ការផ្លាស់ប្តូរឌីជីថល - គន្លឹះសម្រាប់ការស្តារទេសចរណ៍ឡើងវិញនៅខេត្ត Quang Nam
(VOVWORLD) - បន្ទាប់ពីរងឥទ្ធិពល និងផលប៉ះពាល់យ៉ាងខ្លាំងនៃជំងឺរាតត្បាតកូវីដ-១៩ ការផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទុកថា ជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់វិស័យទេសចរណ៍វៀតណាមដើម្បីស្តារឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត។
ទាញយកប្រយោជន៍នៅលើឧបករណ៍ឆ្លាតវៃ ភ្ញៀវទេសចរមានជម្រើសយ៉ាងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ពួកគេ (រូបថត៖ VOV) |
ខេត្ត Quang Nam ដែលជាមូលដ្ឋនរៀបចំឆ្នាំទេសចរណ៍ជាតិ ២០២២ កំពុងខិតខំប្រឹងប្រែងផ្លាស់ប្តូរឌីជីថល និងអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍បៃតង។ នេះត្រូវបានចាត់ទុកថាជាគន្លឹះដ៏សំខាន់មួយសម្រាប់ខេត្ត Quang Nam ដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងទទួលបានសន្ទុះកំណើនសម្រាប់ឧស្សាហកម្មគ្មានផ្សែងនេះ។
ដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ន យុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រសំខាន់ៗចំនួន៤ដែលបានដាក់ចេញ គឺធ្វើយ៉ាងណាដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ និងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន។ យោងតាមលោក Le Hung Anh ស្ថាបនិកម៉ាកយីហោ Travelner ដែលជាសហគ្រាសកសាងវេទិកាបច្ចេកវិទ្យាក្នុងការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃបានឱ្យដឹងថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរបានផ្លាស់ប្តូរនិន្នាការនិងរបៀបស្វែងរកព័ត៌មានទេសចរណ៍។ នេះគឺជាបញ្ហាប្រឈម ប៉ុន្តែក៏ជាឱកាសសម្រាប់សហគ្រាសដើម្បីម្ចាស់ការផ្លាស់ប្តូរថ្មី និងសម្របខ្លួនប្រកបដោយសុវត្ថិភាពនាពេលខាងមុខផងដែរ។ លោក Le Hung Anh បានឲ្យដឹងថា៖ “ការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅពេលនេះមានអត្ថន័យសំខាន់ណាស់។ បច្ចុប្បន្ន អតិថិជនស្ទើរតែទាំងអស់បានប្រើប្រាស់កម្មវិធីកក់បន្ទប់សណ្ឋាគារ ទិញសំបុត្រយន្តហោះដោយឧបករណ៍ចល័ត។ នេះគឺជាឱកាសដ៏កម្រមានណាស់។”
ក្នុងនាមជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៥ ដែលបានសាកល្បងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិក្នុងដំណាក់កាលថ្មី (សម្របខ្លួនប្រកបដោយសុវត្ថិភាពនឹងជំងឺរាតត្បាតកូវីដ-១៩) ខេត្ត Quang Nam បានចាត់ទុកថា ការអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីស្វាគមន៍ភ្ញៀវទេសចរគឺជាអាទិភាពចម្បងមួយ។ អាជ្ញាធរទីក្រុង Hoi An ខេត្ត Quang Nam បានជំរុញខ្លាំង ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បំពាក់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅតាមគោលដៅ ដំឡើង wifi ដោយឥតគិតថ្លៃ និងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍នៅលើបណ្តាញសង្គមផងដែរ។ ចាប់តាំងពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ទីក្រុង Hoi An បានលក់សំបុត្រធ្វើដំណើរកម្សានអេឡិចត្រូនិកជាបណ្តើរៗ ជំនួសសំបុត្របែបប្រពៃណីវិញ។ លោកស្រី Truong Thi Cam Nhung និងភ្ញៀវទេសចរណ៍ជាច្រើនពីទីក្រុងហូជីមិញមកទស្សនាទីក្រុង Hoi An លើកនេះ មានអារម្មណ៍ពេញចិត្តចំពោះការអនុវត្តបច្ចេកវិទ្យាឌីជីថល។ គ្រាន់តែទាញយកភាពងាយស្រួលនៅលើឧបករណ៍ឆ្លាតវៃ ភ្ញៀវទេសចរមានជម្រើសសម្រាប់កាលវិភាគរបស់ខ្លួនយ៉ាងឆាប់រហ័ស។ “សេវាកម្មនៅទីក្រុង Hoi An មានលក្ខណៈពិសេសសម្រាប់ភ្ញៀវទេសចរដែលមក Hoi An ដោយកម្មវិធីបច្ចេកទេស។ វាលឿនជាងមុន និងងាយស្រួលសម្រាប់ភ្ញៀវទេសចរ អនុញ្ញាតឱ្យយុវជនចាប់យកព័ត៌មានបានឆាប់រហ័ស និងណែនាំដល់មិត្តភក្តិឱ្យកាន់តែត្រឹមត្រូវជាងមុន”។
ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ ទីក្រុង Hoi An បានលក់សំបុត្រទេសចរណ៍អេឡិចត្រូនិកដោយជំនួសសំបុត្រប្រពៃណី (រូបថត៖ VOV) |
ចាប់តាំងពីទីក្រុងបុរាណ Hoi An និងតំបន់ប្រាសាទ My Son ត្រូវបានអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកមក អាជ្ញាធរ និងប្រជាជនខេត្ត Quang Nam បានខិតខំប្រឹងប្រែង នាំវិស័យទេសចរណ៍អភិវឌ្ឍន៍ទាំងទំហំ និងគុណភាព ក្លាយជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលស្ដារទេសចរណ៍ឡើងវិញដូចបច្ចុប្បន្ន បញ្ហាសាកល្បងចំពោះអាជ្ញាធរ និងសហគមន៍ធុរកិច្ច គឺធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកនិន្នាការបច្ចេកវិទ្យា ៤.០ ក៏ដូចជាឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរណ៍។
ខេត្ត Quang Nam បានកសាងផែនការអនុវត្តកម្មវិធីផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍រហូតដល់ឆ្នាំ ២០២៥ ។ ផែនការផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយក្នុងវិស័យទេសចរណ៍ត្រូវបានបែងចែកជាដំណាក់កាលចំនួនពីរ។ តាមនោះ ដំណាក់កាល ២០២១-២០២៣ នឹងបញ្ចប់ការធ្វើឌីជីថលទិន្នន័យទាំងអស់ស្តីពីមគ្គុទេសក៍ទេសចរណ៍ សហគ្រាសទេសចរណ៍ មូលដ្ឋានធ្វើអាជីវកម្មសេវាកម្មទេសចរណ៍ កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ មណ្ឌលកេរ្តិ៍ដំណែល និងទេសភាពនៅលើភូមិសាស្ត្រខេត្ត។ ដំណាក់កាល ២០២៣-២០២៥ បន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកម្មវិធីទេសចរណ៍ឆ្លាតវៃ នៃវិស័យទេសចរណ៍ខេត្ត Quang Nam ឲ្យបានសមស្របនឹងបច្ចេកវិទ្យាថ្មីៗ។ បន្តធ្វើបច្ចុប្បន្នភាពទិន្នន័យទេសចរណ៍ថ្មីជាប្រចាំ; បន្តកសាងមូលដ្ឋានគ្រឹះនៃប្រព័ន្ធទេសចរណ៍តាមរយៈការពិតនិម្មិតនៅលើផែនទីឌីជីថល និងប្រើប្រាសបច្ចេកវិទ្យា VR360 សម្រាប់តំបន់ទេសចរណ៍ មណ្ឌលកេរ្តិ៍ដំណែលទេសភាពដែលគ្រប់គ្រងដោយរដ្ឋ និងមូលដ្ឋានធ្វើអាជីវកម្មទេសចរណ៍។
ក្រោយរយៈពេលជាង ២ ឆ្នាំ "បង្កក" ទេសចរណ៍វៀតណាមកំពុងឈានចូលដំណាក់កាលស្ដារឡើងវិញ ដោយទទួលបានសន្ទុះកំណើន និងទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងនិងក្រៅប្រទេស រួមចំណែកស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។ ជាមួយនឹងភាពម្ចាស់ការនិងច្នៃប្រឌិត វិស័យទេសចរណ៍កំពុងខិតខំប្រឹងប្រែងដើម្បីអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍វិលត្រឡប់មកវិញនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ ដែលក្នុងនោះការផ្លាស់ប្តូរឌីជីថលគឺជាគន្លឹះសម្រាប់វិស័យទេសចរណ៍ដើម្បីរីកចម្រើន។ ស្មារតីនេះក៏ត្រូវបាននាយករដ្ឋមន្រ្តី លោក Pham Minh Chinh សង្កត់ធ្ងន់នៅក្នុងពិធីបើកឆ្នាំទេសចរណ៍ជាតិ២០២២ថា ទេសចរណ៍វៀតណាមចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃប្រកបដោយចីរភាពដែលបានផ្តួចផ្តើម និងកំណត់នៅក្នុងដួងចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ ជារូបភាព “វៀតណាម-គោលដៅប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល និងគួរឲ្យទាក់ទាញ”៖ “ចាំបាច់ត្រូវមានការត្រិះរិះ និងរបៀបថ្មីដើម្បីប្រែក្លាយហានិភ័យទៅជាឱកាស។ ក្នុងបរិបទដែលជំងឺរាតត្បាតនៅតែបន្តនោះ សកម្មភាពទេសចរណ៍ត្រូវបានរៀបចំឡើងប្រកបដោយសុវត្ថិភាព វិទ្យាសាស្ត្រ និងនវានុវត្តន៍បច្ចេកវិទ្យា គឺជានិន្នាការដែលជៀសមិនរួចនៅលើពិភពលោកបច្ចុប្បន្ន។ ពាក្យគន្លឹះសំខាន់ៗនៃវិស័យទេសចរណ៍វៀតណាមនាពេលខាងមុខ នឹងជាកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ បៃតង ឌីជីថលភាវូបនីយកម្ម និងតភ្ជាប់យ៉ាងស្និទ្ធស្នាល។”
បើតាមការប៉ាន់ស្មាន នាបច្ចុប្បន្ននៅខេត្ត Quang Nam មានសហគ្រាសទេសចរណ៍ជិត ៩០% បានបើកដំណើរការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍វិលត្រឡប់មកវិញ ដោយផ្តោតសំខាន់លើសេវាស្នាក់នៅ មណ្ឌលទេសចរណ៍ តំបន់និងទីតាំងទេសចរណ៍។ ជាមួយនឹងព្រឹត្តិការណ៍ និងសកម្មភាពជំរុញតម្រូវការជាច្រើន វិស័យទេសចរណ៍ខេត្ត Quang Nam បានបង្ហាញពីសញ្ញាវិជ្ជមានអំពីការស្តារឡើងវិញទីផ្សារភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ បរិមាណភ្ញៀវទេសចរណ៍ និងអ្នកមកស្នាក់នៅសរុប ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១,៥ លាននាក់ កើនឡើង ៤,៨ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ដោយមានគុណសម្បត្តិក្នុងវិស័យទេសចរណ៍ និងបានយល់ដឹងយ៉ាងច្បាស់លាស់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរឌីជីថល ខេត្ត Quang Nam កំពុងជំរុញការផ្លាស់ប្តូរឌីជីថល ដោយកំណត់ថា ជាគន្លឹះដើម្បីឈានជំហានលោតផ្លោះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយឆាប់ក្លាយជាមូលដ្ឋានឈានមុខនៅទូទាំងប្រទេស ក្នុងការផ្លាស់ប្តូរឌីជីថលក្នុងឆ្នាំ ២០៣០៕