vnCare - ដំណោះស្រាយសម្រាប់ការចុះឈ្មោះពិនិត្យនិងប្រឹក្សាសុខភាពពីចម្ងាយរបស់ប្រជាជនវៀតណាម
LE PHUONG -  
(VOVWORLD) - ជាមួយនឹងពាក្យស្លោក "vnCare - ដើម្បីសុខភាពរបស់អ្នក" ដំណោះស្រាយជួយគាំទ្រការថែទាំសុខភាពមនុស្ស vnCare គឺជាប្រព័ន្ធមួយដែលផ្តល់ សេវាកម្មជាច្រើន ជួយរៀបចំកាលវិភាគពិនិត្យសុខភាពយ៉ាងងាយស្រួល; រួមចំណែកកាត់បន្ថយបន្ទុកសម្រាប់មូលដ្ឋានសុខា ភិបាល; លើកកំពស់គុណភាពសេវាកម្មនៅមូលដ្ឋានសុខាភិបាល។ នេះគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីចល័តសម្រាប់បម្រើប្រជាជនរបស់សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម (VNPT) ដែលទទួលបានការវាយតម្លៃខ្ពស់ពីអតិថិជនអាស្រ័យដោយមានប្រសិទ្ធភាពជាក់ស្តែងក្នុងសកម្មភាពពិនិត្យនិងព្យាបាលជំងឺ។
ការពិនិត្យព្យាបាលជំងឺពីចម្ងាយរួមចំណែកកាត់បន្ថយបន្ទុកសម្រាប់មូលដ្ឋានសុខាភិបាល។ (រូបថត៖ PLO) |
កម្មវិធី vnCare ត្រូវបានបង្កើតឡើងដោយជួរបុគ្គលិករបស់ VNPT ដោយមានគោលដៅជួយប្រជាជនថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាមួយនឹងប្រតិបត្តិការដ៏សាមញ្ញនៅលើឧបករណ៍ចល័តឆ្លាតវៃ។ លោក Nguyen Xuan Binh អ្នកជំនាញនៅមជ្ឈមណ្ឌលដំណោះស្រាយសុខាភិបាល អេឡិចត្រូនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន VNPT (VNPT IT) បានឲ្យដឹងថា៖ “មានលក្ខណៈលេចធ្លោមួយចំនួននៃកម្មវិធី vnCare នោះ គឺការប្រើប្រាស់បច្ចេកវិទ្យា EKYC និង AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន VNPT ដើម្បីកំណត់អត្តសញ្ញាណអតិថិជន ក៏ដូចជាកំណត់មុខមាត់ពិតរបស់អ្នកជំងឺ។ ទីពីរ អ្នកជំងឺដែលប្រើកម្មវិធី vnCare អាចចុះឈ្មោះពិនិត្យសុខភាពដោយភាពបត់បែន ហើយម្ចាស់ការក្នុងការកំណត់ពេលណាត់ជួបតាមជំនាញ វេជ្ជបណ្ឌិត ក៏ដូចជាពេលវេលាពិនិត្យផងដែរ។ ទីបី ជាមួយនឹងកម្មវិធី vnCare អ្នកជំងឺអាចទទួលបានការពិគ្រោះយោបល់ដោយផ្ទាល់តាមរយៈការហៅជាវីដេអូជាមួយវេជ្ជបណ្ឌិតក៏ដូចជាបុគ្គលិកពេទ្យ។ ទី៤ អាចមើលលទ្ធផលពិនិត្យសុខភាពលើកម្មវិធី ដោយមិនចាំបាច់ទៅមន្ទីរពេទ្យឡើយ”។
លក្ខណៈពិសេសមួយដែលត្រូវបានវាយតម្លៃខ្ពស់ដោយអ្នកជំនាញវេជ្ជសាស្ត្រគឺថា vnCare បើកចេញឱកាសដើម្បីចែករំលែកពីជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យនិងព្យាបាលជំងឺពីចម្ងាយក្រោមទ្រង់ទ្រាយជាច្រើនដូចជាការហៅជាវីដេអូ។ ការតភ្ជាប់ពីចម្ងាយជាមួយក្រុមគ្រូពេទ្យ ជួយឲ្យអ្នកជំងឺទទួលបានការណែនាំល្អបំផុត ដែលរួមចំណែកកាត់បន្ថយបន្ទុកលើមូលដ្ឋានសុខាភិបាល។ vnCare ក៏ជួយបង្កើនតម្លាភាព ងាយស្រួលចូលប្រើទិន្នន័យពាក់ព័ន្ធរបស់អ្នកជំងឺ ហើយកែលម្អគុណភាពនៃការពិនិត្យព្យាបាលជំងឺផងដែរ។ ក្នុងករណីបន្ទាន់មួយចំនួន វេជ្ជបណ្ឌិតអាចចូលពិនិត្យស្ថានភាពសុខភាពរបស់អ្នកជំងឺបានយ៉ាងឆាប់រហ័ស ដើម្បីចាត់វិធានការព្យាបាលឲ្យទាន់ពេលវេលា។ កម្មវិធី vnCare ក៏ជួយមូលដ្ឋានសុខាភិបាលគ្រប់គ្រងការណាត់ជួប ដើម្បីរៀបចំពេលវេលាពិនិត្យឲ្យបានសមស្រប។ ដោយមានគុណសម្បត្តិដ៏លេចធ្លោទាំងនេះ vnCare បាននិងកំពុងជាជម្រើសនៃមន្ទីរពេទ្យមជ្ឈិមនិងស្រុក ក៏ដូចជាមូលដ្ឋានសុខាភិបាលជាច្រើននៅទូទាំងប្រទេស។ លោក Le Manh Duc នាយករងមន្ទីរពេទ្យប្រៃសណីយ៍ហាណូយ បានឲ្យដឹងថា៖ “យើងខ្ញុំអនុវត្តន៍កម្មវិធី vnCare ដើម្បីជួយឲ្យអ្នកជំងឺអាចចុះឈ្មោះពិនិត្យ ទទួលបានអាទិភាពនៅពេលទៅពិនិត្យ កាត់បន្ថយពេលវេលាជាអតិបរមា ហើយថែមទាំងដើរតាមផ្លូវដាច់ដោយឡែកមួយ ដើម្បីកំណត់ការប៉ះពាល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ នៅពេលដែលអ្នកជំងឺចុះឈ្មោះពិនិត្យព្យាបាលជំងឺលើកម្មវិធី vnCare នីតិវិធីគឺសាមញ្ញណាស់។ កម្មវិធី vnCare នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជំងឺ ផ្ញើរព័ត៌មាន និងទិន្នន័យទៅកាន់បុគ្គលិកឯកទេសនៃមន្ទីរពេទ្យដែលទទួលបន្ទុក vnCare ។ បុគ្គលិកឯកទេសនេះនឹងទាក់ទងជាមួយវេជ្ជបណ្ឌិតដើម្បីកំណត់ពេលវេលាពិនិត្យ ហើយនៅពេលអ្នកជំងឺមកដល់ មិនចាំបាច់បំពេញនីតិវិធីណាមួយ ដូចជាការតម្រង់ជួរ ឬទទួលសំបុត្រនោះទេ ប៉ុន្តែត្រូវបាននាំត្រង់ចូលបន្ទប់ពិនិត្យ”។
App vnCare នៅលើទូរស័ព្ទឆ្លាតវៃ។ (រូបថត៖ VTV) |
សម្រាប់អ្នកប្រើប្រាស់ vnCare ជួយបង្កើនប្រសិទ្ធភាពដំណើរការប្រតិបត្តិការ បម្រើការគ្រប់គ្រងអ្នកជំងឺបានល្អ បង្កើនសមត្ថភាពដោះស្រាយបញ្ហា និងប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាល - ថែទាំសុខភាពសហគមន៍; ទន្ទឹមនឹងនោះ ឆ្លើយតបនឹងទិសដៅទូទៅ ហើយប្រតិបត្តិតាមលក្ខណៈវិនិច្ឆ័យ នៃការ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យសុខាភិបាលរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។ សម្រាប់ប្រជា ជនវិញ vnCare ជួយគេទទួលបានសេវាថែទាំសុខភាពយ៉ាងឆាប់រហ័ស នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់។ មិនថានៅកន្លែងណាមួយ ក៏ប្រជាជនអាចទទួលបានការថែទាំសុខភាពយ៉ាងងាយស្រួលដោយត្រឹមតែប្រើទូរសព្ទឆ្លាតវៃ ឬឧបករណ៍ Tablet ក៏ដូចជាម្ចាស់ការក្នុងការរៀបចំពេលវេលាពិនិត្យផងដែរ។
ជាពិសេស ក្នុងអំឡុងពេលរក្សាគម្លាតសង្គមដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ vnCare បានជួយប្រជាជនកាត់បន្ថយការធ្វើដំណើរ ជៀសវាងការឆ្លងនៅមន្ទីរពេទ្យ។ ដោយការកក់ពេលវេលាណាត់ជួបលើ vnCare អ្នកជំងឺនឹងទទួលបានអាទិភាពដោយត្រូវបានពិនិត្យតាមពេលវេលាដែលបានកំណត់ជាមុន។ ទន្ទឹមនឹងនោះ ទិន្នន័យសុខាភិបាលរបស់អ្នកជំងឺក៏ត្រូវបានរក្សាទុក ដែលជួយគេចូលពិនិត្យមើលសំណុំសុខភាពផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលផងដែរ។ លោកស្រី Nguyen Thi Thu Giang នៅទីក្រុងហាណូយបានចែករំលែកបន្ទាប់ពីប្រើប្រាស់កម្មវិធី vnCare យ៉ាងដូច្នេះថា៖ “កម្មវិធីនេះងាយស្រួលប្រើប្រាស់ មានការបង្ហាញស្និទ្ធស្នាលហើយប្រតិបត្តិការលឿនណាស់។ ពេលប្រើកម្មវិធីហើយទៅមន្ទីរពេទ្យ ពេលមកដល់ អ្នកនឹងត្រូវបានបុគ្គលិកពេទ្យណែនាំយ៉ាងយកចិត្តទុកដាក់ នាំទៅពិនិត្យនិងចុះឈ្មោះយ៉ាងឆាប់រហ័ស”។
ការជំរុញខ្លាំងនូវការធ្វើឌីជីថលភាវូបនីយកម្ម បាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស។ តាមរយៈការកសាង និងដាក់កម្មវិធី vnCare ឲ្យប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមមូលដ្ឋានសុខាភិបាលក្នុងស្រុក VNPT មានបំណងចង់រួមចំណែកចែករំលែកការលំបាកជាមួយផ្នែកសុខាភិបាល និងមន្ទីរពេទ្យ ព្រមទាំងចង់ជួយប្រជាជនផ្លាស់ប្តូរទម្លាប់ក្នុងការពិនិត្យព្យាបាលជំងឺទៀតផង។ ដោយមានប្រសិទ្ធភាពជាក់ស្តែងក្នុងការពិនិត្យព្យាបាលជំងឺ vnCare មានកិត្តិយសជាផលិតផលបច្ចេកវិទ្យា Make in Vietnam ដែលទទួលបានរង្វាន់សំរឹទ្ធនៅ ពានរង្វាន់បច្ចេកវិទ្យាព័ត៌មានវិទ្យា (IT World Awards ២០២១) ដែលជាពានរង្វាន់ឈានមុខគេនៃឧស្សាហកម្មព័ត៌មានវិទ្យាទូទាំងពិភពលោក៕
LE PHUONG