គ្រួសារប្រៀនប្រដៅនិងទូន្មានអប់រំកូនពីសីលធម៌និងផ្នត់រស់នៅ
(VOVWORLD) - ក្រុមគ្រួសាររបស់លោកគ្រូ Le Van Quoi នៅតំបន់ទី ៥ ភូមិ An Cu ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho គឺជាគ្រួសារគ្រួសារគំរូល្អ ដែលជានិច្ចកាលរក្សាបាននូវផ្នត់រស់នៅល្អ។ កូនៗ ចេះស្តាប់បង្គាប់ឪពុកម្តាយ ពួកគេនឹងទទួលបានជោគជ័យក្នុងជីវិតជាពុំខាន បងប្អូនចេះស្រឡាញ់គ្នាទៅវិញទៅមក ហើយរស់នៅដោយសុខដុមរមនាជាមួយមនុស្សជុំវិញខ្លួន។ ក្រុមគ្រួសាររបស់លោកគ្រូ Le Van Quoi គឺជាឧទាហរណ៍មួយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗ ក្លាយទៅជាមនុស្ស” ហើយតែងតែបង្កាត់ភ្លើងនៃក្តីស្រឡាញ់គ្រួសារប្រកបដោយភាពកក់ក្តៅ។
លោក Le Van Quoi (ខាងឆ្វេង) ចូលរួមពិធីអបអរសាទរខួបទិវាបង្កើតវិទ្យាល័យ Chau Van Liem។ |
ទោះបីមានអាយុជិត ៨០ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Le Van Quoi អតីតគ្រូបង្រៀននៃវិទ្យាល័យ Chau Van Liem ទីក្រុង Can Tho នៅតែមាំទាំ ហើយត្រូវបានមនុស្សជាច្រើនស្គាល់ដល់តាមរយៈអត្ថបទដ៏មានតម្លៃរបស់លោកស្តីពី វិជ្ជាជីវៈជាគ្រូបង្រៀន។ ជួបជាមួយលោកគ្រូនិងភរិយារបស់លោក អ្នកគ្រូ Nguyen Thanh Mai នៅក្នុងផ្ទះតូចស្អាតមួយដែលពាសពេញទៅដោយភាពកក់ក្ដៅដែលមានទីតាំងស្ថិតនៅផ្លូវ Xo Viet Nghe Tinh តំបន់ ៥ សង្កាត់ An Cu ខ័ណ្ឌ Ninh Kieu នោះយើងបានឃើញដោយផ្ទាល់នូវជីវភាពរស់នៅដ៏កក់ក្តៅរបស់គ្រួសារលោកគ្រូ។ លោកគ្រូ Quoi បានឲ្យដឹងថា ក៏ដូចទៅនឹងឪពុកម្តាយដទៃទៀតដែរ លោកនិងភរិយាមានបំណងប្រាថ្នាតែមួយគត់ប៉ុណ្ណោះ គឺខិតខំខ្នះខ្នែងចិញ្ចឹមបីបាច់កូន ឲ្យបាន “រៀនចប់ចុងចប់ដើម”។ “រៀនចប់ចុងចប់ដើម” មិនត្រឹមតែមានន័យថាការសិក្សាបានល្អ ទទួលបានពិន្ទុខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសីលធម៌ បុគ្គលិកលក្ខណៈ ប្រកបដោយសេចក្តីថ្លៃថ្នូរនិងមានទំនួលខុសត្រូវផងដែរ។ រំលឹកពីដំណើរការនៃការអប់រំអក្សរនិងបុគ្គលិកលក្ខណៈសម្រាប់កូនប្រុសពីរនាក់លោកគ្រូ Quoi បាននិយាយថា លោកនិងភរិយាបានមានការចុះសម្រុងគ្នា និងមើលថែគ្នាដើម្បីឱ្យកូនៗមានភាពកក់ក្តៅក្នុងចិត្ត ទទួលបានការស្រលាញ់ថ្នាក់ថ្នម៖ “ឪពុកម្តាយគឺជាគំរូល្អបំផុតសម្រាប់កូនៗ គំរូមិនត្រឹមតែជាមេរៀនអំពីគុណធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមេរៀនពីស្ថានភាពជាក់ស្តែងទៀតផង។ នោះមានន័យថា ឪពុកម្តាយត្រូវចេះទប់កំហឹងរបស់ខ្លួន ប្រសិនបើយើងស្តីបន្ទោសកូនៗ ពួកគេនឹងធ្វើត្រាប់តាមយើងបេះបិតនៅពេលក្រោយដែរ។ ម្លោះហើយ ក្រុមគ្រួសារដែលឪពុកម្តាយរស់នៅដោយសុភមង្គល ចេះស្រឡាញ់កូនៗ ពិតណាស់ថា នឹងបង្កើតបរិយាកាសសុខដុមរមនា្យក្នុងគ្រួសារដើម្បីកូនៗធ្វើតាមដែរ”។
គ្រួសាររបស់លោក Quoi។ |
អ្នកគ្រូ Nguyen Thanh Mai ភរិយាលោកគ្រូ Quoi វាចាយ៉ាងសុភាពរាបសារថា រស់នៅជាមួយគ្នាអស់ រយៈពេល ៥០ ឆ្នាំមកហើយ យើងពីរនាក់ជួបការលំបាក់មិនតិច តូចទេ ប៉ុន្តែលោកគ្រូ Quoi នៅតែស្រលាញ់អ្នកគ្រូនិងមើលថែកូនរៀនចប់ចុងចប់ដើម ក្លាយទៅជាមនុស្សមានប្រយោជន៍សម្រាប់សង្គម។
“ខ្ញុំមានកូនប្រុសពីរនាក់ ម្នាក់ជាគ្រូបង្រៀននៅសកលវិទ្យាល័យបច្ចេកវិទ្យាទីក្រុងហូជីមិញ និងម្នាក់ទៀតធ្វើការនៅសាកលវិទ្យាល័យ Can Tho។ ខ្ញុំមានអារម្មណ៍ថាមានសំណាងណាស់។ ខ្ញុំសង្ឈឹមថា ពីរនាក់ប្តីប្រពន្ធនឹងមានសុខភាពល្អ ដើម្បីរស់នៅជាមួយកូនចៅគឺជាការប្រសើរណាស់ហើយ”។
អស់រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ លោកគ្រូនិងអ្នកគ្រូមិនត្រឹមតែថែទាំកូនខាងសំភារៈប៉ុណ្ណោះទេ ថែមទាំងទូន្មានអប់រំកូនៗ និងធ្វើជាបង្អែកស្មារតីសម្រាប់កូនៗ ពេលដែលពួគគេជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ កូនប្រុសទាំងពីររបស់លោកគឺសុទ្ធតែទទួលជោគជ័យក្នុងជីវិត។ បច្ចុប្បន្ន កូនបុរសច្បងរបស់លោកគឺលោក Nguyen Doan Duy ធ្លាប់រៀនបណ្ឌិតនៅសាកលវិទ្យាល័យម៉ុនភឺលលីយ (បារាំង) បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាចំណីអាហារនៃសាកលវិទ្យាល័យបច្ចេកវិទ្យាហូជីមិញ។ កូនប្រុសពៅគឺលោក Le Nguyen Doan Khoi បញ្ចប់បណ្ឌិតនៅសកលវិទ្យាល័យ Groningen (នៃព្រះរាជាណាចក្រហុលឡង់) បច្ចុប្បន្ននេះជាអនុប្រធានការិយាល័យគ្រប់គ្រងវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Can Tho។ ទោះបីជាកូនៗ របស់លោកគ្រូ សុទ្ធតែមានគ្រួសាររៀងៗខ្លួន ហើយជាប់រវល់នឹងការងារប្រចាំថ្ងៃក៏ដោយ ក៏ប៉ុន្តែ ពួកគេតែងតែមកសួរសុខទុកលោកគ្រូជាញឹកញាប់ដែរ។
លោក Le Nguyen Doan Khoi ជាកូនប្រុសពៅរបស់លោក Quoi បានចែករំលែកថា៖ គ្រួសាររបស់លោកនៅជិតផ្ទះឪពុកម្តាយខ្លួន ម្លោះហើយ លោកក៏ងាយស្រួលក្នុងការមើលថែអាហារជូនឪពុកម្តាយរាល់ថ្ងៃដែរ។ មេរៀនធំបំផុតដែលលោកបានរៀនពីឪពុកម្តាយ គឺរស់នៅនិងធ្វើការដោយយកចិត្តទុកដាក់ ហើយឪពុកលោកតែងតែណែនាំដាស់តឿនឲ្យកូនៗចេះជួយមនុស្សនៅជុំវិញខ្លួន។ លោក Khoi មានមោទនភាពខ្លាំងចំពោះឪពុកខ្លួន ហើយប្តេជ្ញាធ្វើតម្រាប់តាមគុណសម្បត្ដិដ៏ល្អៗ របស់ឪពុកផងដែរ៖ “ឪពុកខ្ញុំក៏តែងតែនិយាយដែរថា ក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវយល់ដឹងថា ថ្ងៃណាក៏ដូចថ្ងៃដំបូងដែរ។ សម្រាប់ប្រពន្ធ កូនៗ ក៏ដូចគ្នាដែរ តែងតែដាក់សេចក្តីស្រឡាញ់របស់ខ្លួនទៅលើគ្រួសារ។ ជាពិសេស នៅពេលមានកូនហើយ ស្វាមីនិងភរិយាកាន់តែមានភាពជិតស្និទ្ធស្រឡាញ់នឹងគ្នាច្រើនជាងទៀត។ ខ្ញុំបានរៀនពីឪពុកខ្ញុំអំពីសេចក្តីស្រឡាញ់ក្នុងគ្រួសារ។ គ្រប់ពេលវេលា ឪពុកខ្ញុំតែងតែយកពេលបាយក្នុងគ្រួសារជាបញ្ហាសំខាន់បំផុត លើកលែងតែការធ្វើដំណើរទៅកន្លែងធ្វើការ បើមិនដូច្នេះទេគាត់តែងតែបរិភោគជាមួយគ្រួសារទាំងអាហារថ្ងៃត្រង់និងពេលល្ងាចជារៀងរាល់ថ្ងៃផងដែរ”។
អ្នកជិតខាងមិនត្រឹមតែគោរពគ្រួសាររបស់លោកគ្រូ Le Van Quoi គឺជា “គ្រួសាររបស់បណ្ឌិត” ប៉ុណ្ណោះទេ ថែមទាំងដោយសារតែជីវិតសុខដុមរមនានិងរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នាផងដែរ។ លោកស្រី Ly Thi Thanh Viet នៅខ័ណ្ឌ Ninh Kieu បានឲ្យដឹងថា គ្រួសាររបស់លោក Quoi តែងតែធ្វើគំរូល្អចំពោះការប្រតិបត្តិបទបញ្ជារបស់ប្រទេសជាតិ។ ជាពិសេសសមាជិកនៃក្រុមគ្រួសាររបស់លោក Quoi តែងតែរស់នៅដោយក្តីស្រឡាញ់រាប់អានគ្នាដែរ៖ “ក្រុមគ្រួសាររបស់លោកគ្រូតែងតែគាំទ្រដល់មូលដ្ឋានក្នុងសកម្មភាពសិក្សារៀនសូត្រ លើកកម្ពស់ទេពកោសល្យ។ កូនៗ របស់លោកសុទ្ធតែទទួលបានជោគជ័យសូម្បីតែកូនប្រសាររបស់លោកក៏ជាគ្រូបង្រៀនដែរ។ ដោយហេតុនេះអាចឃើញថា មនុស្សម្នាក់ទទួលបានការអប់រំនៅក្នុងគ្រួសារយ៉ាងដូចម្ត៉េចទើបសម្រេចបានជោគជ័យ”។
លោកគ្រូ Le Van Quoi នៅតែជឿជាក់ថា ក្រុមគ្រួសារដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតលក្ខណៈសម្បត្តិរបស់កូនៗ។ ម្លោះហើយ ក្រុមគ្រួសាររបស់លោកគ្រូតែងតែការពារនិងលើកកម្ពស់គុណតម្លៃនៃវប្បធម៌ប្រពៃណីនិងក្រមសីលធម៌ល្អ។ នេះពិតជាគំរូដ៏ភ្លឺចិញ្ចាចសម្រាប់គ្រួសារជាច្រើនទៀតដែលត្រូវយកតម្រាប់តាមផងដែរ៕