ឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្ដាហ៍ កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ អ៊ីម៉ែលចំនួន១២របស់មិត្តអ្នកស្ដាប់កម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាង ស្មោះអស់ពីដួងចិត្តជូនចំពោះប្រិយមិត្តទាំងអស់ដែលបានរួមដំណើរជាមួយ យើងខ្ញុំ។ ជាបន្តទៅទៀត យើងខ្ញុំសូមចែករំលែកមតិយោបល់ ហើយឆ្លើយ សំណួរមួយចំនួនដែលបានផ្ញើរមកកាន់កម្មវិធី។

មិត្តអ្នកស្ដាប់ សម្បត្តិ នៅរាជធានីភ្នំពេញ បានផ្ញើរមតិយោបល់ថា៖ “ការដែលសម្ព័ន្ធក្រុមហ៊ុន LEGO ទើបបានសន្យាបោះទុនចំនួន១ពាន់លានដុល្លា អាមេរិកសម្រាប់កសាងរោងចក្រថ្មីនៅវៀតណាម បើតាមខ្ញុំគិតថា នេះគឺជាការ ជំរុញយ៉ាងខ្លាំងក្លាមួយចំពោះសេដ្ឋកិច្ចវៀតណាមក្នុងដំណាក់កាលស្ដារឡើងវិញក្រោយជម្ងឺរាតត្បាតកូវីដ-១៩។ សូមឲ្យកម្មវិធីជួយផ្ដល់ព័ត៌មានបន្ថែមទៀតអំពី គម្រោងនេះផងណា”។
ឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1អតិថិជននៅក្នុងហាង Lego មួយនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ (រូបថត៖ Reuters)
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី នាពេលថ្មីៗនេះ សម្ព័ន្ធក្រុមហ៊ុន LEGO (ដាណឺម៉ាក) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយមណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី (VSIP) អំពីការកសាងរោងចក្រ ថ្មីមួយនៅខេត្ត Binh Duong ដែលមានដើមទុនសរុបចំនួន១ពាន់លានដុល្លាអាមេរិក។ តាមការគ្រោងទុក គម្រោងនេះនឹងត្រូវបានបើកការដ្ឋានសាងសង់នៅពាក់ កណ្ដាលចុងឆ្នាំ២០២២ ហើយត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤ រួម ចំណែកបង្កើតការងារធ្វើសម្រាប់មនុស្សចំនួន៤ពាន់នាក់។ គួរឲ្យកត់សម្គាល់ថា នេះជារោងចក្រទី៦របស់ LEGO លើពិភពលោកជាទី២នៅអាស៊ី ហើយជារោង ចក្រអព្យាក្រឹតកាបូនដើមដំបូងរបស់សម្ព័ន្ធក្រុមហ៊ុននេះ ដែលប្រតិបត្តិការដោយ ថាមពលពន្លឺព្រះអាទិត្យទាំងស្រុង។ ខណៈពេលដែលវិនិយោគិនខ្លះៗ នៅតែ ស្ទាក់ស្ទើរដោយ សារតែការព្រួយបារម្ភចំពោះផលប៉ះពាល់បណ្ដាលមកពីជម្ងឺ កូវីដ-១៩នោះ គឺគម្រោងទ្រង់ទ្រាយធំនេះរបស់ LEGO បានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវសក្ដានុពលនិងប្រៀបខ្លាំងរបស់វៀតណាម។ លើសពីនេះទៅទៀត នេះក៏ជាសក្ខីភាពដែលបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តនិងការសន្យាដ៏ខ្លាំងក្លា របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កំណើន បៃតង ប្រកបដោយចីរភាព ដូចនឹងសារដែលត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh សង្កត់ធ្ងន់នៅពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអំពី ការប្រែប្រួលអាកាសធាតុ (COP26) នៅចក្រភពអង់គ្លេសនាពេលថ្មីៗនេះដែរ។
បន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តផ្ទៀងស្ដាប់ការចែក រំលែកពោរពេញទៅដោយមនោសញ្ចេតនារបស់មិត្ត ស៊ុន ផល អតីតនិស្សិតនៅ សាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ។ ក្នុងសំបុត្រដែលបានផ្ញើរមកកាន់ កម្មវិធី គាត់បានសរសេរថា៖ “មិត្តភក្តិខ្ញុំបានបង្ហោះលើ facebook អំពីទិវាហ្វើវៀតណាម (ថ្ងៃទី១២ ធ្នូ) ដែលត្រូវបានលើកតម្កើងដោយ Google។ នៅពេលខ្ញុំរៀន នៅវៀត ណាម មិនដឹងថាមានទិវានេះទាល់តែសោះ ប៉ុន្តែរសជាតិនៃហ្វើហាណូយ គឺខ្ញុំមិន អាចបំភ្លេចបានឡើយ។ ក្នុងរដូវរងារ ទោះបីជាមេឃត្រជាក់ខ្លាំងណាស់ក៏ដោយ ប៉ុន្តែយើងខ្ញុំច្រើនតែណាត់គ្នាក្រោកពីដំណេកតាំងពីព្រលឹម ដើម្បីទៅរត់ហាត់ ប្រាណ ហើយចេញខាងក្រៅអន្តេវាសិកដ្ឋាន ទទួលទានហ្វើ។ ប្រសិនបើមាន ឱកាសនាំក្រុមគ្រួសារទៅទស្សនានៅទីក្រុងហាណូយ ប្រាកដថា ខ្ញុំនឹងអញ្ជើញ ពួកគេទាំងអស់គ្នាទៅទទួលទានម្ហូបអាហារដ៏អស្ចារ្យនេះហើយ”។
ឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2រូបភាពម្ហូប ហ្វើ វៀតណាម នៅលើ Google Doodle។
មិត្ត ស៊ុន ផលនិង ប្រិយមិត្តទាំងអស់ជាទីមេត្រី កាលពី៣ឆ្នាំមុនគឺនៅ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ទិវាហ្វើវៀតណាម ត្រូវបានជ្រើសរើសជាផ្លូវការ ដោយបំណង ចង់លើកតម្កើងតម្លៃនៃមុខម្ហូប វៀត ណាមមួយនេះ ដែលត្រូវបានពេញនិយមនៅ តាមប្រទេសជាច្រើនលើពិភពលោក។ នៅទិវា ហ្វើ វៀតណាម រូបភាពដ៏រស់រវើក នៃមុខម្ហូប ហ្វើ មិនត្រឹមតែត្រូវបានបង្ហាញនៅលើគេហទំព័រ Google វៀតណាម ប៉ុណ្ណោះទេ ថែមទាំងនៅតាមប្រទេសជាច្រើនទៀតផង។ Doodle ហ្វើ ដែលជា រូបភាពចលនា បានពណ៌នារបៀបត្រៀមរៀបចំម្ហូបហ្វើ ជាមួយនឹងនំហ្វើ សាច់ គោហាន់ស្ដើងៗ ឬសាច់មាន់ហែក ខ្ទឹមបារាំងស្រស់ចិញ្ច្រាំឲ្យល្អិតដាក់ជាមួយជី ស្រូប ទឹកស៊ុបក្ដៅ ទទួលទានជាមួយចាខ្វៃ ទឹកខ្មេះម្ទេសដ៏ពិសេសរបស់ហ្វើហាណូយ ឬសណ្ដែកបណ្ដុះ និងជីរបស់ហ្វើនៅភាគខាងត្បូង។ ចំពោះប្រជាជនវៀតណាម ជាពិសេសនៅរដ្ឋធានីហាណូយ ហ្វើមិនត្រឹមតែជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ មាន អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏ស្រស់ ស្អាតនិងមោទនភាពដើម្បីឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិទៀតផង។ ប្រសិនបើលោកអ្នកនាងនិងប្រិយមិត្តអញ្ជើញមកទស្សនាទីក្រុងហាណូយ សូមកុំរំលង ឱកាសភ្លក់មុខម្ហូបដ៏វិសេសវិសាលមួយនេះផងណា។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់ និងសំណួររបស់មិត្តអ្នកស្ដាប់ដែលបានយើងខ្ញុំបូកសរុបក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមមតិ យោបល់របស់ប្រិយមិត្តទាំងអស់។ សំបុត្ររបស់លោកអ្នកសូមផ្ញើរមកកាន់ យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីមែល៖ Vov5khmer@gmail.com៕

ប្រតិកម្មទៅវិញ

ផ្សេងៗ