Rang Dong និងដំណើរការឈានចូលទីផ្សារអន្តរជាតិ
(VOVWORLD) - ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងបំពង់ទឹកក្ដៅ Rang Dong (ពីមុននេះគឺជា រោងចក្រអំពូលភ្លើង បំពង់ទឹកក្ដៅ Rang Dong) គឺជាសហគ្រាស ឈានមុខក្នុងវិស័យអំពូលភ្លើងបំភ្លឺនៅវៀតណាម បន្ទាប់ពីរយៈពេលជាង ៦០ ឆ្នាំនៃការសាងសង់និងអភិវឌ្ឍន៍។ ចាប់ពីផលិតផលដើមដំបូងដូច ជា អំពូលភ្លើង បំពង់ទឹកក្ដៅរហូតមកដល់បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងបំពង់ទឹកក្ដៅ Rang Dong កាន់តែភាពចម្រុះនិងសម្បូរបែប ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារជាច្រើន ជុំវិញពិភពលោក។
រោងចក្រអំពូលភ្លើងបំពង់ទឹកក្ដៅ Rang Dong បានចាប់ផ្តើមសាងសង់ជាផ្លូវការកាលពីឆ្នាំ ១៩៥៨ នៅរដ្ឋធានីហាណូយ។ នាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៦១ រោងចក្រនេះបានដំ ណើរការជាផ្លូវការ ក្លាយជារោងចក្រដំបូងគេដែលផលិតអំពូលភ្លើងនិងបំពង់ទឹកក្ដៅមិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅបណ្តាប្រទេសឥណ្ឌូចិនទៀតផង។
រូបថតឧទ្ទេសនាមផ្ទះឆ្លាតវៃ Rang Dong។ រូបថត៖ Ngoc Anh |
បច្ចុប្បន្ន Rang Dong ជាសហគ្រាសផលិតឧបករណ៍អំពូលភ្លើងបំភ្លឺតែមួយគត់នៅវៀតណាមដែលវិនិយោគផលិតកម្មវិធីគ្រប់គ្រងកម្ដៅ ANSYS ICE PAK ក្នុងការផលិតអំពូលភ្លើង LED។ នេះគឺជាកម្មវិធីទំនើបរបស់អាមេរិក ដែលមានឯកទេសក្នុងការរចនាក្លែងធ្វើកម្ដៅនៃផលិតផលស្មុគ្រស្មាញ ដូចជា៖ ឡាន យន្តហោះ និងកប៉ាល់។ ផលិតផល LED Rang Dong ប្រើប្រាស់ឈីប LED Samsung ដែលបំពេញតាមស្តង់ដារសុវត្ថិភាពភ្លើង ជីវសាស្រ្ត ធានាអត្រានៃពន្លឺពណ៌ខៀវ ដើម្បីជួយបង្កើតបរិយាកាសពន្លឺផាសុខភាព និងសុវត្ថិភាពសម្រាប់ភ្នែក។ ផលិតផល Rang Dong ត្រូវបានស្រាវជ្រាវនិងរចនានៅប្រទេសវៀតណាម ដោយជនជាតិវៀតណាមធ្វើជាម្ចាស់បច្ចេកវិទ្យា។ បណ្ឌិត Nguyen Quan អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រធានសមាគមស្វ័យប្រវត្តិកម្មវៀតណាមបានឲ្យដឹងថា៖ “Rang Dong បានបង្កើតមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ៤ ក្រុម។ ពេលខ្លះ Rang Dong បានចំណាយរហូតដល់ ២០% នៃប្រាក់ចំណេញក្រោយបង់ពន្ធរបស់ខ្លួន ដើម្បីវិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិតបច្ចេកវិទ្យា។ នេះជាការងារកម្រមួយ ដែលមិនថា អង្គភាពអាជីវកម្មណាក៏អាចធ្វើបានដែរ។ Rang Dong បានអញ្ជើញអ្នកវិទ្យាសាស្ត្រជាច្រើននាក់ មកពីវិទ្យាស្ថាន សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធំៗ របស់ប្រទេសដើម្បីសហការជាមួយ Rang Dong។ គំនិតផ្តួចផ្តើមរាប់ពាន់សម្រាប់កែលម្អបច្ចេកទេស និងលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្ររាប់ពាន់ ត្រូវបានបង្ហាញនៅទិវាបុណ្យនវានុវត្តន៍ ក៏ដូចជាសន្និសីទវិទ្យាសាស្ត្រនានា”។
បន្ទប់តាំងបង្ហាញផលិតផល Rang Dong។ រូបថត៖ Ngoc Anh |
ក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើងបំពង់ទឹកក្ដៅ Rang Dong បាននាំចេញផលិតផល LED និងគ្រឿងអេឡិចត្រូនិចទៅកាន់ទីផ្សារ៖ មជ្ឈិមបូព៌ា ចិន កូរ៉េខាងត្បូង គុយបា ស្រីលង្កា សហរដ្ឋអាមេរិក... ។ ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានក្លាយជាសមាជិកសហភាពភ្លើងបំភ្លឺរឹងអន្តរជាតិ (ISA)។ ខ្សែសង្វាក់ផលិតកម្មបំពង់ទឹកក្ដៅទំនើបបំផុតនៅក្នុងប្រទេសវៀតណាម ដែលមានសមត្ថភាពផលិត ១៨,៥ លានផលិតផលក្នុងមួយឆ្នាំ ទាំងបម្រើការប្រើប្រាស់នៅក្នុងទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ប្រទេសមួយចំនួន ដូចជា ជប៉ុន ចិន ឥណ្ឌូនេស៊ី ប្រេស៊ីល ប៉ាគីស្ថាន...។ កត្តាដែលជួយក្រុមហ៊ុនទទួលបានជោគជ័យគឺក្រុមហ៊ុនបានផ្តល់អាទិភាពដល់ផលិតផលិតផលបៃតង ដែលស្និទ្ធស្នាលជាមួយបរិស្ថាន និងជំរុញការផ្លាស់ប្តូរឌីជីថល។ លោក Nguyen Doan Thang អគ្គនាយកក្រុមហ៊ុនភាគហ៊ុនអំពូលបំពង់ទឹកក្ដៅ Rang Dong បានឲ្យដឹងថា៖ “អនុវត្តន៍កម្មវិធីការផ្លាស់ប្តូរឌីជីថលរបស់រដ្ឋាភិបាល យើងខ្ញុំនឹងធ្វើការផ្លាស់ប្តូរឌីជីថល របស់ក្រុមហ៊ុនចាប់ពីឆ្នាំ ២០២០។ យើងខ្ញុំបានធ្វើសមកាលកម្មផ្នែកនិមួយៗ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ យើងនឹងធ្វើសមកាលកម្មទាំងមូល។ យើងខ្ញុំបានប្រែក្លាយ ពីរោងចក្រផលិទឧស្សាហ៍កម្មប្រពៃណី ផលិតអំពូលភ្លើង និងបំពង់ទឹកក្ដៅ ទៅជារោងចក្រឧស្សាហកម្មអេឡិចត្រូនិចដំណើការតាមខ្សែសង្វាក់ទំនើប។ ទាំងនេះគឺជាការផ្លាស់ប្តូរជាមូលដ្ឋាន។ ជាពិសេស យើងអនុវត្តបញ្ញាសិប្បនិមិត្តចូលក្នុងការផលិតផងដែរ”។
បច្ចុប្បន្ន Rang Dong គឺជាអាជីវកម្មមួយក្នុងចំណោមអាជីវកម្មដែលមានការរីកចម្រើន យ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ក្នុងឆ្នាំ ២០០៤ ពេលទើបចូលរួមភាគហ៊ុនបនីយកម្ម ក្រុមហ៊ុនសម្រេចបានប្រាក់ចំណូលជិត ៤០០ ពាន់លានដុង។ ក្រោយរយៈពេល ២០ ឆ្នាំ នៅឆ្នាំ ២០២៣ ទោះបីជាជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺកូវី-១៩ ប៉ុន្តែ Rang Dong នៅតែសម្រេចបានប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ជាង ៨,៣០០ ពាន់លានដុង កើនឡើងជាង ២០ ដងបើធៀបនឹងឆ្នាំ ២០០៤។ លោក Nguyen Duc Hien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានឲ្យដឹងថា៖ “Rang Dong គឺជាសក្ខីភាពមួយសម្រាប់ការអភិវឌ្ឍសហគ្រាសឯកជនដើម្បីក្លាយជាការ កម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមរបស់វៀតណាម។ Rang Dong បង្កើតវប្បធម៌ធ្វើអាជីវកម្ម ពង្រីកស្មារតីជាតិ សេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍ និងកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា រវាងអាជិវកម្ម និងកម្មករ។ Rang Dong បានត្រួសត្រាយផ្លូវក្នុងវិស័យផ្លាស់ប្តូរឌីជីថលនិងម្ចាស់ការចូលរួមក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤ផងដែរ”។
កន្លែងតាំងបង្ហាញផលិតផល Rang Dong។ រូបថត៖ Ngoc Anh |
ដើម្បីរក្សាជាម៉ាកយីហោដ៏ធំរបស់ខ្លួន Rang Dong បានជ្រើសរើសយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយវីធីសាស្ត្រដោយយកកិត្យានុភាពជាចម្បង។ ជារៀងរាល់ឆ្នាំ Rang Dong តែងតែចំណាយប្រាក់ចំណូលចំនួន ២% សម្រាប់និយោគលើឧបករណ៍បច្ចេកវិទ្យាទំនើប និង ២០% នៃប្រាក់ចំណេញបន្ទាប់ពីពន្ធសម្រាប់វិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញទាំងជាតិនិងអន្តរជាតិក្នុងវិស័យអំពូលភ្លើងបំភ្លឺ ដើម្បីរួមគ្នាស្រាវជ្រាវ និងរចនាផលិតផលថ្មី។ លោក Nguyen Doan Thang អគ្គនាយកក្រុមហ៊ុនភាគហ៊ុនអំពូលបំពង់ទឹកក្ដៅ Rang Dong បានឲ្យដឹងថា៖ “Rang Dong ដាក់ចេញគោលដៅ រហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ នឹងជាសហគ្រាសឌីជីថលឈានមុខគេ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំពី ២០% ទៅដល់ ២៥%។ នៅឆ្នាំ ២០៣០ នាំម៉ាកយីហោ Rang Dong ឡើងដល់កម្រិតតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រាក់ចំណូល ១ ពាន់លានដុល្លារ ហើយប្រាក់ចំណូលជាមធ្យម ២០០០ ដុល្លារ/ម្នាក់/ខែ។ Rang Dong ត្រូវតែឆ្ពោះទៅក្លាយជាសហគ្រាសបំពាក់ពាណិជ្ជសញ្ញាវៀតណាម”។
ក្នុងឆ្នាំ ២០២៤ក្រុមហ៊ុនភាគហ៊ុនអំពូលបំពង់ទឹកក្ដៅ Rang Dong ខិតខំសម្រេចបាន ប្រាក់ចំណូលចំនួន ១១.០០០ ពាន់លានដុង (ជាង ៤៤៣ លានដុល្លារអាមេរិក) កើន ឡើង ៣២% បើធៀបនឹងឆ្នាំ ២០២៣ ដោយបង់ចូលថវិការដ្ឋចំនួន ៥០០ ពាន់លានដុង (ជាង ២០ លានដុល្លារ)។ បច្ចុប្បន្ន ក្រុមហ៊ុនភាគហ៊ុនអំពូលបំពង់ភ្លើងទឹកក្ដៅ Rang Dong ជាប់ចំណាត់ថ្នាក់កំពូល ៥០០ សហគ្រាសធំបំផុតនៅវៀតណាម សហគ្រាសចំណាត់ថ្នាក់កំពូល ១០ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចំណាត់ថ្នាក់កំពូល ២៥ ម៉ាកយីហោនាំមុខ។ ផលិតផលរបស់ Rang Dong បានឈានចូលទីផ្សារអន្តរជាតិ ផ្សព្វផ្សាយម៉ាកយីហោរបស់អាជីវកម្មទៅកាន់តំបន់និងអន្តរជាតិ៕