Luangprabang ខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍ឡើងវិញ

(VOVWORLD) - ក្រោយពីសញ្ញាវិជ្ជមានអំពីជំងឺរាតត្បាតកូវីដ ១៩ នាពេលកន្លងមក ប្រទេសឡាវបានធ្វើការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ដើម្បីជំរុញតម្រូវការទេសចរណ៍អន្តរជាតិ ជួយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសឡាវកាន់តែច្រើនថែមទៀត។ ដើម្បីសម្រេចបាននូវប្រសិទ្ធិភាពល្អបំផុត ទន្ទឹមនឹងការផ្លាស់ប្តូរគោលនយោបាយសម្រាប់ភ្ញៀវទេសចរ ឡាវបានជំរុញខ្លាំងការអភិវឌ្ឍន៍ទេសចរណ៍នៅតាមខេត្តដែលមានសក្តានុពលស្រាប់ដូចជា វៀងចន្ទន៍ Khammuon Xiengkhoang ក្នុងនោះលេចធ្លោជាងគេគឺខេត្ត Luangprabang។

Luangprabang ខិតខំប្រឹងប្រែងស្ដារវិស័យទេសចរណ៍ឡើងវិញ - ảnh 1វត្ត Xiengthong ដ៏បុរមបុរាណនៅទីក្រុង Luangprabang។ (រូបថត៖ VOV)
 Luangprabang ជាខេត្តមួយស្ថិតនៅភាគខាងជើងប្រទេសឡាវ ជាមួយនឹងប្រៀបខ្លាំងជាកន្លែងប្រមូលផ្ដុំសំណង់ស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើន ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ពុទ្ធសាសនា ហើយត្រូវបាន ធម្មជាតិប្រទានពរជាមួយនឹងគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញជាច្រើន។ ជារៀងរាល់ឆ្នាំ ខេត្ត Luangprabang ទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាង២លាន៥

សែននាក់។

ក្រោយពីត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកនៅឆ្នាំ ១៩៩៥ នាពេលថ្មីៗនេះ ទីក្រុង Luangprabang មានកិត្តិយសជាលើកទី២ជាប់ៗគ្នាទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតតាមស្តង់ដារអាស៊ាន។ អាចនិយាយបានថា នេះជាកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អាជ្ញាធរ និងប្រជាជនខេត្ត Luangprabang សំដៅស្តារឧស្សាហកម្មសេដ្ឋកិច្ចបៃតងឡើងវិញ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ ១៩។

ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ផែនការអភិវឌ្ឍន៍ ទេសចរណ៍របស់ ឡាវក្នុងដំណាក់កាល ២០២១-២០២៥ មានការផ្លាស់ប្តូរ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឡាវបានផ្តោតលើការជំរុញទេសចរណ៍ក្នុងស្រុកជាមុនសិន ហើយគួបផ្សំនឹងការបើកប្រទេសទទួល ភ្ញៀវអន្តរជាតិឡើងវិញដោយឈរលើមូលដ្ឋាននៃវឌ្ឍនភាពក្នុងការគ្របដណ្តប់ វ៉ាក់សាំងការពារជំងឺកូវីដ ១៩។ ក្នុងនោះ សំខាន់បំផុតគឺការប្រើប្រាស់ដើមទុនពីរដ្ឋ ឯកជន និងអង្គការបរទេសប្រកបដោយតុល្យភាព សំដៅលើកកម្ពស់គុណភាពទេសចរណ៍ក្នុងខេត្ត។ លោកស្រី Soudaphone Khomthavong នាយិកាមន្ទីរព័ត៌មាន វប្បធម៌និងទេសចរណ៍ខេត្ត Luangprabang បានឲ្យដឹងថា៖

“ផែនការស្តារទេសចរណ៍ខេត្ត Luangprabang ដែលត្រូវបានដាក់ជូនអាជ្ញាធរខេត្ត រួមមានផែនការចំនួន ១១ និងគម្រោងចំនួន ១៨០ ដែលក្នុងនោះមានគម្រោងខ្លះប្រើប្រាស់ទុនរដ្ឋ គម្រោងខ្លះប្រើប្រាស់ទុនឯកជន គម្រោងខ្លះទៀតប្រើប្រាស់ដើមទុនចម្រុះរវាងរដ្ឋ និងអង្គការអន្តរជាតិ ជាពិសេសគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលប្រើប្រាស់ដើមទុនពី ADB ហើយក៏មានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលត្រូវបានអនុវត្តន៍ដោយអង្គការសហប្រតិបត្តិការអន្តរជាតិរវាងឡាវនិងជប៉ុន ជាដើម។ ជាទូទៅ គម្រោងទេសចរណ៍ជាច្រើននឹងត្រូវបានអនុវត្តន៍ក្នុងឆ្នាំ២០២២ ក្រៅពីនោះ យើងបានដាក់ចេញផែនការជាក់លាក់ ហើយត្រូវបានអាជ្ញាធរអនុម័តរួចរាល់ហើយ”។

ដើម្បីសម្របខ្លួនប្រកបដោយភាពបត់បែន សុវត្ថិភាព និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ខេត្ត Luangprabang បានដឹកនាំសមត្ថកិច្ច មូលស្ថានស្នាក់នៅឲ្យបើកទ្វារទទួលស្វាគមន៍ភ្ញៀវ ប៉ុន្តែត្រូវគោរពតាមបទបញ្ញត្តិយ៉ាងម៉ឺងម៉ាត់ ត្រៀមរៀបចំមូលដ្ឋានសម្ភារៈដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យឲ្យបានល្អ ធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ លោកស្រី Chang Chaluenphol នាយិកាសណ្ឋាគារ Kiridara Luangprabang បានចែករំលែកថា៖

"យើងខ្ញុំណែនាំឲ្យភ្ញៀវទេសចរចុះឈ្មោះប្រើប្រាស់សេវាកម្ម Laosafe ដែលជាកម្មវិធីប្រកាសតាមអនឡាញ និងរៀបចំវគ្គបណ្តុះបណ្តាលជាទៀងទាត់សម្រាប់ជួរបុគ្គលិកអំពីវិធានការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ ក្រៅពីនោះ តាមរយៈជួរបុគ្គលិក យើងខ្ញុំក៏ត្រួតពិនិត្យកាតវ៉ាក់សាំង កាលវិភាគដំណើររបស់ភ្ញៀវទេសចរមកពីតំបន់ផ្សេងទៀតជាមួយនឹងគោលដៅខ្ពស់បំផុតនោះគឺធានាសុវត្ថិភាពសម្រាប់ភ្ញៀវក៏ដូចជាសហគមន៍ផងដែរ”។

ដើម្បីស្តារផ្នែកទេសចរណ៍ឡើងវិញឲ្យបានឆាប់ មន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្ត Luangprabang ក៏បានដាក់ចេញដំណោះស្រាយមួយចំនួន ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលដំបូងឡើយគឺផ្តោតសំខាន់លើការធ្វើអាជីវកម្មទីផ្សារក្នុងស្រុក ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសតំបន់អាស៊ាន។ សញ្ញាល្អនាពេលថ្មីៗនេះ ភ្ញៀវទេសចរអន្តរជាតិបានត្រឡប់មកអតីតរដ្ឋធានី Luangprabang វិញជាបណ្តើរៗ។ កញ្ញា Nguyen Ai Linh ភ្ញៀវទេសចរម្នាក់មកពីវៀតណាមបានចែករំលែកថា៖

“ខ្ញុំធ្លាប់បានទៅកាន់ Luangprabang ហើយ។ នាពេលកន្លងមក ដោយសារជំងឺរាតត្បាត ខ្ញុំមិនមានពេលត្រឡប់មកវិញទេ។ ថ្មីៗនេះ នៅពេលដែលជំងឺរាតត្បាតនៅប្រទេសឡាវត្រូវបានគ្រប់គ្រងជាស្ថាពរ ហើយបន្ទាប់ពីបានស្វែងយល់ពីទេសចរណ៍ខេត្តដែលមានគោលនយោបាយទេសចរណ៍ជាច្រើនដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ក៏ដូចជាកម្មវិធីគួរឲ្យទាក់ទាញជាច្រើនដែលមានតម្លៃសមរម្យ។ ដូច្នេះ ខ្ញុំបានសម្រេច ទៅលេង Luangprabang ជាមួយមិត្តភក្តិនៅពេលខាងមុខ”។

ការស្តារទេសចរណ៍ឡើងវិញមិនមែនជាការងារងាយស្រួលនោះទេ ប៉ុន្តែដោយមានគោលនយោបាយត្រឹមត្រូវ និងសមស្របរបស់បក្ស និងរដ្ឋឡាវ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនទេសចរណ៍ បុគ្គលិកទេសចរណ៍ និងប្រជាជនខេត្ត Luangprabang ពិតប្រាកដថា នាពេលខាងមុខ ផ្នែកទេសចរណ៍នៃខេត្ត Luangprabang នឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការស្តារប្រទេសឡើងវិញក្រោយពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ