មកដល់តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមទៅទេសចរណ៍ចម្ការ

(VOVWORLD) - នាបច្ចុប្បន្ន ទេសចរណ៍ចម្ការបានក្លាយទៅជារូបសណ្ឋានទេសចរណ៍ដែល ត្រូវបាននិយមចូលចិត្តយ៉ាងខ្លាំងនៅតំបន់ប៉ែកខាង លិចភូមិភាគខាងត្បូងវៀតណាម។ ដើរលេងក្នុងសួនចម្ការរីកលូតលាស់ សម្រាកលំហែកាយក្នុងបរិយាកាស បរិសុទ្ធជាទីគាប់ចិត្ត ហើយបរិភោគផ្លែឈើឈ្ងុយឆ្ងាញ់នៅទីនេះ គឺជាអារម្មណ៍ដ៏សាមញ្ញាផងប៉ុន្តែគួរឲ្យទាក់ទាញទៀតផង។ 
មកដល់តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមទៅទេសចរណ៍ចម្ការ - ảnh 1ទេសភាពក្នុងចម្ការជម្ពូ 

  នាវេលាម៉ោង១០ព្រឹក ចម្ការជម្ពូរបស់លោក Tu ចាប់ផ្ដើមបើកទ្វារទទួលភ្ញៀវទេសចរ។ សួនចម្ការលើផ្ទៃដី២ហិកតារបស់លោក ស្ថិតនៅ Con Au ជាកោះតូចមួយដែលត្រូវបានបង្កើតឡើងដោយល្បាប់ដីសណ្ដនៃទន្លេ Hau ហូរឆ្លងកាត់ទីក្រុង Can Tho ដែលជារដ្ឋធានីតំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។ ដើម្បីមកដល់ចម្ការនេះ ភ្ញៀវទេសចរត្រូវចំណាយពេលវេលាតែ១០នាទី ជិះទូកពីកំពង់ផែ Ninh Kieu ហើយទិញសំបុត្រដោយតំលៃ២៥ពាន់ដុង (ជាង១ដុល្លា) ម្នាក់ ដើម្បីចូលទស្សនានិងហូបផ្លែក្នុងចម្ការ។ ម្ចាស់ចម្ការលោក Tu បានឲ្យដឹងថា ខ្លួនបើកសេវាទេសចរណ៍ចម្ការនេះបានជិត២០ឆ្នាំហើយ។

        “កាលពីប៉ុន្មានឆ្នាំ២០០០ បានផ្ទុះឡើងចលនាបើកសេវាទេសចរណ៍អេកូឡូស៊ី ព្រោះថា អាណិក ជនវៀតណាមនៅឯបរទេសវិលត្រឡប់ទៅទេសចរណ៍យ៉ាងច្រើនកុះករ។ កាលពីនោះខ្ញុំដាំដើមមៀន ប៉ុន្តែដោយសារប្រាក់ចំណូលទាបពេក បានជាផ្លាស់ទៅដាំដើមជម្ពូវិញ។ នាគ្រាដំបូងត្រឹមតែបើកទ្វារសំរាប់បងប្អូន ពួកម៉ាកមកលេងតែប៉ុណ្ណោះ។ តែក្រោយនោះមានអ្នកស្គាល់ដល់ជាច្រើនហើយទើប បើកសេវាទេសចរណ៍ដែរ។ ខ្ញុំបានទាក់ទងជាមួយម្ចាស់ទូកនៅកំពង់ផែ Ninh Kieu ដើម្បីគេដឹកជញ្ជូនភ្ញៀវមកលេងនៅទីនេះ។ ថ្ងៃរវល់បំផុតគឺទទួលភ្ញៀវចំនួន២០០នាក់”។

        សួនចម្ការរបស់លោក Tu ត្រូវបានចែកជា៣ចំណែកតាមរយៈបណ្ដោយហើយលោកបានជីកអូរទឹកតូចៗហូរនៅចន្លោះបណ្ដាចំណែកដីនេះ។ដើមហូបផ្លែត្រូវបានដាំនៅតាមសង្ខាងអូរទឹកនេះ ដើម្បីជួយដើមឈើស្រូបយកទឹកផង ហើយបង្កើតឡើងម្លប់ដ៏ត្រជាក់ត្រជំនៅកណ្ដាលទៀតផង។ ដើមហូបផ្លែភាគច្រើនក្នុងចម្ការគឺដើមជម្ពូ ហើយមានដើមឈើខ្លះមួយចំនួនទៀតដូចជាដើមខ្នុរនិងដើមទឹកដោះគោ។ ក្រៅពីនោះ លោក Tu ក៏បើកភោជនីយដ្ឋានមួយដើម្បីបម្រើភ្ញៀវទេសចរទៀតផង។

មកដល់តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមទៅទេសចរណ៍ចម្ការ - ảnh 2 ភ្ញៀវបេះផ្លែជម្ពូ

        ចង្កោមផ្លែជម្ពូទុំពណ៌ក្រហមឆើតធ្វើឲ្យយុវជន Manh Tuan និងកញ្ញា Hong Nhung ដែលជាភ្ញៀវទេសចរវ័យក្មេងពីរនាក់មកពីរដ្ឋធានីហាណូយ មានអារម្មណ៍ចង់បេះហូប។ លោក Tu ផ្ដល់ឲ្យ Tuan នូវដំបងឬស្សីតូចមួយ មានប្រវែង៣ម៉ែត្រ ដែលភ្ជាប់ទំពក់ដែកនិងកន្ត្រកតូចមួយនៅលើចុងដំបង។ នេះជាឧបករណ៍ដើម្បីជួយភ្ញៀវទេសចរជ្រើសយកទៅបេះផ្លែឈើដោយខ្លួនឯង។ ក្រោយពីញ៉ាំផ្លែជម្ពូរមួយចំនួនគ្រាប់ កញ្ញា Hong Nhung បានសំណេះសំណាលថា៖

        “ផ្លែជម្ពូនៅទីនេះតូចប៉ុន្តែមានរស់ជាតិផ្អែម ហើយសំបកផ្លែពណ៌ក្រហមឆើតស្អាតណាស់។ ដោយសារដើមជម្ពូត្រូវបានដាំលើដីសណ្ដមានជីជាតិសម្បូរ ដូច្នេះបានជាផ្លែក៏ឆ្ងាញ់ជាងដែរ។ ហើយញ៉ាំផ្លែនៅចំចម្ការយ៉ាងដូច្នេះ គឺមានអនាម័យជាង ព្រោះថាមិនព្រួយបារម្ភផ្លែត្រូវត្រាំក្នុងសារជាតិគីមីឡើយ”។

        ចម្ការដើមឈើហូបផ្លៃយ៉ាងដូច្នេះមានច្រើនណាស់នៅបណ្ដាខេត្តក្រុងប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។ អាចនិយាយដល់ចម្ការធំៗដូចជាចម្ការ My Khanh ចម្ការ Cai Be ចម្ការ Vinh Kim ជាដើម។ ចម្ការធំៗត្រូវបានចែកជាតំបន់ជាច្រើន ហើយតំបន់នីមួយៗ ដាំដើមឈើ មួយប្រភេទខុសពីគ្នា។ ចំណែកចម្ការតូចៗដូចជាចម្ការរបស់លោក Tu វិញគឺត្រឹមតែដាំដើមឈើតែមួយប្រភេទប៉ុណ្ណោះ ដែលចេញផ្លែពេញមួយឆ្នាំសំដៅធានាប្រាក់ចំណូល។ លោក Tu បានសំណេះសំណាលថា៖

        “ដើមជម្ពូគឺចេញផ្លែជារៀងរាល់៣ខែម្ដង។ ប៉ុន្តែកុំឲ្យចម្ការចេញផ្លែដោយព្រមៗគ្នា ព្រោះថាមិនញ៉ាំអស់បាន ហើយមិនមានផ្លែពេញមួយឆ្នាំទេ។ ត្រូវគិតគូរយ៉ាងម៉េចដើម្បីឲ្យចេញផ្លែជាបន្តបន្ទាប់ពេញមួយឆ្នាំ។ ឧទាហរណ៍ថា យើងដាក់ជីឲ្យដើមជម្ពូមួយក្រុមជាមុនសិន ហើយចាំដល់ពេល ដែលក្រុម នេះចេញផ្កាទើបដាក់ជីឲ្យក្រុមមួយផ្សេងទៀត។ ធ្វើយ៉ាងដូច្នេះនឹងមានផ្លែពេញមួយឆ្នាំដើម្បីបម្រើភ្ញៀវ”។

មកដល់តំបន់ប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាមទៅទេសចរណ៍ចម្ការ - ảnh 3 ផ្លែជម្ពូពណ៍ក្រហមឆើតគួរឲ្យទាក់ទាញណាស់

        ភ្ញៀវទេសចរមកទីនេះមិនត្រឹមតែបានទស្សនាទេសភាពស្រស់បំព្រង បរិភោគផ្លែឈើឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងបានស្វែងយល់អំពីបច្ចេកទេសដាំដុះ ស្រោចស្រព ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាកសិករនៅទីនេះទៀតផង។ កញ្ញា Hong Nhung បានឲ្យដឹងថែមទៀតថា៖

        “ទីនេះមានបរិយាកាសស្អាតបរិសុទ្ធ គួរឲ្យគាប់ចិត្តណាស់។ ហើយការជួបសំណេះសំណាលជាមួយប្រជាកសិករ ជួយនាងខ្ញុំបើកទូលាយចំណេះដឹងអំពីផ្លែឈើគ្រប់ប្រភេទ ក៏ដូចជាវិធីសម្គាល់ផ្លែឈើស្អាតនិងផ្លែឈើមានជាតិគីមី។ នាងខ្ញុំគិតថា នេះជារូបសណ្ដានទេសចរណ៍អេកូឡូស៊ីដ៏ល្អមួយចំពោះអ្នកណាដែលមិនមានពេលទំនេជាច្រើន ប៉ុន្តែ ចង់ដកខ្លួនចេញពីភាពអ៊ូអរនិងប្រញាប់ប្រញាល់នៃជីវភាពរស់នៅប្រចាំថ្ងៃ”។

        ជិតដល់វេលាម៉ោង១២ថ្ងៃត្រង់ហើយ។ ឥឡូវនេះ Tuan និង Nhung បានចូលក្នុងភោជនីយកម្មក្នុងចម្ការ។ ក្នុងចង្វាក់ភ្លេងដ៏ពិរោះរណ្ដំនៃចម្រៀង Don Caដ៏ល្បីល្បាញនៅតំបន់ដីនេះ គេនឹងទទួលទានម្ហូបស៊ុបត្រីប្រឃឿដ៏ឈ្ងុយឆ្ងាញ់ជាមុនសិន ទើបចេញវិលត្រឡប់មកវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ