វៀតណាមបាននាំចេញផ្លែមៀនជើងដំបូងជាផ្លូវការទៅកាន់ជប៉ុន
(VOVWORLD) - ក្រោយការចរចាអស់រយៈពេល ៦ ឆ្នាំមក ផ្លែមៀនស្រស់របស់វៀតណាមត្រូវបាននាំចេញទៅកាន់ទីផ្សារជប៉ុន។ នាថ្ងៃទី ៣ ខែមករា នៅទីក្រុង Long An ក្រុមហ៊ុនចំកាត់ Hoang Phat បានចាប់ផ្តើមការនាំចេញជាផ្លូវការ ដោយនាំយកផ្លែមៀនស្រស់ចំនួន ១០ តោនជើងដំបូងពីវៀតណាមទៅកាន់ប្រទេសជប៉ុន។
ប្រជាកសិករជ្រើសរើសផ្លែមៀន។ (រូបថត៖ TTXVN) |
ផ្លែមៀនជើងដំបូងនេះ ត្រូវដឹកជញ្ជូនតាមផ្លូវអាកាស ហើយគ្រោងនឹងដាក់លក់នៅផ្សារទំនើបជប៉ុននៅថ្ងៃទី ៧ ខែមករា។ បន្ទាប់ពីផ្លែមៀនមួយជើងនេះ ក្រុមហ៊ុនចំកាត់ Hoang Phat នៅទីក្រុង Long An នឹងផ្គត់ផ្គង់ផ្លែមៀនស្រស់ប្រមាណ ៧០-១០០ តោនតាមផ្លូវសមុទ្រ និងតាមផ្លូវអាកាសទៅកាន់ប្រទេសជប៉ុនជារៀងរាល់ខែ។
ផលិតផលនាំចេញត្រូវបានវេចខ្ចប់នៅក្នុងខេត្ត Long An គឺជាពូជផ្លែមៀនឥណ្ឌូ ដែលដាំដុះពីតំបន់វត្ថុធាតុដើមនៅខេត្ត Vinh Long និងខេត្ត Dong Thap។ ការដែលជប៉ុនទទួលស្គាល់ហើយនាំចូលផ្លែមៀនបង្ហាញថា ផ្លែមៀនវៀតណាមមានស្តង់ដារគុណភាពខ្ពស់។
នាយកដ្ឋានការពារដំណំា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ កំពុងមានដំណោះស្រាយ ដើម្បីឧបត្ថម្ភដល់ការផ្តល់លេខកូដតំបន់ដាំដុះ លេខកូដតំបន់វេចខ្ចប់ និងបទប្បញ្ញត្តិស្តីពីសុវត្ថិភាពចំណីអាហារ ដើម្បីឲ្យផ្លែមៀនបន្តបង្កើនផលិតកម្មនេះ លើទីផ្សារប្រទេសជប៉ុន។ លោក Le Van Thiet អនុប្រធាននាយកដ្ឋានការពារដំណាំបានឲ្យដឹងថា៖ “នាពេលខាងមុខនេះ យើងនឹងពង្រីកទំហំផ្ទៃដីដាំដុះ ក៏ដូចជាកន្លែងវេចខ្ចប់ និងកន្លែងក្លាសេ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់គ្រប់ម្ចាស់ចំការ និងធុរកិច្ចក្នុងការចូលរួមក្នុងដំណើរការនាំចេញផ្លែមៀនឱ្យកាន់តែមានភាពអំណោយផល រួមចំណែកលើកកម្ពស់តម្លៃនៃផ្លែមៀននិយាយដោយឡែក និងផ្លែឈើស្រស់របស់វៀតណាមជាទូទៅនៅលើទីផ្សារពិភពលោក”។
មកទល់នឹងពេលនេះ មានផ្លែឈើវៀតណាមចំនួន ៤ ប្រភេទបាននាំចេញទៅកាន់ទីផ្សារជប៉ុន រួមមាន៖ ផ្លែស្រកានាគ ស្វាយ គូលេន និង ផ្លែមៀនស្រស់៕