វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរណ៍​ឥណ្ឌូនេស៊ី

(VOVWORLD) - កាសែត Tempo របស់ឥណ្ឌូនេស៊ី ចុះថ្ងៃទី ៣ ខែមេសា បានចេញផ្សាយព័ត៌មានដោយបញ្ជាក់ថា ទេសចរណ៍របស់វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំង ហើយវៀតណាមកំពុងក្លាយជាគោលដៅពេញនិយមកាន់តែខ្លាំងឡើង សម្រាប់ភ្ញៀវទេសចរណ៍ឥណ្ឌូនេស៊ី។

ជាក់ស្តែង កាសែត Tempo បានដកស្រង់ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ដោយបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឥណ្ឌូនេស៊ីមកវៀតណាមបានកើនឡើង ១៨៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ បើធៀបនឹងរយៈពេលមុនជំងឺ Covid-១៩ ហើយភ្ញៀវទេសចរឥណ្ឌូនេស៊ីមានចំនួនច្រើនជាងគេទីបី ក្នុងចំណោមភ្ញៀវទេសចរណ៍ដែលមកវៀតណាមក្នុងត្រីមាសទីមួយ។ កាសែតនេះក៏បានរាយការណ៍ថា ភ្ញៀវទេសចរបរទេសដែលចូលមកវៀតណាមចាប់ពីខែមករាដល់ខែមីនាបានកើនឡើងដល់ ៤,៦ លាននាក់ កើនឡើង ៣,២% បើធៀបនឹងរយៈពេលមុនជំងឺរាតត្បាតនៅឆ្នាំ ២០១៩។ ចំនួននេះបានកើនឡើង ៧២% បើធៀបនឹងឆ្នាំមុន ហើយសម្រេចបាន ២៥% នៃគោលដៅឆ្នាំនេះគឺទទួលភ្ញៀវបរទេស ១៨លាននាក់។ នេះជាលើកទីមួយហើយ ចាប់តាំងពីវៀតណាមបានបើកច្រកព្រំដែនឡើងវិញក្នុងខែមីនា ឆ្នាំ២០២២ ដែលចំនួនភ្ញៀវទេសចរបរទេសបានលើសពីចំនួននៅមុនការរាតត្បាតនៃជំងឺ Covid-១៩។

វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ពេញនិយមសម្រាប់ភ្ញៀវ​ទេសចរណ៍​ឥណ្ឌូនេស៊ី - ảnh 1រូបថតរដ្ឋធានីហាណូយ ត្រូវបានចុះផ្សាយនៅលើកាសែត Tempo។ ប្រភព៖ Tempo

ដោយវាយតំលៃទីផ្សារទេសចរណ៍ដ៏មានសក្ដានុពលនិងកំពុងរីកចម្រើនយ៉ាងខ្លាំងរបស់វៀតណាម កាសែត Tempo បានឲ្យដឹងថា អាស៊ីបានក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់របស់វៀតណាមជាមួយនឹងគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃសម្រាប់ពលរដ្ឋនៃប្រទេសជាសមាជិកអាស៊ាន។ លើសពីនេះទៅទៀត វៀតណាមកំពុងបង្កើនចំនួនជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ កាសែតនេះក៏បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកវៀតណាមកើនឡើងនៅពេលដែលមហាសេដ្ឋីឥណ្ឌាជាច្រើនបានជួលរមណីយដ្ឋានប្រណីតនៅ Phu Quoc, Da Nang និង Ha Long ដើម្បីរៀបចំពិធីមង្គលការ។ ប្រជាជនអូស្ត្រាលីក៏កំពុងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមកាន់តែច្រើន ដោយសារតម្លៃសំបុត្រយន្តហោះថោក និងជើងហោះហើរត្រង់ថ្មីមួយចំនួនពីប្រទេសនេះទៅកាន់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ