ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជិត ៣៨០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។



ដូចធម្មតា ព័ត៌មានទាក់ទងនឹងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានៅតែជាខ្លឹមសារដែលទាក់ទាញការយកចិត្តទុកដាក់របស់មិត្តអ្នកស្តាប់ជាច្រើន។ ចែករំលែកមតិលើការបើកជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ ជាផ្លូវការនោះ អ្នកស្តាប់ ស៊ុន ផល នៅទីក្រុងភ្នំពេញ បានផ្ញើសំបុត្រដោយសរសេរថា៖ «ជើងហោះហើរត្រង់នេះ ប្រាកដថានឹងរួមចំណែកក្នុងការបង្កើនការតភ្ជាប់រវាងវៀតណាម និងកម្ពុជា ដោយជួយឲ្យប្រជាជននៃ ប្រទេសទាំងពីរបង្កើនការជួបប្រាស្រ័យ ការធ្វើដំណើរកម្សាន្ត លើកកំពស់ការយល់ដឹងគ្នាទៅវិញទៅមក»។ ហើយអ្នកស្តាប់ សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ សង្ឃឹមថា៖ «ជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ មិនត្រឹមតែតភ្ជាប់ដោយផ្ទាល់រវាងប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងនឹងក្លាយជាស្ពាននាំភ្ញៀវទេសចរអន្តរជាតិពីប្រទេសនេះទៅកាន់ប្រទេសផ្សេងទៀត កាន់តែងាយស្រួល តាមនោះជំរុញកម្មវិធីទេសចរណ៍ "ប្រទេសពីរ - គោលដៅតែមួយ"។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1ពិធីកាត់ខ្សែបូរបើកសម្ពោធជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានបើកឲ្យដំណើរការជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ ជាផ្លូវការ ជាមួយនឹងចំនួនជើងហោះហើរ ៤ ជើង/សប្តាហ៍។ ជើងហោះហើរត្រង់ចំណាយពេលវេលាត្រឹមតែ ១ ម៉ោង ៥៥ នាទីប៉ុណ្ណោះ។ មុននេះ អ្នកដំណើរដែលចង់ហោះហើរពីហាណូយទៅភ្នំពេញត្រូវចំណាយពេលជិត៣ម៉ោង ព្រោះត្រូវឆ្លងកាត់នៅទីក្រុងវៀងចន្ទន៍ (ឡាវ)។ ជាមួយនឹងជើងហោះហើរត្រង់ ហាណូយ-ភ្នំពេញ អ្នកដំណើរមានជម្រើសថ្មី ក្រៅពីជើងហោះហើរបច្ចុប្បន្នចំនួន ៤ រវាងវៀតណាម-កម្ពុជានាបច្ចុប្បន្ន រួមមាន៖ ទីក្រុងហូជីមិញ - ភ្នំពេញ; ទីក្រុងហាណូយ/ទីក្រុងហូជីមិញ - សៀមរាប និងហាណូយ - វៀងច័ន្ទ - ភ្នំពេញ។ ចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរក៏ត្រូវបានកើនឡើងដល់ ៨៦ ជើងក្នុងមួយសប្តាហ៍ផងដែរ។ ជើងហោះហើរថ្មីនេះនឹងរួមចំណែកកែលម្អបណ្ដាញតភ្ជាប់និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។ ប្រការនេះក៏ត្រូវបានរំពឹងថានឹងបង្កើតលក្ខខណ្ឌអំណោយផល និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមានតម្រូវការធ្វើដំណើរកម្សាន្តរវាងវៀតណាម និងកម្ពុជាផងដែរ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 2សារមន្ទីរប្រវត្តិសាស្ត្រយោធាថ្មីរបស់វៀតណាមស្ថិតនៅតំបន់មហាវិថី Thang Long សង្កាត់ Tay Mo ខ័ណ្ឌ Nam Tu Liem។

ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី អ្នកស្តាប់ សុគន្ធារិទ្ធ នៅភ្នំពេញ បានសម្ដែងបំណងចង់ស្តាប់ការណែនាំអំពីសារមន្ទីរប្រវត្តិសាស្ត្រយោធា ដែលទើបតែបើកទទួលភ្ញៀវនៅទីក្រុងហាណូយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៥៦ អាស័យដ្ឋានចាស់គឺនៅវិថី Dien Bien Phu ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ មុនពេលត្រូវបានពង្រីក និងសាងសង់ថ្មីនៅតំបន់មហាវិថី Thang Long សង្កាត់ Tay Mo ខ័ណ្ឌ Nam Tu Liem ។ ជាមួយនឹងផ្ទៃដីឡើងដល់ ៣៨៦.៦០០ ម៉ែត្រការ៉េ និងការរចនាបែបទំនើប សារមន្ទីរគឺជាសំណង់វប្បធម៌ដ៏សំខាន់ដែលជានិមិត្តរូបនៃស្មារតីដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាម។ សារមន្ទីរនេះមានកន្លែងតាំងបង្ហាញយ៉ាងល្អិតល្អន់ និងប្រកបដោយភាពច្នៃប្រឌិត ចាប់ពីវត្ថុសាមញ្ញក្នុងសង្គ្រាមដំបូងបង្អស់ រហូតដល់អាវុធទំនើបៗ ដែលនាំអ្នកទស្សនាឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ តាមរយៈប្រធានបទស្នូលចំនួន៦ រួមមាន៖ ការចាប់ផ្ដើមកសាង និងការពារប្រទេសជាតិ ការពារឯករាជ្យពីសម័យស្ដេច Ngo Quyen (ឆ្នាំ ៩៣៩) ដល់សង្រ្គាមប្រឆាំងនឹងអាណានិគមនិយមបារាំង (ឆ្នាំ ១៩៤៥) សង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក (១៩៥៤ – ១៩៧៥) ហើយចុងក្រោយគឺដំណាក់កាលកសាង និងការពារមាតុភូមិពីឆ្នាំ ១៩៧៦ ដល់បច្ចុប្បន្ន។ ចំណុចលេចធ្លោនៃសារមន្ទីរ ក៏ស្ថិតនៅក្នុងការអនុវត្តបច្ចេកវិទ្យាទំនើបៗ ក្នុងការដាក់តាំងបង្ហាញ ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាកាន់តែរស់រវើក និងទាក់ទាញ។ គំរូផែនទី 3D បង្កើតឡើងវិញយ៉ាងល្អិតល្អន់នូវយុទ្ធនាការ និងការប្រយុទ្ធដ៏ល្បីល្បាញ នាំមកនូវអារម្មណ៍ពិតដល់អ្នកទស្សនា។ ប្រព័ន្ធអេក្រង់រកមើលព័ត៌មាន និងការពន្យល់ដោយស្វ័យប្រវត្តិអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់កាន់តែស៊ីជម្រៅអំពីវត្ថុតាំងបង្ហាញនីមួយៗ។ ខ្សែវីដេអូជាង ៦០ និងឯកសារ រូបថតដ៏មានតម្លៃជាច្រើនត្រូវបានចាក់បញ្ចាំង នៅក្នុងតំបន់តាំងបង្ហាញ ដោយផ្តល់នូវព័ត៌មានដ៏រស់រវើកអំពីឥស្សរជនប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ និងយុទ្ធនាការធំៗ។ លើសពីនេះ លំហខាងក្រៅដ៏ធំទូលាយរបស់សារមន្ទីរ ជាកន្លែងដាក់តាំងបង្ហាញមធ្យោបាយយោធាគ្រប់ប្រភេទដូចជា យន្តហោះ រថក្រោះ និងអាវុធទំនើបៗជាច្រើនទៀត ដែលជា "សាក្សី" ផ្ទាល់ក្នុងការតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាម។ សារមន្ទីរ បើកទ្វារជាផ្លូវការសម្រាប់ទទួលភ្ញៀវទេសចរចាប់ពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ចូលទស្សនាដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំនេះ បើកជារៀងរាល់ថ្ងៃនៃសប្តាហ៍ លើកលែងតែថ្ងៃច័ន្ទ និងថ្ងៃសុក្រ។

ដោយសម្ដែងការយកចិត្តទុកដាក់ដល់វិស័យអប់រំនៅប្រទេសវៀតណាម មិត្តអ្នកស្តាប់ សុខ ហេង បានផ្ញើរសំណរថា តើវៀតណាមបច្ចុប្បន្នមានសាកលវិទ្យាល័យណាខ្លះដែលបណ្តុះបណ្តាលផ្នែកបញ្ញាសិប្បនិមិត្តដែរឬនៅ?

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! តាមយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) ដល់ឆ្នាំ២០៣០ រដ្ឋាភិបាលបានដាក់ចេញគោលដៅ នាំ AI ក្លាយជាបច្ចេកវិទ្យាមុខព្រួញ ដោយធ្វើឱ្យវៀតណាមក្លាយជាចំណុចភ្លឺផ្នែក AI នៅក្នុងតំបន់ និងពិភពលោកជាជំហានៗ។ ចាប់តាំងពីឆ្នាំ ២០១៩ មក ការងារជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបញ្ញាសិប្បនិមិត្ត ចាប់ផ្តើមត្រូវបានសាកលវិទ្យាល័យឈានមុខគេនៅវៀតណាមជំរុញយ៉ាងខ្លាំង។ នៅក្នុងរដូវប្រឡងថ្មីៗនេះ បញ្ញាសិប្បនិមិត្តតែងតែស្ថិតនៅក្នុងចំណោមផ្នែកទាក់ទាញបំផុត ជាមួយនឹងពិន្ទុស្តង់ដារខ្ពស់។ យោងតាមការស្ទង់មតិរបស់វិទ្យាស្ថាន ទិន្នន័យធំ នៃសាកលវិទ្យាល័យជាតិហាណូយ ចំនួននិស្សិតដែលសិក្សាមុខជំនាញទាក់ទងនឹងបញ្ញាសិប្បនិមិត្តនៅក្នុងប្រទេសវៀតណាមបានកើនឡើងទ្វេដងក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។ គ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនដែលមានឯកទេសលើមុខជំនាញនេះ ត្រូវបានគេវាយតម្លៃខ្ពស់ចំពោះគុណភាពបង្រៀន ដូចជា៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ មហាវិទ្យាល័យបច្ចេកវិទ្យាព័ត៌មាន សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ សាកលវិទ្យាល័យឧស្សាហកម្មហាណូយ ឬសាកលវិទ្យាល័យ FPT។

ប្រតិកម្មទៅវិញ

ផ្សេងៗ