Map4D - ផែនទីឌីជីថលរបស់ប្រជាជនវៀតណាម
(VOVWORLD) - នាពេលបច្ចុប្បន្ន កម្មវិធីផែនទីឌីជីថលដូចជា Google Maps ឬ Apple Maps ពិតជាពេញនិយមចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានមុខងាររុករក និងស្វែងរកទីតាំង។ ទោះយ៉ាងណាក៏ដោយ នៅវៀតណាម សហគ្រាសវៀតណាមជាច្រើនបានខិតខំព្យាយាមក្នុងវិស័យនេះ ជាមួយនឹងដំណោះស្រាយធ្វើមូលដ្ឋានីយកម្មរហូតដល់ ១០០% ។ កម្មវិធីផែនទីឌីជីថល 4D ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា IOT Link គឺជាឧទាហរណ៍មួយ។ កម្មវិធី Map4D ជាមួយនឹងមុខងារថ្មីៗ ដែលសមស្រប់សម្រាប់ប្រជាជនវៀតណាម ជួយកាត់បន្ថយការចំណាយ ក៏ដូចជាកាត់បន្ថយការបាត់បង់ទិន្នន័យអ្នកប្រើប្រាស់ បង្កើនសុវត្ថិភាពបណ្តាញអ៊ីនធឺណែតជាតិ។
Map4D របស់ IOTLink គឺជាវេទិកាផែនទីឌីជីថលវៀតណាមសុទ្ធដំបូង និងតែមួយគត់នៅវៀតណាម ដែលអនុវត្តដោយវិស្វករវៀតណាមផ្ទាល់ ក្រោមការប្រឹក្សាយោបល់ពីអ្នកជំនាញបច្ចេកវិទ្យាឈានមុខគេមកពី Microsoft ។
Map4D របស់ IOTLink គឺជាវេទិកាផែនទីឌីជីថលវៀតណាមសុទ្ធដំបូង និងតែមួយគត់នៅវៀតណាម។ (រូបថត៖ VOV) |
Map4D គឺជាកន្លែងមួយដែលមូលដ្ឋានទិន្នន័យដូចជា ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ដីធ្លី ចរាចរណ៍ ទេសចរណ៍ កសិកម្ម សន្តិសុខការពារជាតិ ទូរគមនាគមន៍ និងសំណង់ ត្រូវបានតភ្ជាប់ និងចែករំលែក ធ្វើសមកាលកម្មការបង្ហាញនៅក្នុងវិធីដ៏ល្អបំផុត។ នេះគឺជាវេទិកាឌីជីថលចាំបាច់ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល និងការអនុវត្តទីក្រុងឆ្លាតវៃ។ ក្រៅពីផែនទីឌីជីថលធម្មតា Map4D ក៏ជាឧបករណ៍គាំទ្រដំណោះស្រាយគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ តំបន់ទីក្រុង និងកម្មវិធីឆ្លាតវៃផ្សេងទៀត ជួយអ្នកវិភាគនិងអ្នកវិនិយោគក្នុងការវាយតម្លៃស្ថានភាពបច្ចុប្បន្ន (តាមពេលវេលា- 4D) របស់ទីក្រុង តំបន់លំនៅដ្ឋាន និងគម្រោងនានា។ តាមនោះ ដាក់ចេញផែនការសាងសង់ ឬរៀបចំផែនការមេ នាពេលអនាគត។ លោក Trinh Cong Duy សហស្ថាបនិក IOTlink បានឲ្យដឹងថា៖ “វេទិកានេះនឹងបម្រើវិស័យផ្សេងៗគ្នាជាច្រើន ជាពិសេសការផ្លាស់ប្តូរឌីជីថល និងការបង្កើតច្បាប់ចម្លងឌីជីថលសម្រាប់តំបន់ទីក្រុង អនុវត្តក្នុងទីក្រុងឆ្លាតវៃ។ 4D គឺជាកត្តាពេលវេលា។ ជាឧទាហរណ៍ នៅពេលដែលយើងសាងសង់ទីក្រុងឆ្លាតវៃនាពេលអនាគត ធ្វើផែនការ កម្មវិធីនេះគាំទ្រយ៉ាងខ្លាំង។
បច្ចុប្បន្នវេទិកានេះត្រូវបានផ្គត់ផ្គង់ដោយឥតគិតថ្លៃដល់អាជីវកម្មជាង ១០០ វៀតណាម។ Map4D មានសមត្ថភាពរួមបញ្ចូលការឌីជីថលនីយកម្ម និងការគ្រប់គ្រងមូលដ្ឋានទិន្នន័យ ក៏ដូចជាបានរួមបញ្ចូលដំណោះស្រាយបច្ចេកវិជ្ជាជឿនលឿនទាំងនៅលើអ៊ីនធឺណែតផងនិងវេទិកាកម្មវិធីផង។ ផែនទីឌីជីថល Map4D មិនត្រឹមតែក្លែងធ្វើលំហ 3D ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមុខងារដើម្បីមើលដង់ស៊ីតេនៅតាមពេលវេលាផ្សេងៗគ្នា។ លោក Duong Manh Dung ប្រធានបច្ចេកវិទ្យាព័ត៌មានរបស់ IOTLink បានបញ្ជាក់ថា៖ “មុខងារ 3D បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍នូវរូបភាពជាក់ស្តែងនៃអគារ។ ហើយមុខងារ 4D អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ពីពេលវេលានៃទីកន្លែងមួយ ជាឧទាហរណ៍ កន្លែងនោះនៅក្នុងអតីតកាលដូចម្តេច ហើយនៅពេលអនាគតដូចម្តេច តើត្រូវបានរៀបចំយ៉ាងណា ពោលគឺជួយអ្នកប្រើប្រាស់យលក់ដឹងពីការផ្លាស់ប្តូរតាមលំហូរពេលវេលា។ ទាំងនេះគឺជាលក្ខណៈពិសេសដែលមិនធ្លាប់មាននៅលើផែនទីឌីជីថលណាមួយឡើយ”។
បង្កើតឡើងនៅឆ្នាំ ២០១៨ Map4D ពិតជាមានភាពទម្លុះទម្លាយបន្ទាប់ពីបានឈ្នះការប្រកួត Viet Solutions ក្នុងឆ្នាំ ២០២១ (ការប្រកួតប្រជែងស្វែងរកការច្នៃប្រឌិតផ្លាស់ប្តូរឌីជីថលជាតិ) ដែលរៀបចំដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយនិងសម្ព័ន្ធក្រុមហ៊ុន Viettel Group ។
លោក Tao Duc Thang ប្រធាន និងជាអគ្គនាយក Viettel Group។ រូបថត៖ qdnd.vn |
ការប្រកួតនេះជួយឱ្យផលិតផល Map4D ឈានទៅដល់ដៃគូសំខាន់ៗជាច្រើន ដើម្បីជួយផលិតផលអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ និងស្វែងរកកន្លែងឈរជើងក្នុងទីផ្សារវៀតណាម។ បន្ទាប់ពីការប្រកួតនោះ Viettel និង IOTLink បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដាក់ពង្រាយវេទិកា Map4D នៅក្នុងគម្រោងផ្សេងៗគ្នាជាច្រើនរបស់ Viettel ជាពិសេសគម្រោងមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃ (IOC)។ លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មយោធា និងទូរគមនាគមន៍យោធា Viettel បានចែករំលែកថា៖ “យើងមានបំណងចង់សហប្រតិបត្តិការជាមួយធុរកិច្ចបច្ចេកវិទ្យា យើងគាំទ្រពួកគេអភិវឌ្ឍគំនិតទៅជាផលិតផលដែលមានគុណភាពខ្ពស់បំផុត ដើម្បីបម្រើឱ្យល្អបំផុតក្នុងការកសាងសង្គមឌីជីថលនៅវៀតណាម។”
ក្រៅពីការផ្គត់ផ្គង់កម្មវិធីជាក់ស្តែងក្នុងជីវភាពរស់នៅ Map4Dក៏ជួយដោះស្រាយបញ្ហាសុវត្ថិភាពព័ត៌មាន និងសន្តិសុខជាតិ ជាពិសេសអធិបតេយ្យភាពកោះសមុទ្រ។ ជំនួសឱ្យការប្រើប្រាស់វេទិកាក្រៅប្រទេសដូចសព្វថ្ងៃនេះ Map4D មានទីតាំងនៅវៀតណាម ហើយទិន្នន័យផែនទីត្រូវបានគ្រប់គ្រងទាំងស្រុង ដូច្នេះអាចធានាសុវត្ថិភាពខ្ពស់។ Map4D ត្រូវបាននាយកដ្ឋានកោះសមុទ្របញ្ជាក់ថា បានអនុលោមតាមខ្សែព្រំដែនកោះសមុទ្ររបស់វៀតណាម ដោយនាំមកនូវវិញ្ញាបនបត្រដ៏សំខាន់មួយទៀត សម្រាប់ផលិតផលនេះ។ លោក Vu Minh Tri អនុប្រធាន IOTLink បានចែករំលែក៖ “ផែនទីត្រូវមានចរិតលក្ខណៈដែនដី ត្រូវធ្វើយ៉ាងម៉េចដើម្បីកំណត់ព្រំដែនរវាងប្រទេសខ្លួនជាមួយប្រទេសជិតខាង ជាពិសេសគឺតំបន់កោះសមុទ្រ។ យើងខ្ញុំនឹងព្យាយាមបង្ហាញយ៉ាងច្បាស់នូវតំបន់កោះសមុទ្ររបស់វៀតណាម ដើម្បីជៀសវាងករណីដែលមានផលិតផលមួយចំនួនផ្សេងទៀតរួមបញ្ចូល។ នៅពេលដែលយើងប្រើប្រាស់ផលិតផលរបស់វៀតណាម និងគ្រឹះស្ថានបច្ចេកវិទ្យារបស់វៀតណាម គឺយើងអាចសកម្មទាំងស្រុងក្នុងបញ្ហានោះ”។
កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិបានកំណត់ការធ្វើជាម្ចាស់លើវេទិកាឌីជីថលជាអាទិភាពចម្បងមួយ។ ការធ្វើជាម្ចាស់លើវេទិកាឌីជីថលជាមួយផលិតផល Make in Vietnam គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពកំពូលទាំងបួន ដើម្បីធានាបាននូវស្វ័យភាពនៅក្នុងអ៊ីនធឺណែត។ ការអភិវឌ្ឍវេទិកាឌីជីថលគឺជាដំណោះស្រាយដ៏ជោគជ័យដើម្បីជំរុញរដ្ឋាភិបាលឌីជីថល និងផ្លាស់ប្តូរឌីជីថលកាន់តែលឿន កាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព។ Map4D បាន និងកំពុងឆ្ពោះទៅរកគោលដៅក្លាយជាវេទិកាផែនទីឌីជីថលដ៏ធំបំផុតនៅវៀតណាម ក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៕