណើរទស្សនាភាពស្រស់ស្អាតនៃរដ្ឋធានីហាណូយ ដោយជិះឡានក្រុង “City Tour” ពីរជាន់ផងដែរ។ កញ្ញា Duanphen Xyyakhan តំណាងយុវជនឡាវបានចែករំលែកថា បទពិសោធន៍នេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ស្រស់ស្អាតនៅក្នុងដួងចិត្តរបស់នាង។

“ចូលរួមក្នុងព្រឹត្តិការណ៍នេះ ខ្ញុំសប្បាយចិត្ត និងចាប់អារម្មណ៍ខ្លាំងណាស់ មានប្រទេសជាច្រើនចូលរួម ហើយយើងខ្ញុំបានផ្លាស់ប្ដូរវប្បធម៌ជាមួយគ្នា។ ខ្ញុំបានជិះឡានក្រុងពីរជាន់ធ្វើដំណើរទស្សនាទីក្រុងហាណូយ ចូលសារមន្ទីរប្រវត្តិសាស្ត្រ ហើយបានស្តាប់អំពីដំណើរការបង្កើត និងអភិវឌ្ឍន៍នៃប្រទេសវៀតណាម។ លើសពីនេះទៀត ខ្ញុំក៏បានជួបជុំជាមួយមិត្តភក្តិវៀតណាមល្អៗជាច្រើនផងដែរ”។

យុវវ័យអាស៊ានរួបរួមគ្នា “ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា” - ảnh 2យុវជនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ធ្វើដង្ហែរក្បួន។

ចំពោះ ម៉េង គីរី និស្សិតកម្ពុជាដែលកំពុងសិក្សាឆ្នាំទី៤ នៅសកលវិទ្យាល័យសំណង់ មហោស្រពយុវជននេះមិនត្រឹមតែនាំមកនូវឱកាសសម្រាប់ប្អូនដើម្បីស្វែងយល់អំពីវប្បធម៌នៃប្រទេសផ្សេងៗក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយអំពីវប្បធម៌របស់ជនជាតិខ្លួនទៅកាន់មិត្តភក្តិអន្តរជាតិទៀងផង។

 "ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយម៉ែនទែន ពីព្រោះខ្ញុំបានចូលរួមហើយយល់ដឹងអំពីវប្បធម៌នៃប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយជាងនេះទៅទៀត ខ្ញុំឯងផ្ទាល់បានតំណាងឲ្យប្រទេស កម្ពុជាដើម្បីបង្ហាញអំពីវប្បធម៌និងប្រជាជនកម្ពុជា ដល់ប្រទេសទាំង១១ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ។ ហើយខ្ញុំសង្ឃឹមថា ក្រុមកីឡាករកម្ពុជានឹងទទួលបានមេដាយជាច្រើន នាំទៅប្រទេសកម្ពុជាវិញ នៅពេលដែលកម្ពុជានឹងជាម្ចាស់ផ្ទះនៃស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣"។

លើសពីក្របខណ្ឌនៃព្រឹត្តិការណ៍កីឡាមួយ ស៊ីហ្គេមលើកទី៣១ ក៏ជាឱកាសសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ដើម្បីរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព ជួបប្រាស្រ័យប្រជាជន ជំរុញការអភិវឌ្ឍន៍ទេសចរណ៍ និងសេដ្ឋកិច្ច។ ព្រឹត្តិការណ៍នេះរឹតតែមានអត្ថន័យ នៅពេលដែលវាជាព្រឹត្តិការណ៍កីឡា-វប្បធម៌-ទេសចរណ៍តំបន់ ដែលរៀបចំឡើងជាលើកដំបូងក្រោយពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដូចជាក្រោយពីប្រទេសអាស៊ានទាំងអស់ បានប្រកាសបើកឲ្យដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ ឆ្ពោះទៅរកការស្ដារឡើងវិញ និងការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។ កញ្ញា Ha Vy តំណាងយុវជនវៀតណាមដែលចូលរួមមហោស្រពយុវជនអាស៊ីអាគ្នេយ៍បានសម្តែងថា៖

“ជាមួយនឹងការរៀបចំស៊ីហ្គេម ក៏ដូចជាមហោស្រពលើកនេះ វៀតណាមបានបង្ហាញឲ្យមិត្តភក្តិអន្តរជាតិ និងតំបន់ឃើញថា យើងជាគោលដៅប្រកបដោយសុវត្ថិភាព និងរួសរាយរាក់ទាក់។ តាមខ្ញុំគិតថា សារ "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លា" មិនត្រឹមតែដើម្បីគាំទ្រការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំង នោះគឺជាភាពខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ក្នុងការស្តា និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញទៀតផង”។ 

មហោស្រពយុវជនអាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ បានបញ្ចប់ហើយ ប៉ុន្តែរាល់ការចងចាំអនុស្សាវរីយ៍និងបទពិសោធន៍ដែលកម្មវិធីបាននាំមកជូន ប្រាកដថានៅតែដក់ជាប់ក្នុងបេះដូងរបស់យុវជនទាំងអស់។ កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព ភាពក្លៀវក្លា និងការច្នៃប្រឌិតរបស់យុវវ័យនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងតំបន់អាស៊ីអាគ្នេយ៍មួយដ៏រឹងមាំ សាមគ្គីភាព ដើម្បីឲ្យប្រជាជនក៏ដូចជាជំនាន់វ័យក្មេងអាចរស់នៅក្នុងបរិយាកាស សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ