អាមេរិកដំឡើងពន្ធលើទំនិញចិនជាច្រើនមុខ
(VOVWORLD) - រដ្ឋបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៤ ខែឧសភា បានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្ត ដំឡើងពន្ធនាំចូលលើទំនិញពីប្រទេសចិនជាច្រើនមុខ ដូចជា៖ រថយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ អាគុយរថយន្តអគ្គិសនី អាលុយមីញ៉ូម ដែកថែប ។ល។
ជាក់ស្តែង អត្រាពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន បានកើនឡើងចំនួន ៤ ដង ពីកម្រិត ២៥% ឡើងដល់១០០%; អត្រាពន្ធលើអាគុយលីចូមសម្រាប់រថយន្តអគ្គិសនីកើនឡើងពីកម្រិត ៧,៤% ទៅ ២៥%; អត្រាពន្ធលើកោសិកាពន្លឺព្រះអាទិត្យ ដើម្បីផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យបានកើនឡើងពី ២៥% ឡើងដល់ ៥០%; អត្រាពន្ធលើផលិតផលអាលុយមីញ៉ូម និងដែកថែបមួយចំនួនបានកើនឡើងដល់ ២៥% ។
កំពង់ផែ Long Beach ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN |
ជាទូទៅ ការដំឡើងពន្ធទាំងនេះបានសំដៅទៅលើទំនិញនាំចូលដែលមានតម្លៃ ១៨ ពាន់លានដុល្លារពីប្រទេសចិន។ ជាមួយគ្នានោះ រដ្ឋបាលរបស់លោក Joe Biden ក៏បានរក្សាអត្រាពន្ធលើទំនិញជាច្រើនរបស់ចិនដោយមានតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានដាក់ចេញក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump (២០១៦-២០២០)។ រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា ការដំឡើងពន្ធគឺដើម្បីការពារទីផ្សារក្នុងស្រុកនិងអ្នកផលិតអាមេរិក ចំពោះផលិតផលដែលអាមេរិកចាត់ទុកថា ជា "ការប្រកួតប្រជែងមិនយុត្តិធម៌" ពីប្រទេសចិន។
ប្រតិកម្មចំពោះកាយវិការរបស់អាមេរិក អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានបញ្ជាក់ថា ចិនប្រឆាំងជំទាស់នឹងការបង្កើនពន្ធដោយឯកតោភាគី ដោយចាត់ទុកថា សកម្មភាពនេះរំលោភលើបទប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន៕