ទីក្រុងហាណូយអនុវត្តន៍ប្រកបដោយភាពបត់បែននូវសកម្មភាពជួយឧបត្ថម្ភប្រជាជនក្រោយពីជំងឺរាតត្បាត
(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩ និងអនុវត្តវិធានការរក្សាគម្លាតសង្គមធ្វើឱ្យប្រជាជនជាច្រើននៅទីក្រុងហាណូយជួបការលំបាកយ៉ាងខ្លាំង។ ដើម្បីធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ប្រជាជនបន្ទាប់ពីជំងឺរាតត្បាត អាជ្ញាធរក្រុងគ្រប់លំដាប់ថ្នាក់ កំពុងអនុវត្តន៍ជាបណ្តើរៗនូវការជួយឧបត្ថម្ភជាក់ស្តែងសម្រាប់ប្រជាជន។
ស្ថាប័នគ្រប់កម្រិតនៅរដ្ឋធានី មានវិធានការជាក់ស្តែងជាច្រើន ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនស្ថិតក្នុងស្ថានភាពលំបាកក្នុងអំឡុងពេលអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយសារជំងឺរាតត្បាត (រូបថត៖ qdndvn) |
ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ទីក្រុងហាណូយបានអនុវត្តន៍ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្របតាមសារាចរណែនាំ លេខ ១៥ របស់រដ្ឋាភិបាល តាមនោះ សកម្មភាពសេដ្ឋកិច្ចសង្គមមួយចំនួនក្នុងទីក្រុងត្រូវបានស្តារឡើងវិញជាបណ្តើរៗស្របតាមស្ថានភាពធម្មតាថ្មី។ អំឡុងពេលរក្សាគម្លាតត្រូវអូសបន្លាយ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជននៃរដ្ឋធានី។ ជាពិសេសសម្រាប់ពលករធ្វើការសេរី ជំងឺរាតត្បាតធ្វើឱ្យពួកគេបាត់បង់ការងារ ហើយមនុស្សជាច្រើននៅតែប្រឈមនឹងការលំបាក។ ហេតុដូច្នេះហើយ បន្ទាប់ពីរយៈពេលនៃការរក្សាគម្លាតសង្គម តាមសេចក្តីណែនាំលេខ ១៦ របស់រដ្ឋាភិបាល ស្រុកនានា នៅតែបន្តអនុវត្តន៍កម្មវិធីសុខុមាលភាពនិងផ្តល់ជំនួយជាច្រើនដល់ប្រជាជន។
នៅខ័ណ្ឌ Nam Tu Liem ពលករនិងសិស្សានុសិស្ស ត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភកញ្ចប់អំណោយសុខុមាលភាពមួយមានតម្លៃ ៤០ ម៉ឺនដុង រួមទាំងរបស់របរប្រើប្រាស់សំខាន់ៗដូចជាអង្ករ ទឹកត្រី បន្លែ។ល។ កញ្ចប់អំណោយមិនត្រឹមតែរួមចំណែកជួយឧបត្ថម្ភ ប្រជាជននៅក្នុងអំឡុងពេលក្រោយការរាតត្បាតប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះប្រជាជនដែលជួបការលំបាកនៅក្នុងតំបន់លំនៅដ្ឋានផងដែរ។
ដោយមានគោលដៅ “មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ” ការអនុវត្តការងារជួយឧបត្ថម្ភប្រជាជនជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ តាមបណ្តាសេចក្តីសម្រេចចិត្តរបស់មជ្ឈិមនិងទីក្រុងហាណូយ ត្រូវបានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមូលដ្ឋានអនុវត្តន៍យ៉ាងឆាប់រហ័ស ជាមួយនឹងការកែតម្រូវមានភាពបត់បែន សមស្របទៅនឹងករណីនីមួយៗ ដើម្បីធានាបាននូវការជួយឧបត្ថម្ភអតិបរមាសម្រាប់ប្រជាជន។ លោក Nguyen Quoc Khanh អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចហាណូយ បានឲ្យដឹងថា៖ “ក្រុមប្រជាជននិងពលករមួយចំនួនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ មិនត្រូវបានរាប់បញ្ចូលក្នុងបទប្បញ្ញត្តិដែលបានចេញផ្សាយនោះទេ ដូច្នេះទីក្រុងមានគោលនយោបាយដោយឡែករបស់ខ្លួន។ ទន្ទឹមនឹងនោះ ទីក្រុងក៏ដឹកនាំកម្មវិធីប្រកបដោយភាពច្នៃប្រឌិត និងមានភាពបត់បែន ដើម្បីជួយឧបត្ថម្ភដល់ពលករដែលមានជួបការលំបាក ជំនះពុះពារគ្រាឆ្លងរាលដាលជំងឹកូវីដ ១៩ នេះ”។
ប្រគល់សម្ភារៈសិក្សាដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនៅខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ (រូបថត៖ tuoitrethudo.com) |
ក្នុងអំឡុងពេលរាតត្បាត កុមារក៏ជាមុខសាញ្ញារងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ជាពិសេសនៅក្នុងសកម្មភាពសិក្សា។ ដោយការយល់ដឹងពីការលំបាករបស់សិស្សានុសិស្ស និងអាណាព្យាបាល សម្ព័ន្ធយុវជនទីក្រុងបានសហការជាមួយអង្គការសម្ព័ន្ធយុវជនមូលដ្ឋាន ដើម្បីអនុវត្តន៍សកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែងជាច្រើន។
នៅស្រុក Hoang Mai កម្មវិធី “ជួយផ្តល់កម្លាំងទៅសាលារៀន ជំនះជំងឺរាតត្បាត” បានកើតមកក្នុងគោលបំណងជួយដល់សិស្សានុសិស្សដែលជួបការលំបាកនៅក្នុងស្រុកឱ្យទទួលបានឧបករណ៍សិក្សាតាមអ៊ីនធឺណិត។ លោកស្រី Nguyen Quynh Trang លេខាសម្ព័ន្ធយុវជនខ័ណ្ឌ Hoang Mai បានឲ្យដឹងថា៖ “យើងបានពិនិត្យនៅក្នុងខ័ណ្ឌ ដើម្បីចងក្រងបញ្ជីសិស្សដែលខ្វះខាតឧបករណ៍សិក្សាតាមអ៊ីនធឺណិត ដោយអនុវត្តន៍កម្មវិធីជួយឧបត្ថម្ភថេប្លេត និងកុំព្យូទ័រលើតុសម្រាប់ពួកគេ។ យើងប្រមូលយកកុំព្យូទ័រចាស់ៗដែលនៅប្រើបានល្អនិងទទួលបានការគាំទ្រពីអ្នកឧបត្ថម្ភ។ យើងបានទិញថេប្លេតថ្មីជាង ២០ គ្រឿងសម្រាប់កុមារ ហើយនឹងបន្តទទួលឧបករណ៍ចាស់ៗ ដើម្បីជួយប្អូនៗ ផងដែរ”។
ការស្ដារឡើងវិញនូវសកម្មភាពផលិតកម្ម ការធានាស្ថិរភាពជីវភាពសម្រាប់ប្រជាជនក្នុងសភាពធម្មតាថ្មី គឺជាកិច្ចការសំខាន់ដែលទីក្រុងហាណូយបានកំណត់នាពេលនេះ។ ក្នុងសម័យប្រជុំលើកទី ២ នីតិកាលទី ១៦ នៃក្រុមប្រឹក្សាប្រជាជននាពេលកន្លងមក ទីក្រុងបានអនុម័តលើសេចក្តីសម្រេចស្តីពីការលើកលែងថ្លៃសិក្សា និងការកាត់បន្ថយថ្លៃសិក្សាគ្រប់កម្រិត បំពេញបន្ថែមប្រាក់ឧបត្ថម្ភសង្គមបន្ថែម។ល។ ទាំងអស់នេះគឺជាគោលនយោបាយដែលជះឥទ្ធិពលផ្ទាល់ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង ហើយទទួលបានការយល់ព្រមខ្ពស់ពីសមាជិកសភានិងម្ចាស់ឆ្នោតរដ្ឋធានីផងដែរ៕