ដំណោះស្រាយបំភ្លឺពន្លឺ LED ៤.0 និងសេចក្តីប្រាថ្នា Make in Vietnam របស់ពាណិជ្ជសញ្ញា Rang Dong

(VOVWORLD) - ដោយមានការប្តេជ្ញាចិត្តអនុវត្តន៍សេចក្តីប្រាថ្នា Make in Vietnam ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនភាគហ៊ុនអំពូល បំពង់ទឹកក្ដៅ Rang Dong បានចំណាយធនធានដ៏ធំសម្រាប់ការវិនិយោគផ្នែកវិទ្យាសាស្ត្រ ការស្រាវជ្រាវ និងអភិវឌ្ឍផលិតផលថ្មី។ ក្នុងនោះ ប្រព័ន្ធអេកូឡូស៊ីបំភ្លឺពន្លឺ LED ៤.0 បានកើតមក។ នេះគឺជាសមាសភាគដ៏សំខាន់ក្នុងដំណោះស្រាយបំភ្លឺពន្លឺ G-S-HCL របស់ក្រុមហ៊ុន ដែលទទួលបានការវាយតម្លៃកម្រិតឆ្នើម ជាប់ចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងផ្នែក "ដំណោះស្រាយសម្រាប់អគារ/អាផាតមិនឆ្លាតវៃ" និងទទួលបានពានរង្វាន់ ទីក្រុងឆ្លាតវៃវៀតណាមឆ្នាំ ២០២០ ផងដែរ។

 
ដំណោះស្រាយបំភ្លឺពន្លឺ LED ៤.0 និងសេចក្តីប្រាថ្នា Make in Vietnam របស់ពាណិជ្ជសញ្ញា Rang Dong - ảnh 1ខ្សែសង្វាក់ផលិតអំពូល LED SMT ដោយស្វ័យប្រវត្តកម្មដ៏ទំនើបរបស់ក្រុមហ៊ុន Rang Dong។ (រូបថត៖ Rang Dong)

ប្រព័ន្ធអេកូឡូស៊ី LED ៤.0 គឺជាបច្ចេកវិទ្យាដែលរួមបញ្ចូលគ្នានូវសមិទ្ធិផលនៃផ្នែកវិទ្យាសាស្ត្រចំនួន ៣ នោះគឺ បច្ចេកវិទ្យាសម្ភារៈ ជីវបច្ចេកវិទ្យា និងបច្ចេកវិទ្យាព័ត៌មាន។ អត្ថប្រយោជន៍ដ៏លេចធ្លោនៃដំណោះស្រាយគឺសមត្ថភាពស្វ័យប្រវត្តិកម្មខ្ពស់ ហើយជាពិសេសសមត្ថភាពក្នុងការសន្សំថាមពលអគ្គិសនី។ លោក Nguyen Hoang Kien អ្នកគ្រប់គ្រងរោងចក្រផលិត LED និងអេឡិចត្រូនិក - ក្រុមហ៊ុន Rang Dong បានពន្យល់ថា៖

"ជាមួយនឹងអំពូល ១០០ វ៉ាត់ វាផលិតបានប្រហែល ១២០០ Lumen ។ ប៉ុន្តែប្រសិនបើចំពោះអំពូល compact ដើម្បីផលិតបាន ១២០០ Lumen គឺត្រូវការអានុភាព ២០ វ៉ាត់តែប៉ុណ្ណោះ។ ចំពោះអំពូល LED ត្រូវការអានុភាពត្រឹមតែ ៨-៩ វ៉ាត់ប៉ុណ្ណោះ ពោលគឺសន្សំថាមពលបានច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅពេលដែលយើងដាក់សេនស័រ (sensor) ចូល វាអាចសន្សំសំចៃបានពី ៣០ ទៅ ៤០% ទៀត”។

ប្រព័ន្ធអេកូឡូស៊ីបំភ្លឺពន្លឺ LED ៤.0 រួមមានក្រុមផលិតផលសំខាន់ៗចំនួន ៥ របស់ Rang Dong ដែលជាឧបករណ៍អេឡិចត្រូនិក (ឧបករណ៍បញ្ជាកណ្តាល APP បញ្ជា កុងតាក់ប៉ះ ឧបករណ៍បញ្ជាពីចម្ងាយ ប្រព័ន្ធភ្លើង និងសេនស័រ); ប្រព័ន្ធនិងដំណោះស្រាយបំភ្លឺពន្លឺបៃតង - ឆ្លាតវៃ - ដើម្បីសុខភាពមនុស្ស; ប្រព័ន្ធនិងដំណោះស្រាយបំភ្លឺពន្លឺសម្រាប់កសិកម្មបច្ចេកវិទ្យាខ្ពស់; ផលិតផល LED ប្រកបដោយគុណភាពខ្ពស់ដែលផលិតពន្លឺស្រដៀងនឹងពន្លឺធម្មជាតិសម្រាប់ការនាំចេញទៅកាន់ប្រទេសអភិវឌ្ឍន៍; អំពូល LED ធម្មតាជំនួសឲ្យផលិតផលបំភ្លឺពន្លឺប្រពៃណី។ ក្រុមផលិតផលទាំង ៥ នេះត្រូវបានដាក់បញ្ចូលទៅក្នុងផ្លាតហ្វម អ៊ីនធឺរណិតនៃវត្ថុរបស់ Rang Dong (RAL IoT Platform) ហើយបានអនុវត្តន៍ក្នុងសំណង់បំភ្លឺពន្លឺតាមបំណងនីមួយៗ។

ដំណោះស្រាយបំភ្លឺពន្លឺ LED ៤.0 និងសេចក្តីប្រាថ្នា Make in Vietnam របស់ពាណិជ្ជសញ្ញា Rang Dong - ảnh 2លោក Nguyen Doan Ket អនុប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយករងនៃក្រុមហ៊ុន Rang Dong។ (រូបថត៖ tuoitrethudo.com.vn)

លោក Nguyen Doan Ket អនុប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយករងនៃក្រុមហ៊ុន Rang Dong បានអះអាងថា ប្រព័ន្ធអេកូឡូស៊ីបំភ្លឺពន្លឺ LED ៤.0 គឺជាការផ្លាស់ប្តូររបស់ Rang Dong ទៅកាន់ជាន់ទី ៤ នៃបច្ចេកវិទ្យាបំភ្លឺពន្លឺ។ ដំណោះស្រាយបំភ្លឺពន្លឺឆ្លាតវៃ G-S-HCL (Green - Smart Human Centric Lighting) ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទេសភាពនៃឧស្សាហកម្មបំភ្លឺពន្លឺនាពេលខាងមុខនេះ។ ដំណោះស្រាយនេះត្រូវបានរចនាឡើងដើម្បីអនុវត្តន៍ក្នុងគម្រោងបំភ្លឺពន្លឺទាំងក្នុង និងក្រៅផ្ទះ ព្រមទាំងអាចអនុវត្តន៍ក្នុងវិស័យចម្រុះដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការថែទាំសុខភាព ការដឹកជញ្ជូន ជាដើម។ លោក Nguyen Doan Ket បានឲ្យដឹងថា៖

“នេះគឺជាផលិតផលដែលរួមបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា បច្ចេកវិទ្យាសេនស័រ microprocessor និងបច្ចេកវិទ្យា IoT។ ទាំងនេះគឺជាផលិតផលយុទ្ធសាស្ត្រ ផលិតផលស្នូលរបស់ក្រុមហ៊ុន។ យើងខ្ញុំបាននិងកំពុងអនុវត្តន៍ទៅក្នុងការបំភ្លឺពន្លឺឆ្លាតវៃក្នុងគេហដ្ឋាន និងអាផាតមិនឆ្លាតវៃ។ វាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការបំភ្លឺពន្លឺឆ្លាតវៃតាមផ្លូវ និងទីក្រុងឆ្លាតវៃផងដែរ។ នៅក្នុងទីក្រុងមួយ បណ្តាញចែងចាំងពន្លឺគឺធំជាងគេ។ នៅលើបណ្តាញនោះ យើងអាចរួមបញ្ចូលឧបករណ៍សេនស័រសម្រាប់អាកាសធាតុ សន្តិសុខ ចរាចរណ៍... ទាំងនេះគឺជាសមាសភាគមូលដ្ឋាននៃទីក្រុងឆ្លាតវៃ”។

បន្ទាប់ពីជោគជ័យនៃដំណោះស្រាយបំភ្លឺពន្លឺ LED ៤.0 និងការអនុវត្តទិសដៅអភិវឌ្ឍផលិតផលបច្ចេកវិទ្យាខ្ពស់ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា Make in Vietnam កាលពីថ្ងៃទី ២៨ និងទី ២៨ ខែមេសាកន្លងទៅ ក្រុមហ៊ុន Rang Dong បានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីណែនាំពីប្រព័ន្ធអេកូឡូស៊ីផលិតផល ៤.0។ ក្នុងនោះ បានបង្ហាញដំណោះស្រាយនានាដូចជា៖ ដំណោះស្រាយផ្ទះឆ្លាតវៃ Smart Home ជំនាន់ទី២; ដំណោះស្រាយទីក្រុងឆ្លាតវៃ Smart City សម្រាប់បំភ្លឺពន្លឺតាមផ្លូវនិងទេសភាព; ដំណោះស្រាយ Smart Farm សម្រាប់បំភ្លឺពន្លឺកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មត្រឹមត្រូវ និងថាមពលកកើតឡើងវិញ។ ប្រព័ន្ធអេកូឡូស៊ីផលិតផល ៤.0 Rang Dong ទើបតែត្រូវបានឧទ្ទេសនាមជាផលិតផល "Make in Vietnam" ដែលត្រូវបានច្នៃប្រិឌិត រចនា និងផលិតដោយខ្សែសង្វាក់របស់ Rang Dong។

វាយតំលៃពីភាពជោគជ័យរបស់ក្រុមហ៊ុន Rang Dong ជាមួយនឹងផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាដ៏ជឿនលឿនជាច្រើន តាមទិសដៅ Make in Vietnam លោកបណ្ឌិត Nguyen Van Minh ប្រធានវិទ្យាស្ថានសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យាល័យពាណិជ្ជកម្មបរទេសបានឲ្យដឹងថា៖

“ជោគជ័យបំផុតរបស់ក្រុមហ៊ុនគឺ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Rang Dong មានភាពមុតស្រួច មានចក្ខុវិស័យឆ្ងាយៗ និងត្រៀមរៀបចំទាន់ពេលវេលា។ គេបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរតាំងពីនៅកំពូល។ ពោលគឺពង្រឹងគំរូអាជីវកម្មបែបប្រពៃណីផង ព្រមទាំងផ្លាស់ប្ដូរថ្មីគំរូនេះជាមួយនឹងឧបករណ៍ឌីជីថល ហើយអនុវត្តគំរូថ្មីៗផងដែរ”។

ក្រុមហ៊ុន Rang Dong បានដាក់ចេញគោលដៅសម្រេចបានប្រាក់ចំណូលចំនួន ១៧ លានលាន ដុងនៅឆ្នាំ ២០២៥ ហើយក្លាយជា "សហគ្រាសដែលមានតម្លៃរាប់ពាន់លានដុល្លាអាមេរិក" នៅឆ្នាំ ២០៣០។ លោក Nguyen Quan ប្រធានសមាគមន៍ស្វ័យប្រវត្តិកម្មវៀតណាមបានចាត់ទុកថា នេះជាគោលដៅដ៏លំបាក ប៉ុន្តែអាចសម្រេចបាន ដោយសារតែស្មារតីវិទ្យាសាស្ត្រ នវានុវត្តនភាព ហើយជាពិសេសការប្តេជ្ញាចិត្តអនុវត្តន៍សេចក្តីប្រាថ្នា Make in Vietnam របស់ Rang Dong ពិតជាខ្លាំងក្លាណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ