THACO - ស្ពានតភ្ជាប់រឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai (THACO) បានក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនពហុឧស្សាហកម្មដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ។ ជាពិសេស THACO មានការបោះជំហានដ៏វែងអន្លាយ នៅពេលពង្រីកទ្រង់ទ្រាយផលិតកម្មកសិកម្មចូលទៅកាន់ប្រទេសជិតខាងកម្ពុជា។ មិនត្រឹមតែអភិវឌ្ឍន៍ផលិតកម្ម និងអាជីវកម្មប៉ុណ្ណោះទេ THACO បាននិងកំពុងរួមចំណែកបង្កើតការងារដល់កម្មកររាប់ម៉ឺននាក់ក្នុងប្រទេសសាម៉ី រួមចំណែកធានាសន្តិសុខសង្គមសម្រាប់ខេត្តនានានៃប្រទេសកម្ពុជា ហើយរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។
លោក Tran Ba Duong - ប្រធានក្រុមប្រឹក្សាភិបាល THACO។ |
នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ មក ក្រុមហ៊ុន THACO បានបង្កើតតំបន់កសិកម្មចម្រុះ នៅខេត្តក្រចេះ និងរតនគិរី ដែលមានផ្ទៃដីសរុបចំនួន ៤៣.៧៧០ ហិកតា ដោយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានសម្ភារៈ រៀបចំផលិតកម្មបិទជិត តាមគំរូរោងចក្រដាំដុះដើមឈើហូបផ្លែ (ចេក ម្នាស់ ស្វាយ) និងរោងចក្រចិញ្ចឹមសត្វ (គោ ត្រី)។ តំបន់ចម្រុះទាំងនេះ ត្រូវបានធ្វើយន្តកម្ម និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាសមស្របក្នុងផលិតកម្ម។ ចែករំលែកអំពីគម្រោងវិនិយោគរបស់ THACO នៅកម្ពុជា លោក Tran Ba Duong - ប្រធានក្រុមប្រឹក្សាភិបាល THACO មានប្រសាសន៍ថា៖
“គិតត្រឹមឆ្នាំ ២០២២ សម្ព័ន្ធក្រុមហ៊ុនបានវិនិយោគទុនចំនួន ៧១៧ លានដុល្លារអាមេរិក ក្នុងវិស័យកសិកម្មនៅកម្ពុជា ដែលមានផ្ទៃដី ១៥.០០០ ហិចតា ដាំដើមឈើហូបផ្លែគ្រប់ប្រភេទ (ក្នុងនោះ៖ ចេក ១២.០០០ ហិកតា ស្វាយ ២.៦៥០ ហិកតា ម្នាស់ ៣៥០ ហិកតា) និងចម្ការកៅស៊ូជាង ៧.០០០ ហិកតា។ នៅក្នុងតំបន់កសិកម្មនីមួយៗ មានចង្កោមឧស្សាហកម្មសម្រាប់ផលិតជី សារធាតុបំពេញ សម្ភារៈកសិកម្ម មជ្ឈមណ្ឌលមេកានិច ភស្តុភារ ឃ្លាំងត្រជាក់ និងរោងចក្រកែច្នៃ”។
អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai។ |
មិនត្រឹមតែវិនិយោគលើការផលិត និងអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ក្រុមហ៊ុន THACO ក៏យកចិត្តទុកដាក់ពិសេសដល់ការងារសន្តិសុខសង្គមនៅតាមទីកន្លែងដែលដាក់ពង្រាយគម្រោង ធានាស្ថិរភាពការងារ និងប្រាក់ចំណូលសម្រាប់កម្មករកម្ពុជាជាង ១៤ ពាន់នាក់។ សម្ព័ន្ធក្រុមហ៊ុនក៏បានវិនិយោគសាងសង់ផ្ទះចំនួន ២០៥ ប្លុក ក្នុងនោះមានផ្ទះចំនួនជាង ៤៩០០ ខ្នង សម្រាប់កម្មករ ព្រមទាំងរៀបចំថ្នាក់រៀនចំនួន ១២ ដើម្បីបង្រៀនវប្បធម៌បឋមសិក្សាដល់សិស្សជាង ៣៤០ នាក់នៅក្នុងមូលដ្ឋានផងដែរ។ វាយតម្លៃចំពោះសកម្មភាពវិនិយោគរបស់ THACO នៅកម្ពុជា អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai មានបំណងថា THACO នឹងបន្តស្រាវជ្រាវ ពង្រីកការវិនិយោគអាជីវកម្មនៅកម្ពុជា ទន្ទឹមនឹងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ មានវិស័យជាប្រៀបខ្លាំងដទៃទៀតរបស់សហគ្រាសដូចជា វិស្វកម្មមេកានិច ការផលិត ការតំឡើងនិង ភស្តុភារកម្ម។
“THACO គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេក្នុងការច្នៃប្រឌិតបច្ចេកវិទ្យា ឧបករណ៍បរិក្ខារ បង្កើតការងារ និងប្រាក់ចំណូលដោយស្ថិរភាពសម្រាប់មូលដ្ឋាន រួមវិភាគទានយ៉ាងសកម្មដល់ថវិកាដោយការវិនិយោគឥតឈប់ឈរដើម្បីពង្រីក និងអភិវឌ្ឍន៍ផលិតកម្ម។ ជាពិសេស ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់សហគ្រាសនិយាយរួម និង THACO និយាយដោយឡែក បានរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាមនិងកម្ពុជា ព្រមទាំងបានពូនជ្រុំទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជាផងដែរ”។
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន អញ្ជើញមកបំពេញដំណើរទស្សនកិច្ចការងារនៅ THACO Chu Lai ខេត្ត Quang Nam។ |
ដោយកោតសរសើរចំពោះគម្រោងនានាដែល THACO កំពុងវិនិយោគនៅកម្ពុជា ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា សកម្មភាពវិនិយោគរបស់សហគ្រាសនៅកម្ពុជា បានរួមចំណែកក្នុងការផ្លាស់ប្ដូរ ពីគំរូផលិតកម្មកសិកម្មដែលគ្មានប្រសិទ្ធភាព ទៅជាផលិតកម្មកសិកម្មបែបទំនើប និងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនោះ គឺការចូលរួមវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទំនើប និងស៊ីសង្វាក់គ្នា រួមចំណែកធានាសន្តិសុខសង្គមសម្រាប់ខេត្តនានានៃប្រទេសកម្ពុជាផងដែរ។
“កម្ពុជាជានិច្ចកាលស្វាគមន៍ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម ក្នុងនោះមាន THACO មកបណ្តាក់ទុននៅកម្ពុជា ពង្រីកវិស័យវិនិយោគនាពេលខាងមុខ ហើយរួមចំណែកក្នុងការអភិវឌ្ឍរបស់កម្ពុជា។ តាមនោះ ពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា”។
ក្នុងឆ្នាំនេះ THACO បន្តវិនិយោគពង្រីកផ្ទៃដីដាំដើមឈើហូបផ្លែពី ១៥.០០០ ហិកតា ឡើងដល់ ២២.០០០ ហិកតា; ទិន្នផលផ្លែឈើនាំចេញត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១ លានតោន / ឆ្នាំ; វិនិយោគលើកសិដ្ឋានចិញ្ចឹមគោចំនួន ៣ ដោយមានហ្វូងគោត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២១០.០០០ ក្បាលនៅឆ្នាំ ២០២៥; សាងសង់រោងចក្រផលិតជីសរីរាង្គ សម្ភារៈវេចខ្ចប់ កែច្នៃផ្លែឈើ មជ្ឈមណ្ឌលមេកានិច - យន្ត មធ្យោបាយដឹកជញ្ជូនឯកទេស គ្រឿងម៉ាស៊ីន និងឧបករណ៍សម្រាប់បម្រើការធ្វើយន្តកម្មកសិកម្ម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងនានានៅកម្ពុជាគ្រោងនឹងឡើងដល់ទៅចំនួន ១ ពាន់លានដុល្លារអាមេរិក៕