ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រ អ៊ីម៉ែលនិងទូរស័ព្ទចំនួន៣៦៥មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៥ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដល់មតិយោបល់និងមនោសញ្ចេតនារបស់មិត្តអ្នកស្ដាប់ទាំងអស់សម្រាប់កម្មវិធី។
ដោយមានការយកចិត្តទុកដាក់ដល់ការព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ នៅទីក្រុងហូជីមិញ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានចោទសំណួរសួរថា៖ “វីរុសបំប្លែង Delta ពិតជាបញ្ហាប្រឈមដ៏ធំធេងមិនត្រឹមតែចំពោះកម្ពុជា វៀតណាមប៉ុណ្ណោះទេ ថែមទាំងតំបន់អាស៊ានទាំងមូលទៀតផង ជាពិសេសគឺប្រព័ន្ធសុខាភិបាល។ សារព័ត៌មាននៅកម្ពុជាក៏ធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់អំពីស្ថានភាពកូវីដ ១៩ នៅវៀតណាមផងដែរ។ នៅពេលដែលចំនួនអ្នកជម្ងឺកូវីដ ១៩ នៅទីក្រុងហូជីមិញបានកើនហួសពី១សែននាក់ តើការព្យាបាលសម្រាប់អ្នកជម្ងឺត្រូវបានអនុវត្តន៍យ៉ាងដូចម្ដ៉េចដើម្បីកាត់បន្ថយសម្ពាធទៅលើប្រព័ន្ធសុខាភិបាល?”
ក្រុមវេជ្ជបណ្ឌិតកំពុងព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ ដ៏ធ្ងន់ធ្ងរម្នាក់នៅជាន់ទី៥ ក្នុង ទម្រង់ព្យាបាល៥ជាន់។ (រូបថត៖ VOV) |
មិត្ត ស៊ុន ផល និងប្រិយមិត្តទាំងអស់ជាទីមេត្រី! ដើម្បីជៀសវាងស្ថានការណ៍ហួសសមត្ថភាពលើប្រព័ន្ធមន្ទីរពេទ្យនៅខ្សែត្រៀមជួរមុខ ក៏ដូចជាធានាលក្ខណៈសម្រាកព្យាបាលល្អបំផុតសម្រាប់អ្នកជម្ងឺកូវីដ ១៩ នោះ ទីក្រុងហូជីមិញបានដំណើរការបែងចែកអ្នកជម្ងឺតាមទម្រង់ព្យាបាល ៥ ជាន់។ ជាន់ទី១សម្រាប់ករណី F0 ដែលគ្មានអាការៈ គ្មានជម្ងឺរាំរ៉ៃ ឬជម្ងឺធាត់ជ្រុល ត្រូវបានធ្វើចត្តាឡីស័កនៅតាមមូលដ្ឋាននានាលើភូមិសាស្ត្រខ័ណ្ឌ ស្រុក។ ជាន់ទី២គឺមន្ទីរពេទ្យបណ្ដោះអាសន្នទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលជាករណី F0 ទើបបានរកឃើញក្នុងសហគមន៍ ត្រូវបានពិនិត្យនិងបញ្ជូនមកពីជាន់ទី១។ ជាន់ទី៣គឺមន្ទីរពេទ្យពហុព្យាបាលលំដាប់ទី២ ត្រូវបានផ្ទេរប្ដូរមុខងារទៅជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ ១៩ ដោយទទួលព្យាបាលករណីមានអាការៈកម្រិតមធ្យមនិងធ្ងន់ធ្ងរ ហើយសង្គ្រោះបន្ទាន់ករណីមួយចំនួនដែលវិវឌ្ឍន៍យ៉ាងធ្ងន់ធ្ងរផងដែរ។ ជាន់ទី៤គឺមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដោយមានជម្ងឺរាំរ៉ៃធ្ងន់ធ្ងរ ហើយសង្គ្រោះបន្ទាន់ (ដូចជាដាក់ម៉ាស៊ីនជំនួយដកដង្ហើម ឬលាង ឈាមជាប្រចាំ) ចំពោះករណីធ្ងន់ធ្ងរ។ ចំណែកឯជាន់ទី៥ គឺមន្ទីរពេទ្យសង្គ្រោះបន្ទាន់អ្នកជម្ងឺកូវីដ ១៩ ដែលត្រូវបានបំពាក់ឧបករណ៍ មធ្យោបាយសង្គ្រោះបន្ទាន់ទំនើបយ៉ាងគ្រប់គ្រាន់ មានភារកិច្ចសង្គ្រោះបន្ទាន់ករណី F0 ធ្ងន់ធ្ងរបំផុត។ ក្រៅពីនោះ ទីក្រុងហូជីមិញក៏បានកៀងគរមន្ទីរពេទ្យឯកជនចូលរួមការងារព្យាបាលដើម្បីកាត់បន្ថយសម្ពាធទៅលើប្រព័ន្ធសុខាភិបាលសាធារណៈទៀតផង។
ពាក់ព័ន្ធដល់ស្ថានភាពវ៉ាក់សាំង មិត្តអ្នកស្ដាប់ សំ សាលី និស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយ មានបំណងចង់បានស្ដាប់ព័ត៌មានថ្មីៗបំផុតស្ដីពីដំណើរការចាក់វ៉ាក់សាំងនៅវៀតណាម ក៏ដូចជាការផលិតវ៉ាក់សាំងក្នុងប្រទេស។
វ៉ាក់សាំងបង្ការកូវីដ ១៩ Nanocovax ផលិតដោយវៀតណាមកំពុងឆ្លងកាត់ដំណាក់កាលសាកល្បងចុងក្រោយ។ |
មិត្ត សំសាលីនិងមិត្តអ្នកស្ដាប់ជាទីមេត្រី! គិតត្រឹមបច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជិត១០លានដូសត្រូវបានចាក់ជូនប្រជាពលរដ្ឋនៅវៀតណាមរួចរាល់ហើយ ក្នុងនោះ ប្រជាពលរដ្ឋជាង៩០ម៉ឺននាក់ទទួលបានការចាក់វ៉ាក់សាំងគ្រប់២ដូស។ ពាក់ព័ន្ធដល់ការផលិតវ៉ាក់សាំងក្នុងប្រទេសវិញ ស្ថាប័នមានសមត្ថកិច្ចវៀតណាមនាពេលថ្មីៗនេះ បានដំណើរការវាយតម្លៃចំពោះដំណាក់កាលទី១និងទី២នៃការសាកល្បងគ្លីនិកវ៉ាក់សាំង Nanocovax លើមនុស្ស។ ក្រុមអ្នកវិទ្យាសាស្ត្រមានការវាយតម្លៃក្រោយពីការសាកល្បងជាច្រើនលើកច្រើនសារមក វ៉ាក់សាំង Nanocovax បានផលិតអង្គបដិប្រាណបន្សាបខ្ពស់ជាងទ្វេដងបើធៀបនឹងអ្នកជម្ងឺបានជាសះស្បើយ ពោលគឺមានប្រសិទ្ធភាពឡើងដល់ទៅ៩០% ក្នុងការការពារអាការៈនៃជម្ងឺកូវីដ ១៩។ នាបច្ចុប្បន្ន វ៉ាក់សាំង Nanocovax កំពុងឆ្លងកាត់ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃការសាកល្បងគ្លីនីកលើមនុស្ស។ សំដៅពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងលើទូទាំងប្រទេស ឆ្ពោះទៅរកភាពស៊ាំសហគមន៍នាដើមឆ្នាំ២០២២នោះ វៀតណាមបានខិតខំកាត់បន្ថយជាអតិបរមានូវបែបបទរដ្ឋបាល បង្កគ្រប់លក្ខណៈងាយស្រួលទាំងអស់ដល់ដំណើរការស្រាវជ្រាវ ផលិតវ៉ាក់សាំងក្នុងប្រទេស ប៉ុន្តែនៅតែធានាសុវត្ថិភាពនិងលក្ខណៈសត្យានុម័ត។
លោកអ្នកនាងនិងប្រិយមិត្តទាំងអស់ជាទីមេត្រី! រលកទី៤នៃជម្ងឺកូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាជននៅតាមខេត្តក្រុងភាគខាងត្បូងនានា ជាពិសេសគឺទីក្រុង ហូជីមិញ។ ប៉ុន្តែ ប្រឈមនឹងកាលៈទេសៈលំបាកនោះ មានដំណោះស្រាយច្នៃប្រឌិតជាច្រើនត្រូវបានដាក់ឲ្យអនុវត្តន៍ សំដៅរួមដំណើរជាមួយប្រជាជនជំនះពុះពារលើជម្ងឺរាតត្បាត។ ជាទីបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីទម្រង់ “ផ្សារទំនើបមីនីចល័ត” លក់ចំណីអាហារដែលទើបតែបានអនុវត្តន៍នៅទីក្រុងហូជីមិញកាលពីចុងសប្ដាហ៍កន្លងទៅ។
“ផ្សារទំនើបមីនីចល័ត” នៅទីក្រុងហូជីមិញ។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! “ផ្សារទំនើបមីនី” នេះ ស្ថិតនៅលើរថយន្តក្រុង ៥២ កៅអីដែលលក់អាហារស្រស់ៗនិងកែច្នៃជាច្រើនមុខ រួមជាមួយទំនិញប្រើប្រាស់ពេញនិយមនានា ដូចជាបន្លែ ផ្លែឈើ សាច់ ទឹកដោះ ស៊ុត គ្រឿងទេស អង្ករ និងផលិតផលអនាម័យ ជាដើម ដែលត្រូវបានរៀបចំតាមបែបវិទ្យាសាស្ត្រដើម្បីឲ្យអតិថិជនងាយស្រួលជ្រើសរើស។ ជាពិសេស មុខទំនិញទាំងអស់ត្រូវបានលក់ក្នុងតម្លៃអនុគ្រោះឬក្នុងតម្លៃស្ថិរភាពនៃទីផ្សារ។ ប្រជាជនពាក់ម៉ាស់ តម្រង់ជួរ រក្សាគម្លាតសុវត្ថិភាព រង់ចាំវាស់សីតុណ្ហភាពរាងកាយរួចទើបឡើងទិញទំនិញបាន។ លើកនីមួយៗត្រឹមតែអនុញ្ញាតឲ្យមនុស្សប្រមាណ២ដល់៣នាក់ប៉ុណ្ណោះឡើងរថយន្តពីទ្វារខាងមុខហើយចុះពីទ្វារខាងក្រោយ។ ជារៀងរាល់ថ្ងៃ លំហលើរថយន្តត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ ៣ ដង ដើម្បីជួយប្រជាជននឹងនរចិត្តទិញទំនិញ។ នេះជាគំនិតផ្ដួចផ្ដើមដែលត្រូវបានប្រព័ន្ធហាងលក់អាហារ Grove Fresh សហការជាមួយមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញរៀបចំឡើងដើម្បីផ្គត់ផ្គង់អាហារនិងទំនិញចាំបាច់ដល់ទីប្រជុំជនដែលកំពុងខ្វះខាតប្រភពទំនិញ។ ជាមធ្យម “ផ្សារទំនើបមីនី” ចល័តនីមួយៗ អាចបម្រើអតិថិជនប្រមាណ២០០នាក់ក្នុងមួយថ្ងៃ។
លោកអ្នកនាងនិងប្រិយមិត្តជាស្រឡាញ់រាប់អាន! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ដែលត្រូវបានយើងខ្ញុំបសំយោគឡើងវិញក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមវិភាគទានជាមតិយោបល់របស់មិត្តអ្នកស្ដាប់ទាំងអស់។ សំបុត្ររបស់លោកអ្នក សូមផ្ញើរមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀត ណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ Vov5khmer@gmail.com៕