ទីក្រុងហូជីមិញជ្រើសរើសកំណើនបៃតងជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
(VOVWORLD) - ទីក្រុងក៏បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័ន ១០% នាឆ្នាំ ២០៣០ ដើម្បីកសាងបរិស្ថានរស់នៅ និងធ្វើការអំណោយផល សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជន និងសហគ្រាស។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai ។ រូបថត៖ hcmcpv.vn |
ថ្លែងមតិក្នុងសន្និសីទជំរុញវិនិយោគដើម្បីការអភិវឌ្ឍកំណើនបៃតង ដែលត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុង សហការជាមួយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមរៀបចំឡើង នារសៀលថ្ងៃទី ២៤ មករា នៅទីក្រុងហូជីមិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Phan Van Mai បានអះអាងថា ទីក្រុងហូជីមិញជ្រើសរើសកំណើនបៃតងជាយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត ដោយផ្តល់អាទិភាពកំពូលក្នុងការសម្រេចឲ្យបានវិបុលភាពអំពីសេដ្ឋកិច្ច និងចីរភាពអំពីបរិស្ថាន និងយុត្តិធម៌សង្គម ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង អព្យាក្រឹតកាបូន និងរួមចំណែកដល់គោលដៅកាត់បន្ថយការកើនឡើងសីតុណ្ហភាពពិភពលោក។ ទីក្រុងក៏បានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័ន ១០% នាឆ្នាំ ២០៣០ ដើម្បីកសាងបរិស្ថានរស់នៅ និងធ្វើការអំណោយផល សុវត្ថិភាព និងប្រកបដោយប្រសិទ្ធភាពជូនប្រជាជន និងសហគ្រាស។ ទីក្រុងហូជីមិញមានគោលបំណងជំរុញគំនិតផ្តួចផ្តើមនវានុវត្តន៍ និងសហប្រតិបត្តិការពហុជាតិសាសន៍ ដោយអំពាវនាវឱ្យមានការវិនិយោគឯកជន សំដៅផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង និងប្រកបដោយចីរភាពជាង។
ជាការឆ្លើយតប លោកស្រី Carolyn Turk នាយិកាធនាគារពិភពលោកប្រចាំប្រទេសវៀតណាម តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា WB នឹងរួមដំណើរជាមួយទីក្រុងហូជីមិញ ក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងប្តេជ្ញាចិត្តជួយឧបត្ថម្ភទីក្រុងក្នុងការទទួលបានហិរញ្ញវត្ថុ ទាក់ទាញប្រភពកម្លាំងបរទេស ដើម្បីកាត់បន្ថយការបំភាយកាបូន។
ក្នុងឱកាសនេះ ទីក្រុងហូជីមិញបានប្រកាសបញ្ជីគម្រោងចំនួន ២៨ ដើម្បីអំពាវនាវឱ្យមានការវិនិយោគ ដើម្បីការអភិវឌ្ឍកំណើនបៃតង៕