គម្រោងចាប់ផ្តើមអាជីវកម្ម ទេសចរណ៍ឆ្លាតវៃ EZGO360
(VOVWORLD) - វិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលវៀតណាមកំណត់ឲ្យក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ យោងតាមការវាយតម្លៃរបស់អ្នកជំនាញថា ពេលវេលានេះគឺជាឱកាសមាសមួយដើម្បីជំរុញអាជីវកម្មជំនាន់ថ្មីក្នុងវិស័យទេសចរណ៍ - ទេសចរណ៍ឆ្លាតវៃ ដោយមានគំនិតច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍។ ទេសចរណ៍ឆ្លាតវៃត្រូវបានរំពឹងថានឹងនាំមកនូវបទពិសោធន៍ថ្មីៗជាច្រើន ងាយស្រួលសម្រាប់អ្នកដំណើរនិងបង្កើនប្រសិទ្ធភាពធ្វើអាជីវកម្មរបស់សហគ្រាសចាប់ផ្តើមអាជីវកម្ម។
នៅក្នុងនិន្នាការនេះ គម្រោងចាប់ផ្តើមអាជីវកម្ម EZGO៣៦០ ដែលជាកម្មវិធីមួយសំដៅបង្កើនប្រសិទ្ធភាពនូវការបង្កើតកាលវិភាគទូទៅ សម្រាប់ដំណើរទេសចរណ៍ច្រើនថ្ងៃរបស់អ្នកដំណើរ ហើយត្រូវបានចាត់ទុកថាជាគំរូមានសក្កានុពលអភិវឌ្ឍន៍នាពេលខាងមុខ។
ទេសចរណ៍ឆ្លាតវៃគឺជាគំរូមួយដែលត្រូវបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ដែលក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធប្រមូលទិន្នន័យត្រូវអភិវឌ្ឍន៍ដោយសមកាលកម្ម ដែលធានាបាននូវអន្តរកម្មទាន់ពេលវេលារ វាងភាគីទាំងបី រួមមានអ្នកគ្រប់គ្រង អាជីវកម្មទេសចរណ៍ និងភ្ញៀវទេសចរ។ ទិសដៅក្នុងគំរូនេះក៏ជាទិសដៅដ៏ឆ្លាតវៃជាមួយហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើប ធានាការអភិវឌ្ឍប្រកបដោយចីរភាព និងជួយប្រជាជនដែលចូលរួមគំរូនេះ ទទួលបានបទពិសោធន៍និងបង្កើនគុណភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងគំរូនេះក៏ជាអ្នកធ្វើដំណើរឆ្លាតវៃផងដែរ។ ពួកគេមិនត្រឹមតែជាអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែកនិងបង្កើតបទពិសោធន៍ មានតួនាទីជាអ្នកគ្រប់គ្រងនិងត្រួតពិនិត្យ ដើម្បីធានាបាននូវភាពល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរបន្ទាប់របស់ពួកគេនិងសម្រាប់អ្នកដំណើរផ្សេងទៀត។
EZGO៣៦០ គឺជាកម្មវិធីមួយដើម្បីបង្កើនប្រសិទ្ធភាពនូវកាលវិភាគធ្វើដំណើរជាក់លាក់សម្រាប់ការធ្វើដំណើរឆ្ងាយរបស់អតិថិជន តាមរយៈការធ្វើដំណើរនៃគណនាស្វ័យប្រវត្តិនៅលើកុំព្យូទ័រ។ នេះគឺជាកម្មវិធីប្រើប្រាស់ថ្មីថ្មោង នៅក្នុងទីផ្សារទេសចរណ៍បច្ចុប្បន្ន។ ចែករំលែកអំពីគម្រោងចាប់ផ្តើមអាជីវកម្មនេះ លោក Le Xuan ha ស្ថាបនិកនៃគម្រោង EZGO៣៦០ បានឲ្យដឹងថា៖ “កម្មវិធីនេះនឹងផ្តោតលើក្រុមអ្នកទេសចរ ដែលចង់ទទួលបានផាសុខភាព មានការជ្រើសរើសដោយសេរី អាចរួមបញ្ចូលដំណើរទេសចរណ៍ដែលមានស្រាប់ជាមួយកម្មវិធីផ្ទាល់ខ្លួន។ ប្រព័ន្ធ EZGO នឹងបញ្ចូលនូវទិន្នន័យពិសេសទាំងនេះនិងផ្តល់យោបល់ដល់អ្នកដំណើរតាមរយៈកាលវិភាគទូទៅ ដែលសមស្របនឹងតម្រូវការរបស់អ្នកដំណើរ អំពីតម្លៃ ទីតាំងនិងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ”។
បច្ចុប្បន្ននេះ នៅតាមក្រុមហ៊ុនទេសចរណ៍នានា ការរៀបចំដំណើរទស្សនកិច្ចត្រូវបានធ្វើឡើងដោយប្រតិ បត្តិករទេសចរណ៍ដែលមានបទពិសោធន៍ ដោយស្ទើរតែគ្មានអន្តរាគមន៍ពីបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីននោះទេ។ ហើយរបៀបធ្វើនេះលែងសមស្របជាបណ្តើរៗហើយនៅក្នុងនិន្នាការទេសចរណ៍នាពេលបច្ចុប្បន្នរបស់អតិថិជនភាគច្រើន ពីព្រោះកាលវិភាគដំណើរកម្សាន្តដែលរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ហាក់ដូចជាមិនបំពេញតាមតម្រូវការក្នុងការស្វែងរកទិសដៅថ្មីរបស់ភ្ញៀវទេសចរ។ ជាមួយនឹងការដែល EZGO ៣៦០ មានវត្តមានលើទីផ្សារទេសចរណ៍ឆ្លាតវៃនោះ ផ្នែកទន់និងរបៀបគណនាឆ្លាតវៃ នឹងជួយកាត់បន្ថយពេលវេលា កម្លាំងមនុស្សយ៉ាងច្រើនក្នុងការរៀបចំកាលវិភាគ ដោយហេតុនេះអាចចូលរួមក្នុងការដោះស្រាយបញ្ហាធ្វើឲ្យមានតុល្យភាពសម្រាប់ផលប្រយោជន៍របស់ក្រុមហ៊ុនទេសចរណ៍និងតម្រូវការរបស់អ្នកដំណើរ។ លោក Le Xuan Ha បានឲ្យដឹងថែមទៀតថា៖ “គោលបំណងនៃគម្រោង EZGO360 គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ឆ្លាតវៃ។ នោះជាប្រព័ន្ធបច្ចេកវិទ្យាដែលមានទំហំធំ ដែលមានមុខងារជាច្រើនដែលហៅថា សេវាកម្មមីក្រូ មានន័យថាយើងមានរបស់ជាច្រើនដែលត្រូវបម្រើទាំងអតិថិជននិងក្រុមហ៊ុនទេសចរណ៍ តាមរយៈមូលដ្ឋានបច្ចេកវិទ្យា ពោលគឺ កម្មវិធីតែមួយ ប៉ុន្តែមុខសញ្ញាប្រើប្រាស់គឺច្រើន។ ឧទាហរណ៍ ការរៀបចំកាលវិភាគមិនត្រឹមតែក្រុមហ៊ុនទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរអាចបង្កើតឡើងកាលវិភាគផ្ទាល់ខ្លួន ដោយប្រើឧបករណ៍ស្វ័យប្រវត្តិ។ កម្មវិធីនេះនឹងជួយសន្សំសំចៃពេលវេលានិងក៏ដូចជាកម្លាំងផងដែរ”។
វាយតម្លៃអំពីគម្រោងចាប់ផ្តើមអាជីវកម្មថ្មីនេះ លោក Ly Dinh Quan អគ្គនាយកមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម Song Han ដែលមានបទពិសោធន៏ក្នុងគម្រោងចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យទេសចរណ៍បានឲ្យដឹងថា៖ “នៅពេលអនុវត្តន៍បច្ចេកវិទ្យា យើងអាចពិនិត្យនឹងនាំចេញនូវតម្លៃងាយស្រួលបំផុតចម្រាប់អ្នកប្រើប្រាស់។ គម្រោង EZGO360 មានទាំងស្ថាបនិកនិងសហស្ថាបនិក ហើយសុទ្ធសឹងតែជាជំនាញការខាងបច្ចេកវិទ្យា។ ហេតុដូច្នេះការប្រើប្រាស់ទិន្នន័យធំៗ ក៏ដូចជាការប្រើប្រាស់ការគណនាឆ្លាតវៃ អាចផ្តល់ជូននូវដំណើរទេសចរណ៍ជាច្រើន ដែលអាចជួយឱ្យភ្ញៀវជ្រើសរើសបានយ៉ាងងាយស្រួលនិងចំណាយតិច ហើយចំណេញពេលវេលាច្រើន។ អ្វីដែលសំខាន់បំផុត នោះគឺ ត្រូវធ្វើឌីជីថល់អោយបានលឿន ក្នុងវិស័យទេសចរណ៍ ជាពិសេសសម្រាប់ក្រុមហ៊ុនទេសចរណ៍តែម្តង”។
ទេសចរណ៍ឆ្លាតវៃនៅតែជាគំរូថ្មីនៅក្នុងពិភពលោកនិងនៅវៀតណាម។ ទោះបីគំរូនេះផ្តល់ឱកាសថ្មីៗក៏ដោយ ប៉ុន្តែទេសចរណ៍ឆ្លាតវៃនៅតែបង្កបញ្ហាប្រឈម ដល់វិស័យទេសចរណ៍និយាយរួមនិងអ្នកជំនាញទេសចរណ៍និយាយដោយឡែក ចំពោះតម្រូវការនៃការផ្លាស់ប្តូរឌីជីថលសមស្រប។ ដូចដែលបានគ្រោងទុក នាពេលអនាគត EZGO៣៦០នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយវិនិយោគិន ក៏ដូចជាក្រុមហ៊ុនទេសចរណ៍នានា ដើម្បីកែលម្អគំរូប្រតិបត្ដិការរបស់ខ្លួន ដែលនាំមកនូវបទពិសោធន៍ក្នុងការធ្វើដំណើរថ្មីថ្មោងសម្រាប់អតិថិជន៕