ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គេហទំព័រ VOV5 ពោរពេញទៅដោយបរិយាកាសបុណ្យតេតប្រពៃណីរបស់ប្រទេសជាតិ។ ពណ៌ចម្រុះស្រស់ស្អាត ស្នាមញញឹមដ៏ភ្លឺស្វាងរបស់មនុស្សម្នាក់ៗ និងបរិយាកាសនៃនិទាឃរដូវត្រូវបានឆ្លុះបញ្ចាំងនៅក្នុងអត្ថបទ ព័ត៌មាន និងរូបភាពនៃបុណ្យតេតវៀតណាមគ្រប់ទីកន្លែង។ មិត្តអ្នកស្តាប់ជាច្រើនបានសម្តែងការចាប់អារម្មណ៍ចំពោះកម្មវិធី Innocity (កម្មវិធីគំនិតផ្តួចផ្តើមរបស់យុវជនវៀតណាម ដែលយើងខ្ញុំលើកយកមកបង្ហាញក្នុងកម្មវិធីបុណ្យ តេត ហើយមិត្តអ្នកស្តាប់ជាច្រើនក៏ចាប់អារម្មណ៍នឹងបទសម្ភាសន៍ជាមួយសាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang។ សូមអរគុណលោកអ្នកដែលតែងតែរួមដំណើរជាមួយយើងខ្ញុំ។
ប្រជាជនទៅវត្តនាដើមឆ្នាំ នៅវត្ត Dai Tue ស្រុក Nam Dan (រូបថត៖ giacngo.vn) |
សំបុត្រដែលផ្ញើមកយើងក៏ជាបំណងចង់ស្វែងយល់បន្ថែមអំពីប្រទេស និងប្រជាជនវៀតណាម តាមរយៈខ្លឹមសារដែលប្រិយមិត្តចាប់អារម្មណ៍។ ក្នុងនោះមានសំបុត្រមួយច្បាប់របស់មិត្តអ្នកស្តាប់ មូវ សារឿន បានសួរអំពីអត្ថន័យនៃទំនៀមទម្លាប់ទៅវត្តនៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។
មិតមូវ សារឿនជាទីមេត្រី! ទំនៀមទម្លាប់ទៅវត្តនៅដើមឆ្នាំរបស់ប្រជាជនវៀតណាម ជាសកម្មភាពមួយទាក់ទងនឹងព្រះពុទ្ធសាសនា បានក្លាយជាវប្បធម៌ប្រពៃណីនិងត្រូវបានរក្សាក្នុងគ្រួសារប្រជាជនវៀតណាមតាំងពីយូរណាស់មកហើយ។ មនុស្សម្នាទៅវត្ត ដើម្បីបួងសួងសូមសេចក្តីសុខដល់ក្រុមគ្រួសារ ដើម្បីទទួលយកព្រះធម៌ តាមនោះ បង្រៀនកូនចៅឱ្យរស់នៅបានល្អប្រសើរ និងមានចិត្តសប្បុរស។ តេតមកដល់ រដូវផ្ការីកមកដល់គឺជាចំណុចចាប់ផ្តើមសម្រាប់ឆ្នាំថ្មី ជាមួយនឹងសេចក្តីប្រាថ្នាថ្មីៗជាច្រើន។ ដូច្នេះហើយ ប្រជាជនវៀតណាមមានទម្លាប់ទៅវត្ត ដើម្បីបួងសួងសុំសេចក្តីសុខ និងសំណាងល្អក្នុងឆ្នាំថ្មី។ មិនត្រឹមតែនៅវៀតណាមទេ ទៅវត្តនាដើមឆ្នាំថ្មី បានក្លាយជាវប្បធម៌ខាងវិញ្ញាណរបស់ប្រជាជនវៀតណាមក្នុងប្រទេសជាច្រើនផងដែរ។ អាណិកជនវៀតណាមនៅក្រៅប្រទេសពេលមកលេងស្រុកកំណើតបានចែករំលែក៖ ទំនៀមទម្លាប់ទៅវត្តនិងជូនអាងបាវ នៅដើមឆ្នាំបានក្លាយជាវប្បធម៌និងមនសិការដែលមិនអាចខ្វះបានរបស់ប្រជាជនវៀតណាម។ ដូច្នេះហើយ នៅយប់ថ្ងៃថ្ងៃឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ប្រជាជនតែងនាំគ្នាទៅវត្ត សូមលាភសំណាងនិងបួងសួងសុំសេចក្តីសុខ។
ក៏ជាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាមដែរ ប្រិយមិត្តអ្នកស្តាប់ជាច្រើនចង់ដឹងថា ហេតុអ្វីបានជាក្នុងចំណោមសត្វតំណាងឆ្នាំ ទាំង ១២ របស់វៀតណាម មិនមានសត្វទន្សាយទេ ប៉ុន្តែបែរជាឆ្មាទៅវិញ។
ដូចដែលលោកអ្នកបានដឹងហើយថា នៅប្រទេសវៀតណាមឆ្នាំ ថោះ តំណាងសត្វឆ្មា ប៉ុន្តែនៅក្នុងប្រទេសចិនកូរ៉េខាងត្បូងនិងជប៉ុននេះគឺជាឆ្នាំទន្សាយ។ មានការពន្យល់ជាច្រើនណាស់ ហើយមកទល់ពេលនេះ ចម្លើយនៅមិនទាន់ច្បាស់ ហើយអ្នកជំនាញបន្តស្រាវជ្រាវ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មានអ្នកជំនាញជាច្រើនជឿថា វាគឺដោយសារតែបរិស្ថានធម្មជាតិដូចជាប្រទេសវៀតណាមមិនមែនជាប្រទេសដែលមានលក្ខខណ្ឌសម្រាប់សត្វទន្សាយ។ ផ្ទុយទៅវិញសត្វឆ្មាគឺជាមិត្តជិតស្និទ្ធរបស់គ្រួសារវៀតណាមនីមួយៗ។ ម្យ៉ាងទៀត តាមគោលគំនិតហុងស៊ុយក្នុងសត្វទាំង១២ ប្រភេទដែលមានកណ្តុរជាសត្វកកេរ ទន្សាយមិនគួរមានទេ។ ហើយឆ្មាដែលត្រូវបានជំនួសគឺជារឿងល្អ និងសមហេតុផលសម្រាប់តុល្យភាពនៃយិននិង យ៉ាង ដែលចុះសម្រុងគ្នាគ្រប់ទិដ្ឋភាពនៃសកលលោក។
ពិធីបុណ្យតេតប្រពៃណីទើបតែបានបញ្ចប់ ហើយប្រជាជនវៀតណាមកំពុងរៀបចំសម្រាប់បុណ្យព្រះច័ន្ទពេញបូណ៌មី ខែមាឃ ឬហៅម្យ៉ាងទៀតថា បុណ្យតេត Nguyen Tieu។ អ្នកស្តាប់ជាច្រើនចង់ស្វែងយល់អំពីបុណ្យ នេះ។ ខាងក្រោមនេះគឺជាព័ត៌មានដែលយើងនឹងផ្តល់ជូនលោកអ្នក។
ថ្ងៃព្រះច័ន្ទពេញបូណ៌មី ខែមាឃ ជាថ្ងៃដ៏សំខាន់បំផុតមួយនៃឆ្នាំ ដូច្នេះហើយបានជាជនវៀតណាមមានសុភាសិតថា “សែនព្រេនព្រះពុទ្ធពេញមួយឆ្នាំ មិនស្មើនឹងថ្ងៃពេញបូណ៌មីនៃមាឃនៅឡើយ”។ ព្រះច័ន្ទពេញវង់នៃមាឃ ឬហៅម្យ៉ាងទៀតថា តេត Nguyen Tieu មានន័យថា រាត្រីពេញបូណ៌មីដំបូងនៃឆ្នាំថ្មី។ ក្នុងដួងចិត្តប្រជាជនវៀតណាម ព្រះច័ន្ទពេញបូណ៌មីមានអត្ថន័យមិនខុសពីថ្ងៃចូលឆ្នាំនោះទេ។ ហើយក្នុងថ្ងៃនេះ ប្រជាជនតែងតែទៅវត្ត ក៏ដូចជាធ្វើចង្ហាន់ដល់ព្រះពុទ្ធ (បើមានព្រះពុទ្ធគង់នៅផ្ទះ) និងសែនព្រេនដូនតាដើម្បីបួងសួងសុំសេចក្តីសុខដល់ក្រុមគ្រួសារ និងខ្លួនឯង៕