នាយករដ្ឋមន្ត្រី​វៀតណាម ឡាវ និង​កម្ពុជា​ មានជំនួបពិសារអាហារពេល​ព្រឹកពិសេសជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែតុលា ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៤ និង៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មានជំនួបពិសារអាហារពេលព្រឹកពិសេស  ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។

អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ប្រពៃណីសាមគ្គីភាព ទំនាក់ទំនងជិតស្និត និងការជួយគ្នាទៅវិញទៅមករវាងវៀតណាម - កម្ពុជា - ឡាវ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងជាកត្តាសំខាន់ក្នុងការជំរុញសាមគ្គីភាព និងចំណងមិត្តភាពរវាងប្រទេសទាំងបី។ នាពេលថ្មីៗនេះ យន្តការសហប្រតិបត្តិការត្រីភាគីជាច្រើនរវាងវៀតណាម - កម្ពុជា - ឡាវ ត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព រួមចំណែកជាក់ស្តែងក្នុងការពង្រឹង និងពូនជ្រុំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី។ ជាពិសេស កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគមានជំហានផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ប៉ុន្តែនៅតែមិនសមស្របទៅនឹងទំនាក់ទំនងល្អប្រសើរខាងនយោបាយ និងការទូតនោះទេ។

នាយករដ្ឋមន្ត្រី​វៀតណាម ឡាវ និង​កម្ពុជា​ មានជំនួបពិសារអាហារពេល​ព្រឹកពិសេសជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម ឡាវ និងកម្ពុជា អញ្ជើញជួបប្រាស្រ័យពិសេសជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។ រូបថត៖  Dương Giang/TTXVN

នៅក្នុងជំនួបត្រីភាគីក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ត្រូវការមានរបកគំហើញជាយុទ្ធសាស្ត្រ ដើម្បីឲ្យសមស្របទៅនឹងឋានៈនយោបាយ សក្តានុពលនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ សង្ឃឹមថា សហគមន៍ធុរកិច្ចអាស៊ាននឹងបន្តសហការគ្នា  គាំទ្រ និងរួមចំណែកជួយប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា លើកកំពស់ទំនាក់ទំនងសេដ្ឋកិច្ចឲ្យស្មើនឹងទំនាក់ទំនងផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ និងការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ