សេចក្ដីស្រឡាញ់វៀតណាមតាមរយៈការសិក្សាភាសាវៀតណាម

(VOVWORLD) -សម័យប្រឡងសមត្ថភាពភាសាវៀតណាមលើកទី ៣ ដែលត្រូវបានសាលាជាន់ខ្ពស់ភាសាបរទេសជប៉ុន ចំណុះសម្ព័ន្ធសមាគមន៍អប់រំមិនយកប្រាក់កម្រៃ Bunsai Gakuen រៀបចំឡើង ទើបនឹងបានប្រព្រឹត្តិទៅនៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន។ 
សេចក្ដីស្រឡាញ់វៀតណាមតាមរយៈការសិក្សាភាសាវៀតណាម - ảnh 1 សម័យប្រឡងសមត្ថភាពភាសាវៀតណាមលើកទី ៣ 

នាបច្ចុប្បន្ននេះ សាលាជាន់ខ្ពស់ភាសាបរទេសជប៉ុន គឺជាអង្គភាពដើមដំបូងតែមួយគត់ ដែលមានមុខងាររៀបចំការប្រឡង និងផ្ដល់វិញ្ញាប័នបត្រសមត្ថភាពភាសាវៀតណាមដល់បេក្ខជននៅទូទាំងប្រទេសជប៉ុន។

សម័យប្រឡងសមត្ថភាពភាសាវៀតណាមលើកទី ៣ ទាក់ទាញការចូលរួមរបស់បេក្ខជនចំនួន ៧០៣ រូប កើនជិតទ្វេដង បើប្រៀបធៀបនឹងបេក្ខជនចំនួន ៣៧៩ រូប ដែលបានចូលរួមការប្រឡងលើកដំបូង កាលពីឆ្នាំ ២០១៧។ បេក្ខជន វ័យចំណាស់ជាងគឺមានអាយុ ៨៣ ឆ្នាំ និងក្មេងបំផុតគឺមានអាយុ ១២ ឆ្នាំ។ បេក្ខជនចូលរួមការប្រឡងនេះគឺជាសិស្សានុសិស្ស និស្សិត មេធាវី និងប៉ូលីស។ លោក Yanagisawa Yoshio ប្រធានក្រុមប្រឹក្សាប្រឡងបានឱ្យដឹងថា សម័យប្រឡងលើកនេះទទួលបានការគាំទ្រយ៉ាងច្រើនកុះកររបស់បេក្ខជនមកពីខេត្ត ក្រុងចំនួន ៣៦ នៅទូទាំងប្រទេសជប៉ុន។ បេក្ខជន និងបេក្ខនារីដែលចូលរួមការប្រឡងគឺភាគច្រើនជាបុគ្គលិកនៃក្រុមហ៊ុននានា និងជាអ្នកដែលទាក់ទិនដល់វៀតណាម។

បេក្ខជន និងបេក្ខនារីដែលចូលរួមការប្រឡងនេះសុទ្ធតែបានចាត់ទុកថា វិញ្ញាសាប្រឡងគឺសក្តិសមនឹងសមត្ថភាពរបស់បេក្ខជននៅកម្រិតនិមួយៗ។ ទន្ទឹមនឹងនេះ ខ្លឹមសារនៃវិញ្ញាសាប្រឡងមាន ចំណេះដឹងជាច្រើនអំពីវៀតណាម អំពីទំនាក់ទំនងរវាងវៀតណាម និងជប៉ុន។ ហេតុដូច្នេះហើយ តាមរយៈវិញ្ញាសានេះ បេក្ខជនក៏យល់ដឹងបន្ថែមអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម។ លោក Mamoru Fujita ជាបុគ្គលិកមួយរូបនៃក្រុមហ៊ុន Itochu បានឲ្យដឹងថា៖

“ខ្ញុំជាបុគ្គលិកមួយរួបនៃក្រុមហ៊ុនជប៉ុន។ ក្រុមហ៊ុនបាន សំណូមពរឲ្យខ្ញុំសិក្សា ភាសាវៀតណាមនៅមហាវិទ្យាល័យជាតិទីក្រុងហាណូយ។ នាឆ្នាំទៅមិញ ខ្ញុំបានរស់នៅ និងសិក្សាភាសាវៀតណាមនៅទីក្រុងហាណូយក្នុងរយៈពេល ៦ ខែ។ ខ្ញុំជក់ចិត្តនឹងវប្បធម៌ និងភាសាវៀតណាម ព្រមទាំងស្រឡាញ់វៀតណាមណាស់។ ខ្ញុំសង្ឃឹមថា ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាថែមទៀត ហើយមានប្រជាជនជប៉ុនសិក្សាភាសាវៀតណាម និងស្វែងយល់អំពីវប្បធម៌វៀតណាមឲ្យកាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ”។

សេចក្ដីស្រឡាញ់វៀតណាមតាមរយៈការសិក្សាភាសាវៀតណាម - ảnh 2 លោក Ise Yoji ប្រធានសម្ព័ន្ធសមាគមអប់រំមិនរកប្រាក់កម្រៃ Busai Gakuen និងជានាយកសាលាជាន់ខ្ពស់ភាសាបរទេសជប៉ុន

ចំណែកឯលោក Ise Yoji ប្រធានសម្ព័ន្ធសមាគមអប់រំមិនរកប្រាក់កម្រៃ Busai Gakuen និងជានាយកសាលាជាន់ខ្ពស់ភាសាបរទេសជប៉ុន បានឲ្យដឹងថា៖ នាប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនេះ តម្រូវការសិក្សភាសាវៀតណាមរបស់ប្រជាជនជប៉ុនបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុដូច្នេះហើយ សម័យប្រឡងសម្ថភាពភាសាវៀតណាមបានឆ្លើយតបនឹងបំណងប្រាថ្នាសិក្សាភាសាវៀតណាមរបស់ប្រជាជនជប៉ុន ក៏ដូចជាជនបរទេសនៅជប៉ុនផងដែរ។ លោក Ise Yoji បានសំណេះសំណាលថា៖

"ចំនួនបេក្ខជន ដែលចូលរួមសម័យប្រឡងសមត្ថភាពភាសាវៀតណាមលើកទី ៣ បានកើនឡើង ពីព្រោះថាទំនាក់ទំនងរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ម៉្យាងវិញទៀត ជនបរទេស ក៏ដូចជាជនវៀតណាមបានទៅកាន់ជប៉ុនកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ"។

ចំណែកឯលោក Pham Quang Hung លេខាទី ១ ទទួលបន្ទុកការអប់រំ នៃស្ថានទូតវៀតណាមប្រចាំនៅជប៉ុនបានអះអាងថា៖

"នាប៉ុន្មានឆ្នាំថ្មីៗនេះ ចលនាសិក្សាភាសាជប៉ុនរបស់ប្រជាជនជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ យើងអាចបែងចែកអ្នកដែលសិក្សាភាសាវៀតណាមដូចតទៅ៖ ទីមួយគឺ និស្សិតដែលសិក្សាភាសាវៀតណាមនៅដេប៉ាតឺម៉ង់ភាសាវៀតណាមនានានៃបណ្ដាមហាវិទ្យាល័យ។ និស្សិតទាំងនេះ សុទ្ធតែជក់ចិត្តនឹងភាសាវៀតណាម ហើយមានបំណងចង់ធ្វើការងារដែលទាក់ទិនដល់វៀតណាមនាពេលខាងមុខ។ ទីពីរគឺ នាបច្ចុប្បន្ននេះ ចំនួនប្រជាជនវៀតណាមនៅជប៉ុនបានកើនឡើងយ៉ាងខ្លាំង។ ហេតុដូច្នេះហើយ បណ្ដាស្ថាប័ន និងអាជ្ញាធរមូលដ្ឋានជប៉ុនបានចាប់ផ្ដើមផ្ដោតការយកចិត្តទុកដាក់ជួយឧបត្ថម្ភ
ដល់ជនបរទេស អំពីជីវភាពរស់នៅតាមរយៈភាសារបស់ប្រទេសនេះ។ ឧទាហរណ៍គឺមានការណែនាំជាភាសាវៀតណាមសម្រាប់ប្រជាជនវៀតណាមនៅពេលមានបញ្ហាកើតឡើង។ ហេតុដូច្នេះហើយតំរូវការចេះភាសាវៀតណាមរបស់ប្រជាជនជប៉ុនគឺធំធេងណាស់"។

ដើម្បីលើកទឹកចិត្តដល់ប្រជាជនជប៉ុនក្នុងការសិក្សាភាសាវៀតណាមនោះ រដ្ឋាភិបាលវៀតណាម និងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនក៏ចាំចាច់ត្រូវបង្កើនការជួយឧបត្ថម្ភ ដើម្បីធ្វើឲ្យការប្រឡងនេះមានលក្ខណៈសត្យានុម័តខ្ពស់ ហើយវាយតម្លៃដ៏ត្រឹមត្រូវអំពីសមត្ថភាពរបស់បេក្ខជន ព្រមទាំងរួមសហការជាមួយដេប៉ាតឺម៉ង់ភាសាវៀតណាមនៃបណ្ដាមហាវិទ្យាល័យវៀតណាម សំដៅលើកកម្ពស់ថែមទៀតនូវគុណភាពនៃសម័យប្រឡងនេះ។ តាមផែនការ សម័យប្រឡងសមត្ថភាពភាសាវៀតណាមលើកទី ៤ នឹងត្រូវបានរៀបចំឡើងនាចុងខែមិថុនាឆ្នាំ ២០២០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ