(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ប៉ាន់ទឹកតែក្ដៅហុយៗ នំសណ្តែកដីផ្អែមឈ្ងុយឆ្ងាញ់ និងនំអំបុកទន់ស្វិត គឺជាលក្ខណៈពិសេសក្នុងវប្បធម៌ផឹកតែរបស់ជនជាតិហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួម។ ហើយនោះក៏ជាមុខម្ហូបដែលតែងតែមានស្រាប់ក្នុងផ្ទះរបស់លោក Singthong Singhapannha អតីតនាយកសារមន្ទីរ Kaysone Phomvihan នៅពេលទទួលភ្ញៀវដែលមកលេងផ្ទះផងដែរ។ ទីកន្លែងនានាដូចជា Muong Sen, Con Cuong, Bac Giang, Bac Ninh រហូតដល់ Kham Thien, Dong Da, Son Tay, Hanoi គឺជាកន្លែងដ៏ជិតស្និទ្ធចំពោះលោក។
លោក Singthong Singhapannha អតីតនាយកសារមន្ទីរ Kaysone Phomvihan។ |
“ខ្ញុំកើតនៅខេត្ត Xieng Khoang ប៉ុន្តែបានទៅវៀតណាមរៀនតាំងពីនៅតូច។ ឡាវជាមាតា វៀតណាមជាបិតា។ មាតាផ្តល់កំណើតឱ្យខ្ញុំ។ មាតាមានគុណផ្ដល់កំណើត រីឯបិតាមានគុណចិញ្ចឹមបីបាច់។ ខ្ញុំធំធាត់ដោយស្រូវអង្ករវៀតណាម ហើយវៀតណាមចិញ្ចឹមខ្ញុំរហូតដល់ធំដឹងក្ដីទាំងខាងបញ្ហានិងសតិអារម្មណ៍។ ខ្ញុំស្រឡាញ់ប្រទេសវៀតណាម ហើយវៀតណាមស្ថិតក្នុងក្រអៅបេះដូងខ្ញុំជានិច្ច”។
នោះគឺជាការចែករំលែករបស់លោក Singthong Singhapannha អតីតនាយកសារមន្ទីរ Kaysone Phomvihan។ លោកបានកើត និងធំដឹងក្ដីនៅក្នុងសម័យសង្គ្រាម (ឆ្នាំ ១៩៥៨) នៅតំបន់ដីដែលមានអត្ថន័យយុទ្ធសាស្ត្រមិនត្រឹមតែសម្រាប់ឡាវ និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់ឥណ្ឌូចិនទាំងមូល នោះគឺតំបន់ដី Xieng Khoang ដ៏អង់អាចក្លាហាន។ ដំណាក់កាល ១៩៥៩-១៩៦៩ គឺជាពេលវេលាដែលការប្រយុទ្ធគ្នានៅសមរភូមិ Xiengkhoang ប្រព្រឹត្តទៅយ៉ាងកាចសាហាវជាងពេលណាៗទាំងអស់។ ឪពុកម្តាយរបស់លោកសុទ្ធតែចូលបម្រើក្នុងជួរកងទ័ព។ ដើម្បីនឹងនរចិត្តចេញទៅសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពាន លោកត្រូវបានឪពុកម្តាយបញ្ជូនទៅផ្ទះរបស់មិត្តម្នាក់ក្នុងប្រទេសវៀតណាម ហើយបានស្នាក់នៅទីនេះរហូតដល់រៀនចប់ថ្នាក់ទី ១០ ទើបត្រឡប់មកប្រទេសវិញ។
“ពេលយើងខ្ញុំជម្លៀស កុមារ ២, ៣ នាក់ត្រូវបានផ្ញើរឲ្យស្នាក់នៅជាមួយ អ្នកស្រុកហើយយើងខ្ញុំបានលេងកំសាន្ត ទៅស្ទូចត្រី ដកដំឡូងជាមួយកូនៗរបស់គេ។ រឿងទាំងនោះអាចនិយាយបានថា គ្មានគម្លាតរវាងជនជាតិឡាវ និងជនជាតិវៀតណាមទេ។ ឬពេលខ្លះ គេស្ងោរដំឡូងផ្អែមមួយឆ្នាំង ពួកក្មេងៗយើងខ្ញុំអង្គុយហូបជាមួយគ្នា។ ដូច្នេះហើយ យើងខ្ញុំចងចាំអនុស្សាវរីយ៍ទាំងនេះណាស់ ហើយដឹងគុណច្រើនចំពោះក្ដីស្រឡាញ់ និងមនោសញ្ចេតនាដែលពួកគេបានផ្ដល់ឲ្យយើងខ្ញុំ”។
រាល់អនុស្សាវរីយ៏ដ៏ល្អប្រសើរកាលពីកុមារភាព និងសេចក្ដីស្រឡាញ់របស់ប្រជាជន
វៀតណាម ហើយសំខាន់បំផុតគឺសេចក្តីស្រឡាញ់របស់លោកចំពោះប្រទេសវៀតណាម បានដាស់តឿនលោកឱ្យវិលត្រឡប់មកវៀតណាមវិញដើម្បីរៀនថ្នាក់ឧត្តមសិក្សានិងអនុបណ្ឌិតនៅទីក្រុងហាណូយ។ រហូតដល់ឆ្នាំ ១៩៩១ ទើបលោកវិលត្រឡប់ទៅប្រទេសឡាវវិញ ហើយធ្វើការនៅសារមន្ទីរ Kaysone Phomvihan។ ក្នុងរយៈពេល ២០ ឆ្នាំសិក្សានិងរស់នៅក្នុងប្រទេសវៀតណាម លោក Singthong Singhapannha និងមិត្តភក្តិត្រូវជម្លៀសទៅកន្លែងជាច្រើន ហើយបានមើលឃើញភាពសាហាវឃោរឃៅនៃសង្រ្គាម។ ទោះជាក្នុងស្ថានភាពដ៏លំបាកនិងគ្រោះថ្នាក់យ៉ាងនោះក្ដី ប៉ុន្តែនិស្សិតឡាវដូចលោក ជានិច្ចកាលត្រូវបានប្រជាជន លោកគ្រូអ្នកគ្រូ ការពារ ចិញ្ចឹមបីបាច់និងធំដឹងក្ដី។
“អ្វីៗគ្រប់បែបយ៉ាងគឺខ្ញុំត្រូវបានលោកគ្រូអ្នកគ្រូ បង្ហាត់បង្រៀន ណែនាំ ថែទាំដូចឪពុកម្ដាយបង្កើតអញ្ចឹង។ ពីប្រការទាងអស់នេះ ខ្ញុំបាននិយាយថា វៀតណាមស្ថិតនៅក្នុងក្រអៅបេះដូងរបស់ខ្ញុំជានិច្ច ទាំងចំណាប់អារម្មណ៍ ទាំងការថែទាំខាងសម្ភារៈ ស្មារតីនិងការសិក្សាផងដែរ។ វាមិនត្រឹមតែជាក្ដីស្រឡាញ់របស់គូស្នេហ៍ ក្ដីស្រឡាញ់ចំពោះប្រជាជន លោកគ្រូអ្នកគ្រូ និងមិត្តភក្តិ… ហើយច្បាស់លាស់ណាស់ថាខ្ញុំបានធំដឹងក្ដីពីប្រទេសវៀតណាម”។
កាន់តែលះបង់និងធ្វើការ លោក Singthong Singhapannha កាន់តែជ្រួតជ្រាបនូវពាក្យ "ពិសេស" ក្នុងទំនាក់ទំនងរវាងវៀតណាមនិងឡាវ។ ដូច្នេះហើយ ក្រៅពីការរៀបចំការតាំងពិពណ៌ជាប្រចាំអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ផ្លាស់ប្ដូរថ្មីគំរូសារមន្ទីរ ដើម្បីជួយយុវជនស្វែងយល់ពីប្រវត្តិសាស្ត្របានយ៉ាងងាយស្រួលជាង នៅពេលចូលនិវត្តន៍ លោកក៏បន្តអាជីពសរសេរសៀវភៅ សម្រិតសម្រាំងវត្ថុអនុស្សាវរីយ៍និងខ្សែភាពយន្ត ក្នុងបំណងចង់រួមចំណែកពូនជ្រុំទំនាក់ទំនងវៀតណាម-ឡាវ។ នាពេលថ្មីៗនេះ លោកទើបតែបានបោះពុម្ភផ្សាយសៀវភៅដោយចំណងជើងថា “លោក Le Van Hien - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវដំបូងគេ”។ ក្នុងដំណើរការសរសេរសៀវភៅនេះ លោកក៏មិនភ្លេចអញ្ជើញកូនស្រីរបស់ខ្លួនឱ្យចូលរួមវាយអក្សរផងដែរ ដូចមធ្យោបាយមួយដើម្បីអប់រំកូនអំពីទំនាក់ទំនងពិសេសកម្រមានលើពិភពលោកនេះ៕