ឆ្លើយសំនួររបស់មិត្តអ្នកស្ដាប់
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែល ចំនួន ៣៦០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។
ព្រឹត្តិការណ៍ សម្ពោធសំណង់អនុស្សាវរីយ៍ ដំណើរឆ្ពោះទៅការជួយសង្គ្រោះប្រទេសជាតិរបស់នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន (រូបថត៖ TTXVN) |
មិត្តអ្នកស្ដាប់ជាច្រើនបានផ្ញើសំបុត្រមកាន់កម្មវិធី ដោយបានបង្ហាញចំណាប់អារម្មណ៍អំពីព្រឹត្តិការណ៍ “សម្ពោធសំណង់អនុស្សាវរីយ៍ ដំណើរឆ្ពោះទៅការជួយសង្គ្រោះប្រទេសជាតិរបស់នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន” កាលពីថ្ងៃទី ២០ ខែមិថុនានៅខេត្ត Binh Phuoc។ ក្នុងនោះ មិត្តអ្នកស្ដាប់ គឹមសំនាង ជានិស្សិតខ្មែរនៃសាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងហាណូយបានសរសេរថា៖“ សំណង់នេះបានសាងសង់ជាស្ថាពរ ហើយបានដាក់ឲ្យប្រើប្រាស់ នឹងក្លាយទៅជាគោលដៅទស្សនាស្វែងយល់ពីប្រវត្តិសាស្រ្ត សំដីឃោសនានិងអប់រំដល់យុវជនជំនាន់ក្រោយរបស់កម្ពុជាឲ្យកាន់តែយល់ដឹងយ៉ាងច្បាស់លាស់អំពីគុណបំណាច់របស់បុព្វបុរសជំនាន់មុន ក្នុងការស្វែងរកផ្លូវសង្គ្រោះប្រទេសជាតិ និងផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ នេះនឹងក្លាយទៅជាសញ្ញាសម្គាល់នៃប្រវត្តិសាស្ត្រដើម្បីរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមករបស់រដ្ឋទាំងពីរនីយាយរួម និងខេត្ត Binh Phuoc និងបណ្ដាខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជានិយាយាដោយឡែកផងដែរ។
ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីក៏ទទួលបានសេចក្ដីជូនពរជាច្រើនពីប្រិយមិត្ត ក្នុងឱកាសរំលឹកខួបលើកទី ៩៦ ទិវាសារព័ត៌មានបដិវត្តវៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២១) ។ ក្នុងសំបុត្រ ដែលផ្ញើមកកាន់កម្មវិធី មិត្តអ្នកស្តាប់ ហេងវុទ្ធី និស្សិតកម្ពុជាម្នាក់បានសរសេរថា៖“ ក្នុងឱកាសរំលឹកខួបទិវាសារព័ត៌មានបដិវត្តវៀតណាម ខ្ញុំសូមជូនពរអ្នកសារព័ត៌មាន អ្នកយកព័ត៌មាន និងអ្នកនិពន្ធ VOV5 នូវសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។ សូមជូនពរមិត្តឲ្យក្លាយទៅជាយុទ្ធជនឈានមុខគេនៅលើសមរភូមិវប្បធម៌ មនោគមន៍វិជ្ជា”។
លើសពីនេះទៅទៀត មិត្តអ្នកស្តាប់ថាច់សំបូរ បានផ្ញើសំបុត្រមកកាន់កម្មវិធីដោយបានបង្ហាញសេចក្ដីសប្បាយរីយរាយ នៅពេលដែលទទួលបានដំណឹងថាក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបានលទ្ធផលខ្ពស់ក្នុងវគ្គជម្រុះ World Cup៖“ ខ្ញុំសូមអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈានចូលវគ្គជម្រុះ FIFA World Qatar 2022។នេះជាសមិទ្ធិផលគួរឱ្យកត់សំគាល់ ជាពិសេសនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដោយជះឥទ្ធិពលដល់ក្រុមបាល់ទាត់”។
កោះ May Rut នៅទីក្រុងកោះ Phu Quoc ខេត្ត Kien Giang |
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ កោះ May Rut នៅទីក្រុងកោះ Phu Quoc ខេត្ត Kien Giang។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្ដាប់ គីមសែនសុខ មកពីកម្ពុជាមានបំណងចង់ស្វែងយល់ផងដែរ។ មិត្ត គីមសែនសុខ និងប្រិយមិត្តជាទីមេត្រី កោះ May Rut គឺជាកោះមួយក្នុងចំណោមកោះធំៗ ស្ថិតនៅទិសខាងត្បូងនៃទីក្រុងកោះ Phu Quoc ខេត្ត Kien Giang។ នេះក៏ជាកោះមួយក្នុងចំណោមកោះស្អាតបំផុត នៃទីក្រុងសមុទ្រ Phu Quoc ហើយទទួលបានការពេញនិយមចូលចិត្តពីសំណាក់ភ្ញៀវទេសចរផងដែរ ។ដើម្បីធ្វើដំណើរទៅដល់កោះ May Rut មិត្តត្រូវធ្វើដំណើរថ្មើរជើងចេញទៅកាន់កំពង់ផែ An Thoi។ បន្ទាប់ពីនោះ នឹងមានធ្យោបាយដឹកជញ្ជូនពីរគ្រឿង មិត្តអាចជ្រើសរើសធ្វើដំណើរតាមនាវាធំ ឬតាមកាណូ ដើម្បីធ្វើដំណើរទៅដល់កោះ May Rut។ បោះជំហានឡើងកោះ ភ្ញៀវទេសចរនឹងឃើញកោះ May Rut ហាក់ដូចជា ”គ្រាប់ពេជ្រលាក់ខ្លួន” មួយក្នុងចំណោមប្រជុំកោះ Phu Quoc។ កោះនេះ បង្កចំណាប់អារម្មណ៍នឹងភ្ញៀវទេសចរ ដោយមានទេសភាពរហោស្ថានធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ ព្រមទាំងមានឆ្នេរខ្សាច់ម៉ដ្ឋខៃ ទឹកសមុទ្រថ្លាឈ្វេងពណ៌ដូចគ្រាប់គជ់។ ឆ្នេរខ្សាច់សម៉ដ្ឋខៃ វែងអន្លាយអូសទៅទិសខាងត្បូង ឬជញ្ជាំងថ្មដេកប្រជ្រៀតគ្នានៅទិសខាងជើង សុទ្ធតែជាទីកន្លែងបង្អង់ដំណើរដ៏ប្រសើរសម្រាប់សម្រាកលំហែកាយរបស់លោកអ្នក។ នៅទីនេះ ខ្សែទឹកថ្លាឈ្វេង នឹងបំបាត់រំសាយអស់នូវភាពនឿយហត់នៃកម្ដៅថ្ងៃហូតហែង នារដូវប្រាំង។ កោះ May Rut ក៏ទាក់ទាញភ្ញៀវទេសចរដោយប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបដូចជា៖ ត្រី បង្កង ក្តាម ខ្យង លៀស ជាពិសេសគឺកាំប្រមាសមុទ្រ។ កោះ May Rut គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកុះករ រួមចំណែកជួយ កោះ Phu Quoc ដែលត្រូវបានកាសែតធំៗជាច្រើនដូចជា Forbes, CNN និង Telegraph ស្ងើចសរសើរថា ជាទីកន្លែងទេសចរណ៍ គួរអញ្ជើញមកទស្សនា។ ឆ្នាំ២០២០ កន្លង កោះ Phu Quoc ជាប់លំដាប់លេខ៧ ក្នុងចំណោមគោលដៅទើបលេចចេញថ្មីទាំង ២៥ ដែលត្រូវបាន ទំព័រកាសែតទេសចរណ៍ល្បីឈ្មោះពិភពលោក TripAdvisor ប្រកាសផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕