Chitlatda Champaphanh និងដំណើរនាំម្ហូបវៀតណាមខិតមកជិតមិត្តភក្តិឡាវតាមរយៈ TikTok

(VOVWORLD) - TikTok មិនត្រឹមតែជាកម្មវិធីកម្សាន្តអនឡាញប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់មនុស្សជាច្រើន ក្លាយជាអ្នកច្នៃប្រឌិតខ្លឹមសារប្រកបដោយគុណភាពទៀតផង។ Chitlatda Champaphanh កញ្ញាជនជាតិឡាវម្នាក់គឺជា TikToKer មួយរូប ដែលមានបំណងចង់នាំម្ហូបអាហារឆ្ងាញ់ពិសារ គោលដៅទេសចរណ៍ និងទីកន្លែងវប្បធម៌របស់ជនជាតិវៀតណាម ខិតមកជិតមិត្តភក្តិដែលកំពុងរស់នៅក្នុងប្រទេស ក៏ដូចជាមិត្តឡាវដែលកំពុងរស់នៅនិងសិក្សានៅប្រទេសដទៃទៀតផង។
Chitlatda Champaphanh និងដំណើរនាំម្ហូបវៀតណាមខិតមកជិតមិត្តភក្តិឡាវតាមរយៈ TikTok - ảnh 1កញ្ញា Chitlatda Champaphanh ឧទ្ទេសនាមអំពីម្ហូបវៀតណាមនៅលើឆានែល Tik Tok ផ្ទាល់ខ្លួន។

Chitlatda Champaphanh អាយុ ២៨ ឆ្នាំ ឈ្មោះជិតស្និទ្ធគឺ Noi បានកើត និងធំធឹងក្ដីនៅរដ្ឋធានី
វៀងច័ន្ទ ប្រទេសឡាវ។ ឪពុកម្តាយរបស់ Noi ធ្លាប់បានសិក្សា និងធ្វើការនៅវៀតណាមជាច្រើនឆ្នាំ ដូច្នេះ Noi មានឱកាសមកទស្សនាវៀតណាមជាច្រើនដង ចាប់តាំងពីនាងមានអាយុ ១២-១៣ ឆ្នាំ។ Noi មានឱកាសមកទស្សនាខេត្តក្រុងជាច្រើននៅវៀតណាម ជាពិសេសបណ្ដាខេត្តភាគកណ្តាលដូចជា Thanh Hoa, Vinh, Da Nang, Quang Nam... ក្រៅពីទេសភាពធម្មជាតិដ៏ស្រស់បំព្រង ម្ហូបអាហារវៀតណាមក៏តែងតែទាក់ទាញ Noi ផងដែរ ជាពិសេសមុខម្ហូបពិសេសប្រចាំតំបន់នីមួយៗ។ Noi បានចែករំលែកថា៖

“នៅឆ្នាំ ២០១១ ខ្ញុំបានទៅសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ច Da Nang។ ក្នុងអំឡុងពេល៥ឆ្នាំសិក្សានៅវៀតណាម ខ្ញុំត្រូវបានណែនាំឲ្យស្គាល់ពីហាងលក់ម្ហូបផ្សេងៗគ្នាជាច្រើន មានហាងខ្លះ មានតែអ្នកស្រុកទើបស្គាល់ប៉ុណ្ណោះ។ ខ្ញុំតែងតែបង្ហោះរូបថត និងវីដេអូខ្លីៗ ដើម្បីឧទ្ទេសនាមអំពីមុខម្ហូបដែលខ្ញុំបានទទួលទាននៅលើទំព័រហ្វេសប៊ុក ហើយក៏ទទួលបានមតិប្រតិកម្មវិជ្ជមានជាច្រើន ដែលចង់ឱ្យខ្ញុំចែករំលែកបន្ថែមអំពីម្ហូបវៀតណាមផងដែរ”។

សម្រាប់ Noi ហាក់ដូចជាម្ហូបវៀតណាមបានក្លាយទៅជាចំណង់ចំណូលចិត្តមិនចេះចប់ទៅហើយ ដូច្នេះក្រោយពីត្រឡប់មកប្រទេសវិញ Noi តែងតែស្វែងរកហាងម្ហូបរបស់ជនជាតិវៀតណាមនៅឡាវ ប៉ុន្តែឃើញថា រសជាតិមិនដូចដើមនោះទេ។ ដូច្នេះហើយ កាលពីចុងឆ្នាំ២០២២ ពេលមានឱកាសមកសិក្សារយៈពេលវែងនៅវៀតណាមម្ដងទៀត Noi បានសម្រេចចិត្តបង្កើតឆាណែល TikTok មួយដើម្បីឧទ្ទេសនាមអំពីម្ហូបអាហារនិងវប្បធម៌វៀតណាម។

“ខ្ញុំថតវីដេអូចាប់ពីពេលចេញដំណើរ រហូតដល់ពេលមកហាង។ ពេលខ្ញុំមកដល់ហាងណាមួយ ខ្ញុំនឹងថតផ្លាកសញ្ញារបស់ហាងដើម្បីឱ្យអ្នកមើលដឹងថាហាងឈ្មោះអ្វី នៅទីណា។ បន្ទាប់នោះ ខ្ញុំថតបញ្ជីមុខម្ហូប ដំណើរការកែច្នៃម្ហូប ការទទួលទាន រួមជាមួយការវាយតម្លៃរបស់ខ្ញុំអំពីមុខម្ហូបនោះ។ មុខម្ហូបតែមួយ ប៉ុន្តែខ្ញុំអាចថតនៅហាង២-៣កន្លែងផ្សេងគ្នា។ ជាឧទាហរណ៍ ម្ហូបនំបញ្ចុកសាច់ជ្រូកអាំង លើកដំបូងគឺខ្ញុំហូបនៅហាងក្បែរបឹង Hoan Kiem ខ្ញុំក៏ពេញចិត្តដែរ។ ប៉ុន្តែតាមរយៈការណែនាំ ខ្ញុំបានមកហាងនំបញ្ចុកសាច់ជ្រូកអាំងនៅវិថី Thanh Cong ហើយឃើញថា របៀបធ្វើម្ហូបនៅទីនេះគឺទាក់ទាញជាងទៀត។ តាមរយៈវីដេអូដែលខ្ញុំបានបង្ហោះ អ្នកដែលកំពុងតាមដានឆានែលរបស់ខ្ញុំ ក៏មកទទួលទានហើយផ្ដល់មតិប្រតិកម្មជាវិជ្ជមានក្នុង TikTok ផងដែរ”។

Chitlatda Champaphanh និងដំណើរនាំម្ហូបវៀតណាមខិតមកជិតមិត្តភក្តិឡាវតាមរយៈ TikTok - ảnh 2មុខម្ហូបនំបញ្ចុកសាច់គោ Hue។

ទោះបីជាចំនួនវីដេអូដែលបង្ហោះនៅលើ TikTok មិនសូវច្រើន ត្រឹមតែជិត ៤០ វីដេអូប៉ុណ្ណោះចាប់ពីចុងឆ្នាំ ២០២២ ប៉ុន្តែវីដេអូនីមួយៗដែល Noi បង្ហោះតែងតែទាក់ទាញអ្នកចូលមើលនិងអ្នកតាមដានរាប់រយនាក់ ដែលសុទ្ធតែជាយុវវ័យឡាវនិងយុវជនវៀតណាមដែលចេះភាសាឡាវ។

“វីដេអូដែល Noi និយាយភាសាវៀតណាម បង្ហោះនៅលើ TikTok គួរឱ្យចាប់អារម្មណ៍ណាស់។ រូបខ្ញុំផ្ទាល់ក៏រស់នៅ និងសិក្សានៅទីក្រុងហាណូយដែរ ប៉ុន្តែមានហាងជាច្រើនដែលខ្ញុំមិនទាន់ស្គាល់។ ពេលតាមដានឆានែល TikTok របស់ Noi ខ្ញុំបានស្គាល់មុខម្ហូបឆ្ងាញ់ពិរសារជាច្រើនដែលមានលក់នៅតាមខ័ណ្ឌក្នុងទីក្រុង។ នៅពេលខាងមុខ ខ្ញុំមានបំណងចង់បានឧទ្ទេសនាមបន្ថែមទៀតអំពីម្ហូបអាហាររបស់ឡាវ”។

 “ខ្ញុំបានមកសិក្សានៅប្រទេសវៀតណាមជិត ២ ឆ្នាំហើយ មុននេះខ្ញុំធ្លាប់ទៅស្វែងរកហាងម្ហូបនៅជិតអន្តេវាសិកដ្ឋាន។ តាមរយៈវីដេអូដែលបានបង្ហោះនៅលើ TikTok របស់ Noi ខ្ញុំបានស្គាល់កាន់តែច្រើនអំពីគោលដៅទេសចរណ៍ និងហាងម្ហូបក្នុងទីក្រុងហាណូយ។ នៅចុងសប្តាហ៍ ខ្ញុំរួមជាមួយមិត្តភក្តិឡាវ ហើយពេលខ្លះមានមិត្តភក្តិវៀតណាមទៀត ច្រើនតែទៅកាន់កន្លែងដែល Noi បានឧទ្ទេសនាម”។

រហូតមកដល់ពេលនេះ Noi នៅតែមានវីដេអូរាប់រយដែលឧទ្ទេសនាមអំពីហាងលក់ម្ហូបនានានៅទីក្រុងហាណូយ ដូចជា ហាងមីសួរសាច់ទាកាប៉ា ហាងកុម្មង់នំ ហាងកាហ្វេ ជាដើម ដែលកំពុងបានកែសម្រួលដើម្បីបង្ហោះនាពេលខាងមុខនេះ។ លើសពីនេះ Noi ក៏នឹងបង្កើតឆានែល Youtube មួយទៀត ដើម្បីអាចឧទ្ទេសនាមអំពីវប្បធម៌ម្ហូបអាហាររបស់ជនជាតិវៀតណាមនិងឡាវទៀតផង។  Noi មានបំណងថា រាល់ផលិតផលរបស់នាង នឹងរួមចំណែកជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ហើយផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរវាងប្រជាជាតិទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ