Sa Pa - គោលដៅទេសចរណ៍ដ៏ស្និទ្ធស្នាលសម្រាប់ជនឥស្លាម
Phuong Thao -  
(VOVWORLD) - ស្ថិតនៅភាគពាយព្យនៃប្រទេសវៀតណាម មានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រពីទីក្រុងហាណូយ Sa Pa - "ទីរួមស្រុកក្នុងអ័ព្ទ" នៃខេត្ត Lao Cai ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាមួយនឹងគោលដៅទេសចរណ៍ល្បីល្បាញជាច្រើនដូចជាកំពូលភ្នំ Fansipan - ដំបូលឥណ្ឌូចិន ព្រះវិហារថ្ម ល្បាក់ទឹកស្នេហ៍... ថ្មីៗនេះ Sa Pa បានចាប់ផ្តើមផ្លាស់ប្តូរថ្មីសេវាកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងនោះមានជនឥស្លាមផងដែរ។
ពិធីទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរជនជាតិឥស្លាមមកសណ្ឋាគារ Sapa Charm។ |
យោងតាមលោក Tran Van Tan Cuong នាយកក្រុមហ៊ុនហាឡាលជាតិវៀតណាម បន្ទាប់ពីធ្វើការស្ទាបស្ទង់លក្ខខណ្ឌនៃកន្លែងស្នាក់នៅនានា Sapa Charm ដែលជាសណ្ឋាគារលំដាប់ផ្កាយ ៤ ស្ថិតនៅលេខ ៣៦ វិថី Muong Hoa ទីរួមខេត្ត Sa Pa គឺជាសណ្ឋាគារមួយក្នុងចំណោមសណ្ឋាគារដែលមាន លក្ខខណ្ឌដ៏សមស្របដើម្បីផ្លាស់ប្ដូរតាមទិសដៅដ៏ស្និទ្ធស្នាលជាមួយជនឥស្លាម។ អ្នកជំនាញនៃក្រុមហ៊ុនហាឡាលជាតិវៀតណាមបានផ្តោតលើការបណ្តុះបណ្តាលអ្នកគ្រប់គ្រង អ្នកបម្រើ បុគ្គលិកទទួលភ្ញៀវ រហូតដល់បុគ្គលិកថែទាំនៃសណ្ឋាគារ Sapa Charm អំពីដំណើរការបម្រើភ្ញៀវឥស្លាម ក៏ដូចជាបំណិនប្រតិបត្តិ ចំណេះដឹងជាមូលដ្ឋានអំពីអាហារហាឡាលផងដែរ។ លើសពីនេះ អ្នកជំនាញរបស់ក្រុមហ៊ុនក៏ផ្តល់យោបល់អំពីការបើកបន្ទប់អធិស្ឋានសហគមន៍ ការរៀបចំកន្លែងទទួលទានអាហារ និងផ្ទះបាយហាឡាល។ នៅដើមខែធ្នូ ឆ្នាំ ២០២៣ សណ្ឋាគារ Sapa Charm បានទទួលវិញ្ញាបនបត្រហាឡាលជាផ្លូវការសម្រាប់សេវាកម្មស្នាក់នៅនិងផ្ទះបាយ។ លោកស្រី Do Thi Thanh Tam អ្នកគ្រប់គ្រងសណ្ឋាគារ Sapa Charm បានឲ្យដឹងថា៖
“Sapa Charm បានដំណើរការសេវាកម្មទេសចរណ៍តាំងពីយូរណាស់មកហើយ ប៉ុន្តែយើងខ្ញុំទើបតែទទួលបានវិញ្ញាបនបត្រហាឡាលសម្រាប់សេវាកម្មស្នាក់នៅនិងផ្ទះបាយហាឡាល។ យើងខ្ញុំចង់ធ្វើសកលភាវូបនីយកម្មនូវប្រភពភ្ញៀវ ជាពិសេសភ្ញៀវឥស្លាម។ ដើម្បីសម្រេចបានវិញ្ញាបនប័ត្រហាឡាល សណ្ឋាគារត្រូវសាងសង់ផ្ទះបាយមួយទៀត។ ប្រភពអាហារត្រូវបាននាំចូលពីភ្នាក់ងារដែលមានវិញ្ញាបនបត្រហាឡាល។ កន្លែងស្នាក់នៅមានសេវាកម្មដ៏ស្និទ្ធស្នាលសម្រាប់ជនឥស្លាម ដូចជាបន្ទប់អធិស្ឋានដែល កំរាល និងសំលៀកបំពាក់សម្រាប់ពិធីអធិស្ឋាន”។
បន្ទប់ស្នាក់នៅសម្រាប់ភ្ញៀវជនជាតិឥស្លាម។ |
ក្រៅពីផលិតផលដែល Sapa Charm កំពុងដំណើរការ ក្រុមហ៊ុនហាឡាលជាតិវៀតណាមក៏បានអញ្ជើញអ្នកជំនាញភោជនីហារហាឡាល មកពិសោធន៍ វាយតម្លៃ និងផ្តល់យោបល់ដល់សណ្ឋាគារអំពីការផ្គត់ផ្គង់អាហារហាឡាល របៀបគួបផ្សំវត្ថុធាតុដើមពីអាហារធម្មតារបស់ Sa Pa និងភាគពាយព្យ
វៀតណាមជាមួយនឹងមុខម្ហូបប្រពៃណីនៃប្រទេសឥស្លាម។ លោកស្រី Do Thi Thanh Tam បានឲ្យដឹងបន្ថែមទៀតថា៖
"បន្ទាប់ពីត្រូវបានអ្នកជំនាញផ្ដល់យោបល់អំពីការកសាងផលិតផលថ្មីៗដូចជា ប៊ូហ្វេហាឡាល នំហាឡាល និងតែហាឡាលនោះ យើងខ្ញុំបានកសាងម៉ឺនុយអាហារឲ្យសមស្របនឹងភ្ញៀវឥស្លាម។ ម្ហូបអាហារឥស្លាម ដោយមានរបៀបគួបផ្សំដ៏ពិសេសជាមួយម្ហូបភាគពាយ័ព្យវៀតណាម នឹងនាំមកនូវភាពខុសប្លែកដ៏គួរឱ្យទាក់ទាញសម្រាប់ម្ហូប Sa Pa។ នៅពេលអនាគត យើងខ្ញុំនឹងបើកកន្លែងបន្ថែមទៀតសម្រាប់ភ្ញៀវវៀតណាម និងភ្ញៀវមកពីប្រទេសផ្សេងៗទៀត ដើម្បីអាចទទួលទានអាហារហាឡាលតាមស្តង់ដារត្រឹមត្រូវ”។
ការផ្លាស់ប្តូរទិសដៅដើម្បីឆ្ពោះទៅរកប្រភពភ្ញៀវទេសចរលំដាប់ខ្ពស់ រួមទាំងភ្ញៀវទេសចរឥស្លាម គឺជាវិធីថ្មីនៃផ្នែកទេសចរណ៍ Sa Pa និយាយដោយឡែក និងទេសចរណ៍វៀតណាមនិយាយរួម។ ប្រការនេះក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនទេសចរណ៍នៅពេលរៀបចំដំណើរទេសចរណ៍សម្រាប់ភ្ញៀវឥស្លាមផងដែរ។ លោក Chu Huy Hung មគ្គុទ្ទេសក៍ទេសចរណ៍ បានចែករំលែកថា៖
“ពីមុន នៅពេលនាំភ្ញៀវឥស្លាមមកពីម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬមជ្ឈិមបូព៌ាមកកាន់ Sa Pa ម្ដងៗ យើងខ្ញុំជួបប្រទះនឹងការលំបាកជាច្រើនក្នុងការកុម្ម៉ង់អាហារ និងស្វែងរកបន្ទប់សណ្ឋាគារសម្រាប់ភ្ញៀវ ព្រោះប្រសិនបើមិនបំពេញលក្ខខណ្ឌរបស់ពួកគេ ពួកគេនឹងមិនសប្បាយក្នុងអំឡុងដំណើរទេសចរណ៍នោះទេ ហើយនឹងមិនមានការចាប់អារម្មណ៍ច្រើនអំពីទេសចរណ៍វៀតណាមទេ។ សេវាកម្មដ៏ស្និទ្ធស្នាលជាមួយជនឥស្លាមដែលមកកាន់ Sa Pa ជួយយើងខ្ញុំនាំភ្ញៀវមកទីនេះបានងាយស្រួលជាងមុន។ ពេលសប្បាយ ភ្ញៀវនឹងមានការចាប់អារម្មណ៍ចំពោះទេសចរណ៍ Sa Pa និយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម។ ពួកគេអាចត្រឡប់មកវិញ ឬណែនាំមិត្តភក្តិឲ្យធ្វើដំណើរទេសចរណ៍មកទីនេះ។ នេះជាមធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយទេសចរណ៍វៀតណាម”។
សម្រាប់ភ្ញៀវទេសចរឥស្លាម ការនឹងនរចិត្តប្រើប្រាស់សេវាកម្មសម្រាប់ជនឥស្លាម ជាពិសេសអាហារហាឡាល គឺជាកង្វល់មួយក្នុងចំណោមកង្វល់សំខាន់បំផុតនៅពេលធ្វើដំណើរទេសចរណ៍។ លោក Poeji - ភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ីបានឲ្យដឹងថា៖
“ក្នុងនាមជាជនឥស្លាម ខ្ញុំតែងតែជ្រើសរើសកន្លែងស្នាក់នៅពេលធ្វើដំណើរទៅបរទេសយ៉ាងប្រយ័ត្នប្រយែង។ តាមរយៈការស្វែងយល់ ខ្ញុំបានដឹងថា Sapa Charm មានវិញ្ញាបនបត្រហាឡាល ដូច្នេះខ្ញុំបានកក់បន្ទប់នៅទីនេះ។ បន្ទាប់ពីការស្នាក់នៅរយៈពេលបីថ្ងៃពីរយប់នៅទីនេះ ខ្ញុំពិតជាពេញចិត្តចំពោះគុណភាពសេវាកម្ម ការទទួលបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិក។ នេះជាគុណសម្បត្តិសម្រាប់ទេសចរណ៍ Sa Pa ។ សង្ឃឹមថានាពេលខាងមុខ Sa Pa នឹងមានកន្លែងកាន់តែច្រើនដែលស្និទ្ធស្នាលជាមួយជនឥស្លាម”។
យោងតាមរបាយការណ៍ឆ្នាំ ២០២៣ ស្តីពីសន្ទស្សន៍ទេសចរណ៍ឥស្លាមសកល (GMTI) ចំនួនភ្ញៀវទេសចរឥស្លាមសម្រេចបានជិត ១៤០ លាននាក់ ហើយអាចឡើងដល់ ២៣០ លាននាក់នៅឆ្នាំ ២០២៨។ មជ្ឈមណ្ឌលទេសចរណ៍ជាច្រើននៅលើពិភពលោក ជាពិសេសតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសវៀតណាមកំពុងត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្នដើម្បីទទួលលំហូរភ្ញៀវទេសចរដ៏មានសក្តានុពលនេះ។ ចាប់យកនិន្នាការនេះ Sa Pa ជាមួយនឹងវត្តមាននៃសេវាកម្មដ៏ស្និទ្ធស្នាលជាមួយជនឥស្លាម នឹងជាជម្រើសដ៏ល្អឥតខ្ចោះដែលមិនគួររំលងសម្រាប់ភ្ញៀវទេសចរ។ នេះក៏ជាឱកាសដើម្បីឲ្យ Sa Pa ពង្រីកទីផ្សារភ្ញៀវស្នាក់នៅ កែលម្អសេវាកម្ម រួមចំណែកក្នុងការអភិវឌ្ឍរួមនៃឧស្សាហកម្មហាឡាលនៅវៀតណាម៕
Phuong Thao