ហាណូយ - កន្លែងជួបជុំ និងរីកសាយភាយពណ៌វប្បធម៌អាស៊ាន
(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ទីក្រុងហាណូយ - រដ្ឋធានីនៃអរិយ្យធម៌រាប់ពាន់ឆ្នាំ តែងតែឈានមុខគេក្នុងការណែនាំ និងផ្សព្វផ្សាយសម្រស់ស្អាតរបស់ប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់ពិភពលោក ក៏ដូចជានាំពិភពលោកឱ្យកាន់តែខិតមកជិតប្រជាជនវៀតណាម ជាពិសេសមិត្តភក្តិ ក្នុងតំបន់អាស៊ាន។ នាចុងខែសីហាកន្លងទៅ ព្រឹត្តិការណ៍ទិវាបុណ្យវប្បធម៌មិត្តភាព “ពណ៌របស់អាស៊ាន” ត្រូវបានរៀបចំឡើងនៅ ព្រះបរមរាជវាំង Thang Long ក្នុងទីក្រុងហាណូយ ផ្តល់ឱកាសឱ្យប្រជាជននិងភ្ញៀវទេសចរទទួលបានបទពិសោធន៍វប្បធម៌ប្លែកៗរបស់ប្រទេសនីមួយៗក្នុងតំបន់អាស៊ាន ទន្ទឹមនឹងនោះក៏បានផ្សព្វផ្សាយរូបភាពនៃទីក្រុងហាណូយ “អរិយធម៌ - ស៊ីវិល័យ- ទំនើប”។
តំបន់ទិលាន Doan Mon នៃព្រះបរមរាជវាំង Thang Long ក្នុងអំឡុងពេលបួនថ្ងៃនៃព្រឹត្តិការណ៍ "ពណ៌របស់អាស៊ាន" (ថ្ងៃទី ២៩ ខែសីហា - ថ្ងៃទី ១ ខែកញ្ញា) បានទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ សម្រស់វប្បធម៌ប្រពៃណីនៃប្រទេសអាស៊ានទាំង១០ បានតុបតែងលំអរបន្ថែមដល់បរិយាកាសដ៏ពិសិដ្ឋនៃព្រះបរមរាជវាំង។ ក្នុងរាត្រីបើក ប្រតិភូអន្តរជាតិ ប្រជាជននិងភ្ញៀវទេសចរបានរីករាយជាមួយការសម្តែងសិល្បៈប្លែកៗ ដែលសម្តែងដោយកម្មាភិបាលស្ថានទូត សិស្សានុសិស្ស និងកុមារមកពីបណ្តាប្រទេសអាស៊ានដូចជា៖ របាំគោះត្រឡោក (ស្ថានទូតកម្ពុជា); របាំ "នាង Chan-xu-da" (និស្សិតឡាវ); ការសម្តែង Mandoline (ស្ថានទូតមីយ៉ាន់ម៉ា); ការសម្តែងឧបករណ៍ភ្លេងប្រពៃណីប្រ៊ុយណេ; ការសម្តែងរបស់អាវផាយវៀតណាម និងសំលៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសអាស៊ាន។ នៅជុំវិញឆាកសំដែងគឺកន្លែងស្តង់ទំនិញវៀតណាម - អាស៊ាន ដែលមានផលិតផលប្លែកៗ វត្ថុអនុស្សាវរីយ៍ និងមុខម្ហូបដ៏វិសេសវិសាលរបស់បណ្តាប្រទេស ដែលបន្សល់ទុកនូវចំណាប់អារម្មណ៏ពិសេសសម្រាប់អ្នកទស្សនា។ លោកស្រី Ho Thien Nga អ្នកខណ្ឌ Cau Giay ទីក្រុងហាណូយ ដែលមកចូលរួមកម្មវិធីនេះ បានចែករំលែកថា ៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានទទួលពិសោធន៍បរិយាកាសអាស៊ានទាំងស្រុង។ រីករាយពិសារបាយដំណើបរបស់ប្រជាជនឡាវ ពិតជាឈ្ងុយឆ្ងាញ់ណាស់ ខុសពីបាយដំណើបដែលខ្ញុំធ្លាប់ញ៉ាំ។ មានមិត្តមកពីប្រទេសថៃ និងមីយ៉ាន់ម៉ា ជាមួយនឹងសំលៀកបំពាក់ប្លែកៗ និងគួរឱ្យចាប់អារម្មណ៍”។
ការសម្តែងសម្លៀកបំពាក់ប្រពៃណីរបស់បណ្តាប្រទេសអាស៊ាន។ |
ទិវាបុណ្យវប្បធម៌មិត្តភាព “ពណ៌របស់អាស៊ាន” គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំឡើងដោយសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហាណូយ ធ្វើជាអធិបតី និងសម្របសម្រួលជាមួយស្ថានទូតនៃបណ្តាប្រទេសអាស៊ាន។ ព្រឹត្តិការណ៍ឆ្នាំនេះបានប្រព្រឹត្តទៅក្នុងឱកាសប្រារព្ធពិធីបុណ្យសំខាន់ៗរបស់អាស៊ាន វៀតណាម និងរដ្ឋធានីហាណូយ។ ក្រៅពីកម្មវិធីសិល្បៈបើកឆាកដ៏ពិសេស ទិវាបុណ្យ "ពណ៌របស់អាស៊ាន" ក៏មានតំបន់ស្តង់ទំនិញធំៗដែលរៀបចំតាមប្រធានបទចំនួន ៣។ បរិយាកាស "សមាហរណកម្ម" ដែលមានស្តង់ចំនួន៥៧ តំណាងឱ្យរយៈពេល៥៧ ឆ្នាំនៃការបង្កើតសមាគមអាស៊ាន (៨ សីហា ១៩៦៧ - ៨0 សីហា ២០២៤) ដាក់តាំងបង្ហាញវត្ថុអនុស្សាវរីយ៍ ផលិតផលប្រពៃណី និងមុខម្ហូបរបស់បណ្តាប្រទេស។ តំបន់តាំងបង្ហាញ "រស់ជាតិទីក្រុង" រួមមានស្តង់ចំនួន ៧០ ដែលតំណាងឱ្យ ៧០ ឆ្នាំនៃការរំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០ តុលា ២០២៤)បង្ហាញឡើងវិញនូវវិថីបុរាណរបស់ទីក្រុងហាណូយ។ ហើយចុងក្រោយបង្អស់គឺ បរិយាកាស "ក្លិនរបស់ភូមិ" ដែលមានស្តង់ចំនូន ៧៩ តំណាងឲ្យខួបលើកទី ៧៩ នៃទិវាបុណ្យជាតិវៀតណាម ដោយឧត្ទេសនាមផលិតផលពីរបស់ភូមិសិប្បកម្មប្រពៃណីនៅទូទាំងប្រទេស។ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato Tan Yang Thai បានសម្តែងចំណាប់អារម្មណ៍ថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ដោយមានតំណាងមកពីប្រទេសអាស៊ានទាំងអស់ ព្រមទាំងតំណាងប្រទេសមួយចំនួនទៀតប្រចាំនៅទីក្រុងហាណូយ។ ប្រទេសអាស៊ានទាំងអស់មានវប្បធម៌ចម្រុះ ដូច្នេះព្រឹត្តិការណ៍បែបនេះគឺចាំបាច់ និងមានអត្ថន័យ ដោយចូលរួមចំណែកក្នុងការឧទ្ទេសនាម និងផ្សព្វផ្សាយពីលក្ខណៈវិសេសវិសាលនៃវប្បធម៌ និងប្រជាជនអាស៊ាន។ លើសពីនេះទៀត ព្រឹត្តិការណ៍ក៏បានទាក់ទាញភ្ញៀវអន្តរជាតិជាច្រើនទៀតផង”។
ការផ្លាស់ប្តូរសិល្បៈរវាងនិស្សិតឡាវនិងថៃក្នុងកម្មវិធីនេះ។ |
មិនត្រឹមតែមានបំណងចង់ឧទ្ទេសនាមអំពីវប្បធម៌ពិសេសរបស់ប្រទេសសមាជិកប៉ុណ្ណោះទេ ទិវាបុណ្យ “ពណ៌របស់អាស៊ាន” ក៏ផ្សព្វផ្សាយរូបភាពនៃរដ្ឋធានីហាណូយ “អរិយ្យធម៌ - ស៊ីវិល័យ- ទំនើប” ដែលស្រលាញ់សន្តិភាព តាមរយៈបរិយាកាសតាំងបង្ហាញទាំងគំនូរ "ខ្ញុំស្រលាញ់ហាណូយ - ទីក្រុងដើម្បីសន្តិភាព" ឆ្នាំ ២០២៤។ ផ្ទាំងគំនូរទាំងនេះ ត្រូវបានគូរដោយកុមារវៀតណាម និងអន្តរជាតិដែលកំពុងរស់នៅ និងសិក្សានៅទីក្រុងហាណូយ ដោយពណ៌នាអំពីមនុស្ស ជីវិត និងធម្មជាតិដ៏ស្រស់ស្អាតនៃរដ្ឋធានី។ ជាមួយនឹងស្នាដៃបង្ហាញយ៉ាងរស់រវើកអំពីរូបភាពកុមារៗរីករាយជាមួយការលោតម៉ុងសាយ សត្វព្រាប និងប៉មអណ្តើក... វិចិត្រករកុមារអាយុ ១១ ឆ្នាំ Devanka Morritz មកពីស្ថានទូតឥណ្ឌូនេស៊ីបានឈ្នះរង្វាន់ពិសេសនៃការប្រឡង៖ “វៀតណាមមានទីតាំងប្រវត្តិសាស្ត្រ និងទេសភាពដ៏ស្រស់ស្អាតជាច្រើន ហើយប្រជាជនមានភាពរួសរាយរាក់ទាក់ណាស់។ លើកទីមួយដែលខ្ញុំបានមើលឃើញការសម្តែងលោតម៉ុងសាយនៅវៀតណាម ខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំបានបង្ហាញការលោតម៉ុងសាយតាមរយៈគំនូររបស់ខ្លួន រួមទាំងតួអង្គរាំជាមួយផ្លិត សប្បាយរីករាយខ្លាំងណាស់។ ហើយខ្ញុំបានគូរបន្ថែមប៉មអណ្តើកទៅក្នុងរូបភាព ព្រោះខ្ញុំស្រឡាញទេសភាពនៅវៀតណាម”។
កុមារបរទេសចូលរួមការប្រឡងគូរគំនូរអំពីទីក្រុងហាណូយ។ |
ក្នុងដំណើររយៈពេល ២៩ ឆ្នាំនាំការចូលរួមអាស៊ាន វៀតណាមតែងតែរួមដំណើរជាមួយប្រទេសជាសមាជិក ដោយប្តេជ្ញាការពារសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការអភិរក្សនិងលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌នៃតំបន់។ ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម “ទីក្រុងដើម្បីសន្តិភាព” របស់អង្គការយូណេស្កូ តំណាងឱ្យតម្លៃនៃភាពចម្រុះ និងសុខដុមរុមនា។ ហើយទាំងនេះ ក៏ជាគុណតម្លៃស្នូលរបស់អាស៊ានផងដែរ៕