ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅនេះ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១០ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបចំនួនជាង ៤២០ ដែលត្រូវបានផ្ញើមកកម្មវិធីវិទ្យុនានានៃប៉ុស្តិ៍ VOV5។ សូមអរគុណប្រិយមិត្តដែលបានផ្ដល់មនោសញ្ចេតនាដ៏កក់ក្ដៅនិងមតិយោបល់ដ៏មានតម្លៃជូនដល់យើងខ្ញុំ។
ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 1គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវិទ្យុសំឡេងវៀតណាម (VOV)។
(រូបថត៖ VOV)

កាលពីសប្តាហ៍មុន ព័ត៌មានអំពីគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោករដ្ឋមន្រ្តី នេត្រ ភក្ត្រា មកបំពេញទស្សនកិច្ចការងារនៅវិទ្យុសំឡេងវៀតណាម (VOV) ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកអាននិងមិត្តអ្នកស្តាប់។ លោក សម្បត្តិ នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយថា៖ “ក្នុងដំណើរអភិវឌ្ឍន៍នៃផ្នែកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា តែងតែមានការរួមដំណើរពី VOV មិនត្រឹមតែផ្ដល់ជំនួយជាឧបករណ៍សម្ភារៈប៉ុណ្ណោះទេ ថែមទាំងជួយកម្ពុជាបណ្តុះបណ្តាលធនធានមនុស្សទៀតផង។ សង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការនេះនឹងកាន់តែជិតស្និទ្ធ ជាពិសេសក្នុងដំណាក់កាលដែលទាំងកម្ពុជានិងវៀតណាមកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឌីជីថលនិងពហុព័ត៌មាន”។ ចំណែកឯ មិត្តអ្នកស្តាប់ ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសកលវិទ្យាល័យពហុវិជ្ជាហាណូយ បានចែករំលែកថា៖ “សង្ឃឹមថា

នាពេលខាងមុខ ក្រសួងព័ត៌មានកម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាមួយ VOV ប៉ុណ្ណោះទេ ថែមទាំងជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្សេងៗទៀតផង ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ និងម្ហូបអាហារនៃប្រទេសនីមួយៗដល់ប្រជាជន ជាពិសេសកសាងខ្លឹមសារប្រកបដោយភាពច្នៃប្រឌិត ដើម្បីទាក់ទាញជំនាន់យុវជននៃប្រទេសទាំងពីរ”។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 2ពិធីបុណ្យសរទរដូវហាណូយប្រព្រឹត្តទៅនៅតំបន់វិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem។

ក្រៅពីសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា បណ្ដាកម្មវិធី និងព្រឹត្តិការណ៍នយោបាយ វប្បធម៌លេចធ្លោនៅវៀតណាមក៏ទទួលបានការចាប់អារម្មណ៍ច្រើនផងដែរ។ មិត្តអ្នកស្តាប់ បុប្ផា នៅខេត្តសៀមរាបបានផ្ញើសំណួរមកកម្មវិធីដែលថា៖ “ខ្ញុំមានបំណងចង់ស្តាប់ការណែនាំបន្ថែមទៀតអំពីពិធីបុណ្យសរទរដូវហាណូយ។ តើព្រឹត្តិការណ៍នេះនឹងបន្តត្រូវបានរៀបចំនៅឆ្នាំក្រោយដែរឬទេ?”

មិត្ត បុប្ផា និងប្រិយមិត្តជាទីមេត្រី! ឆ្នាំនេះគឺជាឆ្នាំដំបូងដែលទីក្រុងហាណូយរៀបចំពិធីបុណ្យសរទរដូវហាណូយ ក្រោមប្រធានបទ “សរទរដូវហាណូយ - មកដើម្បីស្រឡាញ់”។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ១ ខែតុលា នៅតំបន់វិថីដើរថ្មើជើងជុំវិញបឹង Hoan Kiem ដោយមានការតាំងបង្ហាញ ស្តង់ទំនិញ និងបរិយាកាសសិល្បៈដែលឧទ្ទេសនាមអំពីគោលដៅទេសចរទាក់ទាញនៅរដ្ឋធានីហាណូយក្នុងសរទរដូវ ដូចជាស្ពាន Long Bien តំបន់វិថីបុរាណហាណូយ វត្តសសរមួយ ភូមិផ្កា Me Linh ភូមិបុរាណ Duong Lam ជ្រុងម្ហូបអាហារ Ta Hien ជាដើម។ នៅទីនេះក៏ផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីសក្តានុពលនិងផលិតផលទេសចរណ៍ និងបេតិកភ័ណ្ឌនៃមូលដ្ឋាននានាក្នុងរដ្ឋធានី ដូចជា ការតាំងពិព័រណ៍រូបថតសរទរដូវហាណូយ; ការបង្ហាញមូដសម្លៀកបំពាក់អាវផាយអាពាហ៍ពិពាហ៍; ការទទួលបទពិសោធន៍ក្នុងបរិយាកាសអំបុកហាណូយ; ពិធីបុណ្យ Carnaval ហាណូយដោយមានការចូលរួមពីមនុស្សចំនួន ១៥០០នាក់។ ជាពិសេសគឺលំហឧទ្ទេសនាមម្ហូបអាហារហាណូយឆ្នាំ ២០២៣ ដែលប្រមូលផ្តុំស្តង់ចំនួន ៥១។ ព្រឹត្តិការណ៍នេះរួមមានសកម្មភាពជាច្រើនដូចជា ទិវាបុណ្យ ហ្វើវៀតណាម; បទពិសោធន៍ធ្វើនំព្រះខែ; ការសម្ដែងរបៀបកែច្នៃម្ហូបអាហារប្រពៃណីនៃមូលដ្ឋាននានាក្នុងទីក្រុងហាណូយដោយមេចុងភៅល្បីឈ្មោះ។ សរទរដូវហាណូយត្រូវបានចាត់ទុកថា ជារដូវដ៏ស្រស់ស្អាតបំផុតក្នុងមួយឆ្នាំ ជាមួយនឹងអាកាសធាតុត្រជាក់ស្រួល ទេសភាពស្រស់បំព្រង សុខសាន្តត្រាណ និងរ៉ូមុងទិក។ ភាពទាក់ទាញពិសេសនៃសរទរដូវហាណូយ មិនត្រឹមតែធ្វើឱ្យប្រជាជនរដ្ឋធានីប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរទាំងជិតទាំងឆ្ងាយក៏និយមចូលចិត្តទៀតផង។ ដូច្នេះ ពិធីបុណ្យសរទរដូវហាណូយត្រូវបានរំពឹងថានឹងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរួមចំណែកផ្សព្វផ្សាយនិងអភិវឌ្ឍន៍ទេសចរណ៍នៃរដ្ឋធានីហាណូយ និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ - ảnh 3នំព្រះខែប្រពៃណីរបស់វៀតណាម។

ក៏ទាក់ទងទៅនឹងប្រធានបទសរទរដូវនេះដែរ យើងខ្ញុំសូមទុកផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ ដើម្បីឧទ្ទេសនាមអំពីនំព្រះខែជាប្រពៃណីរបស់ជនជាតិវៀតណាមក្នុងបុណ្យតេតព្រះច័ន្ទពេញបូរមីយ៍ តាមការស្នើសុំពីមិត្ត ចាន់ លីនដា និស្សិតកម្ពុជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថសាស្រ្ត Thai Binh។

មិត្ត លីនដា និងប្រិយមិត្តជាទីមេត្រី! នំព្រះខែ គឺជានំពីរប្រភេទដែលមិនអាចខ្វះបានក្នុងគ្រួសារវៀតណាមនីមួយៗ ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបូរមីយ៍ជារៀងរាល់ឆ្នាំ។ នំអាំងគឺជានំពណ៌ត្នោតដែលមានសំបកធ្វើពីម្សៅស្រូវសាលី លាយជាមួយស៊ុត និងស្ករកូររាវ។ ស្នូលនំអាចជាសណ្តែកខៀវ គ្រាប់ផ្កាឈូក ស៊ុតអំបិល... ប៉ុន្តែមានលក្ខណៈប្រពៃណីបំផុតគឺស្នូលចម្រុះ។ ស្នូលនេះជាធម្មតា មានសាច់ខ្លាញ់ដែលត្រាំស្ករ សាច់ក្រក សណ្តែកដី ល្ង ហើយសំខាន់បំផុតគឺគ្រឿងទេសមួយប្រភេទដែលមិនត្រូវការច្រើនពេក ប៉ុន្តែមិនអាចខ្វះបាន នោះគឺស្លឹកក្រូចឆ្មា។ ចំណែកឯនំទន់មានពណ៌សសុទ្ធ និងស្អាតណាស់ដែលធ្វើឲ្យមនុស្សជាច្រើនមិនដាច់ចិត្តញ៉ាំវាទេ។ នំទន់ត្រូវបានធ្វើពីម្សៅអង្ករដំណើបលីងត្រាំទឹកស្ករ និងទឹកក្រូចថ្លុងក្រអូប។ ស្នូលខាងក្នុងអាចជាស្នូលចម្រុះដូចនំអាំង ឬជាសណ្តែកខៀវ ឬគ្រាប់ផ្កាឈូកកិនល្អិត។ ស្ពកសែនបុណ្យព្រះច័ន្ទពេញបូរមីយ៍ ដោយមានគូនំអាំង-នំទន់ តំណាងឱ្យការជួបជុំគ្នា ភាពសុខដុមរមនា និងភាពកក់ក្តៅនៃគ្រួសារទាំងមូល។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួររបស់មិត្តអ្នកស្ដាប់ មិត្តអ្នកអានដែលយើងខ្ញុំបានសរុបមកក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនា និងមតិយោបល់ជាច្រើនពីប្រិយមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ