ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ នាយកដ្ឋានផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួន ៤០៦ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងមនុស្សវៀតណាម។

លោកអ្នកនាងជាទីមេត្រី។ ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបានកែសម្រួលកាលវិភាគរបស់កម្មវិធីផ្សាយសម្លេងមួយចំនួន ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ។ តើកាលវិភាគថ្មីបានជួយអ្នកតាមដានកម្មវិធីបានងាយស្រួលជាងទេ? តើគុណភាពរលកមានស្ថេរភាពទេ? យើងសង្ឃឹមថានឹងទទួលបានមតិ និងការរួមចំណែករបស់មិត្តអ្នកស្តាប់អំពីកាលវិភាគថ្មីនេះ ដូច្នេះយើងអាចបន្តកែលម្អបន្ថែមទៀត ដោយនាំមកជូនលោកអ្នកនូវកម្មវិធីវិទ្យុកាន់តែល្អប្រសើរ។

សូមរំលឹកឡើងវិញនូវការផ្លាស់ប្តូរកាលវិភាគផ្សាយដូចខាងក្រោម៖ កម្មវិធីផ្សាយជាភាសារខ្មែរ ចេញផ្សាយនៅវេលាម៉ោង ៥:៣០ នឹងត្រូវបានកែសម្រួលទៅម៉ោង ១៧៖០០ ទន្ទឹមនឹងនោះ កម្មវិធីនៅវេលាម៉ោង ២៣៖០០ នឹងត្រូវបានកែសម្រួលទៅម៉ោង ២១៖០០ ជារាងរាល់ថ្ងៃ។

បន្តទៅនេះ យើងខ្ញុំនឹងឆ្លើយសំណួរមួយចំនួនដែលមិត្តអ្នកស្តាប់បានផ្ញើមកកម្មវិធីក្នុងសប្តាហ៍កន្លងទៅ។ ដំបូងឡើយ គឺសំបុត្ររបស់អ្នកស្តាប់ ឡាយ ដារិទ្ធ មកពីខេត្តតាកែវ កម្ពុជា ដែលចង់ឱ្យកម្មវិធីឧទ្ទេសនាមអំពីមុខម្ហូប ប្រហិតត្រី La Vong ជាមុខម្ហូបដ៏ល្បីល្បាញរបស់រដ្ឋធានីហាណូយ។
ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1ប្រហិតត្រី La Vong

មិត្ត ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី។ បើនិយាយពីម្ហូបអាហារនៅទីក្រុងហាណូយ គ្មាននរណាម្នាក់ដែលមិនដឹងអំពីប្រហិតត្រី La Vong ដ៏ឈ្ងុយឆ្ងាញ់ដែលល្បីល្បាញ់នៅទឹកដីរដ្ឋធានីនោះទេ។ ប្រហិតត្រី La Vong  ត្រូវបានធ្វើពីត្រីស្រស់ (ជាធម្មតាគឺ ត្រីឆ្លាំង ដែលមានឆ្អឹងតិចតួច សាច់ត្រីផ្អែម និងក្លិនក្រអូប) អាំងលើធ្យូង រួចចៀនក្នុងខ្ទះឆាជាមួយប្រេងឆា ជី និងខ្ទឹមសន្លឹក នៅលើចង្ក្រានធ្យូងនៅកណ្តាលតុបរិភោគអាហារ។ គ្រឿងទេសទាំងអស់ត្រូវបានលាយជាមួយគ្នា ដើម្បីបង្កើតជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចរកបានពីកន្លែងផ្សេងទៀត។

ដើម្បីពិសាររស់ជាតិដើមនៃប្រហិតត្រី La Vong លោកអ្នកគួរទៅផ្ទះលេខ ១៤ វិថី Cha Ca ខ័ណ្ឌ Hoan Kiem។ កន្លែងនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជី "ទីកន្លែងទាំង ១០០០ គួរទៅមើលមុនពេលអ្នកស្លាប់" ដោយអ្នកនិពន្ធទេសចរណ៍ដ៏ល្បីល្បាញ Patricia Schultz ហើយនៅឆ្នាំ ២០០៣ ទីភ្នាក់ងារសារព័ត៌មានអាមេរិក MSNBC បានដាក់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម “ទីកន្លែងទាំង ១០ ដែលអ្នកគួរតែដឹងមុនពេលអ្នកស្លាប់” រួមជាមួយនឹងកន្លែងដ៏ល្បីល្បាញ និងពិធីបុណ្យចំនួន៩ផ្សេងទៀតនៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៦  ប្រហិតត្រី La Vong ត្រូវបាន CNN វាយតម្លៃថាមុខម្ហូបវៀតណាមដ៏ឆ្ងាញ់បំផុតមួយក្នុងពិភពលោក។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ទិដ្ឋភាពល្បាក់ទឹក Chieng Khoa មើលពីខាងលើ

ជាបន្តទៅនេះ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តនូវគោលដៅដ៏មនោរម្យមួយ ដើម្បីបន្ធូរអារម្មណ៍ក្នុងរដូវក្តៅ ដោយចំណាយពេលត្រឹមតែជាង ៣ ម៉ោងពីរដ្ឋធានីហាណូយ។ នោះគឺជាល្បាក់ទឹក Chieng Khoa ស្ថិតនៅក្នុងឃុំ Chieng Khoa ស្រុក Van Ho ខេត្ត Son La ដែលជាទិសដៅដ៏ល្អមួយសម្រាប់អ្នកដែលចង់ស្វែងយល់ពីសម្រស់ធម្មជាតិដ៏សម្បើមអស្ចារ្យ នៃតំបន់ខ្ពង់រាបភាគពាយ័ព្យ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ គឹម សុភា មកពីកម្ពុជាមានបំណងចង់ស្វែងយល់។

មិត្ត គឹម សុភា និង ប្រិយមិត្តជាទីមេត្រី។ ដោយសារត្រូវបានហ៊ុំព័ទ្ធដោយព្រៃឈើក្រាស់ ហើយជាទីតាំងថ្មី ល្បាក់ទឹក Chieng Khoa នៅតែរក្សាបាននូវរូបរាងដ៏បរិសុទ្ធនិងផ្ទៃទឹកពណ៌ខៀវថ្លាគួរឱ្យចាប់អារម្មណ៍។ ក្រឡែកមើលពីចម្ងាយ ភ្ញៀវទេសចរអាចឃើញទឹកហូរពណ៌ស ហូរពីលើចុះមកក្រោម បង្កើតបានជាទិដ្ឋភាពដ៏អស្ចារ្យបំផុត ដូចនៅក្នុងផ្ទាំងគំនូរ។ ល្បាក់ទឹក Chieng Khoa មាន ៧ជាន់ ដែលជាន់នីមួយៗមានកម្ពស់ប្រហែល៧ទៅ១០ម៉ែត្រ ។ នៅជើងទឹកធ្លាក់នីមួយៗ មានទីធ្លាធំទូលាយបង្កើតបានជាបឹងពណ៌ខៀវថ្លាដូចត្បូងថ្ម ជាកន្លែងសម្រាប់ភ្ញៀវទេសចរហែលទឹក និងត្រាំខ្លួនក្នុងទឹកត្រជាក់។

គេចផុតពីកំដៅ និងភាពអាប់អួររបស់ទីក្រុង ទៅត្រាំខ្លួនក្នុងបឹងទឹកត្រជាក់ ស្រូបខ្យល់អាកាសបរិសុទ្ធនៃតំបន់ព្រៃភ្នំ ភ្ញៀវនឹងមានអារម្មណ៍ស្រស់ស្រាយ និងការបន្សុទ្ធអារម្មណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ