ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong អញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន
(VOVWORLD) - នាថ្ងៃទី ២៨ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Naruhito និងព្រះមហាក្សត្រី នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានអញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន (រូបថត៖ Thong Nhat/TTXVN) |
ប្រធានរដ្ឋ លោក Vo Van Thuong ក្នុងនាមរដ្ឋ និងប្រជាជនវៀតណាម បានសម្តែងអំណរគុណដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ក៏ដូចជាសមាជិកនៃរាជវង្សជប៉ុនចំពោះមនោសញ្ចេតនានិងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះប្រជា ជនវៀតណាម ក៏ដូចជាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយ វៀតណាម - ជប៉ុនអស់រយៈពេលជាច្រើនឆ្នាំ។ លោកប្រធានរដ្ឋបានបញ្ជាក់ពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ប្រទេសវៀតណាមរបស់ព្រះចៅអធិរាជ និងព្រះមហាក្សត្រី ក្នុងឆ្នាំ ២០១៧ ក្នុងនាមជាព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីនៃប្រទេសជប៉ុន និងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ព្រះមហាក្សត្រក្នុងឆ្នាំ ២០០៩ក្នុងឋានៈជារាជទាយាទ ក៏ដូចជាដំណើរទស្សនកិច្ចកាលពីខែកញ្ញាថ្មីៗនេះរបស់ព្រះអង្គម្ចាស់ Akishino និងម្ចាស់ក្សត្រីបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អនៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ។
លោកស្រី Phan Thi Thanh Tam ភរិយាប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលបង្គំគាល់ម្ចាស់ក្សត្រីជប៉ុន Masako (រូបថត៖ Thong Nhat/TTXVN) |
ប្រធានរដ្ឋ លោក Vo Van Thuong និងលោកជំទាវភរិយា Phan Thi Thanh Tam អញ្ជើញចូលបង្គំគាល់ព្រះមហាក្សត្រជប៉ុន Naruhito និងព្រះមហាក្សត្រី Masako នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន (រូបថត៖ Thong Nhat/TTXVN) |
ព្រះមហាក្សត្រ Naruhito និងព្រះមហាក្សត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍លោកប្រធានរដ្ឋ និងលោកជំទាវភរិយា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣); ជឿជាក់ថា ការផ្សាភ្ជាប់និងការផ្លាស់ប្តូរក្នុងប្រវត្តិសាស្រ្ត ភាពស្រដៀងគ្នានៃកត្តាវប្បធម៌ និងមនុស្សគឺជាកត្តាមូលដ្ឋានមួយដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ជប៉ុនឲ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធលើវិស័យជាច្រើននាពេលបច្ចុប្បន្ននេះ៕