ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្ដាហ៍ កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល និងទូរស័ព្ទចំនួន១២របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។ សូមអរគុណរាល់មតិយោបល់និង មនោសញ្ចេតនាដ៏ថ្លៃថ្លារបស់លោកអ្នកនាងនិងប្រិយមិត្តជូនចំពោះយើងខ្ញុំ។

ក្នុងសប្ដាហ៍កន្លងទៅ ព័ត៌មានស្ដីពីការដែលកម្ពុជាជួយវៀតណាមនូវសម្ភារៈបរិក្ខារ វេជ្ជសាស្ត្រនិងថវិកាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ទទួលបានការយក ចិត្តទុកដាក់ជាច្រើនពីមិត្តអ្នកស្ដាប់។ មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជាម្នាក់នៅ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ដល់យោបល់ថា៖ “ដូចដែលសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាននិយាយថា ការជួយឧបត្ថម្ភវៀតណាមបាន បង្ហាញនូវស្មារតីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩”។ ចំណែកឯមិត្ត ហ៊ាន សុភក្តិ នៅរាជ ធានីភ្នំពេញ បានផ្ញើរអ៊ីម៉ែលចែករំលែកយ៉ាងដូច្នេះថា៖ “វៀតណាមបានផ្ដល់ជំនួយដ៏ ថ្លៃថ្លាយ៉ាងសន្ធឹកសន្ធាប់ជូនប្រជាជនកម្ពុជាក្នុងអំឡុងពេលមានជម្ងឺរាតត្បាតនេះ។ ដូច្នេះខ្ញុំ សង្ឃឹមថា លើកនេះការជួយឧបត្ថម្ភពីកម្ពុជាដល់វៀតណាមនឹងចូលរួមចំណែកជួយ មិត្តបង្ការទប់ស្កាត់ជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព”។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានទទួលថវិកាចំនួន ៥ ម៉ឺនដូល្លារអាមេរិករបស់សមាគមមិត្តភាពកម្ពុជា - វៀតណាម។ (រូបថត៖ VOV)
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានផ្សាយព័ត៌មានថា កាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឧបត្ថម្ភវៀតណាមថវិកា និងសំភារៈបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតកូវីដ ១៩ ក្នុងបរិបទ ដែលទីក្រុង ហូជីមិញកំពុងរងផលប៉ះពាល់ដោយសារជំងឺ កូវីដ ១៩។ នាព្រឹកថ្ងៃទី១៩ ខែកក្កដា នៅរាជធានីភ្នំពេញ លោកឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅកម្ពុជា Vu Quang Minh តំណាងភាគីវៀតណាម បានទទួលថវិកាចំនួន ១០ ម៉ឺនដុល្លារអាមេរិក របស់សមាគមកាកបាទក្រហមកម្ពុជា ដែលត្រូវបានភរិយា របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន សមាគមកាកបាទក្រហមកម្ពុជា ប្រគល់ជូនសមាគមកាកបាទ ក្រហម វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានទទួលថវិកាចំនួន ៥ ម៉ឺនដូល្លារអាមេរិក របស់សមាគមមិត្តភាពកម្ពុជា - វៀតណាម ដែលត្រូវបានលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន ប្រធានសមាគមប្រគល់ជូនសមាគមមិត្តភាពវៀតណាម - កម្ពុជា ដើម្បីជួយ ប្រជាជនវៀតណាម ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។ ចំណែកឯនៅទីក្រុង ហូជីមិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាង ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានប្រគល់អំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជាជូនភាគីវៀតណាម ដែលរួមមាន៖ ម៉ាសពេទ្យចំនួន ១ លានម៉ាស ម៉ាស N 95 ចំនួន ១ សែនម៉ាស ម៉ាស៊ីនផលិត អុកស៊ីសែនចំនួន ១០០ គ្រឿង និង ថវិកាចំនួន ២០ ម៉ឺនដុល្លារអាមេរិក។ ច្បាស់លាស់ថា នេះជាការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិង ទាន់ពេលវេលា ដែលចូលរួមចំណែកទៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុង ការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩ ព្រមទាំងបង្ហាញស្មារតីសាមគ្គីភាព ការទំនុក បម្រុងគ្នាក្នុងគ្រាលំបាករវាងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា។
ក៏ពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅវៀតណាមដែរ មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានចោទ សំណួរសួរបន្ថែមទៀតថា៖ “គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងប៉ុន្មាន ភាគរយ ហើយតើគោលដៅនៃយុទ្ធសាស្ត្រវ៉ាក់សាំងរបស់មិត្តរហូតដល់ចុងឆ្នាំជាអ្វី”?
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 2កញ្ចប់វ៉ាក់សាំងបង្ការកូវីដ ១៩ មកដល់ព្រលានយន្តហោះ Tan Son Nhat។ (រូបថត៖ nld.com.vn)
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! យោងតាមព័ត៌មានពីក្រសួងសុខាភិបាលឲ្យ ដឹងថា គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមបានបែងចែកវ៉ាក់សាំងចំនួនជាង៨លាន៨សែន ដូសសម្រាប់បម្រើការបង្ការប្រឆាំងកូវីដ ១៩ ហើយបានចាក់វ៉ាក់សាំងប្រមាណ៤លាន ៣សែនដូសជូនប្រជាពលរដ្ឋរួចហើយ។ តាមផែនការ ក្នុងខែកក្កដានេះ មានវ៉ាក់សាំង ប្រមាណ៩លានដូសបន្ថែមទៀតនឹងមកដល់វៀតណាម ហើយដល់ដំណាច់ត្រីមាស ទី៣នឹងមានបន្ថែម៣០លានដូស។ មុននោះ បណ្ដាអង្គការអន្តរជាតិ ក្រុមហ៊ុនផលិត ចែកចាយវ៉ាក់សាំងលើពិភពលោកបានសន្យាផ្ដល់ជំនួយ ចុះហត្ថលេខាលើកិច្ចសន្យា ផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ១០៥លានដូសជូនវៀតណាមក្នុងឆ្នាំ២០២១។ ក្រៅពីនោះ វៀតណាមបានចរចាទិញវ៉ាក់សាំង Sputnik V ចំនួន៤០លានដូសពីរុស្ស៊ី ហើយក្រុម ហ៊ុន Pfizer បានយល់ព្រមផ្គត់ផ្គង់បំពេញបន្ថែមវ៉ាក់សាំងចំនួន២០លានដូសក្នុង ត្រីមាសទី៤ផងដែរ។ ក្រសួងសុខាភិបាលក៏បានចុះហត្ថលេខាលើកិច្ចសន្យាចំនួន២ ស្ដីពីការផ្ទេរប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ ១៩ ជាមួយដៃគូនានារបស់រុស្ស៊ីនិង អាមេរិក ព្រមទាំង ជួយគាំទ្រដល់អង្គភាពផលិតវ៉ាក់សាំងក្នុងប្រទេស ដើម្បីជំរុញ ល្បឿនការសាកល្បងគ្លីនិកហើយធានាការគោរពយ៉ាងត្រឹមត្រូវតាមនីតិវិធីផងដែរ។ គិតត្រឹមពាក់កណ្ដាលខែកក្កដា វៀតណាមបានសម្រេចរួចរាល់ការចាក់ជាសាកល្បង វ៉ាក់សាំង Nano Covax ផលិតក្នុងប្រទេសចំនួន១៣.០០០ដូសដើមដំបូងជូនអ្នក ស្ម័គ្រចិត្ត។ វៀតណាមខិតខំក្នុងឆ្នាំ២០២១នេះ មានវ៉ាក់សាំងកូវីដ ១៩ ក្នុងស្រុកយ៉ាង ហោចណាស់ ១ ប្រភេទត្រូវបានផលិតប្រកបដោយជោគជ័យ។ ចាប់ពីខែកក្កដាឆ្នាំ ២០២១ដល់ខែមេសាឆ្នាំ២០២២ វៀតណាមនឹងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងធំ បំផុតក្នុងប្រវត្តិសាស្ត្រ ដោយមានប្រជាពលរដ្ឋចំនួន៧០% (ប្រមាណ ៧៥លាននាក់) ក្នុងវ័យអាយុដ៏សមស្រប ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩។
បញ្ចប់ពីព័ត៌មានស្ដីពីស្ថានភាពជម្ងឺរាតត្បាតកូវីដ ១៩ យើងសូមឆ្លើយសំណួរមួយគួរ ឲ្យទាក់ទាញដែលពាក់ព័ន្ធដល់វិស័យកីឡា មកពីមិត្តអ្នកស្ដាប់ សូវ សម្បត្តិ នៅរាជធានី ភ្នំពេញ ដោយមានខ្លឹមសារដូចតទៅ៖ “ដូចកម្ពុជាដែរ ក្រុមកីឡាវៀតណាមបានចេញ ដំណើរទៅចូលរួមកីឡាអូឡាំពិកតូក្យូ ២០២០។ សូមជូនពរឲ្យកីឡាករកីឡាការិនីនៃ ប្រទេសទាំងពីរប្រកួតអស់ពីសមត្ថភាព សម្រេចបានលទ្ធផលល្អ។ ហើយខ្ញុំចង់សួរពី ស្នាដៃនៃការចូលរួមកីឡាអូឡាំពិករបស់វៀតណាមគិតត្រឹមបច្ចុប្បន្ននេះផងដែរ”។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 3 ពិធីជូនដំណើរក្រុមកីឡាវៀតណាមទៅចូលរួមកីឡាអូឡាំពិកតូក្យូ២០២០។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!ប្រសិនបើគិតចាប់តាំងពីឆ្នាំ១៩៧៥មក កីឡាអូឡាំពិកតូក្យូ ២០២០ ជាកីឡាអូឡាំពិកលើកទី១០ដែលវៀតណាមចូលរួម។ មេដាយអូឡាំពិកដំបូងបង្អស់របស់ក្រុមកីឡាវៀតណាមគឺមេដាយប្រាក់របស់កីឡាការិនីក្បាច់គុនតេក្វាន់ដូ Tran Hieu Ngan នៅកីឡា អូឡាំពិកស៊ីដនីយ ២០០០។ ចាប់តាំង ពីពេលនោះមក កីឡាវៀតណាមជាបណ្ដើរៗបានឈានដល់សមិទ្ធផលថ្មីៗនៅសង្វៀន អូឡាំពិក ជាមួយនឹងមេដាយប្រាក់របស់កីឡាករលើកដុំដែក Hoang Anh Tuan នៅ កីឡាអូឡាំពិកប៉េកាំង ២០០៨ មេដាយសំរិទ្ធរបស់កីឡាករលើកដុំដែក Tran Le Quoc Toan នៅកីឡាអូឡាំពិក២០១២។ ហើយនៅកំពូលគឺកីឡាអូឡាំពិក Rio ២០១៦ អាស្រ័យដោយការប្រកួតគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh បានដណ្ដើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង តាមនោះបង្កើតឡើងអព្ភូតហេតុប្រវត្តិសាស្ត្ររបស់កីឡាវៀតណាម។ នៅកីឡា អូឡាំពិកតូក្យូ២០២០នេះ កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh បន្តជាក្ដីសង្ឃឹម របស់កីឡាវៀតណាម។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺជាមតិយោបល់និងសំណួរ របស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ សំបុត្រ របស់មិត្តអ្នកស្ដាប់ សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុ សម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com។

ប្រតិកម្មទៅវិញ

ផ្សេងៗ