ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - កាលពីសប្តាហ៍មុន យើងខ្ញុំទទួលបានមតិជាច្រើនពីមិត្តអ្នកស្តាប់ ដែលបង្ហាញពីចំណាប់អារម្មណ៍ចំពោះសកម្មភាពបន្ទាប់ពីរយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅវៀតណាម ជាពិសេសពិធីបុណ្យទាននានា។ 

មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ បានផ្ញើរអត្ថាធិប្បាយមកកាន់កម្មវិធីថា៖ “ខ្ញុំចូលចិត្តតាមដានព័ត៌មានអំពីពិធីបុណ្យនិទាឃរដូវនៅវៀតណាម ដូចជាពិធីបុណ្យវត្តHuong ពិធីបុណ្យ Yen Tu ពិធីបុណ្យភ្នំ Ba Den... ខ្ញុំសង្ឃឹមថានឹងមានឱកាសនាំ គ្រួសារទៅចូលរួមទទួលបទពិសោធន៍នៃពិធីបុណ្យទាំងនេះ”។ ចំណែកឯមិត្តអ្នកស្តាប់ ស៊ុន ផល់ អតីតនិស្សិតខ្មែរនៅសកលវិទ្យាល័យ
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានផ្ញើសំបុត្រមកចែករំលែកថា៖ “ក្នុងរយៈពេលដែលខ្ញុំសិក្សានៅប្រទេសវៀតណាម ខ្ញុំបានចូលរួមពិធីបុណ្យនិទាឃរដូវមួយចំនួន ដូចជាពិធីបុណ្យវត្ត Huong ឬពិធីបុណ្យទួល Dong Da ។ មនុស្សទាំងអស់ជួបជុំគ្នានៅដើមឆ្នាំថ្មី អ្នកណាក៏រីករាយ និងរួសរាយរាក់ទាក់ដែរ។ ខ្ញុំពិតជាចង់ទៅពិធីបុណ្យ Yen Tu ម្តង ប៉ុន្តែគួរឲ្យសោកស្ដាយ ខ្ញុំមិនអាចធ្វើបានទេ។ ឥឡូវនេះក្នុងឱកាសដើមឆ្នាំថ្មី សូមឲ្យបានស្តាប់កម្មវិធីណែនាំអំពីពិធីបុណ្យ Yen Tu ដ៏ល្បីនេះ។ សូមអរគុណ”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1បន្ទាប់ពីផ្នែកពិធីការដ៏ឧឡារិក ដែលបានប្រារព្ធឡើងនៅជើងភ្នំ Yen Tu គឺធម្មយាត្រារបស់ប្រជាជនរាប់ពាន់នាក់ទៅកាន់វត្ត Dong (វត្ត Thien Truc) ដែលស្ថិតនៅលើកំពូលភ្នំនៅកំពស់ជាង ១០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ 

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! និទាឃរដូវគឺជារដូវបុណ្យនៅវៀតណាម។ ពិធីបុណ្យមិនត្រឹមតែជាកន្លែងសម្រាប់ប្រជាជនមានដំណើរកម្សាន្តនាដើមឆ្នាំប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌ និងស្មារតីដ៏សម្បូរបែបរបស់ប្រជាជនវៀតណាម ក៏ដូចជាណែនាំដល់ភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិផងដែរ។ បើនិយាយពីពិធីបុណ្យនិទាឃរដូវ យើងមិនអាចរំលងពិធីបុណ្យ Yen Tu ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅមជ្ឈមណ្ឌលវប្បធម៌ Truc Lam Yen Tu ទីក្រុង Uong Bi ខេត្ត Quang Ninh បានឡើយ។ ពិធីបុណ្យនិទាឃរដូវ Yen Tu ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមិគសិ ដល់ចុងខែទី៣ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ នេះត្រូវបានគេចាត់ទុកថា ជាទឹកដីនៃព្រះពុទ្ធសាសនាវៀតណាមក្នុងរាជកាល Dai Viet។ ស្តេច Tran Nhan Tong បន្ទាប់ពីការដាក់រាជបល្ល័ង្ក បានមកទីនេះដើម្បីបួសរៀន ហើយបង្កើតនិកាយ Truc Lam។ ដូច្នេះហើយ នៅដើមនិទាឃរដូវជារៀងរាល់ឆ្នាំ Yen Tu តែរៀបចំពិធីបុណ្យយ៉ាងអធឹកអធម៌ ដើម្បីឧទ្ទិសកុសលព្រះចៅអធិរាជ Tran Nhan Tong។ បន្ទាប់ពីផ្នែកពិធីការដ៏ឧឡារិក ដែលបានប្រារព្ធឡើងនៅជើងភ្នំ Yen Tu គឺធម្មយាត្រារបស់ប្រជាជនរាប់ពាន់នាក់ទៅកាន់វត្ត Dong (វត្ត Thien Truc) ដែលស្ថិតនៅលើកំពូលភ្នំនៅកំពស់ជាង ១០០០ម៉ែត្រពីនីវូទឹកសមុទ្រ។ ពុទ្ធបរិសទ ប្រជាជន និងភ្ញៀវទេសចរអាចជ្រើសរើសការឡើងភ្នំដោយថ្មើជើង ឬធ្វើដំណើរតាមរថយន្តខ្សែកាប (មានគិតថ្លៃសេវា) ប៉ុន្តែមិនថាធ្វើដំណើរតាមរបៀបណាទេ តាមផ្លូវឡើងដល់កំពូលភ្នំ អ្នកណាក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះធម្មជាតិដ៏ស្រស់បំព្រងនិងធំល្វឹងល្វើយនៅតំបន់ដីពិសិដ្ឋ Yen Tu ក៏ដូចជាតម្លៃខាងស្មារតី និងវប្បធម៌របស់បុព្វបុរស និងមោទនភាពជាតិផងដែរ។

បន្ទាប់រយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែមានពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងមានចលនានិងសកម្មភាពសង្គមក៏ត្រូវបានចាប់ផ្តើមជាបន្តបន្ទាប់ផងដែរ។ ចលនាធំៗដូចជាបុណ្យតេតដាំដើមឈើ និងពិធីបុណ្យនិទាឃរដូវក្រហម ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមិត្តអ្នកស្តាប់។ មិត្ត រតនា មកពីខេត្តសៀមរាបបានសម្តែងថា៖ “ប្រជាជនវៀតណាមគ្រប់ស្រទាប់វណ្ណៈ តាំងពីកម្មាភិបាល យុទ្ធជន យុវជន ដល់កសិករ កម្មករ សុទ្ធតែសកម្មនិងត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ទោះជាក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីក៏ដោយ។ ពិធីបុណ្យនិទាឃរដូវក្រហម គឺជាចលនាមួយក្នុងចំណោមចលនា ដែលរីកសាយភាយតម្លៃមនុស្សធម៌យ៉ាងខ្លាំងក្លាបំផុតនៅក្នុងសហគមន៍ដែលខ្ញុំស្គាល់”។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2អ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ "ពិធីបុណ្យនិទាឃរដូវក្រហម" ឆ្នាំ២០២៣ ទទួលកាដូអនុស្សាវរីយ៍។

ប្រិយមិត្តជាទីមេត្រី! កាលពីច្រើនឆ្នាំមុននេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីម្តងៗ ស្ថានភាពខ្វះខាត
ឈាម ច្រើនតែកើតមានយ៉ាងធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យនានានៅវៀតណាម។ ពីហេតុផលនោះ មន្ទីរពេទ្យឈាមវិទ្យា-បញ្ចូលឈាមមជ្ឈិម និងសមាគមយុវជនចលនាបរិច្ចាគឈាមទីក្រុងហាណូយ មានគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍បរិច្ចាគឈាមដ៏ធំបំផុតបន្ទាប់ពីបុណ្យតេត ដែលបានហៅថា ពិធីបុណ្យនិទាឃរដូវក្រហម។ ក្រោយពីការរៀបចំ ១៥ លើកមក ជាមួយនឹងឈាមជាង ១ សែនឯកតាត្រូវបានទទួល ពិធីបុណ្យនិទាឃរដូវក្រហមបានបញ្ជាក់ពីកម្លាំងរីកសាយភាយ ហើយបំផុសទឹកចិត្តសប្បុរសពីប្រជាជនរាប់ម៉ឺននាក់នៅក្នុងសហគមន៍។ ឯកតាឈាមដ៏មានតម្លៃ ដូចជា “អាំងប៉ាវ” ពោរពេញទៅដោយអត្ថន័យនៅដើមឆ្នាំថ្មី ជូនដល់អ្នកជំងឺ រួមចំណែកនាំមកនូវសេចក្តីរីករាយ និងសំណាងល្អដល់សហគមន៍ និងសប្បុរសជនទៀតផង។ ជាពិសេស នៅក្នុងពិធីបើកពិធីបុណ្យនិទាឃរដូវក្រហមលើកទី ១៦ ឆ្នាំ ២០២៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៦ ខែកុម្ភៈ កន្លងទៅ មន្ទីរពេទ្យឈាមវិទ្យា-បញ្ចូល ឈាមមជ្ឈិម បានសហការជាមួយការិយាល័យតំណាង Abbott ប្រចាំនៅវៀតណាម ដើម្បីបើកដំណើរការយុទ្ធនាការបរិច្ចាគឈាម Be The One ដែលជា យុទ្ធនាការសកលមួយ ក្នុងបំណងចង់បំផុសគំនិតដល់មនុស្សគ្រប់រូបឱ្យរស់នៅប្រកបដោយសុខភាពល្អ ជាពិសេសជំនាន់យុវជន ដើម្បីក្លាយជាអ្នកបរិច្ចាគឈាមជាប្រចាំ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិ យោបល់របស់មិត្តអ្នកស្តាប់ មិត្តអ្នកអានដែលយើងខ្ញុំទទួលបានកាលពីសប្តាហ៍មុន។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនានិងមតិយោបល់ជាច្រើនពីប្រិយមិត្ត។ សូមអរគុណ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ