សក្តានុពលវិនិយោគនៅខេត្ត Binh Phuoc សម្រាប់វិនិយោគិនថៃ

(VOVWORLD) - ខេត្ត Binh Phuoc ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ មកទល់នឹងពេលនេះ ខេត្តបានទាក់ទាញគម្រោងវិនិយោគបរទេសចំនួន ៣៥០ ក្នុងដើមទុនវិនិយោគសរុបចំនួនជាង ៣,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ វិនិយោគិនថៃជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមវិនិយោគិននៃខេត្តទាំងមូល។

សក្តានុពលវិនិយោគនៅខេត្ត Binh Phuoc សម្រាប់វិនិយោគិនថៃ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទៅទស្សនានិងធ្វើការនៅរោងចក្រ CPV Food ខេត្ត Binh Phuoc។ (រូបថត៖ binhphuoconline)

សម្ព័ន្ធក្រុមហ៊ុន C.P បានបើកសម្ពោធរោងចក្រ CPV Food Binh Phuoc ដែលជាបណ្ដុំរោងចក្រចិញ្ចឹមនិងកែច្នៃមាន់ធំបំផុតនៅអាស៊ីអាគ្នេយ៍ នៅស្រុក Chon Thanh ខេត្ត Binh Phuoc។ នេះត្រូវបានគេចាត់ទុកថា ជាគម្រោងដ៏ធំសម្បើមនិងសំខាន់របស់ C.P ចាប់តាំងពីមកវិនិយោគអភិវឌ្ឍន៍នៅប្រទេសវៀតណាម ដោយមានដើមទុនវិនិយោគសរុប ២៥០ លានដុល្លារអាមេរិក។ បណ្ដុំរោងចក្រនេះ រួមមានរោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមមាន់ពូជចំនួន ៥ រោងចក្រភ្ញាស់ពងមាន់ កសិដ្ឋានចិញ្ចឹមមាន់យកសាច់ចំនួន ២៤ និងរោងចក្រសត្តឃាតនិងកែច្នៃសាច់មាន់ចំនួន ១ សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗដូចជា៖ សហភាពអឺរ៉ុប កូរ៉េខាងត្បូង សហរដ្ឋ អាមេរិក ជាដើម។ ចែករំលែកអំពីហេតុផលដែលសម្ព័ន្ធក្រុមហ៊ុន C.P បានជ្រើសរើសខេត្ត Binh Phuoc ដើម្បីអនុវត្តន៍គម្រោងនេះ លោក Chinoros Benjachavakul អគ្គនាយករងនៃក្រុមហ៊ុនភាគហ៊ុនចិញ្ចឹមសត្វ C.P វៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំវាយតំលៃខេត្ត Binh Phuoc ជាខេត្តដែលមានសក្តានុពល ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង។ ប្រសិនបើចង់វិនិយោគ ធ្វើផលិតកម្មនិងអភិវឌ្ឍន៍អាជីវកម្ម វិនិយោគិនត្រូវគិតគូរពីកត្តាភូមិសាស្ត្រ អាកាសធាតុ ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស។ ខេត្ត Binh Phuoc មានលក្ខខណ្ឌទាំងអស់ដូចជា មានទីតាំងមិនឆ្ងាយពីទីក្រុងហូជីមិញ ជិតកំពង់ផែនិងអាកាសយានដ្ឋាន Long Thanh ដែលនឹងត្រូវបានបើកសម្ពោធនៅប៉ុន្មានឆ្នាំខាងមុខ។ ខេត្ត Binh Phuoc ក៏មានខ្សែបន្ទាត់ព្រំដែនរួមជាមួយប្រទេសកម្ពុជាផងដែរ ដូច្នេះការដឹកជញ្ជូនទំនិញទៅក្រៅប្រទេសមានភាពងាយស្រួលគួរសម”។

រោងចក្រ CPV Food Binh Phuoc ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង ២១ របស់វិនិយោគិនថៃ ដែលមានតម្លៃ ២៦៣ លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ វិនិយោគិនថៃជាប់ចំណាត់ថ្នាក់ទី៤ក្នុងចំណោមវិនិយោគិននៅ

ទូទាំងខេត្ត។ យោងតាមវិនិយោគិនថៃ ប្រៀបខ្លាំងដ៏ធំបំផុតរបស់ ខេត្ត Binh Phuoc គឺមានទំហំផ្ទៃដីធំបំផុតនៅតំបន់ណាមបូខាងកើត ដោយមានផ្ទៃដីជាង ៦.៨០០ គីឡូម៉ែត្រការ៉េ។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិនិយោគ

អភិវឌ្ឍន៍ឧស្សាហកម្ម ក្រៅពីមណ្ឌលឧស្សាហកម្មដែលមានស្រាប់ចំនួន ១៣ ដោយមានផ្ទៃដីសរុបជិត ៤៧០០ ហិកតានោះ ខេត្តកំពុងបន្តកែសម្រួលផែនការរៀបចំដីធ្លី ដោយពង្រីកនិងអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបន្ថែមទៀត។ លោកស្រី Piyakul Suwansamrit តំណាងក្រុមហ៊ុន Becamex ថៃ បានឲ្យដឹងថា៖

“នៅពេលដែលខេត្ត Binh Duong, Vung Tau និងទីក្រុងហូជីមិញមានការប្រកួតប្រជែងក្នុងការវិនិយោគ ជាមួយនឹងតម្លៃខ្ពស់ គឺខេត្ត Binh Phuoc មានតម្លៃសមរម្យ។ Binh Phuoc គឺជាគោលដៅថ្មីដែលវិនិយោគិននៅក្នុងនិងក្រៅប្រទេសកំពុងយកចិត្តទុកដាក់ ជាពិសេសលើវិស័យឧស្សាហកម្ម។ គុណសម្បត្តិមួយទៀតគឺខេត្តនេះមិនសូវរងផលប៉ះពាល់ដោយខ្យល់ព្យុះ និងទឹកជំនន់ទេ”។

សក្តានុពលវិនិយោគនៅខេត្ត Binh Phuoc សម្រាប់វិនិយោគិនថៃ - ảnh 2សិក្ខាសាលាពន្លឿនការវិនិយោគរបស់ដៃគូថៃនៅខេត្ត Binh Phuoc។ (រូបថត៖ binhphuoconline)

ខេត្ត Binh Phuoc កំពុងស្ថិតក្នុងដំណាក់កាល “ចំនួនប្រជាជនមាស” ដោយមានចំនួនពលករស្រូបយកជាង ៦០% នៃចំនួនប្រជាជនសរុប។ នេះក៏ជាគុណសម្បត្តិមួយទៀតរបស់ខេត្តដែរ។ ក្រៅពីនោះ ខេត្តក៏មានសាកលវិទ្យាល័យ សាលាជាន់ខ្ពស់បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលផ្គត់ផ្គង់កម្លាំងពលករជំនាញដល់រោងចក្រនានាផងដែរ។ កត្តាមួយទៀតដែលទាក់ទាញវិនិយោគិនថៃ គឺគោលនយោបាយទាក់ទាញការវិនិយោគ និងការជួយគាំទ្រពីអាជ្ញាធរមូលដ្ឋានសម្រាប់អាជីវកម្មបរទេស។ ជាមួយនឹងបាវចនា "២ លឿន ៣ ល្អ" ការស្នើសុំអាជ្ញាប័ណ្ណវិនិយោគ និងដីធ្លីរបស់វិនិយោគិនត្រូវបានដោះស្រាយក្នុងរយៈពេលដ៏ខ្លីបំផុត។ វាយតម្លៃពីប្រសិទ្ធភាពនៃការជួយគាំទ្រពីអាជ្ញាធរខេត្ត លោក Chinoros Benjachavakul អគ្គនាយករងក្រុមហ៊ុនភាគហ៊ុន C.P វៀតណាមបានឲ្យដឹងថា៖

“ខេត្ត Binh Phuoc មានគោលនយោបាយល្អៗដើម្បីទាក់ទាញវិនិយោគិនហើយផ្ទៀងស្តាប់មតិយោបល់របស់វិនិយោគិន។ ប្រការដែលយើងខ្ញុំដឹងគុណជាពិសេសចំពោះអាជ្ញាធរខេត្ត Binh Phuoc គឺក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩កន្លងទៅ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសាងសង់រោងចក្រ។ នៅពេលដែលការហោះហើរត្រូវរឹតត្បិត ខេត្តបានចាត់វិធានការគាំទ្រជាច្រើន ជួយសម្រួលនាំអ្នកជំនាញរបស់យើងខ្ញុំមកពីប្រទេសចំនួន ៩ មក វៀតណាម ដើម្បីជួយការងារដំឡើងខ្សែសង្វាក់និងបណ្ដុះបណ្ដាលបុគ្គលិក ជួយយើងខ្ញុំអនុវត្តន៍ គម្រោងតាមផែនការ។ ពេលណាដែលវិនិយោគិនជួបការលំបាក អាជ្ញាធរខេត្តសុទ្ធតែត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ។ អាចនិយាយបានថា ជំងឺកូវីដ-១៩ មិនប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការរបស់ CP នៅខេត្ត Binh Phuoc នោះទេ”។

ដោយមានប្រៀបខ្លាំងខាងហេដ្ឋារចនាសម្ព័ន្ធទំនើបនិងស៊ីសង្វាក់គ្នា បរិយាកាសវិនិយោគ បើកចំហ និងគោលនយោបាយអនុគ្រោះដ៏ទាក់ទាញ រួមជាមួយនឹងការសន្យាក្នុងការដោះស្រាយនីតិវិធីវិនិយោគឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ក៏ដូចជាផ្តោតលើការងារសុខុមាលភាពសង្គមសម្រាប់ពលករ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ខេត្ត Binh Phuoc បានដាក់ចេញគោលដៅទាក់ទាញវិនិយោគថៃកាន់តែច្រើនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ