ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំងអស់។

ក្នុងសប្ដាហ៍កន្លងទៅ មិត្តអ្នកស្តាប់ និងមិត្តអ្នកអានជាច្រើនបានផ្ញើសំបុត្រមកកម្មវិធី ដើម្បីចែករំលែកចំណាប់អារម្មណ៍ ក៏ដូចជាអបអរសាទរជូនចំពោះប្រជាជនវៀតណាមក្នុងឱកាសខួបលើកទី ៧៩ ទិវាបុណ្យជាតិ (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤)។ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅទីក្រុងភ្នំពេញ បានផ្ញើសារអបអរសាទរថា៖ “ខ្ញុំសូមជូនពរឲ្យប្រទេសវៀតណាមកាន់តែរីកចម្រើន ប្រជាជនវៀតណាមមានសេចក្ដីសុខចម្រុងចម្រើន និងសុភមង្គលជានិច្ច។ សូមជូនពរទំនាក់ទំនងកម្ពុជា-វៀតណាមជំនះពុះពារលើបញ្ហាប្រឈមទាំងអស់ និងឈានទៅអនាគតប្រកបដោយភាពរឹងមាំ”។ មិត្តអ្នកស្តាប់ អាន ធារ៉ា នៅខេត្តកែបបានសម្តែងថា៖ “តាមរយៈគេហទំព័ររបស់ VOV5 ខ្ញុំបានដឹងបន្ថែមអំពីសមិទ្ធិផលដែលប្រទេសនិងប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៧៩ ឆ្នាំកន្លងមក។ ពីប្រទេសមួយដែលទទួលរងការអារកាត់និងហ៊ុំព័ទ្ធនោះ វៀតណាមមិនត្រឹមតែត្រូវបានរំដោះ និងឯកភាពប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងឈានឡើងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្លាយជាដៃគូសំខាន់របស់មហាអំណាចនានាលើពិភពលោក”។ ហើយអ្នកស្តាប់ ស៊ុន ផល់ អតីតនិស្សិតកម្ពុជានៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ បានផ្ញើសំបុត្រចែករំលែកថា៖ “ខ្ញុំចាប់អារម្មណ៍នឹងរូបភាពប្រជាជនយ៉ាងច្រើនកុះករដែលប្រមូលផ្តុំគ្នានៅទីលាន Ba Dinh ដើម្បីចូលរួមពិធីបង្ហូតទង់ជាតិនាព្រឹកថ្ងៃទី ២ ខែកញ្ញា រូបភាពទង់ជាតិបានលេចចេញនៅគ្រប់ទីកន្លែងតាមដងផ្លូវ ស្ថាប័នសាធារណៈ អេក្រង់ LED នៅក្នុងមជ្ឈមណ្ឌលលក់ទំនិញ... ប្រជាជនវៀតណាមលើទូទាំងពិភពលោកក៏រៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរទិវាបុណ្យជាតិ ឆ្ពោះទៅមាតុប្រទេសផងដែរ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1ប្រជាជនរាប់ពាន់នាក់បានប្រមូលផ្ដុំនៅទីលាន Ba Dinh ដើម្បីទស្សនាពិធីបង្ហូតទង់ជាតិ នាព្រឹកថ្ងៃបុណ្យជាតិ ទី ២ កញ្ញា។ (រូបថត៖ VOV)

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ទិវាបុណ្យជាតិ ទី២ ខែកញ្ញា គឺជានិមិត្តរូបដ៏រស់រវើកនិងពិសិដ្ឋក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម ជាថ្ងៃដែលប្រជាជនវៀតណាមគ្រប់រូប មិនថានៅក្នុងប្រទេស ឬក្រៅប្រទេស ក៏ចារឹកក្នុងក្រអៅបេះដូងរបស់ខ្លួន។ នៅថ្ងៃនោះ នៅទីលាន Ba Dinh ជាប្រវត្តិសាស្ត្រ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យ ដោយបញ្ជាក់ពីសេរីភាពសម្រាប់ប្រជាជាតិមួយដែលបានឆ្លងកាត់ការឡើងចុះ ការឈឺចាប់ និងការបាត់បង់ជាច្រើន។ ចាប់ពីពេលនោះមក វៀតណាមបានឈានចូលយុគសម័យថ្មីមួយ ដែលសេចក្ដីប្រាថ្នាចង់បានឯករាជ្យ សន្តិភាព និងសុភមង្គលបានក្លាយជាការពិត។

ខ្លឹមសារបន្ទាប់ដែលយើងខ្ញុំចង់ចែករំលែកក្នុងកម្មវិធីគឺមកពីមិត្តអ្នកស្តាប់ សុខ ហេង នៅភ្នំពេញ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី មិត្តអ្នកស្ដាប់រូបនេះបានសួរថា៖ “ការបញ្ចប់ខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ត្រូវបានហៅថា ជាអព្ភូតហេតុ ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម។ ខ្ញុំមានបំណងចង់ស្តាប់កម្មវិធីណែនាំអំពីទ្រង់ទ្រាយនិងសារៈសំខាន់នៃគម្រោងនេះ? ហេតុអ្វីបានជាវាត្រូវបានគេហៅថា "អព្ភូតហេតុ"?

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! កាលពីថ្ងៃទី ២៩ ខែសីហា កន្លងទៅ គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០ kV សៀគ្វី ៣ ពី Quang Trach (ខេត្ត Quang Binh) ទៅ Pho Noi (ខេត្ត Hung Yen) ត្រូវបានបើកសម្ពោធជាផ្លូវការ។ គម្រោងនេះមានប្រវែងសរុបជាង ៥០០ គីឡូម៉ែត្រ ដែលមានបង្គោលចំនួន ១.១៧៧ ទីតាំង និងទុនវិនិយោគសរុបជិត ១ ពាន់លានដុល្លារអាមេរិក។ មូលហេតុដែលគម្រោងខ្សែ ៥០០ kV សៀគ្វី ៣ នេះត្រូវបានគេហៅថា "អព្ភូតហេតុ" នៅក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសវៀតណាម គឺដោយសារតែកាលពីមុន គម្រោងខ្សែ ៥០០ kV ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រឡើងទៅ ត្រូវចំណាយពេលសាងសង់យ៉ាងហោចណាស់ ២ ទៅ ៤ ឆ្នាំ។ ប៉ុន្តែគម្រោងនេះត្រូវបានអនុវត្តន៍ក្នុងរយៈពេលត្រឹមតែ ៦ ខែប៉ុណ្ណោះ ដោយជាប់កំណត់ត្រារយៈពេលសាងសង់ខ្លីបំផុត ពេលវេលាបញ្ចប់នីតិវិធីវិនិយោគលឿនបំផុត និងវិធីសាស្ត្រអនុវត្តន៍ច្នៃប្រឌិតបំផុតក្នុងឧស្សាហកម្មអគ្គិសនី។ គម្រោងខ្សែ ៥០០ kV សៀគ្វី ៣ Quang Trach - Pho Noi មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្កើនសមត្ថភាពបញ្ជូនថាមពលតាមរយៈប្រព័ន្ធខ្សែ ៥០០ kV ពីភាគកណ្តាលទៅភាគខាងជើង ដែលមានអានុភាពពី ២៥០០ MW បច្ចុប្បន្ន ឡើងដល់ ៥០០០ MW ស្មើនឹងការផ្គត់ផ្គង់អគ្គីសនី ៣០ ពាន់លានគីឡូវ៉ាត់ម៉ោង ទៅភាគខាងជើងជារៀងរាល់ឆ្នាំ។ គម្រោងនេះគឺជានិមិត្តរូបនៃស្មារតីនៃមហាសាមគ្គីភាព ឯកភាពជាតិ និងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ប្រជាជនជាឫសគល់ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ហើយនៅក្នុងផ្នែកចុងក្រោយនៃកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពីភូមិធ្វើនំព្រះខែប្រពៃណីនៅទីក្រុងហាណូយ។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 2នំព្រះខែប្រពៃណីរបស់ភូមិ Xuan Dinh។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ភូមិធ្វើនំខេក ដំណាប់ និងស្ករគ្រាប់ប្រពៃណី Xuan Dinh (ឥឡូវស្ថិតក្នុងសង្កាត់ Xuan Tao ខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ) គឺជាទីកន្លែងធ្វើនំព្រះខែដ៏ល្បីល្បាញនៅប្រទេសវៀតណាម ជាមួយនឹងប្រវត្តិនៃការបង្កើតនិងអភិវឌ្ឍជិត ២០០ ឆ្នាំ។ អស់រាប់សិបឆ្នាំកន្លងមក ជាពិសេសក្នុងអំឡុងពេលធ្វើសមាហរណកម្ម នំព្រះខែ Xuan Dinh នៅតែរក្សាបាននូវរសជាតិដើម។ អង្ករដំណើបដែលគេប្រើសម្រាប់ធ្វើនំត្រូវតែជាអង្ករដំណើបពណ៌លឿងដ៏ឆ្ងាញ់បំផុត លាងទឹកឱ្យស្អាត ត្រាំរយៈពេល៣ទៅ៤ម៉ោងរហូតដល់អង្កររីក ទើបយកមកលីង។ ស្នូលនំក៏ត្រូវបានកែច្នៃយ៉ាងល្អិតល្អន់ដែរ គ្រឿងផ្សំនីមួយៗត្រូវបានកាត់ឲ្យសមរម្យ មានតាំងពីសាច់ខ្លាញ់ សាច់ក្រក...ទុកដដែល មិនកិនឲ្យស្វិតដូចនំបែបឧស្សាហកម្មទេ។ ជាពិសេស ដើម្បីឆ្លើយតបនឹងតម្រូវការទំនើប គ្រួសារខ្លះបានធ្វើស្នូលបន្ថែមដូចជា តារ៉ូ ទុរេន matcha កាកាវ... បង្កើតភាពសម្បូរបែបសម្រាប់នំព្រះខែប្រពៃណី និងជួយឱ្យអតិថិជនមានជម្រើសបន្ថែមទៀតផងដែរ។ ប៉ុន្តែមិនថានំប្រភេទណានោះទេ គ្រប់ដំណាក់កាលចាប់ពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការបង្កើតរូបនំ និងលាបពណ៌គឺត្រូវបានធ្វើយ៉ាងល្អិតល្អន់ ដូច្នេះបានជានំព្រះខែនីមួយៗនៅទីនេះត្រូវបានចាត់ទុកថាជាលក្ខណៈវិសេសវិសាលនៃម្ហូបអាហារប្រពៃណីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ