ទីក្រុងហូជីមិញធ្វើសាកពិសោធន៍គំរូនៃការពិនិត្យជំងឺពីចម្ងាយ
(VOVWORLD) - ការពិនិត្យនិងព្យាបាលជំងឺពីចំងាយ គឺជាតម្រូវការជាក់ស្តែងក្នុងការងារថែទាំសុខភាពរបស់ប្រជាជន ជាពិសេសសម្រាប់ជនចាស់ជរានិងមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។ ជាពិសេស ក្នុងអំឡុងពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩ តម្រូវការនេះ កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់។ ផ្អែកលើមូលដ្ឋានកម្មវិធីដែលមានស្រាប់ នាពេលថ្មីៗនេះ មណ្ឌលសុខភាពសង្កាត់ Go Vap នៃទីក្រុងហូជីមិញ បានស្រាវជ្រាវនិងអនុវត្តសាកពិសោធន៍នូវគំរូថែទាំសុខភាព ព្យាបាលជំងឺតាមគេហដ្ឋាន ដោយហេតុនេះ បានជួយពង្រឹងការជឿទុកចិត្តរបស់ប្រជាជនទៅលើវិស័យសុខាភិបាលរបស់មូលដ្ឋាន។
គិលានុបដ្ឋាយិកាមកដល់កន្លែងដើម្បីពិនិត្យសុខភាព |
លោកស្រី Nguyen Thi Nu អាយុ ៦១ ឆ្នាំ នៅឃុំ ១៦ ខ័ណ្ឌ Go Vap នៃទីក្រុងហូជីមិញ មានជំងឺលើសឈាមនិងឈឺសន្លាក់ជង្គង់ ដែលធ្វើឱ្យលោកស្រីពិបាកដើរ។ ក្នុងប៉ុន្មានខែថ្មីៗនេះ លោកស្រី Nu បានគិលានុបដ្ឋាយិកានៅឯស្ថានីយ៍សុខភាពឃុំ ១៦ មកដល់ផ្ទះ ជួយពិនិត្យជំងឺ វាស់សម្ពាធ ឈាម និងយកគំរូតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ បន្ទាប់មក ព័ត៌មានអំពីសុខភាពរបស់លោកស្រី ត្រូវបានគិលានុបដ្ឋាយិកាជូនដល់វេជ្ជបណ្ឌិត។ លទ្ធផលគ្លីនិក ត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័ស ហើយវេជ្ជបណ្ឌិតធ្វើការណែនាំបន្ថែមទៀតនិងចេញវេជ្ជបញ្ជាថ្នាំតាមរយៈថេប្លេត។ វេជ្ជបញ្ជាថ្នាំនឹងត្រូវបញ្ជូនទៅផ្ទះលោកស្រី Nu ផ្ទាល់។ លោកស្រី Nu បានឲ្យដឹងថា៖
“គឺងាយស្រួលណាស់ មិនបាច់ទៅដល់មន្ទីរពេទ្យទេ ហើយក៏មិនចាំបាច់រៀបជាជួរដើម្បីរងចាំគ្រូពេទ្យហៅឈ្មោះទេ ត្រឹមតែទូរស័ព្ទហើយមានគ្រូពេទ្យឬគិលានុប្បដ្ឋាយិកាមកភ្លាម។ យើងមានអាយុច្រើនហើយ ដើរដុនដាបណស់ ទៅដល់ណាក៏ត្រវជិះកង់ហើយមិនអាចដើរបានឆ្ងាយទេ សន្លាក់របស់ខ្ញុំឈឺចាប់។ ទទួលបានការពិនិត្យសុខភាពតាមផ្ទះគឺល្អណាស់ ហើយគិលានុបដ្ឋាយិកាគឺរួសរាយរាក់ទាក់ណាស់”។
វេជ្ជបណ្ឌិត Nguyen Thi Thuong ប្រធានមណ្ឌលសុខភាពសង្កាត់លេខ ១៦ ខ័ណ្ឌ Go Vap បានឲ្យដឹងថា អ្នកជំងឺ Nguyen Thi Nu ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលទទួលបានអាទិភាពពិនិត្យសុខភាពតាមនៅផ្ទះ ហើយបានទទួលក្រាហ្វិកព្យាបាលតាមស្តង់ថា ឆ្លើយតបបានល្អចំពោះថ្នាំ ដូច្នេះមិនចាំបាច់ទៅគ្លីនិកសុខភាពឬទៅមន្ទីរពេទ្យយកថ្នាំឡើយ។
បើយោងតាមលោកស្រីវេជ្ជបណ្ឌិត Thuong ក្នុងមួយថ្ងៃ ស្ថានីយ៍សុខភាពធ្វើការពិនិត្យសុខភាពបន្ទាន់ដល់ប្រជាជន ២០-៣០ នាក់ ខណៈពេលដែលស្ថានីយនេះមានតែវេជ្ជបណ្ឌិត ២ នាក់ប៉ុណ្ណោះ ដូច្នេះ វេជ្ជបណ្ឌិតតានតឹងក្នុងអារម្មណ៍ណាស់ ហើយអ្នកជំងឺត្រូវរង់ចាំយូរទៀតផង។ ដូច្នេះ គិលានុបដ្ឋាយិកានឹងចុះដល់ផ្ទះប្រជាជនដោយផ្ទាល់ តភ្ជាប់ជាមួយវេជ្ជបណ្ឌិតពីចម្ងាយ ដើម្បីទទួលការសាកសួរពីសុខភាពរបស់អ្នកជំងឺនិងដាក់ចេញវេជ្ជបញ្ជាថ្នាំ៖
“ជាមួយនឹងគំរូនេះ យើងអាចអង្គុយនៅកន្លែង ហើយធ្វើការពិនិត្យផ្ទាល់អ្នកជំងឺផងដែរ។ នៅពេលដែលមានកាលវិភាគទៅកាន់កន្លែងស្នាក់នៅ បុគ្គលិកគិលានុប្បដ្ឋាយិកានឹងទូរស័ព្ទមក ហើយយើងនឹងអង្គុយពិនិត្យផ្ទាល់។ យើងនឹងភ្ជាប់ទូរសព្ទជាមួយថ្នាក់លើ ដូចជាមណ្ឌលសុខភាពស្រុក មន្ទីរពេទ្យស្រុក ដើម្បីជួយពិនិត្យជំងឺភ្លាមៗ។ វិធីពិនិត្យជំងឺពីចម្ងាយងាយស្រួលណាស់ ហើយអ្នកជំងឺពេញចិត្តនឹងគំរូនេះផងដែរ”។
គ្រូពេទ្យកំពុងពិនិត្យជំងឺពីចម្ងាយ |
លោកវេជ្ជបណ្ឌិត Nguyen Trung Hoa ប្រធានមណ្ឌលសុខភាពខ័ណ្ឌ Go Vap បានឲ្យដឹងថា ចាប់ពីខែមីនាឆ្នាំ ២០២០ មជ្ឈមណ្ឌលបានសាកពិសោធន៍គំរូត្រួតពិនិត្យនិងព្យាបាលជំងឺពីចម្ងាយ តាមរយៈប្រព័ន្ធ telemedicine សម្រាប់ប្រជាជននៅតាមមូលដ្ឋាន។ លោកវេជ្ជបណ្ឌិត Hoa បានចាត់ទុកថា គំរូពិនិត្យសុខភាពពីចម្ងាយនឹងជួយអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ដែលមិនឆ្លង អាចត្រូវបានគ្រប់គ្រងជាបណ្តើរៗ នៅតាមស្ថានីយ៍សុខាភិបាល ដោយកាត់បន្ថយបន្ទុកសម្រាប់មន្ទីរពេទ្យខ្សែខាងលើ៖
“គំរូនេះមានអត្ថប្រយោជន៌ខ្លាំងណាស់ ហើយឈានដល់កម្រិត គឺយើងនឹងធ្វើការព្យាបាលដើម្បីការពារជំងឺ មានន័យថា នៅពេលយើងព្យាបាលអ្នកជំងឺសម្រាប់សហគមន៍យ៉ាងដូចម្ត៉េច។ ជាពិសេស សម្រាប់ជំងឺឆ្លងដូចជា ជំងឺគ្រុនឈាម ដៃជើងនិងមាត់ឬជំងឺផ្តាសាយ យើងនឹងរកឃើញវា មុនពេលវាឆ្លងរាលដាលដល់សហគមន៍”។
គំរូពិនិត្យនិងព្យាបាលសុខភាពពីចម្ងាយបានរួមចំណែកបំពេញគម្លាតដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន នៅក្នុងការថែរក្សាបឋមសម្រាប់ប្រជាជននៅតាមស្ថានីយ៍សុខាភិបាល។ ជាពិសេសគំរូនេះ បានឆ្លើយតបនឹងតម្រូវការថែរក្សាសុខភាពតាមគេហរដ្ឋាន សម្រាប់មនុស្សចាស់។ ការពិនិត្យជំងឺពីចម្ងាយក៏ជួយធានាបានលក្ខណៈបន្ត ក្នុងការព្យាបាលនៅមន្ទីរពេទ្យនិងការថែទាំសុខភាពបឋមរបស់សហគមន៍ផងដែរ៕