ខ្សែភាពយន្ត "ចៅ​យាយ" នាំទស្សនិកជន​រដ្ឋ​ធានី​ឱ្យខិត​មក​ជិតវប្បធម៌ថៃ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍ "Amazing Thailand: Your Stories Never End - កាន់តែយល់ច្បាស់ កាន់តែស្រលាញ់" ដែលបានប្រព្រឹត្តទៅនៅចុងខែកញ្ញានៅទីក្រុងហាណូយ ស្ថានទូតថៃប្រចាំនៅវៀតណាមបានសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍ថៃ រៀបចំការចាក់បញ្ចាំងខ្សែភាពយន្ត "ចៅយាយ" ដោយឥតគិតថ្លៃ។ 

ខ្សែភាពយន្តរបស់អ្នកដឹកនាំរឿងថៃ Pat Boonnitipat និយាយអំពីចិត្តសាស្ត្រ គ្រួសារ និងសង្គម បានជួយទស្សនិកជនវៀតណាមបានយល់កាន់តែច្បាស់អំពីវប្បធម៌និងជីវភាពរស់នៅក្នុងសង្គមថៃនាបច្ចុប្បន្ន។ នេះក៏ជាខ្សែភាពយន្តថៃដែលទទួលប្រាក់ចំណូលពីការបើកឆាកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Box Office នៅវៀតណាម។     

“នេះគឺជាខ្សែភាពយន្តដ៏រំជួលចិត្តនិងមានអត្ថន័យ ដែលឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវពីតថភាពជាក់ស្តែងដែលយើងអាចមើលឃើញជារៀងរាល់ថ្ងៃ។ ភាពយន្តនេះនាំមកនូវតម្លៃជាច្រើន រួមទាំងតម្លៃខាងស្មារតីផងដែរ។ នេះជាជម្រើសដ៏ល្អរបស់ស្ថានទូតថៃក្នុងការចាក់បញ្ចាំងភាពយន្តនេះ។ មនោសញ្ចេតនាគ្រួសារនឹងបង្កើតភាពអាណិតអាសូរ មិនត្រឹមតែសម្រាប់ប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងប្រជាជនវៀតណាមក៏មានអារម្មណ៍ដូច្នេះទៀតផង”។

ខ្សែភាពយន្ត ផ្ទាំងរូបភាពឧទេស្សនាមភាពយន្ត។

ខាងលើនេះ គឺជាចំណាប់អារម្មណ៍របស់ទស្សនិកជនវៀតណាម បន្ទាប់ពីបានមើលខ្សែភាពយន្ត "ចៅយាយ" (ឈ្មោះជាភាសាអង់គ្លេស៖ How To Make Millions Before Grandma Dies)។ ខ្សែភាពយន្តនេះមានរយៈពេល ១២៥ នាទី អំពីសាច់រឿងរបស់យុវជនម្នាក់ ឈ្មោះ M ដែលការសិក្សាមិនពូកែ តែងុបងុលនឹងការផ្សាយផ្ទាល់ការលេងហ្គេមជាមួយនឹងក្តីស្រមៃចង់ក្លាយជា Streamer ដ៏ល្បីម្នាក់ ប៉ុន្តែការពិតគឺមិនមាននរណាម្នាក់យកចិត្តទុកដាក់ឡើយ។ ថ្ងៃមួយបុរសរូបនេះ បានទទួលដំណឹងថា ជីដូនរបស់ខ្លួនមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ ដូច្នេះ M បានសម្រេចចិត្តមើលថែជីដូនរបស់ខ្លួន ក្នុងបំណងចង់បានកេរ្តិ៍មរតករបស់ជីដូន។ ក្នុងអំឡុងពេលមើលថែជីដូន M និងជីដូនមានភាពខុសប្លែកគ្នានៅក្នុងរបៀបរស់នៅ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នា ដែលនាំឱ្យមានស្ថានភាពគួរឱ្យអស់សំណើចជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ចំណាយពេលជាមួយជីដូន កាន់តែច្រើន M កាន់តែដឹងថា មានប្រការមួយចំនួនដែលសំខាន់និងមានតម្លៃជាងលុយនិងសម្ភារៈ។

ចែករំលែកអំពីហេតុផលដែលបានជ្រើសរើសរឿង "ចៅយាយ" មកចាក់បញ្ចាំងក្នុងក្របខណ្ឌនៃព្រឹត្តិការណ៍ "Amazing Thailand: Your Stories Never End - កាន់តែយល់ច្បាស់ កាន់តែស្រលាញ់" លោកស្រី Urawadee Sriphihiromya ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ខ្សែភាពយន្តនេះមានអត្ថន័យល្អ ដោយសង្កត់ធ្ងន់លើតម្លៃរបស់គ្រួសារ និងតម្លៃរបស់ជីដូនក្នុងគ្រួសារ។ តើអ្វីដែលនាំមកនូវអត្ថន័យជាង? ការរកលុយ ឬ សេចក្ដីស្រឡាញ់ក្នុងគ្រួសារ ឬការមើលថែជីដូន? នេះក៏ជាតម្លៃវប្បធម៌គ្រួសារ ដែលជាចំណុចរួមមួយរវាងវៀតណាម និងថៃ។ រឿងនេះ ធ្លាប់ត្រូវបានចាក់បញ្ចាំងនៅទីក្រុងហាណូយម្តងហើយ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនទាន់បានទស្សនាទេ ដូច្នេះហើយទើបយើងសម្រេចចាក់បញ្ជាំងភាពយន្តនេះម្តងទៀត។ ខ្សែភាពយន្តនេះ ត្រូវបានផលិតដោយអ្នកដឹកនាំរឿងនិងតួសម្ដែងជនជាតិថៃ ដែលថតនៅប្រទេសថៃ មានលក្ខណៈស្រដៀងនឹងប្រទេសវៀតណាម ដូច្នេះទស្សនិកជនងាយយល់និងងាយទទួលអារម្មណ៍”។

ខ្សែភាពយន្ត ការចាក់បញ្ចាំងខ្សែភាពយន្ត "ចៅយាយ"។

ខ្សែភាពយន្ត "ចៅយាយ" ត្រូវបានចាក់បញ្ចាំងនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៤។ ជាមួយនឹងសាច់រឿងដ៏ស្និតស្នាល ស្តីអំពីមនោសញ្ចេតនាក្នុងគ្រួសារ "ចៅយាយ" គឺជាខ្សែភាពយន្តដែលសមស្របសម្រាប់ទស្សនិកជនគ្រួសារ ចាប់តាំងពីជំនាន់ឪពុកម្តាយរហូតដល់ទស្សនិកជនវ័យក្មេងសុទ្ធតែងាយទទួលសារដែលខ្សែភាពយន្តនាំមកជូន។ លោកស្រី Eurblarp Sriphiromya នាយិការគណៈកម្មការផែនការនិងផ្សព្វផ្សាយ - អគ្គនាយកដ្ឋាន ទេសចរណ៍ថៃ បានឲ្យដឹងថា៖ “ខ្សែភាពយន្តនេះត្រូវបានចាក់បញ្ចាំងនៅបណ្តាប្រទេសអាស៊ីហើយ។ រឿង «ចៅយាយ» បានប៉ះដល់បញ្ហាធំមួយក្នុងគ្រួសារថៃនិងវៀតណាម ព្រោះយើងមានវប្បធម៌ស្រដៀងគ្នា។ សង្ឃឹមថាប្រជាជនវៀតណាមនឹងស្រឡាញ់ខ្សែភាពយន្តនេះ ដូចប្រជាជនថៃចូលចិត្តភាពយន្តនេះដែរ។ ការប្រាស្រ័យគ្នាតាមរយៈភាពយន្តជួយឱ្យប្រជាជនមានទំនាក់ទំនងកាន់តែល្អនិងយល់ដឹងពីគ្នាទៅវិញទៅមក ជាពិសេសយុវវ័យ។ នេះជាទម្រង់មួយនៃអំណាចទន់សម្រាប់យើងយល់គ្នាកាន់តែច្បាស់”។

យោងតាមការស្ថិតិរបស់អង្គភាពផ្សព្វផ្សាយនៅវៀតណាម "ចៅយាយ" បានបើកឆាកជាមួយនឹងកំណត់ត្រាចំនួន ១៦ ពាន់លានដុង (៦៥០.០០០ ដុល្លារអាមេរិក)។ ចំនួននេះ រាប់បញ្ចូលទាំងប្រាក់ចំណូលពីការចាក់បញ្ចាំងមុន និងរយៈពេល ៣ ថ្ងៃដំបូងនៃការចាក់បញ្ចាំង។ សមិទ្ធិផលខាងលើជួយឱ្យ "ចៅយាយ" ក្លាយជាខ្សែភាពយន្តថៃដែលទទួលប្រាក់ចំណូលពីការបើកឆាកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Box Office វៀតណាម លើសពីសមិទ្ធិផលបើកឆាកនៃស្នាដៃល្បីៗពីមុនមក៕

មុនពេលបង្កើតកំណត់កំណត់ត្រានៅ Box Office វៀតណាម  “ចៅយាយ” ក៏បានអង្រួន Box Office នៅប្រទេសថៃផងដែរ។ ខ្សែភាពយន្តនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសប្រាសាទមាសក្នុងខែមេសា ឆ្នាំ ២០២៤ និងរកចំណូលបាន ២៥០លាន Bath (ជាង ១៧២ ពាន់លានដុង) នៅ Box Office ក្នុងប្រទេសថៃ បន្ទាប់ពីការចេញផ្សាយរយៈពេល ២ សប្តាហ៍ ដោយក្លាយជាភាពយន្តថៃដែលមានប្រាក់ចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ មិនយូរប៉ុន្មានក្រោយមក ខ្សែភាពយន្តនេះបានបំបែកឯតទគ្គកម្មជាខ្សែភាពយន្តថៃដែលរកចំណូលបានខ្ពស់បំផុតទី ១១ នៅក្នុងប្រវត្តិសាស្ត្រ Box Office របស់ប្រទេសថៃ។ គិតត្រឹមថ្ងៃទី ៥ មិថុនា ចៅយាយបានទទួលប្រាក់ចំណូល ៣២០ លាន Bath (ជាង ២២០ ពាន់លានដុង) នៅប្រទេសថៃ៕ 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ