ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយ ដោយបានទទួលសំបុត្រនិងអ៊ីមែលចំនួន ៩ ពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជិត ៤៨៤ ដែលផ្ញើមកកម្មវិធីផ្សាយសម្លេងនៃគណៈកម្មការផ្សាយសម្លេងជាភាសាបរទេស VOV5។ សូមអរគុណចំពោះការស្រលាញ់រាប់អាននិងការផ្តល់មតិយោបល់ របស់លោកអ្នក។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ មិត្តអ្នកស្តាប់ជាច្រើនបានបង្ហាញពីចំណាប់អារម្មណ៍លើរមណីដ្ឋានទេសចរណ៍របស់ប្រទេសវៀតណាម ហើយសង្ឃឹមថានឹងទៅទស្សនាតំបន់ទាំងនេះដើម្បីទទួលយកបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ដែលពីមុនត្រឹមតែស្គាល់តាមរយៈកម្មវិធីវិទ្យុ តាមរយៈបណ្តាញសង្គមប៉ុណ្ណោះ។ មិត្តអ្នកស្តាប់ជាច្រើនក៏បានបង្ហាញពីចំណាប់អារម្មណ៍នៃវប្បធម៌វៀតណាមតាមរយៈអត្ថបទ និងកម្មវិធីនានានៅលើគេហទំព័រ។
ទិដ្ឋភាពបំពេញបែបបទនៅស្ថានទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ (រូបថត៖ vov.vn) |
ទន្ទឹមនឹងនោះ ព័ត៌មានដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានក្នុងសប្តាហ៍កន្លងទៅ គឺការជួយឧបត្ថម្ភក្នុងការជម្លៀសប្រជាជនវៀតណាមដែលរងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន។ ពីកម្ពុជា មិត្តអ្នកស្តាប់ គង់ រិទ្ធី បានផ្ញើលិខិតមួយច្បាប់ ដោយចង់ស្វែងយល់អំពីជើងហោះហើរគាំពារពលរដ្ឋវៀតណាមពីប្រទេសអ៊ុយក្រែន យើងខ្ញុំសូមជម្រាបជូនប្រិយមិត្តអ្នកស្តាប់ គង់ រិទ្ធី និងប្រិយមិត្តដូចតទៅ៖ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ជើងហោះហើរមនុស្សធម៌ចំនួនពីររបស់រដ្ឋាភិបាលវៀតណាម បាននាំពលរដ្ឋជិត ៦០០នាក់ ពីអ៊ុយក្រែន ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជម្លៀសទៅកាន់ប្រទេសកំណើតវៀតណាមវិញ។ មុខសញ្ញាអាទិភាពគឺកុមារ មនុស្សចាស់ និងមនុស្សដែលមានជំងឺប្រចាំកាយ។ សមាគមវៀតណាមនៅប្រទេសប៉ូឡូញ រួមជាមួយនឹងស្ថានទូត បានជួយប្រជាជនក្នុងការស្នាក់នៅ ជួយបំពេញបែបបទនៅអាកាសយានដ្ឋាន និងរៀបចំមិនទុកកៅអីឲ្យនៅសល់លើជើងហោះហើរឡើយ។ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេសផ្តល់ព័ត៌មានទំនាក់ទំនង សម្រាប់ប្រជាជន វៀតណាមក្នុងការទាក់ទងនៅពេលដែលពួកគេត្រូវការជំនួយ។ ដើម្បីទទួលបានលទ្ធផលនេះ នៅថ្ងៃដែលជម្លោះបានផ្ទុះឡើងនៅអ៊ុយក្រែន លេខាធិការដ្ឋានអចិន្ត្រៃ យ៍បានចេញឯកសារណែនាំ រួមទាំងលក្ខខណ្ឌតម្រូវលើកិច្ចគាំពារពលរដ្ឋវៀតណាម។ អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល គឺធានាសុវត្ថិភាពអាយុជីវិត និងការពារស្របច្បាប់ដល់ប្រជាពលរដ្ឋនិងអាជីវកម្ម វៀតណាមនៅបរទេស។ ក្នុងសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋាភិបាល តែងតែសង្កត់ធ្ងន់លើគោលដៅខ្ពស់បំផុត មិនទុកនរណាម្នាក់ចោលនៅខាងក្រោយឡើយ។
ពីប្រទេសថៃ មិត្តអ្នកស្តាប់ Kasem Thangthong សួរថា តើវៀតណាមរងផលប៉ះពាល់ដោយវិបត្តិរុស្ស៊ី-អ៊ុយក្រែនយ៉ាងណា? យើងខ្ញុំសូមផ្តល់ជូនលោកអ្នកនូវព័ត៌មានដូចខាងក្រោម៖ យោងតាមភ្នាក់ងារទីផ្សារអឺរ៉ុបនិងអាមេរិក ទាំងរុស្ស៊ីនិងអ៊ុយក្រែន គឺជាដៃគូពាណិជ្ជកម្មនិងប្រពៃណីរបស់វៀតណាមនៅអាស៊ីនិងអឺរ៉ុប។ បើនិយាយពីចំណូលពាណិជ្ជកម្មវិញ រុស្ស៊ីជាប់លេខ១ អ៊ុយក្រែនជាប់លេខ៦។ ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមទៅរុស្ស៊ីរួមមាន ទូរសព្ទនិងគ្រឿងបន្លាស់ កុំព្យូទ័រ និងផលិតផលអេឡិចត្រូនិក វាយនភណ្ឌ កាហ្វេ អាហារសមុទ្រ... សម្រាប់ទីផ្សារអ៊ុយក្រែន ផលិតផលនាំចេញសំខាន់ៗរបស់វៀតណាម រួមមាន ទូរសព្ទ និងគ្រឿងបន្លាស់ គ្រឿងសមុទ្រ គ្រឿងម៉ាស៊ីន ស្បែកជើងគ្រប់ប្រភេទ ម៉ាស៊ីនកុំព្យូទ័រ និងផលិតផលអេឡិចត្រូនិក។ ប្រសិនបើជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន បន្តអូសបន្លាយពេលយូរ វាពិតជានឹងប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងប្រទេសទាំងពីរ។ ពោលគឺក្នុងរយៈពេលខ្លី នឹងមានការលំបាកក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម និងឥន្ធនៈ ការទូទាត់កិច្ចសន្យាពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ។ល។ សម្រាប់រយៈពេលមធ្យមនិងរយៈពេលវែង នៅតែមិនទាន់វាយតម្លៃផលប៉ះពាល់បានឡើយ ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអ៊ុយក្រែននឹងរងផលប៉ះពាល់អវិជ្ជមានជាពុំខាន។
ដំណើរទេសចរណ៍អាហារសម្រាប់ភ្ញៀវមួយក្រុមតូច ដែលបានដកពិសោធនូវមុខម្ហូបប្រចាំចំនួន ៨ មុខ ពីបាយចុងអង្ករ Sai Gon ស៊ុបគុយទាវណាំវ៉ាង ដល់បង្អែមនិងអាហារសមុទ្រ (រូបថត៖ vtv.vn) |
មិត្តអ្នកស្តាប់ គីម សំនៀង នៅកម្ពុជា ចង់ស្វែងយល់អំពីដំណើរទេសចរណ៍ម្ហូបអាហារក្នុងទីក្រុងហូជីមិញ សូមជំរាបជូនប្រិយមិត្តដូចតទៅ៖ ថ្មីៗនេះ Tripadvisor -ដែលជាគេហទំព័រទេសចរណ៍ធំជាងគេលើពិភពលោកបានប្រកាសបញ្ជីឈ្មោះ ២៥ កន្លែងលេចធ្លោ សកម្មភាពទេសចរណ៍ក្នុងពិភពលោក បោះឆ្នោតដោយអ្នកធ្វើដំណើរទេសចរណ៍ខ្លួនឯង (ពានរង្វាន់ Tripadvisor Travelers' Choice Award)។ អាស្រ័យហេតុនេះ ដំណើរទេសចរណ៍ដកបទពិសោធន៍អាហារតាមចិញ្ចើមផ្លូវ Saigon ដោយម៉ូតូបានជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងចំណោមសកម្មភាពទេសចរណ៍ឆ្នើមទាំង ២៥ នៅលើពិភពលោក ដែលសក្តិសមសម្រាប់អ្នកចូលចិត្តម្ហូបអាហារ។ យោងទៅតាម Tripadvisor មិនមានវិធីប្រសើរជាជាងការសម្រាបខ្លួនអ្នកនៅក្នុងជីវភាពដ៏រស់រវើកនៃទីក្រុង Saigon តាមរយៈការជិះម៉ូតូទៅទៀត។ រីករាយជាមួយនឹងអារម្មណ៍នៃការធ្វើដំណើរនៅលើផ្លូវដ៏មមាញឹក បន្ទាប់មកបត់ចូលទៅក្នុងផ្លូវលំដែលពោរពេញទៅដោយក្លិនឈ្ងុយនៃអាហារ ដើម្បីរីករាយជាមួយនឹងអាហារតាមចិញ្ចើមផ្លូវជាច្រើននៃទីក្រុង Sai Gon។ មុខម្ហូបដែលភ្ញៀវទេសចរណ៍ពេលមក Saigon គួរតែភ្លក់គឺ បាយក្រៀម នំបញ្ចុក នំបញ្ចុកណាំវ៉ាង បាយឆា បំពង ចេកអាំង សាច់គោអាំង ស្លឹកគ្រៃ ស៊ុបក្តាម ត្រីប្រឡាក់…។ល។
ចំពោះសំបុត្ររបស់អ្នកស្តាប់ Samuel Moukassed Nsinga ដែលសួរថា តើ VOV មានគម្រោងរៀបចំកម្មវិធីប្រកួតជាមួយរង្វាន់ជាដំណើរកម្សាន្តទៅកាន់ប្រទេសវៀត ណាមដែរឬទេ? យើងខ្ញុំសូមជម្រាបជូនលោកអ្នកដូចតទៅ៖ ប៉ុន្មានឆ្នាំកន្លងទៅ VOV បានរៀបចំកម្មវិធីប្រឡងអ្វីដែលអ្នកដឹងអំពីវៀតណាមសម្រាប់អ្នកស្តាប់បរទេសនិងមិត្តអ្នកស្តាប់វៀតណាមនៅឯបរទេស។ ការប្រកួតក៏បានប្រគល់រង្វាន់ និងផ្តល់អំណោយដំណើរកម្សាន្តទៅកាន់ប្រទេសវៀតណាមសម្រាប់បេក្ខជនឆ្នើមផងដែរ។ ដោយសារជំងឺរាតត្បាតក្នុងរយៈពេល ២ ឆ្នាំកន្លងមក ព្រឹត្តិការណ៍បែបនេះត្រូវផ្អាកជាបណ្តោះអាសន្ន។ សង្ឃឹមថានាពេលខាងមុខ នៅពេលដែលជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង ជាមួយនឹងស្ថានភាពធម្មតាថ្មី ព្រឹត្តិការណ៍នានានឹងបន្តប្រព្រឹត្តទៅ ហើយដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាមនឹងបន្តទៀត៕