ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។ សូមអរគុណចំពោះមនោសញ្ចេតនានិងការផ្ដល់មតិយោបល់របស់ប្រិយមិត្តទាំង អស់។
រូបភាពគួរឲ្យចាប់អារម្មណ៍ក្នុងពិធីព្យុហយាត្រានិងក្បួនដង្ហែររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu។ (រូបថត៖ VOV) |
ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ព្រឹត្តិការណ៍រំលឹកខួបលើកទី ៧០ ទិវាជ័យជំនះ Dien Bien Phu បន្តទទួលបានការយកចិត្តទុកដាក់ជាច្រើនពីសំណាក់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា។ លោក ឆាយ សីហា និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយបានសម្តែងថា៖ “ពិធីព្យុហយាត្រានិងក្បួនដង្ហែររំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu បានបន្សល់ទុកនូវរូបភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ខ្ញុំ ជាពិសេសនៅពេលដែលក្បួនដង្ហែរធ្វើដំណើរតាមដងផ្លូវនៃទីក្រុង Dien Bien ជាមួយនឹងទង់ជាតិនិងបាច់ផ្ការបស់ប្រជាជននៅសងខាងផ្លូវ។ ឬរូបភាពយុទ្ធជន ប្រជាជនបណ្ដាជនជាតិ និងយុវជនកាន់ដៃគ្នាច្រៀងរាំ។ ចំណែកលោក លឹម មករា នៅទីក្រុងភ្នំពេញ បានផ្ញើរអធិប្បាយថា៖ «កាសែតជាច្រើននៅកម្ពុជាក៏បានចុះផ្សាយអត្ថបទអំពីជ័យជំនះ Dien Bien Phu ផងដែរ តាមនោះជួយយុវជនជាច្រើន រួមទាំងរូបខ្ញុំផង យល់កាន់តែច្បាស់អំពីអត្ថន័យនៃជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ នេះមិនត្រឹមតែជាជ័យជំនះរបស់កងទ័ព និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះរួមរបស់ប្រជាជននៃប្រទេសឥណ្ឌូចិនទាំងបីលើនឹមត្រួតត្រារបស់អាណានិគមនិយមបារាំងទៀតផង”។
លោកអ្នកនាងជាទីមេត្រី! ជ័យជំនះ Dien Bien Phu ត្រូវបានប្រៀបប្រដូចជាអព្ភូតហេតុមួយនៃសតវត្សទី ២០ ដែលជាការចាប់ផ្តើមនៃការដួលរលំនៃរបបអាណានិគមនិយមបារាំងនៅឥណ្ឌូចិន ព្រមទាំងបានបង្ហាញយ៉ាងច្បាស់ពីការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោកប្រធានហូជីមិញ។ ហើយថ្ងៃនេះក៏ជាខួបលើកទី ១៣៤ ទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) ដែលជាអគ្គមគ្គុទេសជាទីគោរពរបស់ប្រជាជាតិវៀតណាមផងដែរ។ នៅក្នុងផ្នែកបន្ទាប់ យើងខ្ញុំសូមឧទ្ទេសនាមជូនលោកអ្នកនាងនិងប្រិយមិត្ត អំពីកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃតំបន់អនុស្សាវរីយ៍លោកប្រធានហូជីមិញនៅ Kim Lien ស្រុក Nam Dan ខេត្ត Nghe An។ នេះក៏ជាសំណួរដែលលោក ស៊ុន ផល អតីតនិស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយផ្ញើមកកម្មវិធី។
ប្រិយមិត្តជាទីមេត្រី! បើអ្នកមានឱកាសមកលេងខេត្ត Nghe An សូមកុំរំលងឱកាសទៅទស្សនាភូមិ Sen ឬហៅថាភូមិ Kim Lien ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ។ នេះគឺជាកន្លែងដែលលោកប្រធានបានកើតនិងឆ្លងកាត់កុមារភាព។ ស្ថិតនៅចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីកណ្តាលទីក្រុង Vinh ភូមិ Sen មានភាពល្បីល្បាញដោយសារទេសភាពដ៏ស្រស់បំព្រង និងបរិយាកាសសុខសាន្តត្រាន ជាមួយនឹងផ្ទះឈើប្រក់ស្បូវ និងដើមផ្កាឈូកក្រអូបរីកស្គុះស្គាយគ្រប់ទីកន្លែង។ ពេលមកដល់ភូមិ Sen អ្នកនឹងឃើញផ្ទះ ៥ ល្វែង ដំបូលប្រក់ស្បូវ ស្ថិតនៅលើផ្ទៃដីទំហំ ២៥០០ ម៉ែត្រការ៉េ។ ខាងក្នុងផ្ទះមានលក្ខណៈសាមញ្ញជាមួយនឹងគ្រឿងសង្ហារឹមប្រពៃណីវៀតណាម ដូចជាទូដាក់ចាន គ្រែឬស្សី.. ដែលនៅតែត្រូវបានរក្សាដដែល។ ដើរជុំវិញភូមិ Sen អ្នកនឹងបានគយគន់ទេសភាពដ៏សាមញ្ញនៃតំបន់ជនបទវៀតណាម ជាមួយនឹងជួរឬស្សី របងផ្ការំយោល និងផ្កាក្រូចថ្លុងក្រអូប។
មុខម្ហូបចំនួន ១៥០ មុខ ទទួលទានជាមួយនំប៉័ងដែលបង្ហាញលើគំរូនំប៉័ងយក្ស ដែលបានដាក់តាំងបង្ហាញនៅពិធីបុណ្យនំប័ុងលើកទី២ ឆ្នាំ២០២៤។ (រូបថត៖ VOV) |
ក្រៅពីសកម្មភាពរំលឹកខួបដ៏លេចធ្លោ ព្រឹត្តិការណ៍ទេសចរណ៍-ភោជនាហារមួយទៀត ក៏ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីសំណាក់មិត្តអ្នកស្តាប់កម្ពុជាផងដែរ នោះគឺពិធីបុណ្យនំបុ័ងឆ្នាំ ២០២៤ នៅក្នុងទីក្រុងហូជីមិញ។ ក្នុងសំបុត្រផ្ញើមកកម្មវិធី លី ចាន់ដា មកពីខេត្តស្វាយរៀងបានចែករំលែកថា៖ «ពេលខ្ញុំទៅលេងទីក្រុងហូជីមិញជាលើកដំបូង កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានពិសារនំប៉័ង ហើយនិយមចូលចិត្តមុខម្ហូបនេះតាំងពីថ្ងៃនោះមក។ នំប៉័ង ផឹកទឹកសណ្តែកសៀងមួយកែវ ឬទឹកផ្លែឈើមួយកែវ សមរម្យសម្រាប់រាល់អាហារប្រចាំថ្ងៃ។ នៅឆ្នាំក្រោយ ប្រសិនបើពិធីបុណ្យនំប៉័ងបន្តត្រូវបានរៀបចំ ខ្ញុំសង្ឃឹមថានឹងមានឱកាសចូលរួម”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ក្រោយពីជោគជ័យនៃពិធីបុណ្យនំបុ័ងលើកទី១ក្នុងឆ្នាំ២០២៣ សមាគមទេសចរណ៍ទីក្រុងហូជីមិញ និងមន្ទីរទេសចរណ៍ទីក្រុងបានសម្របសម្រួលរៀបចំពិធីបុណ្យនំប៉័ងវៀតណាមលើកទី២ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែឧសភា នៅសួនឧទ្យាន Le Van Tam ខ័ណ្ឌទី ១។ ចំណុចលេចធ្លោនៃពិធីបុណ្យឆ្នាំនេះ គឺកន្លែងដែលមេចុងភៅសម្ដែង ធ្វើម្ហូបនិងបង្កើតកំណត់ត្រានៃមុខម្ហូបចំនួន ១៥០ មុខ ទទួលទានជាមួយនំប៉័ងដែលបង្ហាញលើគំរូនំប៉័ងយក្ស។ ពិធីបុណ្យឆ្នាំនេះមានការចូលរួមពីស្តង់ជិត ១៥០ រួមទាំងម៉ាកនំបុ័ងល្បីៗដែលមានអាយុកាលជាង ៥០ ឆ្នាំមកពីទូទាំងប្រទេស។ ទីក្រុងហូជីមិញបានកំណត់ពិធីបុណ្យនំប៉័ងជាព្រឹត្តិការណ៍វប្បធម៌ភោជនាហារប្រកបដោយឥទ្ធិពលទូលំទូលាយ ហើយជាពិធីបុណ្យដ៏សំខាន់មួយដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕