ឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងអ៊ីម៉ែលចំនួនជាង ៣០០ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តអ្នកស្តាប់ទាំងអស់ ដែលបានបញ្ចេញមតិ និងចែករំលែកអារម្មណ៍ចំពោះព័ត៌មាននិងព្រឹត្តិការណ៍អំពីប្រទេសនិងប្រជាជនវៀតណាម។
ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបានទទួលសំបុត្រពីមិត្តអ្នកស្តាប់ជាច្រើននៅទូទាំងពិភពលោក ដោយអបអរសាទរចំពោះសមិទ្ធិផលដែលប្រតិភូកីឡាវៀតណាមសម្រេចបាននៅព្រឹត្តិការកីឡាស៊ីហ្គេម៣២។ ក្រៅពីនេះ មិត្តអ្នកស្តាប់ជាច្រើនក៏បានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរចំពោះ Nguyen Thi Oanh អត្តពលិកវៀតណាមដែលបង្កើតអព្ភូតហេតុនៅស៊ីហ្គេម៣២ ដោយដណ្ដើមបានមេដាយមាស ២គ្រឿងជាប់ៗគ្នា ក្នុងរយៈពេលជាង៣០នាទីតែប៉ុណ្ណោះ។
កីឡាការិនី Nguyen Thi Oanh ដណ្ដើមមេដាយទ្វេរដងជាប់ៗគ្នា ក្នុងរយៈពេលជាង ៣០ នាទីប៉ុណ្ណោះ។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃទី ៩ ខែឧសភាបានគូសសញ្ញាការចែងចាំងពន្លឺរបស់កីឡាការិនី Nguyen Thi Oanh ក្នុងខ្លឹមសារ រត់ចម្ងាយ១.៥០០ម៉ែត្រនិង៣.០០០ម៉ែត្រឆ្លងកាត់ឧបសគ្គ ក្នុងកីឡាអត្តពលកម្ម។ ភ្លាមៗបន្ទាប់ពីបញ្ចប់ការប្រកួតរត់ចម្ងាយ ១៥០០ម៉ែត្រ ក្នុងថិរវេលា ៤ នាទី ១៦ វិនាទី ៨៥ កីឡាការិនី Nguyen Thi Oanh បានប្រញាប់ប្រញាល់ទៅដល់កន្លែងត្រៀមខ្លួនដើម្បីចាប់ផ្តើមការប្រកួតក្នុងវិញ្ញាសាររត់ចម្ងាយ ៣០០០ម៉ែត្រឆ្លងកាត់ឧបសគ្គ ដែលត្រូវបានធ្វើឡើងតែ២០នាទីប៉ុណ្ណោះ បន្ទាប់ពីការចាប់ផ្តើមនៃវិញ្ញាសាររត់ចម្ងាយ១៥០០ម៉ែត្រ។ ក្នុងការប្រកួតនេះ ដោយលទ្ធផល ១០នាទី ៣៤វិនាទី៣៧ Nguyen Thi Oanh បានឈ្នះមេដាយមាសទី២នៅក្នុងថ្ងៃតែមួយ។ គិតចាប់ពីពេលដែលនាងបានចូលរួមវិញ្ញាសារទីមួយ ដល់ពេលដែលនាងបញ្ចប់វិញ្ញាសារទីពីរ ពេលវេលាសរុបត្រឹមតែ ៣០នាទីប៉ុណ្ណោះ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ខ្លួន អត្តពលិកនារីមកពីខេត្ត Bac Giang បានបង្កើតកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម នៅពេលដែលដណ្ដើមមេដាយទ្វេរដងជាប់ៗគ្នា ក្នុងរយៈពេលជាង ៣០ នាទីប៉ុណ្ណោះ។
ក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធី មិត្ត គឹម ចន្ថា នៅរាជធានីភ្នុំពេញ បានសួរថា៖ “តើមានក្រុមហ៊ុនទូរគមនាគមន៍ណានៅប្រទេសវៀតណាមដែលអនុញ្ញាតឲ្យចុះឈ្មោះទិញស៊ីមសម្រាប់ជនបរទេសដែរឬទេ? តើមានតម្រូវការអ្វីខ្លះនៅពេលចុះឈ្មោះទិញស៊ីមនៅវៀតណាមសម្រាប់ជនបរទេស?
មិត្តអ្នកស្ដាប់ គឹម ចន្ថា និងប្រិយមិត្តជាទីមេត្រី! ដើម្បីបំពេញតម្រូវការទំនាក់ទំនង និងប្រើប្រាស់អ៊ីនធឺណែតរបស់ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម ប្រតិបត្តិករទូរគមនាគមន៍ជាច្រើនបានផ្តល់សេវាកម្ម និងកញ្ចប់ពិសេសសម្រាប់ភ្ញៀវទេសចរនិងអ្នកធ្វើដំណើរអាជីវកម្មមកកាន់វៀតណាម។ កញ្ចប់មួយចំនួនអាចត្រូវបានលើកឡើងដូចជា៖ ស៊ីមទេសចរណ៍របស់ Viettel, Happy Tourist របស់ MobiFone ឬ ស៊ីមទេសចរណ៍Way2go...
ដើម្បីចុះឈ្មោះទិញស៊ីមនៅវៀតណាម ភ្ញៀវអន្តរជាតិត្រូវមានលិខិតឆ្លងដែននិងទិដ្ឋាការដែលមានសុពលភាពនៅវៀតណាម។ បន្ទាប់ពីបំពេញបែបបទនៅកន្លែងលក់ផ្ទាល់របស់ក្រុមហ៊ុនទូរគមនាគមន៍ ភ្ញៀវទេសចរនឹងទទួលបានស៊ីមកាតដែលអាចប្រើប្រាស់ភ្លាមមួយរំពិក។ ក្រៅពីស៊ីមកាតបែបប្រពៃណី បច្ចុប្បន្ននេះ ជាមួយនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យា eSIM អ្នកទស្សនាក៏អាចទិញ eSIMនៅវៀតណាមតាមអ៊ីនធឺណែតបានយ៉ាងងាយស្រួល សម្បីតែមុនពេលធ្វើដំណើរមកកាន់វៀតណាមផងដែរ។ បន្ទាប់ពីបំពេញបែបបទចុះឈ្មោះរួច អ្នកទេសចរណ៍នឹងទទួលបាន QRcode ដើម្បីដំឡើង eSIM នៅលើទូរសព្ទរបស់ខ្លួន ហើយអាចប្រើប្រាស់សេវាអ៊ីនធឺណែតភ្លាមៗបន្ទាប់ពីមកដល់វៀតណាម។
ជាបន្តកម្មវិធី គឺជាសំបុត្ររបស់មិត្តអ្នកស្តាប់ ផុន ផានិត នៅកម្ពុជា ដែលបានចែករំលែកថា៖ “នាពេលថ្មីៗនេះ ខ្ញុំបានឃើញវីដេអូជាច្រើនរបស់យុវជនវៀតណាមស្លៀកពាក់សំលៀកបំពាក់ប្រពៃណីថតវីដេអូនៅបរមរាជវាំង Thang Long។ សូមឲ្យកម្មវិធីនឹងណែនាំព័ត៌មានបន្ថែមអំពីនិន្នាការនេះ។
ក្រុមគ្រួសារមួយបានថតរូបដោយស្លៀកពាក់សំលៀកបំពាក់វៀតណាមបុរាណនៅបរមរាជវាំង Thang Long។ |
មិត្តអ្នកស្ដាប់ ផុន ផានិត និងប្រិយមិត្តជាទីមាត្រី! នាពេលថ្មីៗនេះ ការស្លៀកពាក់សំលៀកបំពាក់បុរាណវៀតណាមបានក្លាយជានិន្នាការមួយ នៅពេលដែលយុវវ័យកាន់តែច្រើនឡើងបានចូលរួម។ ជំនួសឱ្យការធ្វើដំណើរទៅបរទេស យុវវ័យជាច្រើនបានជ្រើសរើសទៅទស្សនាបរមរាជវាំង Thang Long ដោយស្លៀកពាក់សំលៀកបំពាក់វៀតណាមបុរាណ ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ សំដៅរីកសាយភាយក្តីស្រឡាញ់ចំពោះសំលៀកបំពាក់ប្រពៃណីទៅគ្រប់ទីកន្លែងនៃមាតុប្រទេស។
នៅបរមរាជវាំង Thang Long ជារៀងរាល់ថ្ងៃ មានមនុស្សរាប់រយនាក់មកជួលសំលៀកបំពាក់ដើម្បីថតរូប ជាពិសេសនៅថ្ងៃចុងសប្តាហ៍។ ស្ថិតនៅក្នុងបរមរាជវាំង Thang Long នៅក្បែរវិមាន Kinh Thien ស្តង់ទំនិញរបស់ Viet Phuc Hoang Thanh ជាកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ជួលសំលៀកបំពាក់បុរាណដូចជា ao tac ao ngu than ao nhat binh... ជាមួយនឹងតម្លៃចន្លោះពី ៨០.០០០-២៥០.០០០ដុង ដោយគ្មានកំណត់ពេលវេលាឡើយ។ លើសពីនេះ អ្នកទស្សនាក៏អាចស្លៀកពាក់សម្លៀកបំពាក់បុរាណ និងថតរូបជាមួយទីកន្លែងជាច្រើនទៀតដូចជារាជធានីបុរាណHueនិង Hoa Lu ជាមួយនឹងស្ទូឌីយោនិម្មិតផងដែរ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕