ខេត្ត Thanh Hoa ជម្រុញការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - គម្រោងផ្លាស់ប្តូរឌីជីថលរបស់ខេត្ត Thanh Hoa ដល់ឆ្នាំ ២០៣០ ដោយផ្តោតសំខាន់លើប្រជាជន និងអាជីវកម្មធ្វើជាមជ្ឈមណ្ឌលសេវាកម្ម។ ខេត្ត Thanh Hoa បាននិងកំពុងលាតត្រដាងអនុវត្តន៍ភារកិច្ចនេះប្រកបដោយប្រសិទ្ធភាព រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន។

ខេត្ត Thanh Hoa ជម្រុញការផ្លាស់ប្តូរឌីជីថល - ảnh 1លោក Mai Xuan Liem - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa (ស្តាំ) និងលោក Vinh Tuan Bao - អគ្គនាយករងនៃសាជីវកម្មទូរគមនាគមន៍ MobiFone (ឆ្វេង) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល  ២០២២-២០២៥  (រូបថត៖ dangcongsan.vn)

សង្កាត់ Dong Cuong ទីក្រុង Thanh Hoa បានអនុវត្តន៍សេវាសាធារណៈតាមអ៊ីនធឺណិតនៅកម្រិតលេខ ៣ នៃទំហំសេវាសាធារណៈតាមអ៊ីនធឺណិតចំនួន ៤ កម្រិត។ ប្រជាពលរដ្ឋពេញចិត្តពេលទៅបំពេញបែបបទរដ្ឋបាលយ៉ាងរស់រាន់និងឆាប់រហ័ស។ ទៅធ្វើសំបុត្រកំណើតឱ្យកូន តាមប្រព័ន្ធអេឡិចត្រូនិក ហើយទទួលបានកាលបរិច្ឆេទ និងពេលវេលាសម្រាប់ទទួលលទ្ធផល លោក Le Dinh Bac នៅសង្កាត់ Dong Cuong ទីក្រុង Thanh Hoa បានសម្តែងការពេញចិត្តថា៖ “ប្រជាជនដែលមកបំពេញបែបបទ រដ្ឋបាលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់។ បច្ចុប្បន្ននេះ ខ្ញុំឃើញថា បច្ចេកវិទ្យាឌីជីថលបំពេញតាមតម្រូវការ និងដោះស្រាយការងាររបស់ប្រជាជនបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព”។

 

Thanh Hoa គឺជាខេត្តស្ថិតក្នុង Top កំពូលមួយក្នុងប្រទេសដែលអនុវត្តន៍ការដោះស្រាយឯកសារប្រកបដោយប្រសិទ្ធភាពក្នុងបរិយាកាសអេឡិចត្រូនិក និងហត្ថលេខាឌីជីថល។ ខេត្តក៏កំពុងអនុវត្តន៍ប្រព័ន្ធកម្មវិធីគ្រប់គ្រងឯកសារ និងកំណត់ត្រាការងារឱ្យមានប្រសិទ្ធភាពនៅគ្រប់ស្ថាប័នរដ្ឋពីថ្នាក់ខេត្តដល់ឃុំ សង្កាត់ បម្រើការងារបញ្ជាណែនាំ។ នៅខេត្ត Thanh Hoa ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ត្រូវបានដាក់ឱ្យប្រើប្រាស់យ៉ាងទំនើប បំពេញតាមតម្រូវការជាមូលដ្ឋានសម្រាប់ការអនុវត្តជោគជ័យនៃការផ្លាស់ប្តូរឌីជីថល។ លោកស្រី Pham Thi Viet Nga អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង Thanh Hoa បានឲ្យដឹងថា៖ “ឆ្ពោះទៅរកទីក្រុងឆ្លាតវៃ និងទំនើប ការផ្លាស់ប្តូរឌីជីថលគឺជាលក្ខខណ្ឌធានា។ មានតែតាមរយៈការពន្លឿនការផ្លាស់ប្តូរឌីជីថលប៉ុណ្ណោះ ដែលយើងអាចបង្កើនផលិតភាពការងារ យើងនឹងអាចតភ្ជាប់ឧស្សាហកម្ម និងវិស័យនានា ជាពិសេសពាណិជ្ជកម្ម និងសេវាកម្ម ដែលជាឧស្សាហកម្មសំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត”។

នៅចំពោះមុខ ខេត្ត Thanh Hoa នឹងជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងគ្រប់កម្រិត គ្រប់វិស័យ អាជីវកម្ម និងប្រជាជនអំពីភាពបន្ទាន់នៃការផ្លាស់ប្តូរឌីជីថល។ ទន្ទឹមនឹងនោះ ខេត្ត Thanh Hoa បានលើកទឹកចិត្តឱ្យអាជីវកម្មសាកល្បង បច្ចេកវិទ្យា និងគំរូថ្មីសម្រាប់ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យមួយចំនួនដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ការថែទាំសុខភាព ការអប់រំ  ការដឹកជញ្ជូន សំណង់ ធនធាន បរិស្ថាន ធនាគារឌីជីថលជាដើម។ លោកស្រី Le Thi Ngoc Hoan បុគ្គលិកនៃការិយាល័យគណៈកម្មាធិការប្រជាជនសង្កាត់ Dong Cuong ទីក្រុង Thanh Hoa បានឲ្យដឹងថា៖ “ទាក់ទងនឹងរដ្ឋាភិបាលឌីជីថលបច្ចុប្បន្ននេះ ឯកសារ ១០០% ត្រូវបានចុះហត្ថលេខាឌីជីថល។ បែបបទរដ្ឋបាលបំពេញតាមច្រកចេញចូលតែមួយ។ ផ្សព្វផ្សាយឲ្យប្រជាជនបំពេញបែបបទឬសូមការបញ្ជាក់តាមរយៈច្រកទ្វារអេឡិចត្រូនិក។ ទាក់ទងនឹងការធ្វើឌីជីថលសេដ្ឋកិច្ច រដ្ឋាភិបាលបានកៀងគរ និងណែនាំប្រជាជនឱ្យចូលរួមផ្សារពាណិជ្ជកម្មតាមអ៊ីនធឺណិតមួយចំនួន ប្រមូលផ្តុំគ្រួសារផលិតកម្ម ដោយផ្សព្វផ្សាយឲ្យគេដាក់តាំងបង្ហាញទំនិញលើទីផ្សាពាណិជ្ជកម្មតាមតម្រូវការផ្គត់ផ្តង់របស់ខេត្ត”។

នៅខែមិថុនាឆ្នាំ ២០២២ សាជីវកម្មទូរគមនាគមន៍ MobiFone និងគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីគាំទ្រការផ្លាស់ប្តូរឌីជីថលសម្រាប់ដំណាក់កាល ២០២២-២០២៥។ គោលបំណងនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការគឺដើម្បីលើកកម្ពស់សមត្ថភាព និងកម្លាំងរបស់ភាគីទាំងពីរ លើកកំពស់ប្រសិទ្ធភាពក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងវិស័យនៃជីវភាពរស់នៅ សេដ្ឋកិច្ច និងសង្គមរបស់ខេត្ត Thanh Hoa; ប្រែក្លាយខេត្ត Thanh Hoa ទៅជាខេត្តឈានមុខគេមួយក្នុងប្រទេសក្នុងការផ្លាស់ប្តូរឌីជីថល។

ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល ភាគីទាំងពីរបានសហការបង្កើតផ្សារពាណិជ្ជកម្មអេឡិចត្រូនិក បង្កើតគណនីទូទាត់មិនប្រើសាច់ប្រាក់តាមរយៈប្រព័ន្ធអេកូឡូស៊ី MobiFone Money; សហការ រួមដំណើរ និងគាំទ្រអាជីវកម្មនៅក្នុងតំបន់នៃការផ្លាស់ប្តូរឌីជីថលយ៉ាងទូលំទូលាយជាមួយ MobiFone Smart Sales និងដំណោះស្រាយ MobiFone Smart Office របស់ MobiFone  ផងដែរ។

ទាក់ទងនឹងសង្គមឌីជីថល MobiFone គាំទ្រនិងផ្តល់ប្រឹក្សាលើដំណោះស្រាយផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បីផ្សព្វផ្សាយរូបភាពខេត្ត Thanh Hoa ដល់ប្រជាជនក្នុងប្រទេសនិងភ្ញៀវទេសចរអន្តរជាតិ; មានកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការប្រើប្រាស់បណ្តាញ និងដំណោះស្រាយចំពោះការសាងសង់ និងការអភិវឌ្ឍនៃសង្គមឌីជីថល (បណ្តាញរៀនជំនាញតាមអ៊ីនធឺណិត mowr MOOCS បណ្តាញផ្សព្វផ្សាយឌីជីថល បណ្តាញទូរទស្សន៍ឌីជីថល និងបណ្តាញស្ទាបស្ទង់មតិរបស់ប្រជាជន។ល។)។ ទន្ទឹមនឹងនោះ សហការ និងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម ដែលទើបបង្កើតថ្មី ដើម្បីប្រើប្រាស់ហត្ថលេខាឌីជីថលសាធារណៈសម្រាប់សកម្មភាពអាជីវកម្ម ដូចជាការបង់ពន្ធ ការចុះហត្ថលេខាលើកិច្ចសន្យាអេឡិចត្រូនិក ការបង់ប្រាក់ធានារ៉ាប់រងជាដើម។

ទីក្រុង Thanh Hoa បានកំណត់គោលដៅថា ដល់ឆ្នាំ ២០២៥ នឹងសម្រេចរួចរាល់ការប្រែក្លាយឌីជីថលជាមូលដ្ឋានក្នុងបក្ស រដ្ឋ រណសិរ្សមាតុភូមិ អង្គការនយោបាយសង្គមនៅគ្រប់កម្រិត និងអាជីវកម្ម។ ក្នុងពេលជាមួយគ្នានេះ ប្រជាជននឹងរីករាយនឹងសេវាកម្ម និងឧបករណ៍ប្រើប្រាស់ពីការផ្លាស់ប្តូរឌីជីថល បច្ចប្បន្នភាពសេវាបណ្តាញទូរស័ព្ទចល័ត 4G, 5G និងទូរសព្ទឆ្លាតវៃ។

ខេត្ត Thanh Hoa កំណត់ការផ្លាស់ប្តូរឌីជីថលជាដំណោះស្រាយជាមូលដ្ឋាន និងជាភារកិច្ចសំខាន់នៅទូទាំងសកម្មភាពរបស់ទីភ្នាក់ងារ អង្គការ អាជីវកម្ម និងប្រជាជន។ យោងតាមដំណើការ នៅឆ្នាំ២០៣០ ទីក្រុង Thanh Hoa នឹងក្លាយទៅជាទីក្រុងឆ្លាតវៃ ស៊ីវិល័យ និងទំនើប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ