អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមជាគំរូនៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នាព្រឹកថ្ងៃទី១១ ខែតុលានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។

ដោយអះអាងថា វៀតណាមតែងតែគោរពនិងគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងអភិបាលកិច្ចសកល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តគាំទ្រពហុភាគីនិយម ច្បាប់អន្តរជាតិនិងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអង្គការសហប្រជាជាតិបន្តជួយឧបត្ថម្ភវៀតណាមក្នុងការពង្រឹងភាពធន់របស់ខ្លួន ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការបំប្លែងថាមពល។

អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមជាគំរូនៃសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres  (រូបថត៖ Duong Giang/TTXVN)

រីឯខ្លួនវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានវាយតម្លៃថា វៀតណាមជាគំរូនៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកអគ្គលេខាធិការសង្ឃឹមថា វៀតណាមនឹងបន្តនាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅទូទាំងពិភពលោក។

ភាគីទាំងពីរក៏បានឯកភាពពង្រឹងទំនាក់ទំនងអាស៊ាន-អង្គការសហប្រជាជាតិបន្ថែមទៀត; ពង្រីកតួនាទីរបស់អាស៊ានជាស្ពានមួយដើម្បីលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងជម្លោះដែលកំពុងកើតមានជាច្រើន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ