ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជិត ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំង
អស់។

ដោយសម្ដែងនូវចំណាប់អារម្មណ៍ចំពោះសកម្មភាពថែទាំកុមារ មិត្តអ្នកស្តាប់ ស៊ុន ផល់ នៅរាជធានីភ្នំពេញបានចែករំលែកថា៖ «នេះជាលើកទីមួយហើយដែលខ្ញុំបានឮអំពីទិវាអន្តរជាតិនៃការលេងកម្សាន្តដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម។ សម្រាប់កុមារ ការលេងកម្សាន្តពិតជាវិធីល្អបំផុតដើម្បីសិក្សារៀនសូត្រ និងច្នៃប្រឌិត។ សង្ឃឹមថាគំនិតផ្តួចផ្តើមដ៏មានអត្ថន័យ និងគួរឱ្យចាប់អារម្មណ៍នេះនឹងរីកសាយភាយយ៉ាងទូលំទូលាយ ហើយប្រទេសកាន់តែច្រើនឡើងៗនឹងចូលរួមជួយជ្រោមជ្រែង”។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នៅចុងខែមីនាកន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តដោយជ្រើសរើសថ្ងៃទី ១១ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាអន្តរជាតិនៃការលេងកម្សាន្ត តាមគំនិតផ្តួចផ្តើមរបស់វៀតណាម និងគាំពារដោយប្រទេសចំនួន ១៣៨។ តាមរយៈគំនិតផ្តួចផ្តើមនេះ វៀតណាមចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់តួនាទីនៃសកម្មភាពលេងកម្សាន្តចំពោះសុខភាពទាំងខាងផ្លូវកាយ ផ្លូវចិត្ត បំណិនសង្គម និងជីវិតផ្លូវចិត្តរបស់កុមារនិងយុវជន។ តាមនោះ ខិតខំធានាថា កុមារទាំងអស់ពីតំបន់ទីក្រុងទៅជនបទ ឬតំបន់ឆ្ងាយដាច់ស្រយាល សុទ្ធតែមានសួនកុមារ ប្រដាប់ក្មេងលេង តន្ត្រី កន្លែងលេងកីឡា និងបរិយាកាសលេងកម្សាន្តប្រកបដោយសុវត្ថិភាព។ ប្រាកដណាស់ ទិវាអន្តរជាតិនៃការលេងកម្សាន្តនឹងរួមចំណែកធ្វើឱ្យសកម្មភាពការពារសិទ្ធិកុមារកាន់តែមានអត្ថន័យ និងជាក់ស្តែងជាងមុន មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រទេសនានាជុំវិញពិភពលោកទៀតផង។

សំបុត្រមួយទៀតដែលត្រូវបានផ្ញើមកកម្មវិធីក្នុងសប្តាហ៍ គឺមកពីមិត្ត ជ័យ សីហា ជានិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ គាត់ចង់ស្ដាប់ការឧទ្ទេសនាមអំពីយុវជនវៀតណាមម្នាក់ដែលបានបញ្ជូនការបំផុសគំនិតមនុស្សសាស្ត្រដល់សហគមន៍ក្នុងអំឡុងពេលគាត់ទៅធ្វើការនៅបរទេស។ សីហា បានចែករំលែកថា៖ “ខ្ញុំតែងតែតាមដានឆាណែល YouTube ល្បីៗមួយចំនួននៅវៀតណាម ដើម្បីស្វែងយល់បន្ថែមអំពីភាសាវៀតណាម និងវប្បធម៌វៀតណាម។ ថ្មីៗនេះ ខ្ញុំទើបតែបានស្គាល់ពីឆាណែល Quang Linh Vlogs ហើយមានអារម្មណ៍កោតសរសើរយ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌ដោយស្ម័គ្រចិត្តរបស់គាត់នៅប្រទេសអង់ហ្គោឡា។ ខ្ញុំសង្ឃឹមថានឹងបានស្ដាប់អ្នកចែករំលែកព័ត៌មានបន្ថែមអំពីលោក Quang Linh”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1ក្ដីសប្បាយរីករាយរបស់លោក Quang Linh (អាវក្រហម) និងប្រជាជនអង់ហ្គោឡា។

មិត្ត ជ័យ សីហា និងប្រិយមិត្តជាទីមេត្រី! ម្ចាស់ឆាណែល Youtube Quang Linh Vlogs គឺលោក Pham Quang Linh កើតនៅឆ្នាំ ១៩៩៧ នៅខេត្ត Nghe An។ នៅឆ្នាំ ២០១៦ គាត់បានទៅធ្វើការជាកម្មករសំណង់នៅ Luanda ប្រទេសអង់ហ្គោឡាតាមទម្រង់នាំចេញកម្លាំងពលកម្ម។ ក្នុងឆ្នាំ ២០១៩ លោក Quang Linh បានសម្រេចចិត្តក្លាយជា Youtuber ហើយបានបង្កើតឆាណែល  "Quang Linh Vlogs - ជីវភាពនៅអាហ្វ្រិក" (មានសមាជិក ៩ នាក់ក្នុងនោះមានជនជាតិវៀតណាម ៤ នាក់ ជនជាតិអង់ហ្គោឡា ៥ នាក់ ដែលគេតែងតែហៅថា ក្រុមអាហ្វ្រិក)។ នៅពេលនោះ លោក Quang Linh គឺជាជនជាតិវៀតណាមតែម្នាក់គត់ ដែលផលិតវីដេអូឆ្លុះបញ្ចាំងពីជីវភាពរស់នៅពិតៗនៅទ្វីបអាហ្រ្វិក ព្រមទាំងចែករំលែកអំពីវប្បធម៌វៀតណាមក្នុងជីវភាពប្រចាំថ្ងៃ។ នៅអង់ហ្គោឡា លោក Quang Linh និងក្រុមរបស់គាត់បានកសាងកសិដ្ឋានដាំដំណាំស្រូវ ពោត ដំឡូង...; ចែករំលែកបទពិសោធន៍ និងណែនាំប្រជាជនអង់ហ្គោឡាអំពីបច្ចេកទេសកសិកម្ម; បង្កើតការងារ កសាងសាលារៀន; ខួងអណ្តូងទឹកសាប; កសាងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ; សកម្មផ្សព្វផ្សាយវប្បធម៍វៀតណាម (រៀបចំល្បែងប្រជាប្រិយ បុណ្យចូលឆ្នាំថ្មីប្រពៃណី...) បង្រៀនភាសាវៀតណាមហើយណែនាំពីរបៀបធ្វើម្ហូបអាហារប្រពៃណីវៀតណាមជូនប្រជាជននៅមូលដ្ឋាន... សកម្មភាពរបស់លោក Quang Linh នៅអង់ហ្គោឡា មិនត្រឹមតែជួយប្រជាជននៅមូលដ្ឋានលើកកំពស់ជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាមទៅកាន់មិត្តអន្តរជាតិទៀតផង។ ឆាណែល Youtube Quang Linh Vlogs ក៏ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រជាជនវៀតណាមទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានអ្នកតាមដានជិត ៤លាននាក់។

ហើយមុននឹងបញ្ចប់នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមដល់ប្រិយមិត្តទាំងអស់អំពីគោលដៅទេសចរណ៍-កម្សាន្តថ្មីមួយនៅភាគខាងជើងវៀតណាម។ នេះក៏ជាសំណួរដែលយើងខ្ញុំទទួលបានជាបន្តបន្ទាប់ពីនិស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាម នៅពេលដែលវិស្សមកាលរដូវក្តៅបានចាប់ផ្ដើមហើយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដោយមានប្រវែង ២ គីឡូម៉ែត្រ លាតសន្ធឹងតាមបណ្ដោយមាត់ទន្លេ ឧទ្យានដើរថ្មើជើង Vu Yen (ទីក្រុង Hai Phong) បច្ចុប្បន្នជាវិថីដើរថ្មើជើងដ៏វែងជាងគេក្នុងប្រទេសវៀតណាម ដែលចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ មិថុនា។ ចំណុចពិសេសបំផុត វិថីដើរថ្មើជើង Vu Yen មានទីតាំងនៅជាប់នឹងវិទ្យាស្ថានជិះសេះ Vinpearl Vu Yen ជាវិទ្យាស្ថានជិះសេះតែមួយគត់នៅវៀតណាម ដែលផ្គត់ផ្គង់សេវាកម្មបណ្តុះបណ្តាលការជិះសេះប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ជិះសេះតាមស្តង់ដារអន្តរជាតិ។ ក្រៅពីហ្វូងសេះដ៏កម្រនេះ ជាលើកដំបូងនៅវៀតណាមដែលសាធារណជនអាចមើលឃើញដោយផ្ទាល់ភ្នែកនូវរចនាប័ទ្មជិះសេះផ្សេងៗគ្នានៅលើពិភពលោក។ ហើយប្រាកដណាស់ថា នៅទីនេះមិនអាចខ្វះបានកន្លែងកម្សាន្តតាមដងផ្លូវដើរថ្មើជើងនោះទេ ជាមួយនឹងឧទ្យានសិល្បៈតាមប្រធានបទប្លែកៗ បំពេញតម្រូវការរបស់អ្នកទស្សនាទាំងអស់ ដូចជាផ្លូវនៃក្តីស្រឡាញ់ ផ្លូវសម្រាប់កុមារនិងគ្រួសារ ផ្លូវ Hai Phong និងសមុទ្រ និងផ្សាររាត្រីដ៏មមាញឹក។ សួនដើរថ្មើជើង Vu Yen នឹងបើកជារៀងរាល់ចុងសប្តាហ៍ ដោយមានសកម្មភាពពិសេសៗដូចជា តន្ត្រីទឹក ឬការបាញ់កាំជ្រួច រួមជាមួយនឹងសកម្មភាពសិល្បៈដ៏ទាក់ទាញ ដែលធ្វើឲ្យទីកន្លែងនេះក្លាយទៅជាគោលដៅទេសចរណ៍កម្សាន្តដ៏គួរឱ្យទាក់ទាញថ្មីមួយក្នុងទីក្រុង Hai Phong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ