សកម្មភាពលែងកំសាន្តនាដើមនិទាឃរដូវនៅទីក្រុងហូជីមិញ

(VOVWORLD) -លោកអ្នកនាងជាទីមេត្រី។

ក្នុង ២ សប្តាហ៍កន្លងទៅ គណៈកម្ម ការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រនិងទូរស័ព្ទរបស់មិត្តអ្នកស្តាប់ចំនួន  ៤០០  មកពីប្រទេសនិងតំបន់ ចំនួន ៥០ លើទូទាំងពិភពលោក។ ក្នុងនោះកម្មវិធីផ្សាយជាភាសារខ្មែរទទួលបាន សំបុត្រ និងទូរស័ព្ទចំនួន ៦ របស់មិត្ត រស្មី មិត្តដានី មិត្តសុភក្ត្រា និង មិត្តសុខ សំណាង មកពីកម្ពុជា។ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ សូមឧទ្ទេសនាមអំពី សកម្មភាពលែងកំសាន្តនាដើមនិទាឃរដូវនៅទីក្រុងហូជីមិញ តាមសំណើររបស់មិត្ត សុខ សំណាង មកពីកម្ពុជា។

មិត្ត សុខ សំណាង និងមិត្តអ្នកស្ដាប់ជាទីមេត្រី!

នៅទីក្រុងហូជីមិញ នាដើមឆ្នាំ ២០១៨ ប្រជាជន និងភ្ញៀវទេសចរបានតែងតែនាំគ្នាជើលរើសសកម្មភាពលែងកំសាន្តជាច្រើន ក្នុងបំណងសម្រាកលំហែកាយផង និងបង្ហាញនូវបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីពោរពេញទៅដោយភាពសុខសាន្តត្រាណផង។

ទីមកដល់ថ្មីមួយ នៅទីក្រុងហូជីមិញ ដែលទទួលបានការជ្រើសរើសរបស់ប្រជាជន និងភ្ញៀវទេសចរគឺកំពង់ផែ Bach Dang ។ កំពង់ផែ Bach Dang មានទីតាំងស្ថិតនៅខ័ណ្ឌ ទី ១ នៃមជ្ឈមណ្ឌលទីក្រុងហូជីមិញ។ នៅក្បែរនេះ មានវិមានស្ដេច Tran Hung Dao ដ៏ក្លាហានអង់អាច ដែលចង្អុលដៃទៅទិសកំពង់ផែ Bach Dang បង្កើតឡើងផ្ទាំងទស្សនីយភាពគួរឲ្យទាក់ទាញ។ ប្រជាជនទីក្រុងបានបណ្ដាក់ទុនកសាងរមណីដ្ឋាននេះ ដើម្បីរំលឹកដល់ជ័យជំនេះដ៏ត្រចះត្រចង់របស់កងទ័ព និងប្រជាជនវៀតណាម ក្នុងការប្រយុទ្ធនៅ Bach Dang ដោយបានវាយបរាជ័យកងទ័ព Nguyen – Mong កាលពីឆ្នាំ ១២៨៨។ នាបច្ចុប្បន្ន កំពង់ផែ Bach Dang គឺជារមណីដ្ឋានមួយនៅទីក្រុងហូជីមិញ ដោយទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករមកទស្សនា។ តាំងពីព្រឹកព្រលឹមរមណីដ្ឋាននេះ បានទទួលភ្ញៀវទេសចរជាច្រើនអនេកមកទស្សនា និងបួងសួងសុំឲ្យឆ្នាំថ្មីពោរពេញទៅដោយលាភសំណាង។ លោកស្រី  Nguyen Khanh Linh ភ្ញៀវទេសរមួយអ្នកមកពីខេត្ត Hoa Binh បានចែករំលែកថា៖

"នាដើមនិទាឃរដូវ ទៅទស្សនានៅរមណីដ្ឋានដែលសម្បូរទឹកដូច្នេះ នឹងនាំមកនូវសំណាងល្អនៅពេញមួយឆ្នាំ។ ពិតណាស់ថា កំពង់ផែ Bach Dang មានសោភណភាពស្រស់បំព្រង និងរ៉ូម៉េនទិកបំផុតនាពេលរាត្រី"

សកម្មភាពលែងកំសាន្តនាដើមនិទាឃរដូវនៅទីក្រុងហូជីមិញ - ảnh 1មណ្ឌលទេសចរណ៍វប្បធម៌ Suoi Tien (ទឹកជ្រោះទេពធិតា) (Internet) 

មណ្ឌលទេសចរណ៍វប្បធម៌ Suoi Tien (ទឹកជ្រោះទេពធិតា) មានទីតាំងស្ថិតនៅក្នុងតំបន់ដីទួលមានរូបរាង្គជាអក្សរ  “S” ដោយមានផ្ទៃដី ២ ហ្មឺនម៉ែត្រការ៉េ ។បណ្ឌលទេសចរណ៍នេះត្រូវបានសាងសង់ និងជួសជុលឡើង វិញក្នុងគោលបំណងតភ្ជាប់វិស័យទេសចរណ៍ជាមួយវិស័យវប្បធម៌ប្រវត្តិសាស្ត្រ។ នៅទីនេះ មានល្បែងកំសាន្តដ៏ថ្មីថ្មោង និងចំឡែកជាច្រើន ដោយទាក់ទាញ ភ្ញៀវទេសចរឆ្លងកាត់ពិសោធន៍ជាច្រើនដូចជា៖ ការស្ទួចក្រពើ និងធ្វើដំណើរតាមរថភ្លើងបែបអឺរ៉ុបជាដើម។ ល្បែងកំសាន្តទាំងនេះ បានជួយឲ្យអ្នកចូលរួមលំហាត់ជំនាញរបស់ខ្លួនឲ្យបានប៉ិនប្រសប់ ហើយលើកកម្ពស់សុខភាព ក៏ដូចជាតភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ លោក Duc Trung ភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបានចែករំលែកថា៖

"នាដើមឆ្នាំថ្មី គឺជាឱកាស សម្រាប់ក្រុមគ្រួសារខ្ញុំទៅដើរលេងយ៉ាងសប្បាយរីករាយជាមួយគ្នា ដើម្បីបំបាត់ភាពតានតឹងពីការងារ។ នេះក៏ជាឱកាស សម្រាប់កូនៗខ្ញុំ ស្វែងយល់អំពីប្រភពដើម តាមរយៈរូបភាព ស្ថាបត្យកម្ម និងល្បែងកំសាន្តផ្សេងៗទៀតដែលពោរពេញទៅដោយភាពវិសេសវិលាលផងដែរ" ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ