Vinfast រួមចំណែកបង្កើតអព្ភូតហេតុនៃឧស្សាហកម្មរថយន្តរបស់វៀតណាម

(VOVWORLD) - ឧស្សាហកម្មរថយន្តរបស់វៀតណាមមានតាំងពីយូរលង់មកហើយ ប៉ុន្តែរហូតដល់ឆ្នាំ ២០១៩ ទើបរថយន្តដំបូងគេដែលមានម៉ាកយីហោវៀតណាមត្រូវបានបង្កើតឡើង ដោយមានការលេចឡើងរបស់ម៉ាកយីហោ Vinfast នៃសម្ព័ន្ធក្រុមហ៊ុន Vingroup។ មុននោះ នាខែកញ្ញាឆ្នាំ ២០១៧ សម្ព័ន្ធក្រុមហ៊ុន Vingroup បានចាប់ផ្តើមគម្រោងសាងសង់ប្រព័ន្ធផលិតរថយន្ត Vinfast នៅតំបន់សេដ្ឋកិច្ច Cat Hai (Hai Phong) ដោយមានដើមទុនវិនិយោគរហូតដល់ ៣,៥ ពាន់លានដុល្លារអាមេរិក។ តាមរយៈយុទ្ធសាស្ត្រវិនិយោគដ៏ល្អប្រសើរVinfast បានបង្ហាញនូវទំនុកចិត្តអំពី “ក្តីសុបិននៃរថយន្តវៀតណាម”។
 
Vinfast រួមចំណែកបង្កើតអព្ភូតហេតុនៃឧស្សាហកម្មរថយន្តរបស់វៀតណាម - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ពេលនោះជានាយករដ្ឋមន្រ្តី) ថ្លែងមតិនៅពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត Vinfast នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩។ (រូបថត៖  nhandan.vn
 នៅខែកញ្ញា ឆ្នាំ២០១៧ សម្ព័ន្ធក្រុមហ៊ុន Vingroup បានធ្វើឱ្យឧស្សាហកម្មយានយន្តទាំងមូលមានការភ្ញាក់ផ្អើល នៅពេលដែលបានចាប់ផ្តើមសាងសង់ប្រព័ន្ធផលិតរថយន្តនិងម៉ូតូអគ្គិសនីនៅស្រុក Cat Hai ទីក្រុង Hai Phong។ បង្កើតឡើងក្នុងការមន្ទិលសង្ស័យ ប៉ុន្តែនៅខែកញ្ញាឆ្នាំ ២០១៧ Vingroup បានប្រកាសរូបភាពដំបូងបង្អស់ នៃម៉ូដែលរថយន្តចំនួនពីរគ្រឿងរបស់ Vinfast។ ម៉ូដែលទាំងពីរ មានការរចនាដ៏ស្រស់ស្អាត ប្រណីត និងទំនើប។ ជាពិសេស ឡូហ្គោអក្សរ “V” នៅក្បាលរថយន្ត ធ្វើឱ្យប្រជាជនវៀតណាមមានមោទនភាពយ៉ាងខ្លាំង។ នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ ២០១៩ ក្រុមហ៊ុនចម្កាត់ផលិតនិងធ្វើអាជីវកម្ម Vinfast (ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup) បានប្រកាសបើកសម្ពោធនិងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតរថយន្ត Vinfast ដែលគម្រោងនេះបានបញ្ចប់លឿនជាងរយៈពេល ៣ ខែបើប្រៀបធៀបនឹងការរំពឹងទុក គឺនៅខែកញ្ញាឆ្នាំ ២០១៩។ ជាមួយនឹងកំណត់ត្រា ២១ ខែ - ចាប់តាំងពីពិធីបើកការដ្ឋានសាងសង់ តម្លើង សាកល្បង និងដំណើរការរោងចក្រជាផ្លូវការ VinFast បានបង្កើតអព្ភូតហេតុថ្មីនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក។

ថ្លែងមតិនៅពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត Vinfast នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (ពេលនោះជានាយករដ្ឋមន្រ្តី) បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានពន្លឿនគម្រោង ហើយបញ្ចប់លឿនជាង ៣ ខែបើប្រៀបធៀបនឹងផែនការដំបូង ដោយបង្ហាញពីបំណងប្រាថ្នាដ៏ខ្លាំងក្លា របស់អ្នកដែលរួមកម្លាំងកាយចិត្ត  បង្កើតឡើងអព្ភូតហេតុថ្មីនៃឧស្សាហកម្មរថយន្តវៀតណាមក៏ដូចជាពិភពលោក៖ “មានមតិមួយចំនួន ដែលសង្ស័យអំពីគោលបំណងពិតរបស់ក្រុមហ៊ុន Vinfast ក៏ដូចជាការព្រួយបារម្ភជាច្រើន អំពីហានិភ័យនិងការសាកល្បងដែលក្រុមហ៊ុន Vinfast ត្រូវប្រឈមមុខ ខណៈពេលដែល ហ៊ានចាប់យកឧស្សាហកម្មដែលពិភពលោកមានប្រវត្តិនៃការអភិវឌ្ឍន៍ជាង ១០០ ឆ្នាំមកហើយ ដែលជាឧស្សាហកម្មមួយដែលមានកាប្រកួតប្រជែងដ៏ខ្លាំងក្លា។ ឧស្សាហកម្មមួយដែលវៀតណាមបានខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សមកហើយ ប៉ុន្តែមិនទាន់ទទួលបាន "ផ្លែផ្កា" ឡើយ។ ការបង្កើតរោងចក្ររថយន្ត Vinfast នៅថ្ងៃនេះ បានរួមចំណែកក្នុងការលុបចោលនូវការសង្ស័យមួយចំនួននោះ។”

ជាមួយតួនាទីសំខាន់របស់ Vinfast ចំពោះឧស្សាហកម្មរថយន្តក្នុងស្រុក និងខឿនសេដ្ឋកិច្ច លោកនាយករដ្ឋមន្រ្តីបានស្នើថា៖ ជាមួយនឹងទីផ្សារមានប្រជាជនជិត ១០០លាននាក់ វណ្ណៈកណ្តាលទើបលេចចេញបានកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែអត្រាម្ចាស់កម្មសិទ្ធិរថយន្តនៅតែមានទាបណាស់ ត្រឹមតែ ២១គ្រឿង/១០០០នាក់ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលមាន ៧៩០ គ្រឿង / ១០០០ នាក់ ឬប្រទេសថៃមានកម្រិត ២០៤ គ្រឿង / ១០០០នាក់៖ “យើងមិនត្រឹមតែចាត់ទុកនេះគឺជាទីផ្សារធំ ពោរពេញទៅដោយសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសមត្ថភាពបង្កើនល្បឿនរបស់ Vinfast ផងដែរ ។ ហេតុអ្វីដែលយើងមិនអាចរួមគ្នាផលិតរថយន្ត១គ្រឿងដែលគំនិតនិងបច្ចេកវិទ្យារទូទៅរបស់វា ត្រូវបានចែករំលែកនិងពេញនិយមជាង ១០០ឆ្នាំមកហើយ។ Vinfast គឺជាកន្លែងដែលកំពុងប្រមូលផ្តុំមនុស្សឆ្នើម ប៉ុន្តែប្រសិនបើចេះរួមបញ្ចូលកម្លាំងរបស់ប្រជាជនជិត ១០០លាននាក់ កម្លាំងចលករនោះនឹងកាន់តែធំជាងនេះទៅទៀត។ សមិទ្ធផលបច្ចេកវិទ្យា ៤.០ បានជួយតភ្ជាប់នូវ បញ្ញាសម្មារតីរបស់យើងជាមួយគ្នា។ ក្រុមហ៊ុន Vinfast នឹងទទួលបានកម្លាំង ការគាំទ្រ និងការរួមចំណែករបស់ប្រជាជនវៀតណាម នៅពេលដែលផលប្រយោជន៍របស់ Vinfast ផ្សារផ្ជាប់យ៉ាងរឹងមាំជាមួយផលប្រយោជន៍របស់អតិថិជន និងដើម្បីផលប្រយោជន៍របស់វៀតណាម។”

នៅចុងខែតុលាឆ្នាំ ២០១៩ នៅទីក្រុង Melaka (ម៉ាឡេស៊ី) VinFast ត្រូវបានកម្មវិធីវាយតម្លៃរថយន្តថ្មីនៅអាស៊ីអាគ្នេយ៍ (ASEAN NCAP) ប្រគល់វិញ្ញាបនប័ត្រសុវត្ថិភាពនៅកម្រិតខ្ពស់បំផុត។ ម៉ូដែលរថយន្តទាំងពីរគឺ VinFast Lux SA2.0 និង Lux A2.0 ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពខ្ពស់បំផុតគឺ ផ្កាយ ៥។

នៅថ្ងៃទី ២៤ ខែមីនា ២០២១ VinFast បានចាប់ផ្តើមលក់ម៉ូដែលរថយន្តអគ្គិសនីឆ្លាតវៃដំបូង VF e34 ហើយបន្ទាប់ពីបើកលក់ត្រឹមតែ ១២ ម៉ោង VinFast ទទួលបានការបញ្ជាទិញចំនួន ៣.៦៩២ ដោយបង្កើតកំណត់ត្រាថ្មីមួយនៅលើទីផ្សាររថយន្តវៀតណាម។ នៅព្រឹកថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២១ អតិថិជនដំបូងគេដែលបញ្ជាទិញម៉ូដែលរថយន្តអគ្គិសនីឆ្លាតវៃ VF e34 របស់ VinFast ទទួលបានរថយន្តអគ្គិសនីមានម៉ាកយីហោវៀតណាមដំបូងគេ ដែលបានចេញពីខ្សែសង្វាក់ផលិតកម្ម ដោយគូសសញ្ញាសម្គាល់ថ្មីសម្រាប់ឧស្សាហកម្មរថយន្ត នាំឲ្យវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅលើពិភពលោក ដែលជាម្ចាស់បច្ចេកវិទ្យាផលិតរថយន្តអគ្គិសនី។

Vinfast រួមចំណែកបង្កើតអព្ភូតហេតុនៃឧស្សាហកម្មរថយន្តរបស់វៀតណាម - ảnh 2ជាអគ្គនាយកសកលនៃក្រុមហ៊ុន Vinfast លោកស្រី Le Thi Thu Thuy និងអភិបាលរដ្ឋ North Carolina លោក Roy Cooper ក្នុងពិធីចុះហត្ថលេខា Mou ស្តីពីគម្រោងសាងសង់រោងចក្រ Vinfast នៅសហរដ្ឋអាមេរិកក្នុងខែមីនា ឆ្នាំ ២០២២។ (រូបភាព៖ nhandan.vn)

មិនត្រឹមតែទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ VinFast បានដាក់ឲ្យដំណើរការនូវសាខានៅសហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់និងហូឡង់ ត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមនៅទីផ្សារអន្តរជាតិផងដែរ។ នៅចុងខែមីនាឆ្នាំ ២០២២ VinFast និងរដ្ឋបាលរដ្ឋ North Carolina សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងថាមពលដំបូងរបស់ VinFast នៅទីផ្សារអាមេរិកខាងជើង។ គម្រោងការណ៍មានតម្លៃ ២ ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនVinfast ត្រូវបានអាជ្ញាធរអាមេរិកគាំទ្រនិងស្វាគមន៍។ រដ្ឋមន្ត្រីក្រសួងថាមពល និងរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក សុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះគម្រោងរបស់ Vinfast ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងខឿនសេដ្ឋកិច្ច ថាមពលស្អាត របស់រដ្ឋបាលលោកប្រធានាធិបតី Biden។ រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោកស្រី Jennifer Granholm បានឲ្យដឹងថា៖ “Vinfast គឺជាឧទាហរណ៍ថ្មីបំផុតអំពីការដែលក្រុមហ៊ុននានារួមចំណែកដល់ការខិតខំប្រឹងប្រែង កសាងខឿនសេដ្ឋកិច្ចថាមពលស្អាតរបស់លោកប្រធានាធិបតី Biden តាមរយៈការវិនិយោគដ៏ធំធេងរបស់ពួកគេ។ ប្រាកដណាស់ថា Vinfast នឹងមិនមែនជាក្រុមហ៊ុនចុងក្រោយដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះទេ។ ជាថ្មីម្ដងទៀត ខ្ញុំសុំថ្លែងអំណរគុណដល់ Vinfast ដែលបានជ្រើសរើស ធ្វើការវិនិយោគនៅសហរដ្ឋអាមេរិក ដោយជួលពលករនៅសហរដ្ឋអាមេរិក និងជួយយើងខ្ញុំ ឯករាជ្យជាងក្នុងវិស័យថាមពល។”

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា រហូតមកដល់ពេលនេះមានគម្រោងការណ៍ជាង ៧០គម្រោង ដោយមានដើមទុនប្រមាណ ៣០០លានដុល្លារ របស់សហគ្រាសវៀតណាមដែលវិនិយោគនៅអាមេរិក ប៉ុន្តែ នេះគឺជាលើកទីមួយហើយដែលមានគម្រោងធំបែបនេះ ដែលបានបង្កើតការងាររាប់ពាន់សម្រាប់ប្រជាជនអាមេរិក៖ “នេះគឺជាព្រឹត្តិការណ៍ពិសេស និងមានអត្ថន័យខ្លាំងណាស់ ហើយបានបញ្ជាក់ពីប្រការសំខាន់ចំនួនបី។ ទីមួយ នេះគឺជាលទ្ធផលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនូវទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ចាប់តាំងពីពេលធ្វើប្រក្រតីភាពទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ននេះ។ ទីពីរ បានបង្ហាញនូវភាពរឹងមាំយ៉ាងឆាប់រហ័សនិងលោតផ្លោះរបស់វៀតណាម និងសហគ្រាសវៀតណាម។ នាបច្ចុប្បន្ន វៀតណាមនិងបណ្ដាសហគ្រាសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈានចូលខឿនសេដ្ឋកិច្ចអន្តរជាតិ ហើយអាចឈានទៅកាន់ទីផ្សារនៅឆ្ងាយដូចជាអាមេរិក។ ទីបីបានបង្ហាញពីអនាគតភ្លឺស្វាងនៃទំនាក់ទំនងរវាងវៀតណាមអាមេរិក។ សក្តានុពលនៃប្រទេសទាំងពីរនៅតែមានច្រើន។ ជាមួយនឹងប្រជាជនវៀតណាមជាង ២ លាននាក់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក ហើយនិស្សិតវៀតណាមរាប់ម៉ឺននាក់ កំពុងសិក្សារៀនសុត្រនៅអាមេរិក ក៏ដូចជាការយកចិត្តទុកដាក់ ការគាំទ្រ និងការជំរុញរបស់សហគ្រាសនៃភាគីទាំងពីរបានបង្ហាញថា សក្តានុពលអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងភាគីទាំងពីរគឺធំធេងណាស់។ ខ្ញុំជឿជាក់ថា ភាពជោគជ័យរបស់ Vinfast គឺជាការលើកទឹកចិត្តដល់សហគ្រាសវៀតណាមជាច្រើនក៏យកចិត្តទុកដាក់ដល់ទីផ្សារអាមេរិក ហើយនឹងចាប់ផ្តើមការវិនិយោគជាច្រើនថែមទៀត។”

រហូតមកដល់ពេលនេះ Vinfast បានផលិតម៉ូដែលរថយន្តចំនួន ៥ រួមមាន៖ Vinfast Fadil, Vinfast VF e34 (រថយន្តអគ្គិសនី), Vinfast Lux SA2.0, Vinfast Lux A2.0 និង Vinfast President។ បច្ចុប្បន្នរថយន្ត Vinfast គឺជាម៉ាកយានយន្តដែលពេញនិយមបំផុតនៅក្នុងទីផ្សាររថយន្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ