VINCSS - អ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ “Make in Vietnam“

(VOVWORLD) - ក្នុងនាមជាអង្គភាពដើមដំបូងនិងតែមួយគត់របស់វៀត ណាមរហូតមកដល់ពេលនេះ បានចូលរួមសម្ព័ន្ធភាពផ្ទៀងផ្ទាត់តាមអ៊ីនធឺណិតពិភពលោក (FIDO Alliance) ជាអង្គការដែលប្រមូលផ្តុំសាជីវកម្មបច្ចេក វិទ្យាឈានមុខគេជាច្រើនរបស់ពិភពលោក ក្រុមហ៊ុនភាគហ៊ុនសន្តិសុខបណ្តាញ VINCSS (ក្រុមហ៊ុន Vin Group) កំពុងលើកកម្ពស់ការផ្តល់ដំណោះស្រាយការផ្ទៀងផ្ទាត់លក្ខណៈសម្ងាត់កម្រិតខ្ពស់ សុវត្ថិភាព និងងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម សាជីវកម្ម និងអង្គការក្នុងប្រទេស។ ជាពិសេស ដំណោះស្រាយការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខសម្ងាត់ (passwordless) ដែលត្រូវបានគេស្គាល់ថាជា FIDO2 ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវខ្លាំង កំពុងត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយក្រុមហ៊ុន ហើយកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។

 
 

យោងតាមការវាយតម្លៃរបស់អង្គការអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនដែលថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ឬហៅម្យ៉ាងទៀតថា ការវាយប្រហារបច្ចេកវិទ្យាខ្ពស់ កំពុងកើតមានកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចរហូតដល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ លើជុំវិញពិភពលោក។ ក្នុងនោះ ជនវាយប្រហារបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវចំណុចខ្សោយរបស់លេខសម្ងាត់ (passworld) ដែលក្រុមហ៊ុន និងអាជីវកម្មប្រើប្រាស់ដើម្បីការពារគណនី ប្រព័ន្ធអភិបាល ទិន្នន័យជាដើម។ ការផ្ទៀងផ្ទាត់តាមលេខសម្ងាត់កំពុងបង្ហាញភាពមិនគ្រប់គ្រាន់ជាច្រើនដូចជា ពិបាកចងចាំ ចំណាយច្រើនក្នុងការគ្រប់គ្រង ងាយស្រួលក្នុងការលួច...។ ពីការពិតនេះ ក្រុមហ៊ុន និងអាជីវកម្មជុំវិញពិភពលោកបាននិងកំពុងស្វែងរកដំណោះស្រាយផ្ទៀងផ្ទាត់ថ្មីៗ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសន្សំសំចៃ។ ជាលទ្ធផល ច្រើនឆ្នាំមុន ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខសម្ងាត់/ពាក្យសម្ងាត់ (passwordless) បានបង្ហាញឱ្យឃើញពីនិន្នាការចំបាច់ ដោយសារឧត្តមភាពពិសេសរបស់វា។ ការបង្កើតសម្ព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពិភពលោក (FIDO Alliance) ក្នុងឆ្នាំ ២០១២ គឺជាការបង្ហាញយ៉ាងច្បាស់អំពីនិន្នាការនេះ។

VINCSS - អ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ “Make in Vietnam“ - ảnh 1អត្ថប្រយោជន៍ដ៏អស្ចារ្យនៃបច្ចេកវិជ្ជាផ្ទៀងផ្ទាត់ដ៏រឹងមាំដោយគ្មានលេខសម្ងាត់ (រូបថត៖ vietnamnet.vn)

នៅវៀតណាម ដោយដឹងពីសារៈសំខាន់នៃបញ្ហានេះ ចាប់ពីឆ្នាំ ២០១៩ ក្រុមហ៊ុនភាគហ៊ុនសន្តិសុខបណ្តាញ VINCSS របស់ក្រុមហ៊ុន Vin Group បានចាប់ផ្តើមស្រាវជ្រាវ និងសាកល្បង ហើយនៅឆ្នាំ ២០២០ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍដំណោះស្រាយ passwordless ឬការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមអ៊ីនធឺណិត។ នៅខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុនមានផលិតផលផ្ទៀងផ្ទាត់ចំនួន ៣ ដែលមិនប្រើប្រាស់លេខសម្ងាត់ ដែលត្រូវបានបញ្ជាក់ដោយ FIDO Alliance ហើយបានក្លាយជាអង្គភាពវៀតណាមដំបូងគេដែលចូលរួមជាមួយសម្ព័ន្ធ FIDO។ ជាពិសេស នៅថ្ងៃទី ១៣ ខែកក្កដា ក្រុមហ៊ុន VINCSS បានបើកដំណើរការជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ី VINCSS FIDO2 ដែលមិនប្រើពាក្យសម្ងាត់ខ្លាំង។ នេះជាប្រព័ន្ធអេកូឡូស៊ីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដែលគ្មានលេខសម្ងាត់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍។ លោក Do Ngoc Duy Trac អគ្គនាយក VINCSS បញ្ជាក់ដោយមោទនភាពថា៖

“នៅចំណុចនេះ យើងបានបញ្ចប់នូវប្រព័ន្ធអេកូឡូស៊ីមួយដែលក្នុងនោះ រួមបញ្ចូលអ្វីៗគ្រប់យ៉ាងដែលត្រូវការ ដើម្បីអនុវត្តការផ្លាស់ប្តូរពីភាពទន់ខ្សោយទៅការផ្ទៀងផ្ទាត់ដ៏រឹងមាំសម្រាប់ស្ថាប័នណាមួយ។ ប្រព័ន្ធអេកូឡូស៊ីទាំងមូលនេះគឺផលិតនៅប្រទេសវៀតណាម (Make in Vietnam) ពីការរចនា គំនិតដល់ការផលិត ពោលគឺ ផលិតនៅប្រទេសវៀតណាមទាំងស្រុង។ យើងមានមោទនភាពក្នុងការនិយាយថា នេះគឺជាប្រព័ន្ធអេកូ ដែលជា Make in Vietnam។ យើងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវផលិតផលផ្ទៀងផ្ទាត់ដោយមិនចាំបាច់ប្រើលេខសម្ងាត់ទៅកាន់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ពីព្រោះប្រព័ន្ធអេកូរបស់យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចប្រើប្រាស់បានពេញលេញ ដំណើរការជាមួយគ្រប់ប្រព័ន្ធទាំងអស់”។

ប្រព័ន្ធអេកូឡូស៊ី VINCSS FIDO2 Ecosystem ត្រូវបានក្រុមហ៊ុន VinCSS ស្រាវជ្រាវ និងសាងសង់ ក្នុងរយៈពេល ២ឆ្នាំ រូមមានក្រុមដំណោះស្រាយពេញលេញចំពោះ ដែលត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធ រួមទាំងដំណោះស្រាយ ៤ ដែលទទួលបាន FIDO2 បញ្ជាក់ដោយ FIDO Alliance។ ដំណោះស្រាយការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខសម្ងាត់នេះ អនុញ្ញាតឱ្យអាជីវកម្មដោះស្រាយបញ្ហាជាច្រើនក្នុងពេលដំណាលគ្នាដូចជា៖ ការបង្កើនសុវត្ថិភាព ការសន្សំការចំណាយ ការធ្វើឱ្យប្រតិបត្តិការប្រសើរឡើងជាដើម។បទបង្ហាញនៅក្នុងព្រឹត្តិការណ៍សម្ពោធប្រព័ន្ធអេកូ VINCSS FIDO2 លោក Andrew Shikiar នាយកប្រតិបត្តិនៃសម្ព័ន្ធ FIDO បានវាយតម្លៃ ថា VINCSS គឺជាសហគ្រាសត្រួសត្រាយផ្លូវ ហើយកំពុងធ្វើការយ៉ាងសកម្មជាមួយសម្ព័ន្ធ FIDO ដើម្បីនាំយកការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មានលេខសម្ងាត់ឱ្យកាន់តែជិតអ្នកប្រើប្រាស់ និងអាជីវកម្ម។

ដោយបានបំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរឹង ផលិតផល VINCSS FIDO2 ជាជម្រើសរបស់អង្គការអន្តរជាតិល្បីៗជាច្រើន។ រហូតមកដល់ពេលនេះ ក្រៅពីអ្នកចែកចាយក្នុងស្រុកចំនួន ៥ ក្រុមហ៊ុន VINCSS ក៏មានអ្នកចែកចាយបរទេសចំនួន ៣ ផងដែរ ក្នុងនោះមានអ្នកចែកចាយចំនួន ២ នៅទីផ្សារប្រទេសជប៉ុន និងមួយនៅសិង្ហបុរី។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងចរចាដំណាក់កាលចុងក្រោយជាមួយនឹងអ្នកចែកចាយចំនួន ៣ បន្ថែមទៀតនៅក្នុងទីផ្សារចំនួន ៣ នៃសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប។ ជាពិសេស សាជីវកម្មបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក Microsoft ក្នុងឆ្នាំ ២០២០ បានជ្រើសរើស VINCSS រួមគ្នាជាមួយ Yubico ដែលជាក្រុមហ៊ុននាំមុខពិភពលោកក្នុងការផ្ទៀងផ្ទាត់ FIDO2 ដើម្បីក្លាយជាដៃគូពីរក្នុងចំណោមដៃគូទាំងប្រាំរបស់ Microsoft ក្នុងការធានាអត្តសញ្ញាណ និងការចូលប្រើប្រាស់ដោយសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ Microsoft ក៏ណែនាំអ្នកប្រើប្រាស់ឱ្យប្រើប្រាស់ផលិតផលផ្ទៀងផ្ទាត់ VINCSS ផងដែរ។ នាពេលខាងមុខនេះ ផលិតផលផ្ទៀងផ្ទាត់ដោយមិនប្រើលេខសម្ងាត់របស់ VINCSS ក៏នឹងត្រូវបានដាក់លក់នៅលើផ្សាពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេរបស់ពិភពលោក Amazone។ លោក Do Ngoc Duy Trac បញ្ជាក់ថា៖ “ដំណោះស្រាយរបស់យើងបង្កើតការផ្ទៀងផ្ទាត់ខ្លាំងបំផុត ដែលគ្មានក្រុមហេគ ឃ័រណា ដែលមានមេរោគស្រាប់ណាមួយ អាចរំខានដល់ដំណើរការផ្ទៀងផ្ទាត់នោះទេ។ ម្លោះហើយជាមូលហេតុដែលដំណោះស្រាយរបស់យើងត្រូវបានគេហៅថាការផ្ទៀងផ្ទាត់ដ៏ខ្លាំងរឹងមាំ”។

VINCSS - អ្នកត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍបច្ចេកវិទ្យាផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ “Make in Vietnam“ - ảnh 2ប្រព័ន្ធអេកូផ្ទៀងផ្ទាត់ភាពត្រឹមត្រូវមិនប្រើលេខសម្ងាត់ដំបូងគេរបស់ VinCSS នៅអាស៊ាន (រូបថត៖ vietnamnet.vn)

យោងតាមនាយកដ្ឋានសន្តិសុខព័ត៌មាន - ក្រសួងព័ត៌មាន និងទូរគមនាគមន៍ នៅក្នុងប្រទេសវៀតណាម ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ/ការផ្ទៀងផ្ទាត់ដោយមិនប្រើលេខសម្ងាត់ខ្លាំងនៅតែត្រូវបានចាត់ទុកថាជារឿងថ្មី ហើយមិនទាន់ត្រូវបានគេដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយ។ ប្រការនេះបានពន្យល់ពីមូលហេតុដែលវៀតណាមជាប្រទេសមួយដែលងាយរងគ្រោះបំផុតនៅលើពិភពលោក។ ជាឧទាហរណ៍ នៅឆ្នាំ ២០២១ គេហទំព័រជាង ៣.៣០០ នៅក្នុងប្រទេសវៀតណាមត្រូវបានលួចចូល និងផ្លាស់ប្តូរចំណុចប្រទាក់។

ដូច្នេះហើយ ការអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់ VINCSS នៃប្រព័ន្ធអេកូផ្ទៀងផ្ទាត់ខ្លាំងដំបូងគេនៅវៀតណាម និងអាស៊ីអាគ្នេយ៍ត្រូវបានវាយតម្លៃខ្ពស់ដោយអ្នកជំនាញជាច្រើន និងជាពិសេសអ្នកគ្រប់គ្រង។ ថ្លែងមតិក្នុងកម្មវិធី “សិក្ខាសាលាផ្ទៀងផ្ទាត់ដោយគ្មានលេខសម្ងាត់ Make in Vietnam” នាថ្ងៃទី ១៣ កក្កដា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ លោក Nguyen Huy Dung បានសង្កត់ធ្ងន់ថា ការដាក់ឱ្យដំណើរការរបស់ VINCSS នូវប្រព័ន្ធអេកូឡូស៊ីផ្ទៀងផ្ទាត់មិនប្រើប្រាស់លេខសម្ងាត់ ជាព្រឹត្តិការណ៍ដំបូងនៅវៀតណាម និងអាស៊ីអាគ្នេយ៍ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងការផ្លាស់ប្តូរឌីជីថលបច្ចុប្បន្ន។ លោក Nguyen Huy Dung បានអះអាងថា ក្រសួងព័ត៌មាន និងទូរគមនាគម និងប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ និងមានបំណងចង់ឱ្យអាជីវកម្មកាន់តែច្រើនឡើងចាប់យកឱកាស វិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិជ្ជាបម្រើដល់ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ